អ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុក (Facebook) មួយចំនួនបន្តធ្វើយុទ្ធនាការម្រាមដៃស្អាត ដោយមិនទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រខាងមុខ ស្របពេលដែលថ្មីៗ នេះឧបនាយករដ្ឋមន្ត្រី ស ខេង បានព្រមានថាសមត្ថកិច្ចនឹងប្ដឹងទារលុយអ្នកធ្វើយុទ្ធនាការនេះ ចន្លោះពី៥ ទៅ២០លានរៀលនោះ។
អ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុក ដែលធ្វើយុទ្ធនាការម្រាមដៃស្អាតនេះ ហើយភាគច្រើនជាអ្នកគាំទ្រគណបក្សប្រឆាំងនោះ ថតរូបលើកចង្អុលដៃជាក្រុម និងខ្លះទៀតម្នាក់ឯង ហើយអ្នកខ្លះហ៊ានសរសេរសារខ្លីៗភ្ជាប់នឹងរូបថតនោះទៀតផង។
អ្នកប្រើប្រាស់ហ្វេសប៊ុកមិនហ៊ានបញ្ចេញឈ្មោះម្នាក់ឲ្យដឹងនៅថ្ងៃទី២៤ កក្កដាថា មូលហេតុដែលបង្ហោះរូបថតលើកចង្អុលនេះ ដោយសារចង្អៀតចង្អល់ចិត្តនឹងដំណើរការបោះឆ្នោតខាងមុខ ដែលមិនឆ្លុះបញ្ចាំពីឆន្ទៈរបស់ប្រជាពលរដ្ឋ ព្រោះមិនមានគណបក្សប្រឆាំងដ៏ធំជាងគេ ដែលជាដៃគួរប្រកួតប្រជែងមានទម្ងន់ស្មើគ្នាជាមួយគណបក្សប្រជាជនកម្ពុជា។ ពលរដ្ឋរូបនេះ បន្ថែមទៀតថា ដោយសារតែការមិនពេញចិត្តនេះទើបសម្ដែងមតិ ដើម្បីបង្ហាញទៅសាធារណជនឲ្យបានដឹងថា ខ្លួននឹងមិនទៅចូលរួមការបោះឆ្នោតក្លែងក្លាយបែបនោះទេ ហើយនឹងបន្តយុទ្ធនាការនេះរហូតដល់ថ្ងៃបោះឆ្នោត៖ «ហើយបើខ្ញុំអត់បានអំពាវនាវឲ្យអ្នកផ្សេងទៅចូលរួមផង គ្រាន់តែបង្ហោះម្រាមដៃខ្លួនឯងបង្ហាញឆន្ទៈខ្លួនឯង ខ្ញុំគិតថា វាមិនប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈទេ ដូច្នេះបានជាខ្ញុំមិនខ្លាចនោះ។ ខ្ញុំគិតថាការទៅចូលរួមប្រថាប់ត្រាបោះឆ្នោតក្នុងស្ថានភាពដែលគណបក្សមួយទៀត ហើយយកកៅអីទៅចែកឲ្យគណបក្សដែលពលរដ្ឋមិនបោះឆ្នោតឲ្យនោះគឺជាការសម្លាប់ប្រព័ន្ធប្រជាធិបតេយ្យទៅវិញទេ»។
ហ្វេសប៊ុកឈ្មោះ ជា ខេមរា នៅថ្ងៃទី២៤ កក្កដាបានបន្តចែករំលែកសារ របស់អ្នកប្រើប្រាស់ហ្វេសប៊ុកមួយក្រុមដែលថតរូបលើកចង្អុលដៃមានគ្នាជាង ១០នាក់ ហើយមានសរសេរខ្លឹមថា អ្នកស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ រក្សាម្រាមដៃស្អាតរហូតដាច់ខែកក្កដា ឆ្នាំ២០១៨ មិនអោយប្រឡាក់ឡើយ។
ថ្មីនេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងថា បើចាប់ខ្លួន អ្នកបង្ហោះម្រាមដៃស្អាតដាក់គុក គ្មានកន្លែងដាក់នោះទេ ព្រោះពន្ធនាគារចង្អៀតណែនហើយ។ លោកសួរទៅសមត្ថកិច្ចថ្នាក់ក្រោមរបស់លោកថា តើមានច្បាប់ណាចាប់អ្នកទាំងអស់នោះទេ? ហេតុនេះមានតែសម្របសម្រួលដោះស្រាយផាកពិន័យ។ អនុប្រធានគណបក្សកាន់អំណាចរូបនេះអះអាងទៀតថា សមត្ថកិច្ចនឹងមិនចាប់ខ្លួន អ្នកដែលបង្ហោះរួបភាពម្រាមដៃស្អាត ដើម្បីបញ្ជាក់ថា ខ្លួនមិនទៅបោះឆ្នោតនោះទេ ក៏ប៉ុន្តែគេនឹងប្ដឹងអ្នកធ្វើយុទ្ធនាការនេះ ទារប្រាក់ចន្លោះ ៥លានរៀល ទៅ ២០លានរៀល៖ «ចាប់ហើយគ្មានហេតុផលចាប់ខ្លួនទៀត។ ពួកហ្នឹងមួយចំនួន ប៉ូលិសចង់ទៅចាប់ តែខ្ញុំអត់ទេ ? មានច្បាប់ណាចាប់ ? មានតែផាកពិន័យទេ។ ប្តឹងទារប្រាក់ ៥ទៅ ២០លានរៀល។ បើម្ដងមិនរាងចាលប្ដឹងទៀត»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបាត់ដំបងលោក យិន ម៉េងលី លើកឡើងថា ករណីនេះគ្រាន់តែជាការបញ្ចេញមតិរបស់បុគ្គលម្នាក់ៗ ដោយពុំមានខុសច្បាប់អ្វីនោះទេ។ លោក យិន ម៉េងលី ចាត់ទុកបញ្ហានេះថា ជារឿងនយោបាយ ដោយសារតែជារឿងរសើបដែលអាចធ្វើឲ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតខាងមុខ៖ «ការបញ្ចេញមតិគឺគាត់ចង់ឲ្យគេដឹង ថាគាត់មិនសប្បាយចិត្តរឿងអីមួយគាត់ត្រូវបញ្ចេញមតិ។ ដូច្នេះសរុបសេចក្ដីមកខ្ញុំគិតថា អ្នកប្ដឹងឬក៏គណបក្សនយោបាយបញ្ចប់បញ្ហានេះទៅ ហើយកុំបញ្ហានេះធ្វើជាឧបសគ្គ»។
ថ្មីៗនេះមន្ត្រីគណបក្សប្រជាជនកម្ពុជា បានប្ដឹងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិប្រចាំខេត្តបាត់ដំបង ចំនួន៥នាក់រួចមកហើយ ដោយសារពួកគេបានបង្ហោះរូបថតម្រាមដៃស្អាត ហើយគិតត្រឹមថ្ងៃទី២៤ កក្កដា ទើបតែមានសមាជិកក្រុមប្រឹក្សាខេត្តជាប់ឆ្នោតគណបក្សប្រឆាំង គឺលោក ជា ជីវ ម្នាក់គត់ដែលមន្ត្រីបក្សកាន់អំណាចប្ដឹងបន្តទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ដើម្បីឲ្យចាត់វិធានការបន្តទៀត ក្រោយពីប្ដឹងទៅមន្ត្រីរៀបចំការបោះឆ្នោតឃុំ មិនមានដំណោះស្រាយ។ លោក ជា ជីវ អះអាងថា ពួកគាត់នឹងនៅតែបន្តបង្ហោះសារនេះបន្តទៀត បើទោះជាមន្ត្រីបក្សកាន់អំណាចប្ដឹងទៅដល់ណាក៏ដោយ ហើយមិនរត់ចេញទៅណាឆ្ងាយពីខេត្តបាត់ដំបងនោះដែរ។
លោកមេធាវី និងអ្នកវិភាគនយោបាយ មានលោក ផែង ហេង លោក ជូង ជូងី និងលោកបណ្ឌិត ឡៅ ម៉ុង ហៃ ថ្មីៗនេះពន្យល់ថា ការមិនទៅបោះឆ្នោត និងការបង្ហាញចង្អុលដៃស្អាតមិនទៅបោះឆ្នោត ឬប្រាប់អ្នកដទៃមិនអោយទៅបោះឆ្នោត គឺមិនខុសច្បាប់អ្វីឡើយ។ ពួកគេចាត់ទុកថាការបំពានច្បាប់ លុះត្រាតែធ្វើសកម្មភាពរារាំង បង្ខំអ្នកដទៃមិនអោយទៅបោះឆ្នោតទើបត្រូវពិន័យជាប្រាក់ ដូចមានចែងក្នុងមាត្រា ១៤២នៃច្បាប់បោះឆ្នោតថា អ្នកដែលគំរាមគេអោយចេញទៅបោះឆ្នោតទៅវិញទេ ទើបមានទោស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
