ប៉ូលិស​បង្ខំ​ក្រុមប្រឹក្សា​បក្ស​ប្រឆាំង​ម្នាក់​​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​យុទ្ធនាការ​ម្រាមដៃ​ស្អាត

ដោយ ថន ថារ៉ូ
2018.07.25
Share on WhatsApp
Share on WhatsApp
សំ ច័ន្ទគា ២០១៦ ៨៥៥ មន្ត្រីសមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក សំ ច័ន្ទគា ផ្ដល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦។
RFA

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ស្វាយចេក​ម្នាក់ កំពុងតែ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន។ ក្ដី​បារម្ភ​នេះ ដោយសារតែ​មន្ត្រី​ប៉ូលិស​ស្រុក​ស្វាយចេក​បាន​ទៅ​ដល់​ផ្ទះ ដើម្បី​កោះហៅ​ក្រុមប្រឹក្សា​រូប​នេះ ទៅ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​បន្ត​ទៀត។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​បន្ទាយមានជ័យ ចាត់​ទុក​បញ្ហា​នេះ​ថា ការ​ជា​ការ​គំរាមកំហែង​ដល់​មន្ត្រី​បក្ស​ប្រឆាំង​ធ្វើ​ឲ្យ​ភ័យខ្លាច។

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ទ្រាស ស្រុក​ស្វាយចេក​ជាប់ឆ្នោត​គណបក្ស​ប្រឆាំង បាន​ទៅ​ប្រឹក្សា​ផ្លូវច្បាប់​ពី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​រូបគេ​ត្រូវ​បាន​សមត្ថកិច្ច​ទូរស័ព្ទ​ហៅ​ជាច្រើនលើក ឲ្យ​ទៅ​ជួប​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ទ្រាស។

មន្ត្រី​គណបក្សប្រឆាំង​ឃុំ​ទ្រាល​លោក រិទ្ធ ម៉ារ៉ូ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ កក្កដា ថា ប៉ូលិស​ឃុំ​ទ្រាស មាន​គ្នា​៣​នាក់​បាន​ចូល​ទៅ​ដល់​ផ្ទះ​របស់​ខ្លួន ហើយ​បង្ខំ​រូប​គាត់​ឲ្យ​ទៅ​ធ្វើ​កិច្ចសន្យា បញ្ឈប់​យុទ្ធនាការ​ម្រាមដៃ​ស្អាត នៅ​ប៉ុស្តិ៍​នគរបាល​ឃុំ។​ សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​រូប​នេះ​អះអាង​ទៀត​ថា ខ្លួន​មិន​ចង់​ទៅ​ធ្វើ​កិច្ចសន្យា​ជាមួយ​សមត្ថកិច្ច​នោះ​ទេ ព្រោះ​មិន​បាន​ធ្វើ​អ្វី​ខុសច្បាប់​នោះ​ឡើយ៖ «បើសិនជា​ខ្ញុំ​ទៅ​ធ្វើ​កិច្ចសន្យា​បាន​ន័យ​ថា ខ្ញុំ​ខុសច្បាប់​អីចឹង​ហើយ​បានជា​ខ្ញុំ​ពិបាក បើ​ទៅ​ក៏​ពិបាក​មិន​ទៅ​ក៏​ពិបាក ព្រោះ​សមត្ថកិច្ច​ក៏បាន​ទៅដល់​ផ្ទះ​ខ្ញុំ​ដែរ។ និយាយ​រួម​ទៅ នេះ​ជា​ការ​គំរាមកំហែង​ខ្ញុំ​តែម្ដង ព្រោះ​មិនបាន​ធ្វើ​អី​ខុស​ផង»

ទាក់ទង​នឹង​បញ្ហា​នេះ នាយរង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ទ្រាស លោក សេ ប៉យ អះអាង​ថា មន្ត្រី​ថ្នាក់លើ​បាន​បញ្ជា​ឲ្យ​លោក ហៅ​មន្ត្រី​គណបក្សប្រឆាំង​រូប​នេះ​ធ្វើ​កិច្ចសន្យា ដោយសារតែ​លោក រិទ្ធ ម៉ារ៉ូ បាន​បង្ហោះ​រូបថត​លើក​ចង្អុលដៃ​ជា​ក្រុម កាលពី​ថ្ងៃ​២៣ កក្កដា។ មន្ត្រី​ប៉ូលិស​រូប​នេះ​បន្ថែម​ថា ការ​លើក​ម្រាមដៃ​នេះ គឺ​ជា​ការ​រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត​ខាងមុខ៖ «បើ​គាត់​មិន​ទៅ​បោះឆ្នោត​គាត់​មិន​មាន​ទោស​ទេ តែ​បើ​គាត់​បបួល​គេ​កុំ​ឲ្យ​ទៅ​បោះឆ្នោត​ដែរ​បាន​មានទោស បើ​យើង​មិន​បោះ​ហូបបាយ​រួច​ដេក​ផ្ទះ​ទៅ​មានអី​ខុស វា​យ៉ាង​តែ​យើង​ទៅ​ញុះញង់​គេ កុំ​ឲ្យ​ទៅ​បោះឆ្នោត​តើ​ដែល​ខុស»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើកឡើង​ថា រឿង​នេះ​មិន​អាច​ចាត់​ទុក​ជា​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​នោះ​ទេ ដូច្នេះ​សមត្ថកិច្ច​ក៏​មិន​ត្រូវ​ហៅ​អ្នក​លើក​ម្រាមដៃ​ស្អាត​នេះ​ទៅ​ព្រមាន​នោះ​ដែរ ព្រោះ​មិន​មាន​ចែង​នៅ​ក្នុង​ច្បាប់។ លោក ស៊ុំ ច័ន្ទគា បន្ថែម​ទៀត​ថា មន្ត្រី​គណបក្សប្រឆាំង​រូប​នេះ​បាន​មក​ជួប​លោក​ដល់​ទីស្នាក់ការ​សមាគម​អាដហុក ដោយសារតែ​ព្រួយបារម្ភ​ខ្លាច​សមត្ថកិច្ច​អនុវត្ត​ខុស​ពី​ច្បាប់​ចែង ហើយ​អាច​ធ្វើ​ការ​ចោទ​ប្រកាន់​មក​លើ​រូបគេ​តាម​អំពើ​ចិត្ត​នោះ៖ «បើ​មាន​ច្បាប់​ចែង​ចាំ​លោក​ចាប់​ចុះ តែ​បើ​គ្មាន​ច្បាប់​ចែង​ផង បែរ​ទៅជា​ហៅ​គេ​ទៅ​ធ្វើ​កិច្ចសន្យា​អីចឹង គឺជា​ការ​បំភិតបំភ័យ ព្រោះថា​បោះឆ្នោត​មាន​អ្នក​ចាញ់ អ្នកឈ្នះ ហើយ​បើ​គណបក្ស​សង្គ្រោះជាតិ​ស្លាប់​បាត់​ទៅ​ហើយ ដូច្នេះ​មិន​ត្រូវ​ខ្លាច​ខ្មោច​គណបក្ស​សង្គ្រោះជាតិ​ទេ»

មួយរយៈ​ចុងក្រោយ​នេះ សមត្ថកិច្ច និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ហាក់​មានការ​ភ័យ​ព្រួយ​ទៅលើ​អ្នក​ដែល​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត ហើយ​ថ្មីៗ​នេះ មន្ត្រី​គណបក្ស​កាន់អំណាច​នៅ​ខេត្ត​បាត់ដំបង បាន​ប្ដឹង​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៥​រូប ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ ហើយ​បាន​ប្ដឹង​បន្ត​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង​បន្ត​ទៀត ដើម្បី​ឲ្យ​ចាត់វិធានការ​ផ្លូវច្បាប់។ លោក​មេធាវី និង​អ្នកវិភាគ​នយោបាយ មាន​លោក ផែង ហេង លោក ជូង ជូងី និង​លោក​បណ្ឌិត ឡៅ ម៉ុង ហៃ ថ្មីៗ​នេះ​ពន្យល់​ថា ការ​មិន​ទៅ​បោះឆ្នោត និង​ការ​បង្ហាញ​ចង្អុលដៃ​ស្អាត មិន​ទៅ​បោះឆ្នោត ឬ​ប្រាប់​អ្នក​ប្រាប់​អ្នកដទៃ មិន​អោយ​ទៅ​បោះឆ្នោត គឺ​មិន​ខុសច្បាប់​អ្វី​ឡើយ។ ពួកគេ​ចាត់ទុកថា ការ​បំពាន​ច្បាប់ លុះត្រាតែ​ធ្វើ​សកម្មភាព​រារាំង បង្ខំ​អ្នកដទៃ​មិន​អោយ​ទៅ​បោះឆ្នោត​ទើប​ត្រូវ​ពិន័យ​ជា​ប្រាក់ ដូច​មាន​ចែង​ក្នុង​មាត្រា​១៤២ នៃ​ច្បាប់បោះឆ្នោត ហើយ​ថា អ្នក​ដែល​គំរាម​គេ​អោយ​ចេញទៅ​បោះឆ្នោត​ទៅវិញ​ទេ​ទើប​មានទោស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។