សកម្មជន​​បក្ស​ប្រឆាំង​លោក ​ចៅ​ វាសនា ​ប្រកាស​​បន្ត​​ការងារ​​​នយោបាយ​​ដើម្បី​​​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​​ដោយ​​មិន​​រួញរា​ឡើយ

0:00 / 0:00

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​ម្នាក់ ​​ដែល​​ទើប​តែ​​ចេញ​ពី​ពន្ធនាគារ​ថ្មីថ្មោង​លោក​ ចៅ វាសនា​ បាន​ប្រកាស​ថា នឹង​បន្ត​​ការងារ​នយោបាយ​ដ៏​​សកម្ម​ឡើង​វិញ​ ដើម្បី​​​​ចូល​រួម​ស្តា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ការ​លើក​ឡើង​បែប​នេះ​ ដោយសារ​តែ​លោក​​ឈឺចាប់ ​​​ដែល​អាជ្ញាធរ​បាន​ចាប់​លោក​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​​​អស់​រយៈ​ពេល​ ៥​ឆ្នាំ។

សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​បន្ទាយមានជ័យ​លោក​ ចៅ វាសនា ​ចាត់​ទុក​ការ​ចាប់​ខ្លួន​​លោក​ដាក់​ពន្ធនាគារ​​រយៈ​ពេល ​៥​ឆ្នាំង​កន្លង​មក​នេះ​ថា ​​ជា​រឿង​ឈឺ​ចាប់​ដែល​​មិន​​អាច​​បំភ្លេច​បាន ប៉ុន្តែ​រឿង​នេះកាន់​​តែ​​ធ្វើ​ឱ្យ​ជីវិត​លោក​​រឹងមាំ និង​មាន​ចិត្ត​ចង់​ចូល​រួម​ក្នុង​ជីវភាព​នយោបាយ​​ដើម្បី​ជួយ​ដល់​សង្គម​ជាតិ​កាន់​តែ​ខ្លាំង។

​ចៅ​សង្កាត់​ប៉ោយប៉ែត ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​លោក ចៅ វាសនា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​ថា ​​ចាប់​តាំង​ពី​ពេល​នេះ​តទៅ​ លោក​នឹង​ចុះ​ណែនាំ​​ដល់​ប្រជាពលរដ្ឋ​​នៅ​ក្រុង​ប៉ោយប៉ែត​ និង​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដើម្បី​ឱ្យ​​ពួកគេ​គាំទ្រ​ និង​បោះ​ឆ្នោត​ជូន​គណបក្ស​ភ្លើងទៀន​​នៅ​ពេល​ខាង​មុខ​។ លោក​យល់​​ថា ​ការ​ធ្វើ​បែប​នេះ​ ដើម្បី​​ចូល​រួម​​ចំណែក​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​​ឱ្យ​រស់​ឡើង​វិញ ពីព្រោះ​លោក​មើល​ឃើញ​​ សព្វ​ថ្ងៃ​មាន​ពលរដ្ឋ​​​មួយ​ចំនួន​ភ័យខ្លាច​ ដោយសារ​តែ​កន្លង​មក​អាជ្ញាធរ​​បាន​ចាប់​មនុស្ស​ដាក់​ពន្ធនាគារ​តាម​អំពើ​ចិត្ត​ ជា​ឧទាហរណ៍​ដូច​ជា​​រូប​លោក​ជា​ដើម​​ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​​​ដោយ​អយុត្តិធម៌​អស់​រយៈពេល ៥ឆ្នាំ​គត់​។ ​លោក​ជឿជាក់​ថា ​ស្ថានការណ៍​សព្វ​ថ្ងៃ​នេះ​មាន​តែ​គណបក្ស​ភ្លើង​ទៀន​មួយ​ទេ​ ដែល​​អាច​ប្រកួតប្រជែង​​ការ​បោះ​ឆ្នោត​យក​ឈ្នះ​បក្ស​កាន់​អំណាច​ ដើម្បី​​ទៅ​ដឹក​នាំ​ឃុំ​សង្កាត់​​ឱ្យ​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ និង​មាន​ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​​​​​បាន​៖ «ខា ង​បក្ស​ប្រឆាំង​ហ្នឹង​ធ្វើ​អ្វី​ខុស​មិន​ដែល​រត់​រួច​មួយ​ទេ​ សូម្បី​តែ​យើង​មិន​បាន​ធ្វើ​ស្អី​ ក៏​គេ​​ចាប់​យើង​បាន​ទម្រាំ​តែ​យើង​ធ្វើ​អ្វីខុស​។ អីចឹង​ខ្ញុំ​មិន​ដឹង​តើ​​នៅ​ស្ងៀម​បាន​ទេ​ ខ្ញុំ​ត្រូវ​តែ​ធ្វើ​គ្រប់​យ៉ាង​ ព្រោះ​ថ្ងៃ​នេះ​ ខ្ញុំ​នៅ​​រស់​ ខ្ញុំ​ធ្វើ​ មិន​ដឹង​ថា​​ថ្ងៃ​ស្អែក​ខ្ញុំ​ទៅ​ជា​ស្អី​​ ខ្ញុំ​អត់​គិត​ទេ។​ ខ្ញុំ​ត្រូវ​តែ​ធ្វើ​អ្វី​​គ្រប់​យ៉ាង​ ដើម្បី​ប្រជាពលរដ្ឋ​ខ្ញុំ​ ធ្វើ​ដើម្បី​បងប្អូន​ ដែល​មិន​ចេះ​ច្បាប់។​ យើង​ធ្វើ​​ឱ្យ​គាត់​ហ្នឹង​ចេះ​ច្បាប់ ​ហើយ​ចេះ​តវ៉ា​ ដើម្បី​សេរីភាព​ទាំង​អស់​គ្នា​ មិន​មែន​សម្រាប់​ខ្ញុំ​ទេ ដើម្បី​បងប្អូន​ដែល​ទន់​ខ្សោយ​ទាំង​គ្នា​ »

លោក ចៅ វាសនា គឺ​ជា​ចៅសង្កាត់​ប៉ោយប៉ែត​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​​ ដែល​មាន​ដើម​កំណើត​ខ្មែរ​ក្រោម​។ ​​លោក​ចៅ វាសនា ​ជា​មន្ត្រី​បក្ស​ប្រឆាំង​ទី​១ ​ដែល​ជាប់​ពន្ធនាគារ​​យូរ​ជាង​គេ​ ដោយ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ​បាន​ផ្ដន្ទាទោស​លោក​​​​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ​៥ឆ្នាំ​​គត់​ ក្រោម​បទ​ចោទ​ប្រកាន់​ញុះញង់​ឲ្យ​ប្រើ​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស​ពាក់​ព័ន្ធ​នឹង​រឿង​ចុះ​ឃ្លាំមើល​កម្មករ​អូស​រទេះ​តវ៉ា​នៅ​ក្រុង​ប៉ោយប៉ែត​។ ​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​​ទើប​តែ​​ត្រូវ​បាន​តុលាការ​​ខេត្ត​ត្បូងឃ្មុំ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ​កន្លង​ទៅ ក្រោយ​ពេល​ដែល​លោក​បាន​អនុវត្ត​​ទោស​ក្នុង​ពន្ធនាគារ​​គ្រប់​​ចំនួន ​​៥​ឆ្នាំ។ ភ្លាមៗ ​ក្រោយ​ពី​​លោក​មាន​សេរីភាព​​ គឺ​មាន​​​ប្រជាពលរដ្ឋ​​ជា​ច្រើន​នាក់​បាន​បណ្ដាក់​គ្នា​ទៅ​សួរ​សុខទុក្ខ​លោក​ដល់​ផ្ទះ​នៅ​​ក្រុង​ប៉ោយប៉ែត ហើយ​​លោក​បាន​ឆក់​ឱកាស​នេះ​​អប់រំ​ណែនាំ​ដល់​ពលរដ្ឋ​ទាំង​នោះ​ឱ្យ​ក្លាហាន ​ហ៊ាន​បញ្ចេញ​មតិ​រិះគន់​អំពើ​អសកម្ម​របស់​រដ្ឋាភិបាល​ និង​ឱ្យ​ចូល​​រួម​គាំទ្រ​​គណបក្ស​ភ្លើងទៀន​ឱ្យ​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។

ទាក់​ទង​នឹង​បញ្ហា​នេះ​ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លោក​ សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា មូលហេតុ​ដែល​អាជ្ញាធរ​ចាប់​លោក​ ចៅ វាសនា ដាក់​ពន្ធនាគារ​​ដោយសារ​​​លោក​ប្រព្រឹត្ត​ខុស​ច្បាប់ ​ដែល​លោក​អះអាង​ថា ​លោក​ ចៅ វាសនា បាន​ចូល​ដៃ​ចូល​ជើង​ជា​មួយ​​អ្នក​ប្រព្រឹត្ត​ខុស​ច្បាប់។ ​លោក​បន្ត​ថា ​អាជ្ញាធរ​អាច​នឹង​ចាប់​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​​ដាក់​ពន្ធនាគារ​ជា​ថ្មី​ទៀត​ ប្រសិន​បើ​​លោក​​​នៅ​តែ​មិន​រាងចាល​៖ «អា​ធ្វើ​ខុស​ច្បាប់​ហើយ​មិន​ខុស​ហ្នឹង​ហើយ​ដែល​ជាប់​គុក​នោះ​ ដើម្បី​ឱ្យ​គេដឹង​ថា ​​ខ្លួន​ធ្វើ​ខុស​ច្បាប់​ហើយ​ ​បាន​វា​ចូល​ពន្ធនាគារ​។ បើ​គាត់​នៅ​តែ​មិន​ដឹង​ខុស​ច្បាប់​ទៀត​ ​គាត់​នៅ​តែ​ប្រព្រឹត្ត​ទៀត​អាហ្នឹង​ចូល​គុក​ទៀត។ ​ប្រទេស​ប្រជាធិបតេយ្យ​គេ​មិន​ឱ្យ​​សិទ្ធិ​សេរីភាព​ទៅ​អ្នក​ធ្វើ​ខុស​ច្បាប់​ទេ​ បើ​ខុស​ច្បាប់​ហើយ ​គឺ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ហើយ »

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​មន្ត្រី​គណបក្ស​កាន់​អំណាច​រូប​នេះ​ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក ​(Adhoc)​ លោក នី សុខា ​មើល​ឃើញ​​ថា ​ការ​ចាប់​​​​ខ្លួន​លោក​ ចៅ វាសនា ដាក់​ពន្ធនាគារ​​​កន្លង​មក​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ពីព្រោះ​​​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​​របស់​តុលាការ​នោះ​ទេ។ ចំណែក​​​ការ​ប្រកាស​​​បន្ត​ជីវភាព​នយោបាយ​របស់​លោក ចៅ វាសនា វិញ​ លោក​​ថា ​ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ដោយ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ៖ «ធម្មតា​ទេ​នៅ​ក្នុងហ្នឹង​វា​តែង​តែ​មាន​ក្រុមអ្នក​ដែល​​រិះគន់​ គេ​ហៅ​ថា​ក្រុម​ប្រឆាំង​នេះ​ ហើយ​ក្រុមអ្នក​ប្រឆាំង​ហ្នឹង​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ហ្នឹង​មិន​មែន​មែន​ថា ​អត់​​ប្រយោជន៍​ទេ គឺ​ថា ​គេ​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​រដ្ឋាភិបាល ដើម្បី​យក​មតិផ្ទុយ​ទាំង​អស់​ហ្នឹង​ទៅ​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​អំពី​ការ​ដឹក​នាំ​របស់​ខ្លួន ពី​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន​ហ្នឹង​គឺ​ថា​ ជា​រឿង​សំខាន់​ណាស់​។ មិន​មែន​ជា​រឿង​មួយ​ដែល​ត្រូវ​គ្រាន់​តែ​មតិ​ប្រឆាំង​រដ្ឋាភិបាល​ សុទ្ធតែ​អ្នក​ហ្នឹង​ខុស ​អ្នក​ហ្នឹង​ក្បត់​​ទេ ​មិន​មាន​ន័យ​ហ្នឹង​ទេ​ »

លោក នី សុខា ​បន្ត​ថា ​​​រដ្ឋាភិបាល​ឯក​បក្ស​​កំពុង​​​ដឹក​នាំ​ប្រទេស​ដើរ​ចាក​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ​ ​ដោយ​បាន​ចាប់​​សកម្មជន​បរិស្ថាន សកម្មជន​សង្គម​ អ្នក​ចំរៀង ​សកម្មជន​នយោបាយ​ មន្ត្រី​សហជីព ​និងប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជា​ច្រើន​នាក់​ដាក់​ពន្ធនាគារ​​ដោយ​អយុត្តិធម៌​ជា​បន្តបន្ទាប់។

ទន្ទឹម​គ្នា​នេះ លោក​ ចៅ វាសនា អះអាង​ថា​ ដោយសារ​​តែ​​លោក​មើលឃើញ​អំពើ​អយុត្តិធម៌​ទាំង​នេះ​ហើយ​ ទើប​ធ្វើ​ឱ្យ​​លោក​ដេក​មិន​លក់​បក់​មិន​ល្ហើយ​​ចង់​បន្ត​ជីវភាព​នយោបាយ​ទៅ​មុខ​ទៀត​។ ​បច្ចុប្បន្ន​លោក​​​បាន​បញ្ជូន​កូន​ស្រី​របស់​លោក​ម្នាក់​​​ធ្វើ​ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​​ចៅ​សង្កាត់​ប៉ោយប៉ែត​នៅ​ពេល​ខាង​មុខ​ ​ដើម្បី​ចូល​រួម​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ​។ ចំណែក​​ឯ​រូប​​​លោក​ក៏​គ្រោង​​នឹង​ចូល​ជា​មន្ត្រី​ជាន់​ខ្ពស់​​គណបក្ស​ភ្លើង​ទៀន​ក្នុង​ពេល​ឆាប់ៗ​ ខាង​មុខ​ដែរ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។