មន្ត្រីគណបក្សភ្លើងទៀននិយាយថា ការបង្កការលំបាកនៃការផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអង្គបោះឆ្នោត នឹងធ្វើឱ្យការបោះឆ្នោតអសកល ជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នៅពេលខាងមុខ នឹងមិនសេរី និងយុត្តិធម៌ឡើយ។ អ្នកឃ្លាំមើលការបោះឆ្នោតថា ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ គួរឆ្លើយតបសំណើរបស់បក្សប្រឆាំង។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៨ មីនា ថា គណបក្សភ្លើងទៀន បានស្នើទៅក្រសួងមហាផ្ទៃ និងអាជ្ញាធរ ដើម្បីសុំផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន ៣៥រូប ប៉ុន្តែរយៈពេល ៦ខែហើយ នៅតែមិនអាចផ្លាស់ប្ដូរបាន ទោះបីជាគណបក្សនេះ បានដាក់លិខិតទៅក្រសួងរួចហើយក៏ដោយ។
លោកថា ការស្នើសុំផ្លាស់ប្ដូរនោះ ដោយសារតែក្រុមប្រឹក្សាឃុំ-សង្កាត់មួយចំនួន លាលែងចេញពីសមាជិកគណបក្ស ហើយមួយចំនួនទៀត ទទួលអនិច្ចកម្ម និងមួយចំនួនផ្សេងទៀត ត្រូវបានគណបក្សភ្លើងទៀន បញ្ចប់សមាជិកភាពជាដើម។
លោកទទូចទៅក្រសួងមហាផ្ទៃ ឱ្យពន្លឿននីតិវិធីផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ តាមសំណើរបស់គណបក្សនយោបាយ ពីព្រោះការយឺតយ៉ាវនេះ នឹងប៉ះពាល់ដល់អង្គបោះឆ្នោត និងសិទ្ធិរបស់គណបក្ស ហើយក៏បង្ហាញពីការអនុវត្តច្បាប់មានស្តង់ដារពីរផងដែរ។
លោក លី សុធារ៉ាយុត្តិ៖ «យើងបានផ្ញើលិខិតមួយទៅក្រសួងមហាផ្ទៃ ស្នើសុំឱ្យក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍ពន្លឿននូវនីតិវិធីក្នុងការផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានស្នើដោយគណបក្សភ្លើងទៀន ប៉ុន្តែមកដល់ម៉ោងនេះ គណបក្សភ្លើងទៀនអត់ទាន់ទទួលការឆ្លើយតបជាវិជ្ជមានណាមួយពីក្រសួងមហាផ្ទៃនៅឡើយទេ»។
រីឯអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ លើកឡើងថា ទោះបីជា ការបោះឆ្នោតនៅពេលខាងមុខ ជាការបោះឆ្នោតអសកលក៏ដោយ ប៉ុន្តែការ បោះឆ្នោតនេះ ក៏មានការវាយតម្លៃពីអ្នកតាមដានជាតិ និងអន្តរជាតិ ទាំងមុនពេល និងទាំងដំណើរការបោះឆ្នោតដែរ។ ដូច្នេះ ក្រសួងមហាផ្ទៃ គួរពន្លឿនការផ្លាស់ប្ដូរអង្គបោះឆ្នោតមកពីបក្សប្រឆាំង ឱ្យបានឆាប់រហ័សតាមការស្នើសុំ។
លោក គីមសួរ ភីរិទ្ធ៖ «អ៊ីចឹងបើការដោះដូរនៅតែមានបញ្ហាប្រឈម ដោយមានការរារាំងបែបនោះ។ មានន័យថា លទ្ធផលការបោះឆ្នោតខាងមុខ ក៏វាអត់សេរី និងយុត្តិធម៌ដែរ។ ទោះបីសំឡេងគណបក្សនិយាយទៅតិច ក៏ប៉ុន្តែវាតម្លៃសម្រាប់សហគមន៍អន្តរជាតិ។[...]ប្រទេសមួយនេះ ធ្វើច្បាប់ហើយប្រកាសថា នីតិរដ្ឋ។ តែផ្ទុយទៅវិញ នៅពេលអនុវត្ត ត្រូវបានបំពានតែប៉ុណ្ណឹងទេ។ សូមឱ្យក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ឡើងវិញ ចំពោះបញ្ហានេះ ហើយផ្ដល់កិច្ចសហការជាមួយគណបក្សនយោបាយឱ្យបានល្អប្រសើរ»។
ឆ្លើយតបរឿងនេះ អ្នកពាក្យរងនៃក្រសួងមហាផ្ទៃ លោក ទូច សុខៈ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៨ មីនា ថា ក្រសួងធ្វើការងារ គឺទៅតាមច្បាប់។ លោកស្នើទៅគណបក្សភ្លើងទៀន ឱ្យពិនិត្យមើលសមាសភាព និងផ្ទៃក្នុងរបស់ខ្លួនឡើងវិញ។
លោក ទូច សុខៈ «យើងមិនមានចេតនាទៅរារាំងទៅដល់កិច្ចការងាររបស់គណបក្សនយោបាយណាទេ។ បើសិនជារារាំងមែន មិនមែនគណបក្សនយោបាយថ្មីៗជាច្រើន កើតចេញពីថ្នាក់ដឹកនាំរបស់គណបក្សប្រឆាំងមកបើក ហើយឈរឈ្មោះបាននោះទេ លើកលែងតែគណបក្សណាមួយធ្វើខុសនីតិវិធី មិនបានបំពេញលក្ខណៈទៅតាមច្បាប់កំណត់អាហ្នឹង គឺជារឿងច្បាប់កំណត់ រឿងមិនគោរពតាមច្បាប់។ នេះជារឿងមួយដែលយើងត្រូវពិចារណាដែរ»។
កន្លងទៅ មន្ត្រីមកពីគណបក្សប្រជាជនកម្ពុជា តាំងពីថ្នាក់ឃុំរហូតដល់ថ្នាក់ខេត្តតែងធ្វើឱ្យមានភាពយឺតយ៉ាវ និងបង្កការលំបាក ចំពោះសំណើសុំផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀន ហើយបើទោះជាករណីខ្លះ បក្សប្រឆាំងបានប្ដឹងផ្ដល់រហូតទៅក្រសួងមហាផ្ទៃ ក៏ក្រសួងគ្មានដំណោះស្រាយ។
ចំពោះបញ្ហានេះ នាយកប្រតិបត្តិអង្គការនិចហ្វិក (NICFEC) លោក សំ គន្ធាមី លើកឡើងថា ក្រសួងគួរឆ្លើយតបសំណើរបស់គណបក្សនយោបាយ ។
លោក សំ គន្ធាមី៖ «ដល់អ៊ីចឹងមិនជាខ្វះខាតចំណុចត្រង់ណា ។ ការបំភ្លឺរបស់ក្រសួងមហាផ្ទៃ តើគណបក្សភ្លើងទៀនមានចំណុចខ្វះខាតដូចក្រសួងមហាផ្ទៃថា ទេ?បើអ៊ីចឹងទេ វាយ៉ាងម៉េច?អីយ៉ាងម៉េច?និយាយឱ្យខ្លីភាគីទាំងពីរ អ្នកសុំ អ្នករៀបចំ ធ្វើការឱ្យស្និទ្ធជាមួយគ្នាទៅ ឱ្យជាមួយគ្នា ដើម្បីងាយស្រ័យ»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៦ ខែឧសភា។ ការបោះឆ្នោតនេះ មាន កៅអីសមាជិកក្រុមប្រឹក្សា រាជធានីខេត្តសរុប៥៥៩ និងកៅអីសមាជិកក្រុមប្រឹក្សា ក្រុង-ស្រុកខណ្ឌ សរុប ៣.៦៤១ សម្រាប់គណបក្សនយោបាយដណ្ដើមយក។
ការបោះឆ្នោតនេះ គឺជាការបោះឆ្នោតអសកល និងមិនចំពោះ ដោយមានតែ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងមុខតំណែងសរុប ១១.៦២២នាក់ គឺជាអ្នកបោះឆ្នោត។
គណបក្សនយោបាយ ចំនួន៥ បានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតនេះ។ ក្នុងនោះ មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលដាក់បេក្ខជននៅគ្រប់មណ្ឌល នៅទូទាំងប្រទេស។ រីឯគណបក្សឆន្ទៈខ្មែរ ដែលតំណាងឱ្យគណបក្សភ្លើងទៀន បានដាក់បេក្ខជនរបស់ខ្លួននៅ ២៣រាជធានី-ខេត្ត ខណៈគណបក្សកម្លាំងជាតិ ដាក់បេក្ខជនឈរឈ្មោះនៅ ២២ រាជធានី-ខេត្ត។ ក្រៅពីនេះ ក៏មានគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិចូលរួមផងដែរ៕