គណបក្ស​ភ្លើងទៀន​ផ្អាក​ដាក់​លិខិត​ធ្វើ​បាតុកម្ម ប៉ុន្តែ​រក្សា​ជំហរ​ប្រមូលផ្ដុំ​កម្លាំង​តស៊ូ​មតិ​ដដែល

0:00 / 0:00

គណបក្ស​ភ្លើងទៀន​ផ្អាក​ដាក់​លិខិត​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​សិន ប៉ុន្តែ គណបក្ស​នេះ​នៅតែ​រក្សា​ជំហរ​ប្រមូលផ្ដុំ​កម្លាំង​តស៊ូ​មតិ​ដដែល ដើម្បី​ទាមទារ​ឱ្យ​គណបក្ស​នេះ​អាច​ចូលរួម​ការបោះឆ្នោត ខែ​កក្កដា ខាងមុខ​នេះ​។ មន្ត្រី​បក្ស​កាន់​អំណាច ថា គណបក្សប្រឆាំង​មិន​អាច​រំខាន​ដំណើរការ​បោះឆ្នោត​មិន​ឱ្យ​ដើរ​ទៅ​មុខ​បាន​ទេ។

គម្រោង​ដែល​គណបក្ស​ភ្លើងទៀន ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ និង​សាលាក្រុង​ភ្នំពេញ ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​មាន​ដែល​មាន​ការ​ប្រមូល​ផ្ដុំ​សកម្មជន​គណបក្ស​នេះ​ជាង ១​ម៉ឺន​នាក់ ត្រូវ​បាន​គេ​លើក​ពេល​ដោយ​មិន​កំណត់​ថ្ងៃ។

លោក រ៉ុង ឈុន អនុប្រធាន​គណបក្ស​ភ្លើងទៀន ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថ្ងៃទី​២ ខែ​មិថុនា ថា មតិ​ភាគ​ច្រើន​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន ស្នើ​ឱ្យ​លើក​ពេល​នៃ​ការ​ដាក់​លិខិត​ធ្វើ​បាតុកម្ម​នេះ​សិន​។ លោក​ថា ពេល​នេះ​លោក​មិន​ទាន់​ដឹង​ថា គម្រោង​ដាក់​លិខិត​នឹង​ត្រូវ​ធ្វើ​នៅ​ពេល​ណា​នោះ​ទេ។ ទោះ​បែប​នេះ លោក រ៉ុង ឈុន នៅតែ​យល់​ថា ការ​តស៊ូ​មតិ​ជា​ជម្រើស​ដែល​អាច​ខ្វះ​បាន​ក្នុង​ទាមទារ​ឱ្យ​គណបក្ស​មាន​សិទ្ធិ​ចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ។

លោក រ៉ុង ឈុន៖ «បើ​ថ្នាក់ដឹកនាំ​ដែល​មាន​សំឡេង​ភាគច្រើន​ស្នើ​លើក​ពេល ត្រូវតែ​លើក​ពេល​ហើយ ពី​ព្រោះ​ធម្មតា​នៅក្នុង​របប​ប្រជាធិបតេយ្យ​ត្រូវ​គោរព​សំឡេង​ភាគច្រើន ហើយ​យើង​នឹង​ជូនដំណឹង​បន្តបន្ទាប់​ទៀត​នៅពេល​ដាក់​លិខិតស្នាម​នៅ​សប្ដាហ៍​ក្រោយ​អី​»។

​កាលពី​ថ្ងៃទី​២៨ ខែឧសភា គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ភ្លើងទៀន​សម្រេច​ថា នឹង​ធ្វើ​ការ​ប្រមូលផ្ដុំ​សមាជិក​បក្ស​ចំនួន ១​ម៉ឺន ដើម្បី​តវ៉ា​ទាមទារ​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ផ្ដល់​សិទ្ធិ​ឱ្យ​គណបក្ស​នេះ​អាច​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​នៅ​ខែកក្កដា​ខាងមុខ​។ ទោះ​យ៉ាងណា ក្រោយ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​វាយ​ខ្នោះ​មេដឹកនាំ​គណបក្ស​ភ្លើងទៀន និង​អ្នកគាំទ្រ​គណបក្ស​នេះ បើ​ហ៊ាន​ធ្វើបាតុកម្ម គណបក្ស​នេះ​ហាក់​ដកឃ្លា​វិញ​សិន។

បើ​ទោះជា​មតិ​ភាគច្រើន​ក្នុង​បក្ស​ភ្លើងទៀន សម្រេចចិត្ត​បែប​នេះ​ក្ដី ប៉ុន្តែ លោក រ៉ុង ឈុន នៅតែ​យល់​ថា ក្នុង​ស្ថានភាព​ដូច​សព្វថ្ងៃ​នេះ បើ​គ្មាន​ការ​ប្រមូលផ្ដុំ​តស៊ូ​មតិ​ទេ គឺ​មិនអាច​ធ្វើ​ឱ្យ​គណបក្ស​ភ្លើងទៀន​អាច​ចូលរួម​ការបោះឆ្នោត​បាន​ទេ។ ទោះ​បែបនេះ​ក្ដី លោក​ថា ការ​សម្រេចចិត្ត​របស់​លោក​ធ្វើការ​ទាមទារ​អ្វីមួយ គឺ​ត្រូវ​គោរព​ការ​សម្រេចចិត្ត​របស់​គណបក្ស​ជាមុន​សិន។

លោក រ៉ុង ឈុន៖ «មិន​ធ្វើ​សោះ​ពិតតែ​សូន្យ​មិន​មាន​ទទួល​បាន​អ្វី​ទាំងអស់ ប៉ុន្តែ​បើសិនជា​យើង​ធ្វើ​យើង​អាច​មាន​ជម្រើស​ពីរ ជម្រើស​មួយ​អត់ ជម្រើស​មួយទៀត​បាន​ដំណោះស្រាយ​ដូច្នេះ​យើង​មិន​អាច​នៅ​ស្ងៀម​ដោយ​នៅចាំ​ទទួល​យក​នូវ​អ្វី​ដែល​គេ​ដាក់​ឱ្យ​យើង​លើក​ពាន​នោះ​ទេ បើ​យើង​មិន​ធ្វើ​សកម្មភាព​មិន​ធ្វើ​អ្វី​សោះ»។

ឆ្លើយ​តប​ការ​លើកឡើង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន នៅតែ​ចោទ​ប្រកាន់​ថា គណបក្ស​ភ្លើងទៀន មិន​អាច​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ខាងមុខ បណ្ដាល​មក​ពី​កំហុស​របស់​គណបក្ស​នេះ។ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​រូប​នេះ បន្ត​ថា បើ​ទោះ​ជា​គណបក្ស​ភ្លើង​ទៀន ទាមទារ​ក្នុង​រូបភាព​បែប​ណា​ក្ដី ក៏​គ​.​ជ​.​ប មិន​អាច​វិល​បក​ថយ​ក្រោយ មក​ចុះឈ្មោះ​ឱ្យ​គណបក្ស​នេះ​ដែរ ព្រោះ​ពេល​នេះ​នីតិវិធី​នៃ​ការ​រៀបចំ​ការបោះឆ្នោត​កាន់តែ​ឆ្ពោះ​ទៅ​មុខ​ទៅ​ហើយ។

លោក សុខ ឥសាន៖ «ការបោះឆ្នោត​ដែល​មាន​គណបក្ស​ទាំង​១៨​នឹង​ដំណើរការ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ស្រប​ទៅតាម​កម្មវិធី​ការងារ​ដែល​បាន​កំណត់ ដូច្នេះ​អត់​មានអី​បក​ក្រោយ​ទេ ភ្លើងទៀន​និយាយ​នេះ​ដូចជា​ឱ្យ​បក​ក្រោយ​ហើយ​រឿង​កំហុស​ខ្លួនឯង​ចង់​យក​អ្នកដទៃ​មក​ធ្វើ​កំហុស​ជាមួយ​ម៉េច​កើត»។

បើ​ទោះ​ជា​មន្ត្រី​បក្ស​កាន់អំណាច​អះអាង​បែបនេះ​ក្ដី តែ​មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​បក្ស​ភ្លើងទៀន លើកឡើង​ថា នីតិវិធី​នៃ​ការ​បោះឆ្នោត​នេះ គឺ​មនុស្ស​ជា​អ្នក​រៀប​ចំ​ទេ ដូច្នេះ បើ​គ.ជ.ប ឬ​រដ្ឋាភិបាល គិតគូរ​ពី​ប្រយោជន៍​ជាតិ​វែងឆ្ងាយ គួរ​មាន​ការ​ជជែក​គ្នា​ឡើងវិញ​ដើម្បី​អាច​ឱ្យ​គណបក្ស​ភ្លើងទៀន​អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ថ្ងៃទី​២៣ ខែ​កក្កដា។

ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា នៅតែ​ជំរុញ​ទៅ​រដ្ឋាភិបាល និង​គ.ជ.ប គួរតែ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​ដោយ​គោរព​សិទ្ធិមនុស្ស​។ មន្ត្រី​សិទ្ធិមនុស្ស ចង់​ឃើញ​រដ្ឋាភិបាល គួរ​ស្ដាប់​មតិ​ប្រតិកម្ម​របស់​ពលរដ្ឋ សហគមន៍​អន្តរជាតិ និង​ប្រមុខ​អង្គការ​សហប្រជាជាតិ​ដែល​រិះគន់​ការ​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើងទៀន​ចូលរួម​ការ​បោះឆ្នោត​ខាងមុខនេះ។

លោក រស់ សុដ្ឋា៖ «ដោះស្រាយ​បញ្ហា​ទៅវិញទៅមក​បាទ ព្រោះ​ជា​បញ្ហា​ខ្មែរ​ទាំងអស់គ្នា​មិនមែន​ជា​បញ្ហា​ភ្លើងទៀន ឬក៏​មិនមែន​របស់​អ្នកណា​ទេ គឺជា​បញ្ហា​របស់​ខ្មែរ​យើង យើង​អង្គុយ​ទៅ​យើង​ដាក់ធុរៈ​មានន័យថា យើង​លះបង់​នូវ​គេ​ហៅថា បញ្ហា ហើយ​យើង​យក​ដំណោះស្រាយ​មកវិញ យើង​កុំ​វាយ​ទៅលើ​គណបក្ស​យើង​វាយ​ទៅលើ​បញ្ហា​ជាក់ស្ដែង​បញ្ហា​កម្ពុជា​យើង​គឺ​បញ្ហា​អ្វី បញ្ហា​របស់​កម្ពុជា​យើង​គឺ​ទំនាស់​នយោបាយ​រវាង​ខ្មែរ និង​ខ្មែរ​យូរ​ឆ្នាំ​មក​ហើយ ហើយ​អ្វី​ដែល​យើង​ត្រូវ​ការ​គឺ​សុខ​សន្តិភាព​យូរអង្វែង និង​ការ​អភិវឌ្ឍ​កេរ្តិ៍ឈ្មោះ»។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) និង​ក្រុមប្រឹក្សាធម្មនុញ្ញ សម្រេច​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើងទៀន ដែល​មាន​អ្នកគាំទ្រ​ជិត​២​លាន​នាក់ មាន​សិទ្ធិ​ចូលរួម​ការ​បោះឆ្នោត​ថ្ងៃទី​២៣ ខែកក្កដា បានទេ ព្រោះ​គណបក្ស​នេះ​បាត់បង់​ឯកសារ​ដើម​នៃ​ការចុះបញ្ជី​គណបក្ស ឬ​ហៅថា សំបុត្រកំណើត បើ​ទោះ​ជា​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា គណបក្ស​នេះ​បាន​ចុះបញ្ជី​ស្របច្បាប់​នៅ​ក្រសួង​មហាផ្ទៃ​រួចរាល់​ហើយ​ក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។