មេ​គណបក្ស​ភ្លើងទៀន​លោក ទាវ វណ្ណុល ថា វិល​ចូល​ស្រុក មក​តតាំង​ក្តី​នៅ​តុលាការ

0:00 / 0:00

ប្រធាន​គណបក្ស​ភ្លើងទៀន​លោក ទាវ វណ្ណុល អះអាង​ថា លោក​វិលចូល​ស្រុកវិញ​មិនមែន​ ដោយសារ​ការ​ចរចា​នយោបាយ​ទេ តែ​លោក​មក​តតាំងក្តី​នៅ​តុលាការ ដើម្បី​ជំរុញ​ឱ្យ​កម្ពុជា​មាន​ប្រជាធិបតេយ្យ។ អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាលបញ្ឈប់​នយោបាយ​ចាប់ចង រឹបអូស​ទ្រព្យ​អ្នក​នយោបាយ​ប្រជែង ហើយ​បើក​លំហរប្រជាធិបតេយ្យ និង​ផ្សះផ្សាជាតិ ដើម្បី​ផល​ប្រយោជន៍​ជាតិ បើ​ពួកគេ​មិន​ចង់​មាន​វាសនា​ដូច​មេដឹកនាំផ្តាច់ការ​នៅលើ​ពិភពលោក​ក្រោយ​ដួលរលំ​ទេ។

មេដឹកនាំ​គណបក្ស​ភ្លើងទៀន​លោក ទាវ វណ្ណុល ប្រកាស​ពី​ការរក្សា​គោលជំហរ​បន្ត​ធ្វើ​សកម្មភាព​នយោបាយ​របស់ខ្លួន​ ក្នុង​ការដឹកនាំ​បក្សប្រជំទាស់​មួយ​នេះ ដើម្បី​ចូលរួម​ស្តារប្រជាធិបតេយ្យ និង​ការលើក​កម្ពស់​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋខ្មែរ បើទោះបីជា​លោក​ត្រូវ​រងបណ្តឹង​ក្រោមហេតុផល​នយោបាយ​ពី​រដ្ឋាភិបាល​យ៉ាងណា​ក៏ដោយ។

ការ​បញ្ជាក់​ជំហរ​នយោបាយ​ដូច្នេះ ក្រោយ​ពេល​លោក ទាវ វណ្ណុល បាន​វិលត្រឡប់​ពី​សហរដ្ឋអាមេរិក​មក​ចូលរួម​​ប្រឡូក​នយោបាយ​​នៅ​​ប្រទេស​កម្ពុជា​​វិញ បន្ទាប់ពី​ចៅក្រម​សាលាដំបូង​រាជធានីភ្នំពេញ​កាល​ពី​ថ្ងៃ​ទី២៥ ខែ​កក្កដា កាត់​ឱ្យ​លោកចាញ់​ក្ដី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ពី​បទ​«បរិហាកេរ្តិ៍​ជាសាធារណៈ» ពាក់ព័ន្ធ​នឹង​ការផ្តល់​បទសម្ភាសន៍​របស់​លោក ទាវ វណ្ណុល ឱ្យ​សារព័ត៌មាន​ជប៉ុន ​(Nikkei Asia) អំពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​បក្សកាន់អំណាច​លើ​បក្សប្រឆាំង និង​ការ​ធ្លាក់​ចុះ​ប្រជាធិបតេយ្យ ក្រោម​អំណាចដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត។

តុលាការ​បាន​សម្រេច​ផ្ដន្ទាទោស និង​ទាមទារ​សំណង​ពី​ប្រធាន​គណបក្ស​ភ្លើងទៀន លោក ទាវ វណ្ណុល ចំនួន​៦​ពាន់​លានរៀល ឬ​ប្រហែល​នឹង ១លាន ៥សែន​ដុល្លារ តាម​ពាក្យ​បណ្ដឹង​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត។

បន្ទាប់​មក​ទៀត​តុលាការ​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​បក្សកាន់អំណាច​នោះ​បាន​សម្រេច​រឹបអូសដី ៣កន្លែង​របស់​ប្រធាន​គណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ដើម្បី​រក្សា​ការពារ​អចលនទ្រព្យ​នេះ​ទុក​សម្រាប់​លក់​សង​ជំងឺចិត្ត​ទៅ​តាម​ការទាមទារ​របស់​មេធាវី​រដ្ឋាភិបាល​ជា​ដើមបណ្ដឹង។

ប្រធាន​គណបក្ស​ភ្លើងទៀន​លោក ទាវ វណ្ណុល ប្រាប់​វិទ្យុអាស៊ីសេរី​ថា ការណ៍ដែល​លោក​វិលមក​ប្រទេស​កម្ពុជា​វិញ​ដោយ​ពុំ​ពាក់ព័ន្ធ​ការ​ត្រូវរ៉ូវ​គ្នា ឬ​ការ​ដោះស្រាយ​ផ្នែក​នយោបាយ​ណាមួយ ជាមួយ​មេដឹកនាំ​​គណបក្ស​កាន់អំណាច​នោះ​ឡើយ ពោល​គឺ​វត្តមាន​របស់លោក​នៅ​ប្រទេស​កំណើត​លើក​នេះ​ ក្នុង​គោល​បំណង​ជួយ​ជំរុញ​ឱ្យ​កម្ពុជា​មានប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ។ លោក ទាវ វណ្ណុល លើកឡើង​ថា ក្តីក្តាំ​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់​ឱ្យ​លោក​ចាញ់ក្តី​រដ្ឋាភិបាល​កន្លង​មក គឺ​ជា​រឿង​អយុត្តិធម៌ ហើយ​លោក​បាន​ប្តឹង​ជំទាស់​នឹង​សាលក្រម​នោះ​ទៅ​សាលាឧទ្ធរណ៍​រួចហើយ។ មេ​បក្សជំទាស់​រូបនេះ នៅ​​រក្សាជំហរ​ដដែល​ថា អ្វី​ដែល​លោក​បាន​ផ្តល់​បទសម្ភាសន៍​ឱ្យ​អ្នកសារព័ត៌មាន​យក​ទៅ​ចុះផ្សាយ អំពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ធ្លាក់ចុះ​ ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត និង​អាជ្ញាធរ​ដំឡើង​កាមេរ៉ា​នៅ​មុខ​ផ្ទះ​ថ្នាក់​ដឹកនាំ​បក្សភ្លើងទៀន គឺ​ជា​រឿងពិត ស្រប​ទៅ​នឹង​របាយការណ៍​របស់​សហគមន៍​អន្តរជាតិ​មាន​លក្ខណៈ​ដូចគ្នា​ទៅនឹង​ការលើកឡើង​របស់លោក​ដែរ។

លោក ទាវ វណ្ណុល៖«រឿង​តុលាការកាត់ក្តី​នេះ ជារឿង​​អយុត្តិធម៌​សម្រាប់​ខ្ញុំ​ដែល​ជា​ពលរដ្ឋខ្មែរ​កំពុង​បន្ត​ជួយ​ស្តារប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេសកម្ពុជា បែរជា​​រង ការចៅទប្រកាន់​របៀប​នេះ ហើយ​យើង​ឃើញ​ហើយ​ថា សហគមន៍អឺរ៉ុប​ព្រមានដាក់​ទណ្ឌកម្ម​មកលើ​ប្រទេស​កម្ពុជា ដោយសារតែ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ធ្លាក់ចុះ អ៊ីចឹង​អ្វី​ដែល​ខ្ញុំ​និយាយ គឺ​ជា​ការពិត​ដោយ​មិន​បាន​បំផ្លើស​អ្វី​ទេ»។

ទាក់ទងរឿង​នេះ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន ឆ្លើយតប​ថា ពលរដ្ឋ​មាន​សិទ្ធិនិយាយ​ស្តី​ទូលំទូលាយ​ស្របតាម​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​សិទ្ធិនោះ​មាន​ដែនកំណត់​ ដោយ​មិន​ត្រូវ​រំលោភ​សិទ្ធិ​អ្នក​ដទៃ ឬ​ប៉ះពាល់​សន្តិសុខ​ជាតិ​ទេ។ លោក​ថា ករណី​អ្នកនយោបាយ​បក្សប្រឆាំង​កន្លងមក​ដូចជា​ករណី​លោក ទាវ វណ្ណុល ដែល​បញ្ចេញមតិ​ពាក់ព័ន្ធ​កម្ពុជា​ធ្លាក់ចុះ​ប្រជាធិបតេយ្យ​ត្រូវ​ជាប់​ទោសទណ្ឌ​នោះ គឺ​ជា​ការសម្រេច​របស់​តុលាការ​ផ្អែកលើ​ផ្លូវច្បាប់ និង​ទង្វើ​អ្នកប្រព្រឹត្ត។ លោក សុខ ឥសាន អះអាង​ថា​បច្ចុប្បន្ន​គណបក្សប្រជនកម្ពុជា​គ្មាន​ភាពចាំបាច់​ត្រូវ​ចរចា ដោះស្រាយ​បញ្ហាន​យោបាយ​ជាមួយ​ក្រុមប្រឆាំង​ដែល​លោកចោទ​ថា​ជា​អ្នក​ដែល​ប្រព្រឹត្ត​ខុសច្បាប់​នោះឡើយ។

លោក សុខ ឥសាន៖«បើសិន​ណា​កម្ពុជា​គ្មាន​លទ្ធិប្រជាធិបតេយ្យ មិន​មាន​ការគោរព​សិទ្ធិមនុស្ស​ទេ គឺ​ខ្ញុំ​យល់​ថា សង្គម​កម្ពុជា​មិន​អាច​រក្សាបាន​នូវ​សន្តិភាព​ពេញនិងស្ថិរភាព​នយោបាយ​នោះទេ​បាទ»។

ទោះជាយ៉ាងណា មន្រ្តីសង្គមស៊ីវិល និង​អ្នកឃ្លាំមើល​យល់​ថា ការបកស្រាយ​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ មិន​ឆ្លុះ​បញ្ចាំង​ពី​ការពិត ពីព្រោះ​រដ្ឋធម្មនុញ្ញ​ធានា​ចំពោះ​ការអនុវត្ត​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ជាពិសេស​សិទ្ធិ​បញ្ចេញមតិ និងសិទ្ធិនយោបាយ។ ផ្ទុយ​ទៅ​វិញ ទង្វើ​បំពាន​គោលការណ៍​សិទ្ធិមនុស្ស​ពី​អ្នក​កាន់​អំណាច​នេះ​កាន់តែ​ធ្វើឱ្យ​សង្គម​បែកបាក់ និង​គ្មាន​ផលចំណេញ​អ្វី​ដល់​ជាតិ​ឡើយ។

ប្រធាន​អង្គការ​លទ្ធិប្រជាធិបតេយ្យ​ខ្មែរ​នៅ​ប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ដែល​រង​បណ្តឹង​ពី​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ដែរ​នោះ មើលឃើញ​ថា សិទ្ធិសេរីភាព នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​ត្រូវ​បាន​រឹតត្បិត ចំណែក​បរិយាកាស​នយោបាយ​បាន​រួមតូច​សម្រាប់​អ្នក​មាន​និន្នាការ​ផ្ទុយ​រដ្ឋាភិបាល។ លោក​បន្ត​ថា ប្រព័ន្ធតុលាការ​សព្វថ្ងៃ គឺ​ជា​ឧបករណ៍​របស់​មេដឹកនាំ​បក្សកាន់អំណាច​ប្រើ​ដើម្បី​កម្ចាត់​សំឡេង​រិះគន់ ដូច្នេះ​ករណី​លោក ទាវ វណ្ណុល រួម​ទាំង​មន្ត្រី​បក្សប្រឆាំង និង​រូបលោក​ផង​ដែល​ជាប់​ក្តីក្តាំ​នៅ​តុលាការ​នឹង​មិន​ទទួល​បាន​យុត្តិធម៌​ឡើយ។ លោក​យល់​ថា ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​រឹតត្បិត​ សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​ អ្នក​នយោបាយ ​នោះ កម្ពុជា​នៅតែ​ជាប់​ឈ្មោះ​ជា​ប្រទេស​រំលោភ​សិទ្ធិមនុស្ស និង​រង​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ។

លោក ស៊ឹង សែនករុណា៖«រដ្ឋាភិបាល​ត្រូវ​បញ្ចប់​សំណុំ​រឿង​មាន​លក្ខណៈ​នយោបាយ​លើអ្នកទោស​មនសិការ​ទាំងអស់ រាប់ទាំង​រូប​ខ្ញុំ សកម្មជន​នយោបាយ​នានា ដោយទម្លាក់​បទ​ចោទប្រ​កាន់ដោះលែង​គេ​ឱ្យ​មាន​សេរីភាពហើយ​អ្នកនយោបាយ​នៅក្រៅ​ប្រទេស​មាន​សិទ្ធិ​ចូល​ក្នុង​ប្រទេសដើម្បី​ប្រកួតប្រជែង​ការបោះឆ្នោត​មួយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទៅ។ ខ្ញុំ​ជឿ​ថា​រដ្ឋាភិបាល​ធ្វើ​ប៉ុណ្ណឹង​នឹង​ធ្វើឱ្យ​បណ្តា​ប្រទេសនានា​ត្រេកអរ ស្វាគមន៍ជួយ​ជ្រោមជ្រែង​ដល់​កម្ពុជាដោយ​មិន​បាច់​មេដឹកនាំ​រត់​ទៅ​រក​ពឹង​ប្រទេស​នេះ​ប្រទេស​នោះ ត្រាក់ៗ​ទាំង​យប់​ថ្ងៃ​អ៊ីចឹង​ទេ»។

ចំណែក អ្នកអត្ថាធិប្បាយ​នយោបាយ​លោក គឹម សុខ មើលឃើញ​ថា គណបក្ស​កាន់អំណាច​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ប្តឹងផ្តល់​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ដាក់​គុក និង​រឹបអូស​ទ្រព្យ​ជាបន្តបន្ទាប់​មក​នេះ ជា​នយោបាយ​ទុច្ចចរិត​ដោយ​ចាត់ទុកខ្មែរ​ដូចគ្នា​ជា​សត្រូវ។ លោកយល់​ថា​ទោះបីជា​លោក ទាវ វណ្ណុល និង​អ្នកនយោបាយ​ផ្សេងទៀត ​មិន​ទទួល​បាន​យុត្តិធម៌​ក្តី ក៏​ពួកគាត់​ជា​អ្នកនយោបាយនៅតែ​ប្តេជ្ញា​តស៊ូ​ទៅមុខ​ជួយ​ជំរុញ​ឱ្យ​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅពេល​ខាងមុខ។

លោក គឹម សុខ៖«ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ ខ្ញុំ​មើលឃើញ​ថា​វា​ពិបាក​ទៅ​អង្វរ​ក្រុមគ្រួសារហ៊ុន ឱ្យ​វិល​មក​ចូល​តុ​ចរចា​ខ្លាំង​ណាស់ ដំណោះស្រាយ​ដែល​ល្អ​បំផុត គឺ​មានតែ​ប្រជាពលរដ្ឋខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស​នាំគ្នា​ចេញ​តវ៉ា​ទាមទារយុត្តិធម៌​សង្គម​ឱ្យ​មាន​ការផ្លាស់ប្តូរ​ ក្រុមគ្រួសារហ៊ុន​ដោយ​ឱ្យ​ពួកគេ​ភ្ញាក់​រលឹក​ពី​សកម្មភាព​តវ៉ា​របស់​ពលរដ្ឋ​ដោយ​ផ្ទាល់»។

សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ដូចជា​សហរដ្ឋអាមេរិក និង​សហភាពអឺរ៉ុប​ជាដើម បាន​ថ្កោលទោស និង​ព្រមាន​ដាក់​ទណ្ឌកម្ម​បន្ថែមទៀត បើសិន​រដ្ឋាភិបាល​កម្ពុជា​មិន​កែប្រែ​ឥរិយាបថ​របស់ខ្លួន​ ងាកមក​កែលម្អ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ព្រមទាំង​ទម្លាក់ចោល​ការទប្រកាន់ និង​ដោះលែង​អ្នកទោសមសិការ​ឱ្យ​មានសេរីភាព​ឡើងវិញ​ទេ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។