គណបក្សភ្លើងទៀនរង់ចាំការសម្រេចពីក្រុមប្រឹក្សាធម្មនុញ្ញ ខណៈដែលសមាជិកក្រុមប្រឹក្សាធម្មនុញ្ញកំពុងពិនិត្យ និងគ្រោងបើកកិច្ចប្រជុំពេញអង្គលើពាក្យប្ដឹងនេះ នៅព្រឹកថ្ងៃទី២៥ ខែឧសភាខាងមុខ។ ការទន្ទឹងរង់ចាំនេះ គឺក្រោយពេលគណបក្សនេះប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ អំពីការតវ៉ារបស់ខ្លួន ជុំវិញការសម្រេចរបស់ គ.ជ.ប ដែលមិនឱ្យគណបក្សនេះចូលរួមប្រកួតការបោះឆ្នោតនៅពេលខាងមុខ។
អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ ឱ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែឧសភា ចុងសប្ដាហ៍នេះ លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នឹងដឹកនាំកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងសម្រេចលើបណ្ដឹងរបស់គណបក្សភ្លើងទៀន ដែលប្ដឹងទាស់នឹងសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងទាមទារ គ.ជ.ប ឱ្យទទួលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់ខ្លួន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញចុះផ្សាយល្ងាចថ្ងៃទី២៣ ខែឧសភា ឱ្យដឹងទៀតថា ក្រុមប្រឹក្សាធម្មនុញ្ញ ក៏នឹងពិនិត្យ និងសម្រេចលើបណ្ដឹងរបស់គណបក្សមហាសាមគ្គីជាតិខ្មែរដែរ ដែលប្ដឹងសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ និងសម្រេចអំពីលទ្ធភាពស្ដីពីការចុះបញ្ជីឈរឈ្មោះរបស់គណបក្សនេះ ក្នុងការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដាខាងមុខ។
គិតមកដល់ថ្ងៃទី២៣ ខែឧសភា ពាក្យប្ដឹងរបស់គណបក្សភ្លើងទៀនដាក់ប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញបាន ៤ថ្ងៃហើយ។ តាមនីតិវិធីរបស់ស្ថាប័នកំពូលនេះ គឺមានរយៈពេល ១០ថ្ងៃ ដើម្បីដោះស្រាយករណីគណបក្សគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលសម្រេចមិនចុះបញ្ជីឈរឈ្មោះឱ្យគណបក្សភ្លើងទៀន ប្រកួតការបោះឆ្នោតនៅពេលខាងមុខ។
អ្នកនាំពាក្យគណបក្សភ្លើងទៀនលោក គីមសួរ ភីរិទ្ធ ជឿជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញនឹងពិនិត្យពិចារណាលើភាពស្របច្បាប់របស់គណបក្សភ្លើងទៀន។ អ្នកនាំពាក្យរូបនេះ នៅតែបង្ហាញថា ជំហរគណបក្សភ្លើងទៀន ជាគណបក្សស្របច្បាប់ដែលមានសិទ្ធិគ្រប់គ្រាន់អាចចូលរួមប្រកួតប្រជែងសម្រាប់ការបោះឆ្នោតជាតិថ្ងៃទី២៣ ខែកក្កដា ខាងមុខ។ ទោះជាយ៉ាងណា លោក គីមសួរ ភីរិទ្ធ ក៏មានការបារម្ភខ្លះដែរ ប្រសិនបើមានឥទ្ធិពលនយោបាយជ្រាបចូលក្នុងការសម្រេចចិត្តរបស់ក្រុមប្រឹក្សាធម្មនុញ្ញលើរឿងនេះ។
លោក គីមសួរ ភីរិទ្ធ៖«គេទទួលស្គាល់ណាស់មានន័យថា យើងជាគណបក្សមួយដែលមានឥទ្ធិពលក្នុងចំណោមប្រជាពលរដ្ឋ ដែលបោះឆ្នោត។ អ៊ីចឹង ខ្ញុំនៅតែមានក្ដីសង្ឃឹមថា ក្រុមប្រឹក្សាធម្មនុញ្ញនឹងពិនិត្យនិងពិចារណាដល់ការយកចិត្តទុកដាក់សម្រាប់អ្នកបោះឆ្នោត និងផ្ដល់ឱ្យគណបក្សភ្លើងទៀនចុះបញ្ជីឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតពេលខាងមុខ»។
គណបក្សភ្លើងទៀន បានប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី១៩ ឧសភា ប្រឆាំងសម្រេចរបស់គ.ជ.ប ដែលមិនចុះបញ្ជីឈ្មោះឱ្យគណបក្សនេះអាចចូលរួមប្រកួតបោះឆ្នោតនៅពេលខាងមុខ។ គ.ជ.ប បដិសេធការចុះបញ្ជីរបស់គណបក្សភ្លើងទៀន ដោយលើកហេតុផលថាព្រោះគណបក្សនេះគ្មានឯកសារច្បាប់ដើមនៃការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ ដែលបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឱ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ មន្ត្រីនាំពាក្យ គ.ជ.ប លោក ឌឹម សុណ្ណារុំ ប្រាប់សារព័ត៌មានក្នុងស្រុកថា គ.ជ.ប អនុវត្តទៅតាមច្បាប់ ដោយគ្មានស្តង់ដារពីរ ចំពោះគណបក្សភ្លើងទៀនឡើយ។ លោកថា គ.ជ.ប មិនបានដឹងថា គណបក្សភ្លើងទៀនគ្មានឯកសារបញ្ជាក់ពីក្រសួងមហាផ្ទៃនោះទេទើបគណបក្សនេះអាចចូលរួមការបោះឆ្នោតឃុំសង្កាត់បាន។
ទាក់ទងរឿងនេះវិទ្យុអាស៊ីសេរីមិនអាចសុំបញ្ជាក់ពីអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម វិចិត្រអក្ខរា ដោយសារទូរស័ព្ទចូលជាច្រើនដង តែគ្មានអ្នកទទួល។ បើទោះជាយ៉ាងណា លោក ព្រហ្ម វិចិត្រអក្ខរា ឱ្យសារព័ត៌មានក្នុងស្រុកដឹងថា នៅពេលដែលក្រុមការងាររដ្ឋបាលនៃក្រុមប្រឹក្សាធម្មនុញ្ញបានទទួលពាក្យប្ដឹងរបស់គណបក្សភ្លើងទៀន រួចហើយ នឹងត្រូវបញ្ជូនទៅសមាជិកក្រុមប្រឹក្សាធម្មនុញ្ញដើម្បីពិនិត្យ។ ទោះយ៉ាងណា អ្នកនាំពាក្យរូបនេះឱ្យទៀតថា ការសម្រេចណាមួយលុះត្រាមានមានការឯកភាពគ្នាពីសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំង៩រូប។ លោកបញ្ជាក់ថា ប្រសិនបើមានការចាំបាច់ក្រុមប្រឹក្សាធម្មនុញ្ញ នឹងអញ្ជើញភាគីពាក់ព័ន្ធចូលរួមជជែកដេញដោល។ ចំណែកអ្នកវិភាគនយោបាយ លោក គឹម សុខ យល់ថា គណបក្សភ្លើងទៀន ប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញពេលនេះជាជម្រើសតែមួយគត់របស់គណបក្សភ្លើងទៀន។ ទោះយ៉ាងណាក្ដី លោកយល់ថា ទន្ទឹមនឹងការប្ដឹងនេះ គណបក្សភ្លើងទៀន គួរប្រឹងប្រែងរកការសម្របសម្រួលជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
លោក គឹម សុខ៖«ឱកាសចុងក្រោយដ៏តិចតួចរបស់គណបក្សភ្លើងទៀន ដែលអាចចូលរួមបោះឆ្នោតបានមានតែការសម្របសម្រួលជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយធ្វើឱ្យលោក ហ៊ុន សែន ស្ងប់ចិត្តលើពីរចំណុចសំខាន់»។
លោក គឹម សុខ យល់ថា អ្វីដែលលោក ហ៊ុន សែន ចង់បានពីគណបក្សភ្លើងទៀន គឺមិនឱ្យគណបក្សភ្លើងទៀន កុំប្រឆាំង ឬតវ៉ានឹងលទ្ធផលបោះឆ្នោត ក្រោយការបោះឆ្នោតថ្ងៃទី២៣ខែកក្កដា ហើយចំណុចសំខាន់មួយទៀត គឺលោក ហ៊ុន សែន ទាមទារប្ដូរក្បាលម៉ាស៊ីន ឬថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលជាក្រុមមនុស្សមានស្មារតីទន់ភ្លន់ជាមួយគណបក្សកាន់អំណាច។ ជុំវិញការលើកឡើងរបស់អ្នកវិភាគនយោបាយដូច្នេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទេនៅថ្ងៃទី២៣ ខែឧសភា។ ទោះយ៉ាងណា លោក ហ៊ុន សែន ធ្លាប់ព្រមានថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន គឺដូចត្រីក្នុងកន្ត្រក លោកចង់កាច់ក្បាលពេលណាក៏បាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។