ប្រធាន​ក្រុម​អង្គរក្ស​លោក សម រង្ស៊ី ដែល​ត្រូវ​គេ​លួច​វាយ គ្រោង​ស្វែង​រក​​អន្តរាគមន៍​ពី​អង្គការ​សង្គម​ស៊ីវិល

ប្រធាន​ក្រុម​អង្គរក្ស​លោក សម រង្ស៊ី ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​វាយ​គ្រោង​ស្វែង អន្តរាគមន៍​ពី​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​ជួយ​ឃ្លាំ​មើល​សុវត្ថិភាព ព្រោះ​លោក​មិន​សូវ​ជឿ​លើ​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​នៃ​របប​ក្រុង​ភ្នំពេញ។ អ្នក​វិភាគ​ថា ករណី​បង្ក​ហិង្សា​ជា​បន្ត​បន្ទាប់​លើ​សកម្មជន​គណបក្ស​ប្រឆាំង គឺ​ជា​រៀបចំ​របស់​របប​ក្រុង​ភ្នំពេញ ដើម្បី​គំរាម​កំហែង​ពួក​គេ មិន​ឱ្យ​ចូល​រួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ។

ប្រធាន​ក្រុម​អង្គរក្ស​លោក សម រង្ស៊ី លោក ពូក ចន្តា និយាយ​ថា ទោះ​ជា​លោក​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ហើយ​ក្តី ក៏​លោក​យល់​ថា ករណី​របស់​លោក នឹង​មិន​ខុស​ពី​ករណី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត​ដែរ គឺ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ចាប់​បាន​ជន​ដៃ​ដល់​យក​មក​ផ្ដន្ទាទោស​ឡើយ។ លោក​បន្ត​ថា ដើម្បី​ឱ្យ​កក់​ក្ដៅ​ក្នុង​ចិត្ត លោក​នឹង​ទៅ​ស្វែង​រក​អន្តរាគមន៍​ពី​អង្គការ​សិទ្ធិ​មនុស្ស ដើម្បី​ឲ្យ​ជួយ​ឃ្លាំ​មើល​សុវត្ថិភាព​របស់​លោក៖ «ខ្ញុំ​ដូច​គ្មាន​ជំនឿ​ជាមួយ​អាជ្ញាធរ​ទេ ខ្ញុំ​និយាយ​ត្រង់ ខ្ញុំ​ធ្លាប់​គេ​បោក​គ្រាប់​បែក​ដាក់​លើ​ខ្ញុំ​អី​ដែរ​ មិន​ដែល​ឃើញ​គេ​រក​ឃើញ​ផង ទម្រាំ​អ៊ីចេះ ទៅ​រក​ឯ​ណា​ឃើញ»

លោក ពូក ចន្តា ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​យក​ដំបង ដែក​លួច​វាយ​ពី​ក្រោយ​ចំក្បាល​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ កាល​ពី​ថ្ងៃ​ទី២២ ខែ​កញ្ញា​។ ហេតុការណ៍​​នេះ​បាន​កើតឡើង នៅ​ពេល​លោក​ដើរ​ពី​ផ្សារ​សំដៅ​ទៅ​ផ្ទះ ក្នុង​ភូមិសាស្ត្រ សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ចម្ងាយ​ប្រមាណ ១០០ម៉ែត្រ ពី​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត និយាយ​ថា អង្គការ​ លីកាដូ​ ស្វាគមន៍​ការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ពលរដ្ឋ ដែល​មាន​បញ្ហា និង​ការ​រំលោភ​បំពាន​នានា។ លោក​ថា នៅ​ពេល​មាន​ជន​រង​គ្រោះ​មក​ពឹង​ពាក់ និង​ទទួល​បាន​បណ្ដឹង​ពី​ជន​រង​គ្រោះ អង្គការ​លីកាដូ​នឹង​តាម​ឃ្លាំមើល​សុវត្ថិភាព​របស់​ពួក​គេ និង​ចំណាត់​ការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច៖ «យើង​នឹង​ឃ្លាំមើល​អំពី​ចំណាត់​ការ​របស់​អាជ្ញាធរ​ថា តើ​មាន​ការ​វិវឌ្ឍ​ទៅ​ជា​យ៉ាង​ម៉េច​ដែរ​បាទ »

នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ ករណី​ជន​មិន​ស្គាល់​មុខ​លួច​វាយ​ធ្វើ​បាប សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រាជធានី​ភ្នំពេញ កើត​ឡើង​ជាង ១០ករណី​ហើយ។ ក្នុង​នោះ មាន​បី​ករណី ជន​ប្រព្រឹត្ត​សុទ្ធតែ​វាយ​សំដៅ​ចំ​ក្បាល​សកម្មជន​គណបក្ស​សង្គ្រោះ​​ជាតិ។ រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​របប​ក្រុង​​ភ្នំពេញ​មិន​ទាន់​វែក​មុខ​ចាប់​បាន​ជន​ប្រព្រឹត្ត​ណា​ម្នាក់​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ​ទេ។​

លោក អំ សំអាត យល់ថា បើ​សមត្ថកិច្ច​នៅ​តែ​មិន​អាច​ស្វែង​រក​ជន​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស​បាន​នោះ​ទេ សាធារណជន នឹង​រិះគន់​ថា ករណី​ហិង្សា​នេះ គឺ​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​ជា​ការ​គំរាម​កំហែង​លើ​សកម្មជន​គណបក្សប្រឆាំង។

អ្នក​វិភាគ​បញ្ហា​នយោបាយ​លោក គឹម សុខ ដែល​ហ៊ាន​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃ​មាត់ និង បច្ចុប្បន្ន​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​ហ្វាំងឡង់ យល់​ថា ការ​បង្ក​ហិង្សា​ដោយ​ជន​មិន​ស្គាល់​មុខ​មក​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្ត​បន្ទាប់​បែប​នេះ គឺ​ជា​ការ​រៀបចំ​របស់​របប​ក្រុង​ភ្នំពេញ។ លោក​បន្ត​ថា ប្រសិន​បើ​លោក សម រង្ស៊ី ចូល​ស្រុក​ដូច​ការ​សន្យា​មែន​នោះ សកម្មជន​ទាំង​នោះ គឺ​ជា​កម្លាំង​យ៉ាង​រឹងមាំ​ក្នុង​ការ​កៀរគរ​អ្នក​គាំទ្រ​ឲ្យ​ទទួល លោក សម រង្ស៊ី និង​ការពារ​លោក សម រង្ស៊ី ដូច្នេះ​របប​ក្រុង​ភ្នំពេញ​មិន​ឲ្យ​អ្នក​ទាំង​បាន​សុខ​នោះ​ទេ៖ «ម៉្លេះ​ហើយ​ផែនការ​របស់​លោក ហ៊ុន សែន គឺ​គេ​ខ្ទប់​ជា​មុន​មាន​ន័យ​ថា គ្រាន់​តែ​មាន​សកម្មភាព​ពី​សកម្មជន​គណបក្ស​ប្រឆាំង​យើង​ឃើញ​មាន​រឿង​ប្លែកៗ មួយ​ចំនួន គឺ​គេ​ខ្ទប់​ជា​មុន​រួច​ស្រេច​ហើយ ដើម្បី​កុំ​ឲ្យ​សកម្មភាព​នៃ​ការ​ងើប​ឡើង​នោះ​ចេញ​ជា​រូប​ភាព​ជាក់​ស្ដែង»

ជុំវិញ​ការ​លើក​ឡើង​របស់​លោក គឹម សុខ បែបនេះ អាស៊ី​សេរី​បាន​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល នៃ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន និង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប៉ុន្តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

ដោយឡែក អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក​ ឆាយ គឹមខឿន អះអាង​ថា សមត្ថកិច្ច​​អនុវត្ត​ច្បាប់​គ្មាន​ការ​ប្រកាន់​និន្នាការ​នយោបាយ និង​អតីតភាព​របស់​ជន​ណា​ម្នាក់​ឡើយ។ លោក​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​ណា​ដែល​ថា សមត្ថកិច្ច​មិន​ដែល​រក​ឃើញ​ជន​ដៃ​ដល់​បង្ក​ហិង្សា​លើ​សកម្មជន​គណបក្ស​​ប្រឆាំង​នា​ពេល​កន្លង​មក។ លោក​បន្ត​ថា ករណី​រក​​មិន​ឃើញ​ជន​ដៃ​ដល់​មាន​តិចតួច​ប៉ុណ្ណោះ៖ «ខ្ញុំ​អត់​ខ្វល់​រឿង​សង្គម​ស៊ីវិល អត់​ខ្វល់​រឿង​អ្នក​ណា​ទេ ខ្ញុំ​ខ្វល់​ថា ខ្ញុំ​នឹង​ខិតខំ​ស្វែងរក​ល្មើស​ដែល​បង្ក​បញ្ហា»

ប្រធាន​ក្រុម​អង្គរក្ស​លោក សម រង្ស៊ី លោក ពូក ចន្តា បញ្ជាក់​ថា លោក​មិន​ដែល​មាន​ជម្លោះ​ជាមួយ​អ្នក​ណា​ទេ ហើយ​សព្វ​ថ្ងៃ​ លោក​ក៏​មិន​បាន​ធ្វើ​សកម្ម​អ្វី​ទាក់ទង​​រឿង​នយោបាយ​ដែរ។ លោក​ថា សព្វថ្ងៃ​នេះ លោក​គ្រាន់​តែ​អ្នក​ជួយ​មើល​ថែ​ផ្ទះ​ឲ្យ​លោក សម រង្ស៊ី ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ កាល​ពី​លោក សម រង្ស៊ី ស្ថិត​នៅ​ប្រទេស​កម្ពុជា លោក​ជា​អង្គរក្ស​ជំនិត​របស់​លោក សម រង្ស៊ី ដែល​តែង​តែ​នៅ​ក្បែរ​ខ្លួន​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​រូប​នេះ​ជា​និច្ច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។