ពលករ​ខ្មែរ​​និង​សកម្មជន​បក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ​​អបអរ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លើក​ទី៣០

ដោយ ម៉ៅ សុធានី
2021-10-22
Share
ពលករ​ខ្មែរ​​និង​សកម្មជន​បក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ​​អបអរ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លើក​ទី៣០ ​សកម្មជន​បក្ស​ប្រឆាំង និង​ពលករ ​នៅ​ប្រទេស​ថៃ ​ជួបជុំ​គ្នា​​សម្ដែង​មតិ ​និង​ហូប​នំបញ្ចុក​សាមគ្គី​​​ អបអរ​​ទិវាខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​លើក​ទី​៣០ ​នៅ​ថ្ងៃ​ទី២២ ខែ​តុលា​ ឆ្នាំ២០២១​។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ពលករ​ខ្មែរ​​និង​សកម្មជន​បក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ​បាន​ស្កាត់​មក​ជួបជុំ​គ្នា​​សម្ដែង​មតិ​និង​ហូប​នំបញ្ចុក​សាមគ្គី​​​អបអរ​​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លើក​ទី​៣០​នៅ​ថ្ងៃ​ទី២២ ខែ​តុលា​នេះ។​ អ្នក​វិភាគ​ថា ពលរដ្ឋ​ជា​ធាតុ​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ​បាន​ពេញ​លេញ​ត្រឹមត្រូវ។

សំឡេង​នៃ​ការ​អបអរ៖ «ការ​ប្រារព្ធ​ពិធី​​​​​​​​អបអរ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​​​រៀបចំ​នៅ​កន្លែង​ស្នាក់​នៅ​របស់​ក្រុម​ពលករ​ខ្មែរ​​ដែល​កំពុង​ធ្វើ​ការងារ​នៅ​ទីក្រុង​បាង​កក។​ ពិធី​នេះ​ផ្ដើម​មាន​ការ​ប្រោះព្រំ​ពី​ព្រះសង្ឃ​ខ្មែរ​ដែល​គង់​នៅ​ប្រទេស​ថៃ​ ការ​ថ្លែង​សារ​​ពលករ​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ អ្នកវិភាគ​ និង​កម្មវិធី​ចុង​ក្រោយ​គឺ​ហូប​នំបញ្ចុក​​សាមគ្គី»

ពលករ​​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ​លោក ប៊ុន ស៊ូ និយាយ​ថា ការ​ជួបជុំ​ដោយ​មាន​ការ​ហូប​នំ​បញ្ចុក​ផង​នោះ គឺ​ជា​ការ​បង្ហាញ​សាមគ្គី​ភាព​នៃ​ក្រុម​ពលករ៖ «សម្ល​ខ្មែរ​ស្នេហាជាតិ​ឆ្ងាញ់ ២៣តុលា ឆ្នាំ១៩៩១»អ្នក​ផ្ដួច​ផ្ដើម​ពិធី​នេះ គឺ​មេការ​សំណង់​ធ្វើ​​ការ​នៅ​ប្រទេស​ថៃ លោក ម៉ិច សំណាង និយាយ​ថា ការ​ហូប​នំ​បញ្ចុក​ពេល​នេះ គឺ​ដើម្បី​​​បង្ហាញ​ពី​ការ​នឹក​រម្លឹក​​​​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​​ និង​ដើម្បី​ពលរដ្ឋ​ខ្មែរ​ចងចាំ​ថ្ងៃ​ប្រវត្តិសាស្ត្រ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។​ មេការ​សំណង់​រូប​នេះ​រំពឹង​ថា ​​​អ្នក​នយោបាយ​គ្រប់​ភាគី ជា​ពិសេស បក្ស​កាន់​អំណាច​នឹង​ប្រឹងប្រែង​អនុវត្ត​កិច្ច​ព្រមព្រៀង​ឲ្យ​បាន​ពេញ​លេញ៖ «ហូប​នំបញ្ចុក​ដើម្បី​រំលឹក​អនុស្សាវរីយ៍​​ខ្មែរ​យើង​មាន​ពាក្យ​មួយ​នំបញ្ចុក​សាមគ្គីៗ សប្បាយ​ព្រោះ​យើង​ធ្វើ​នេះ​មិនមែន​ជា​សារ​នយោបាយ​អី​ពាក់ព័ន្ធ​គណបក្ស​នយោបាយ​ណា​មួយ​​ប៉ុន្តែ​យើង​ធ្វើ​​​ជា​ការ​រម្លឹក​ទី១។ ទី២ គឺ​មនោសញ្ចេតនា​រវាង​ពលរដ្ឋ​កម្ពុជា»

ពលករ​​ធ្វើ​ការងារ​ផ្នែក​សំណង់​​លោក ម៉ុច ម៉ុល​លើក​ឡើង​ថា ប្រសិន​រដ្ឋាភិបាល​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​បាន​ត្រឹមត្រូវ​នឹង​​​មាន​គោរព​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ដែល​ជំរុញ​​ឲ្យ​ប្រទេស​កម្ពុជា​មាន​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​ ហើយ​លោក​និង​ពលករ​រាប់​សែន​នាក់​ទៀត ក៏​មិន​ចាំ​បាច់​ចំណាក​ស្រុក​នោះ​ទេ៖ «ជំរុញ​ទៅ​រដ្ឋាភិបាល​គោរព​កិច្ច​ព្រមព្រៀង​​សន្តិភាព​ទីក្រុង​ប៉ារីស ហើយ​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ជួយ​កសាង​ប្រទេស​ជាតិ​មិន​ចាំ​បាច់​ចំណាក​ស្រុក​នៅ​ប្រទេស​គេ»

ទោះ​យ៉ាង​ណា​ក្ដី អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា ការ​ខ្វល់ខ្វាយ​របស់​ក្រុម​ពលករ និង​សកម្មជន​បក្ស​ប្រឆាំង គឺ​ជា​ការ​យល់​ខុស។ លោក​ថែម​ទាំង​និយាយ​ចំអក​ទៅ​ក្រុម​ពលករ​និង​សកម្មជន​បក្ស​ដែល​នៅ​ក្រៅ​ស្រុក​ទៅ​វិញ​ទេ​មិន​បាន​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ព្រោះ​អ្នក​ទាំង​នោះ​មិនបាន​ចូល​​​ក្នុង​ស្រុក​​​​ចូលរួម​អភិវឌ្ឍន៍​ជាតិ៖ «កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​មាន​តែ​​នាំ​ជនភៀសខ្លួន​ពី​បរទេស​ចូល​កម្ពុជា ដូច្នេះ​គាត់​ជា​អ្នក​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស​គឺ​គាត់​​មិន​អនុវត្ត​កិច្ច​ព្រមព្រៀង​ហ្នឹង​ឯង​ហើយ​បើ​ចង់​អនុវត្ត​កិច្ច​ព្រមព្រៀង នាំ​គ្នា​ចូល​មក​ក្នុង​ប្រទេស ដើម្បី​រួម​គ្នា​អនុវត្ត​កិច្ច​ព្រមព្រៀង​ហ្នឹង​ទៅ ជា​ការ​ល្អ​ហើយ តែ​បើ​នៅ​ស៊ី​នំបញ្ចុក​ ហើយ​កុំ​ស៊ី​នំបញ្ចុក ស៊ី​គុយទាវ ស៊ី​បាញ់ហយ​អី ជា​សិទ្ធិ​របស់​គាត់​ទេ បើ​មាន​លុយ​ស៊ី​ទៅ»

ការ​ប្រារព្ធ​ខួប​លើក​ទី៣០ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​នេះ​ខ្មែរ​នៅ​ក្រៅ​ស្រុក និង​សកម្មជន​បក្ស​ប្រឆាំង​​នាំ​គ្នា​ធ្វើ​ពិធី​ជា​បន្តបន្ទាប់ ចាប់​តាំង​ពី​ពី​ថ្ងៃ​ទី២០ ខែ​តុលា​មក​ម៉្លេះ ដោយ​មាន​ការ​ធ្វើ​បាតុកម្ម ដាក់​ញត្តិ ជួបជុំ​សម្ដែង​មតិ​ និង​ជជែក​ពិភាក្សា​តាម​អនឡាញ (Online) ជា​ដើម។

ដើម​កំណើត​កិច្ច​ព្រមព្រៀង​នេះ កាល​ពី​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ១៩៩១ ដែល​មាន​តំណាង​មក​ពី ១៩ប្រទេស​ចូលរួម ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ទោះ​ពេល​នេះ ​ប្រទេស​កម្ពុជា​គ្មាន​សង្គ្រាម​ដូច​កាល​ពី​៣០​ឆ្នាំ​មុន​ក្ដី​ ប៉ុន្តែ​ វិបត្តិ​នយោបាយ​ ការ​រំលោភ​សិទ្ធិ​មនុស្ស កំពុង​កើត​ឡើង​យ៉ាង​ធ្ងន់ធ្ងរ នៅ​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

អ្នកវិភាគ​នយោបាយ​បណ្ឌិត​ សេង​ សារី​ ដែល​ចូលរួម​អបអរ​ជាមួយ​ក្រុម​ពលករ​ដែរ​នោះ មាន​ប្រសាសន៍​ថា ស្ថានការណ៍​នយោបាយ​អន្តរជាតិ​សព្វ​ថ្ងៃ ពិបាក​ធ្វើ​ឲ្យ​ក្រុម​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សើរើ​កិច្ច​ព្រមព្រៀង​នេះ​ឡើង​វិញ​ណាស់​។​ លោក​បន្ត​ថា ពលរដ្ឋ​ជា​ធាតុ​សំខាន់​មួយ​ក្នុង​ចំណោម​ធាតុ​សំខាន់​ទាំង​បួន​ផ្សេង​ទៀត ដែល​ជំរុញ​ឲ្យ​មានការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ បាន​ពេញលេញ​ឡើង​វិញ៖ «មួយ​ពលរដ្ឋ​ ប៉ុន្តែ​យើង​ត្រូវ​និយាយ​គ្នា តើ​ពលរដ្ឋ​ហ្នឹង​ជា​ពលរដ្ឋ​បែប​ណា​ជា​ពលរដ្ឋ​អសកម្ម​ពលរដ្ឋ​ដែល​មិន​ចាប់​អារម្មណ៍​អី​ទាំង​អស់​​ភាគី​ទី​២​​​ដែល​កិច្ច​​ព្រមព្រៀង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែល​បន្ត​ពី​ឆ្នាំ​​នេះ​ទៅ​បាន​​អង្គការ​សង្គម​ស៊ីវិល​ដដែល​ ភាគី​ទី៣​រដ្ឋាភិបាល»

30th_Anniversary_by_CNRP_and_Workers_in_Thailand_102221_Twicer_3.jpg
អ្នក​វិភាគ​នយោបាយ បណ្ឌិត សេង សារី (កណ្ដាល) ក្នុង​ពិធី​​អបអរ​​ទិវាខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​លើក​ទី​៣០ ​ជាមួយ​សកម្មជន​បក្ស​ប្រឆាំង និង​ពលករ ​នៅ​ប្រទេស​ថៃ ​នៅ​ថ្ងៃ​ទី២២ ខែ​តុលា​ ឆ្នាំ២០២១​។ រូប៖ ពលករ​ផ្ដល់

រី​ឯ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ លោក ដួង ចន្ត្រា លើក​ឡើង​ដែរ​ថា ពេល​នេះ​មាន​តែ​ភាគី​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ទេ ទើប​អាច​ជំរុញ​ឲ្យ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ​ត្រឹមត្រូវ។

ចំណែក​គណបក្ស​​នយោបាយ​ពីរ​ទៀត គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ និង​គណបក្ស​កែទម្រង់​កម្ពុជា ​ក៏បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ទាក់ទង​កិច្ច​ព្រមព្រៀង​នេះ​ដែរ។​

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លើកឡើង​ថា ស្មារតី​ គំនិត​ និង​គោលការណ៍​នៃ​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅតែ​មាន​តម្លៃ​ និង​សារសំខាន់​សម្រាប់​កម្ពុជា​និង​ការ​បង្រួបបង្រួម​ជាតិ ដើម្បី​កសាង​ជាតិ​តាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

ស្រដៀង​គ្នា​នេះ​ដែរ​គណបក្ស​គណបក្ស​កែទម្រង់​កម្ពុជា ស្នើ​ទៅ​រដ្ឋាភិបាល​ដាក់​ថ្ងៃ​ទី២៣ តុលា ជា​ថ្ងៃ​បុណ្យ​ជាតិ​ឡើងវិញ។ គណបក្ស​នេះ​ស្នើ​ទៅ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នេះ​ បន្ត​គោរព​ស្មារតី និង​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ ដើម្បី​សន្តិភាព លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព ការ​គោរព​សិទ្ធិមនុស្ស ឯករាជភាព និង​ភាព​រីកចម្រើន​របស់​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល