ស្មៀន និង​ក្រុម​ប្រឹក្សាឃុំ​ប្រកាន់​ជំហរ​មិន​ធ្វើការ បើ​​មិន​ដក​ដំណែង​មេឃុំ​ចុងជាច នៃ​ខេត្ត​ត្បូងឃ្មុំ

ស្មៀនឃុំ​និង​សមាជិក​ក្រុមប្រឹក្សាឃុំ រួម​ទាំង​មេភូមិ នៅតែ​ប្រកាន់​ជំហរ​មិន​ធ្វើការ​នោះ​ទេ ប្រសិន​បើ​ថ្នាក់ដឹកនាំ​ខេត្ត​ត្បូងឃ្មុំ មិន​ព្រម​ផ្លាស់ប្ដូរ​មេឃុំ​ចុង​ជា​ច​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ចេញ​ពី​តំណែង​នោះ​ទេ។ ពួកគេ​ចោទប្រកាន់​មេឃុំ​ចុងជាច លោក កាំង វ៉ាន់ឌី ថា ខ្វះ​ភាពជា​អ្នកដឹកនាំ រំលោភ​អំណាច និង​តែងតែ​ទារ​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​ទៅ​ទទួល​សេវា។

ស្មៀនឃុំ និង​សមាជិក​ក្រុមប្រឹក្សាឃុំ រួម​ជាមួយ​មេភូមិ​ទាំងអស់ ស្ថិត​ក្នុង​ឃុំ​ចុងជាច ស្រុក​តំបែរ ខេត្ត ត្បូងឃ្មុំ បាន​រួមគ្នា​ផ្តិត​មេដៃ និង​ដាក់​លិខិតស្នើ​សុំ​ឱ្យ​អភិបាលស្រុក​តំបែរ ផ្លាស់​មេឃុំ​ចុងជាច លោក កាំង វ៉ាន់ឌី ជិត​១​ខែ​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ​នោះ​ទេ គិត​ត្រឹម​ថ្ងៃ​ទី​២៣ មករា។

ស្មៀនឃុំ​ចុងជាច លោក ជៀប ណារុន ប្រាប់​អាស៊ីសេរី​ថា ពួក​លោក មិនទាន់​ចូល​ទៅ​ធ្វើការ​នៅ ឡើយ ដោយសារ​រង់ចាំ​សេចក្តី​សម្រេច​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ត្បូងឃ្មុំ​។ លោក​បន្ត​ថា ប្រសិនបើ​ថ្នាក់ ដឹកនាំ នៅតែ​ឱ្យ​លោក កាំង វ៉ាន់ឌី ធ្វើជា​មេឃុំ​ដដែល គឺ​ពួក​លោក​នឹង​លាលែង​ពី​ដំណែង​ដោយ​ខ្លួន ឯង​តែម្ដង​។ ស្មៀនឃុំ​រូប​នេះ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ឡើយ ដោយ​បញ្ជាក់​ថា អ្វីៗ​ទាំងអស់ ពួក​លោក បាន​សរសេរ​នៅ​ក្នុង​លិខិត​ដាក់​ជូន​អភិបាលស្រុក​តំបែរ​រួចហើយ ហើយ​លោក​ថា អ្វី ដែល​លើក​ឡើង​ក្នុង​លិខិត​នោះ​គឺជា​រឿង​ពិត មិនមែន​ជា​ការចោទប្រកាន់​ផ្ដេសផ្ដាស​ឡើយ៖ «បើសិន​ឱ្យ​គាត់​នៅ​ធ្វើការ​ទៀត គឺ​ពួក​ខ្ញុំ​នឹង​សុំ​ឈប់​ដោយ​អត់​មាន​ការ​សោកស្ដាយ​អី​ទេ»។

នៅ​ក្នុង​លិខិត​ដាក់​ទៅ​អភិបាល​ស្រុក​តំបែរ​នោះ ក្រុម​មន្ត្រី​ភូមិ​ឃុំ​សរុប ១៩​នាក់ បាន​ស្នើ​សុំ​ឱ្យ​ដក​លោក កាំង វ៉ាន់ឌី ចេញពី​តួនាទី​ជា​មេឃុំ ចុងជាច ព្រោះ​លោក​តែងតែ​ធ្វើ​ខុស​ម្ដង​ហើយ​ម្តង​ទៀត ដោយ​ពុំបាន​កែប្រែ​តាម​ការ​ស្នើសុំ​របស់​ថ្នាក់ដឹកនាំ​ឡើយ ហើយ​ធ្វើ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ពិបាកធ្វើ​កិច្ចការ​ជាមួយគ្នា​។ ក្រុម​មន្ត្រី​ភូមិ​ឃុំ​អះអាង​ថា កំហុស​ឆ្គង​របស់​មេឃុំ​រូប​នេះ មាន​ដូចជា​៖ ការ​ស្ដីបន្ទោស​ថ្នាក់ក្រោម ​ដោយ​គំរាម​ដក​តំណែង​ក្រុមប្រឹក្សាឃុំ មេភូមិ សមាជិក​ភូមិ ស្មៀនឃុំ និង​គ្រូមតេយ្យ​សហគមន៍​ជាដើម ហើយ​លោក​តែង​និយាយ​ទម្លាក់កំហុស​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​។ លើស​ពី​នេះ ក្រុម​មន្ត្រី​ភូមិ​ឃុំ​ថា លោក​មេឃុំ កាំង វ៉ាន់ឌី តែង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​ពលរដ្ឋ ដោយមាន​ការ​គាបសង្កត់ កោសរូស យក​លុយ​ពី​ពលរដ្ឋ​ដែល​ទៅ​ទទួល សេវា​ផ្សេងៗ និង​តែង​បំផុស​បំផុល និង​រារាំង​ការ​កសាង​សមិទ្ធផល​នានា​តាម​ភូមិ​ជាដើម​។ ក្រុម​មន្ត្រី​ភូមិ​ឃុំ​ទាំងនោះ​បញ្ជាក់​នៅ​ក្នុង​លិខិត​ទៀត​ថា ប្រសិនបើ​បុគ្គល​រូប​នេះ នៅតែ​ដឹកនាំ​ធ្វើជា​មេឃុំ​ទៀត គឺ​ពួកគេ​ទាំង អស់​គ្នា​សុខចិត្ត​លាឈប់​ពី​តំណែង។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​មេឃុំ​ចុង​ជាច មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក កាំង វ៉ាន់ឌី នៅ​ថ្ងៃ​ទី​២៣ ខែ​មករា បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ជាច្រើនលើក​តែ​គ្មាន​អ្នកទទួល។

ចំណែក​អភិបាលស្រុក​តំបែរ លោក សុខ សារិទ្ធិ ថ្លែង​ថា ករណី​ទំនាស់​នៅ​ក្នុង​សាលាឃុំ​ចុងជាច គឺ​លោក​បាន​បញ្ជូន​ទៅ​សាលាខេត្ត​ត្បូងឃ្មុំ​រួចហើយ ដើម្បី​បន្ត​ដោះស្រាយ​ទៅតាម​នីតិវិធី​។ ទោះជា យ៉ាងណា លោក​បញ្ជាក់​ថា ក្រោយពី​បាន​ទទួល​លិខិតស្នើ​សុំ​នោះ លោក​បាន​ចាត់​គណៈកម្មការ​ធ្វើការ​ចុះ​ស៊ើបអង្កេត​លើ​បញ្ហា​នេះ និង​បាន​រក​ឃើញ​បញ្ហា​ប្រហាក់ប្រហែល​ខ្លឹម​សារលិខិត​ស្នើសុំ​នោះ​ដែរ៖ «ការ​រក​ឃើញ​របស់​គណៈកម្មការ​គឺ​ប្រហាក់ប្រហែល​ជាមួយ​ខ្លឹមសារ នៃ​ពាក្យ​បណ្ដឹង​នោះ ហើយ​ឥឡូវនេះ ផុត​ពី​ដៃ​ស្រុក​ហើយ ដោយ​បាន​បញ្ជូន​ទៅ​ដល់​ខេត្ត​ហើយ»។

អាស៊ីសេរី បាន​ទាក់ទង​ទៅ​អភិបាល​ខេត្ត​ត្បូងឃ្មុំ​លោក ជាម ច័ន្ទសោភ័ណ្ឌ ជាច្រើនលើក នៅ​ថ្ងៃ​ទី​២៣ មករា តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា ប្រសិនបើ​មេឃុំ​រូប​នោះ​ពិតជា​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​មែន គឺ​គ្មាន​អ្វី​ជា​ឧបសគ្គ​ក្នុង​ការ​ផ្លាស់ប្ដូរ មេឃុំ​រូប​នោះ​ចេញពី​តំណែង​ឡើយ៖ «មេឃុំ​នេះ​គឺជា​ការ​ចង្អុលបង្ហាញ​ដោយ​គណបក្ស​នយោបាយ ដូច្នេះ គណបក្ស​នយោបាយ​ដែល​ទទួល​បាន​អាសនៈ​មេឃុំ​នោះ​ហើយ​ឃើញ​ថា មេឃុំ​មិន​បាន​បម្រើ​ប្រជា ពលរដ្ឋ​ឱ្យ​បាន​ល្អ​ត្រឹមត្រូវ ហើយ​បង្ក​ឱ្យ​មាន​ជម្លោះ​ជាមួយ​ក្រុមប្រឹក្សា​និង​មន្ត្រី​ផ្សេងទៀត​នោះ ខ្ញុំ​គិត​ថា វា​គ្មាន​ហេតុផល​អី​មួយ​ដែល​គេ​មិន​អាច​ផ្លាស់ប្ដូរ​មេឃុំ​បាន​ទេ»។

លោក សន ជ័យ កត់សម្គាល់​ឃើញ​ថា បញ្ហា​មេឃុំ​ខ្វះ​សមត្ថភាព​ដឹកនាំ ពុករលួយ ធ្វើការ​បម្រើ​ផល ប្រយោជន៍​គណបក្ស​ច្រើនជាង​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ថែមទាំង​មានការ​រំលោភ អំណាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ​នៅ​ក្នុង​ឃុំ គឺ​មាន​ច្រើន​ករណី។ លោក​ចាត់​ទុកថា នេះ​គឺជា​កំហុស​របស់​គណបក្ស​ដែល​ជា​អ្នក​ជ្រើសរើស​បេក្ខជន មេឃុំ​ឱ្យ​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ ឆ្នោត​ម្តងៗ​តាម​បែប​ប្រព័ន្ធ​សមាមាត្រ។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​រូប​នេះ ផ្ដល់​មតិ​ថា ប្រទេស​កម្ពុជា​គួរតែ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​បោះឆ្នោត​ពី​ប្រព័ន្ធ​សមាមាត្រ​ទៅជា​ប្រព័ន្ធ​ចម្រុះ​មានន័យថា ប្រព័ន្ធ​សមាមាត្រ​បូក​នឹង​ឯកត្តនាម ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ អាច​បោះឆ្នោត​ជ្រើសរើស​តំណាង​របស់​ខ្លួន​នៅ​​មូលដ្ឋាន​បាន​ល្អ​ជាង​ពេល​បច្ចុប្បន្ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។