មន្រ្តីគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំគឺលោក ស៊ូ យាន ចោទអាជ្ញាធរមូលដ្ឋានដែលដេញចាប់លោកដល់ផ្ទះថា ជារឿងនយោបាយដើម្បីគំរាមកំហែងនិងបំភិតបំភ័យលើសកម្មជននយោបាយច្រើនជាងហេតុផលភាន់ច្រឡំ។ ប៉ុន្តែអាជ្ញាធរស្រុកច្រានចោលការចោទប្រកាន់នេះ។
មន្រ្តីគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំសោកស្តាយចំពោះអាជ្ញាធរដែលបង្កឱ្យសកម្មជននយោបាយភិតភ័យ និងរងសម្ពាធផ្លូវចិត្តខ្លាំងនៅមុនការបោះឆ្នោតនៅខែកក្កដាខាងមុខនេះ។ មន្រ្តីរូបនោះក៏ស្នើដល់អាជ្ញាធរពាក់ព័ន្ធអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវដើម្បីកុំឱ្យជះឥទ្ធិពលមិនល្អដល់ប្រជាពលរដ្ឋជាពិសេសសកម្មជននយោបាយដែលកំពុងអនុវត្តសិទ្ធិសេរីស្របតាមច្បាប់។
មន្រ្តីគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំដែលសកម្មចូលរួមសកម្មភាពនយោបាយគឺលោក ស៊ូ យាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២១ ខែកុម្ភៈថា ប៉ូលិសឃុំទ្រៀកនិងប៉ូលិសស្រុកមេមត់ស្លៀកពាក់ឯកសណ្ឋាននិងប្រដាប់ដោយកាំភ្លើងជាច្រើននាក់ចុះពីលើឡានពីរគ្រឿងសម្រុកចូលផ្ទះរបស់លោកទាំងកណ្តាលថ្ងៃត្រង់កាលពីថ្ងៃទី២០ ខែកុម្ភៈ។ លោកឱ្យដឹងថា ប៉ូលីសទាំងនោះបានដេញតាមចាប់លោកភ្លាមៗបន្ទាប់ពីលោកបានរត់គេចខ្លួនចូលក្នុងព្រៃក្រោយផ្ទះរាប់គីឡូម៉ែត្រ។ប៉ុន្តែលោក ស៊ូ យាន បានវិលត្រឡប់មកផ្ទះវិញក្រោយពេលប៉ូលីសចាប់ខ្លួនប្អូនជីដូនមួយរបស់លោកដែលមានផ្ទះនៅក្បែរនោះទាក់ទងការប្រើប្រាស់គ្រឿងញៀន។ លោកចាត់ទុកទង្វើរបស់សមត្ថកិច្ចគឺជារឿងនយោបាយដើម្បីបំបាក់ស្មារតីលើសកម្មជនបក្សភ្លើងទៀន៖
«ប៉ូលីសរត់ដេញចាប់ខ្ញុំប៉ផាប់ចាប់ពភីងហើយស្រែកថាបាញ់ៗហ្នឹងយើងមើលទៅវាជារូបភាពអាក្រក់មែនទែនដោយអត់យកយន្តការច្បាប់មកប្រើខ្ញុំមើលទៅរូបភាពកំរោលតែម្តងប៉ូលីសចេញពីឡានដេញខ្ញុំតែម្តងខ្ញុំរត់រាប់គីឡូម៉ែត្រនេះធ្វើឱ្យខ្ញុំបាក់កម្លាំងហើយជើងពងខ្ញុំកំពុងព្រួយបារម្ភតែបងប្អូនមួយចំនួនឱ្យគេចខ្លួនសិនទៅហើយប្រពន្ធរបស់ខ្ញុំឈឺជាប់ជាប្រចាំបើសិនខ្ញុំគេចខ្លួនដូចឱ្យគាត់ស្លាប់ឈរតែម្តងពីព្រោះគាត់ពិបាកចិត្តច្រើនអត់មានខ្នងបង្អែក»។
លោក ស៊ូ យាន រៀបរាប់ថា ក្រៅពីហេតុការណ៍នេះគ្រួសាររបស់លោកតែងរងការបំភិតបំភ័យនិងព្រួយបារម្ភពីសុវត្ថិភាពជាខ្លាំងពីសំណាក់ជនមិនស្គាល់គោះទ្វារនិងគប់ដុំថ្មចូលផ្ទះជាបន្តបន្ទាប់ប៉ុន្តែរហូតមកដល់ពេលនេះសមត្ថកិច្ចមិនទាន់រកជនប្រព្រឹត្តយកមកផ្តន្ទាទោសនៅឡើយ។
ឆ្លើយតបរឿងនេះអធិការនគរបាលស្រុកមេមត់ លោក ហុក គឹមហឿន ប្រាប់វិទ្យុអាស៊ីសេរីយ៉ាងខ្លីថា សមត្ថកិច្ចបានចុះចាប់ជនសង្ស័យម្នាក់នៅជិតផ្ទះលោក ស៊ូ យាន តាមដីការបស់តុលាការពាក់ព័ន្ធករណីលួចនិងប្រើប្រាស់គ្រឿងញៀន។ លោកអះអាងថា មូលហេតុដែលសមត្ថកិច្ចដេញចាប់លោក ស៊ូ យាន គឺជារឿងយល់ច្រឡំតែប៉ុណ្ណោះដោយលោកថាមិនមែនជាការគំរាមកំហែងផ្នែកនយោបាយនោះទេ៖
«ជាការយល់ច្រឡំទេក្រោយមកចាប់មុខសញ្ញាបាននៅជាប់ផ្ទះគាត់អាមុខសញ្ញានឹងអត់រត់ទេមុខសញ្ញាមានដីកាត្រឹមត្រូវគ្មានការគំរាមកំហែងនយោបាយអ្វីនោះទេ»។
ទោះយ៉ាងណាលោក ស៊ូ យាន ឆ្ងល់ថាតើហេតុអ្វីបានជាសមត្ថកិច្ចសម្រុកចូលផ្ទះរបស់លោកបែបនេះខណៈសមត្ថកិច្ចមូលដ្ឋានសុទ្ធតែស្គាល់ផ្ទះលោកយ៉ាងច្បាស់នោះ។
ជុំវិញរឿងនេះមន្រ្តីអង្កេតនិងឃ្លាំមើលការរំលោភសិទ្ធិមនុស្សនិងដីធ្លីនៃសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ លោក ឡេង សេងហាន កត់សម្គាល់ថាសកម្មជនបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ មួយចំនួនជាពិសេសលោក ស៊ូ យាន តែងរងការបំភិតបំភ័យជាបន្តបន្ទាប់។ លោកយល់ថាការដែលសមត្ថកិច្ចចូលចាប់មនុស្សដល់ផ្ទះដោយមិនបានកំណត់មុខសញ្ញាច្បាស់លាស់គឺមិនគួរកើតឡើងចំពោះលោក ស៊ូ យាន នោះទេ។ មន្ត្រីសង្គមស៊ីវិលរូបនេះជំរុញទៅសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធគួរចូលរួមទប់ស្កាត់សម្មភាពគំរាមកំហែងលើសកម្មជននយោបាយនិងស្វែងរកជនប្រព្រឹត្តយកមកផ្ដន្ទាទោសតាមច្បាប់ដើម្បីការបោះឆ្នោតអាចដំណើរការបានរលូន៖
«វាមិនគួរមានសកម្មភាពហ្នឹងកើតឡើងចំពោះលោកស៊ូ យានទៀតនោះទេឬអ្នកផ្សេងឯទៀតមិនគួរមានការច្រឡំអ៊ីចឹងទេ។ឧទារហណ៍ថាសម្មភាពហ្នឹងគាត់រត់ទៅប៉ះឬបុកអ្វីមួយអាហ្នឹងគាត់នៅក្មេង។ចុះបើមនុស្សចាស់វិញគាត់ភ័យស្លុន់ស្លោគាត់ខ្សោយផងតើគាត់មានបញ្ហានរណាជាអ្នកទទួលខុសត្រូវ?គាត់ជាសកម្មជនគណបក្សនយោបាយ លើកមុនគាត់ធ្វើ១០យ៉ាងហោចណាស់គាត់បន្ថយក្រោម ១០ដែរដោយសារគាត់ភ័យគាត់បារម្ភពីសុវត្ថិភាព»។
លោក ស៊ូ យាន អាយុ ៥១ឆ្នាំ គឺជាអតីតអនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តត្បូងឃ្មុំ ហើយបច្ចុប្បន្នលោកជាសមាជិកក្រុមការងារគណបក្សភ្លើងទៀនដ៏លេចធ្លោប្រចាំខេត្តនេះ។ លោក ស៊ូ យាន បានជាប់ពន្ធនាគារចំនួនពីរដងពីបទញុះញង់ កាលពីឆ្នាំ២០១៩ និងឆ្នាំ២០២០ ប៉ុន្តែលោកនៅតែបន្តសកម្មភាពនយោបាយដដែលទោះបីជាប់ពន្ធនាគារឬរងការគំរាមកំហែងក៏ដោយ។
កម្ពុជាបោះឆ្នោតប្ដូរមេដឹកនាំរបស់ខ្លួននៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឱ្យដឹងថាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតមានជាង៩លាន៧សែននាក់។ទោះជាយ៉ាងណាក្ដីស្របពេលដែលការបោះឆ្នោតកាន់តែខិតជិតចូលមកដល់មេដឹកនាំ សកម្មជនគណបក្សភ្លើងទៀននៅតាមបណ្តាខេត្តមួយចំនួនត្រូវបានអាជ្ញាធរគណបក្សកាន់អំណាចរារាំង និងគំរាមកំហែងជាបន្តបន្ទាប់។គណបក្សប្រឆាំងនិងក្រុមអង្គការសង្គមស៊ីវិលនៅមិនទាន់ឃើញរដ្ឋាភិបាល លោក ហ៊ុន សែន បង្កភាពងាយស្រួលដល់គណបក្សនយោបាយ ឬពលរដ្ឋ ដើម្បីអាចចូលរួមការបោះឆ្នោតនេះ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
