មេធាវីការពារក្តីឱ្យសកម្មជនបក្សប្រឆាំង ឱ្យដឹងថា មកទល់ពេលនេះមានសកម្មជនជាង ៧០នាក់ហើយ ដែលជាប់ចោទពីបទ''ញុះញង់ និងរួមគំនិតក្បត់'' ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ សកម្មជនបក្សប្រឆាំង និងមន្ត្រីសិទ្ធិមនុស្ស ទាមទារឱ្យតុលាការរបបក្រុងភ្នំពេញ ទម្លាក់ចោលការចោទប្រកាន់ទាំងស្រុង ដើម្បីបង្ហាញពីការបង្រួបបង្រួមជាតិ និងស្ដារលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
មេធាវីដែលកាន់សំណុំរឿងមន្ត្រី និងសកម្មជនបក្សប្រឆាំងលោក សំ សុខគង់ ឱ្យអាស៊ីសេរីដឹងថា គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា តុលាការ បានដោះលែងអ្នកជាប់ឃុំពាក់ព័ន្ធនឹងរឿងនយោបាយឱ្យបាននៅក្រៅឃុំបណ្ដោះអាសន្នចំនួន ៧៥នាក់ហើយតាមបទបញ្ជារបស់លោក ហ៊ុន សែន។ ទោះយ៉ាង ណាក្តីនៅមានសកម្មជនបក្សប្រឆាំងមួយចំនួនទៀត ដែលជាប់ចោទពីបទល្មើសផ្សេងៗ តែជារឿងនយោបាយដែរនោះ មិនទាន់ត្រូវបានដោះលែងនៅឡើយទេ។ លោក សំ សុគង់ ឱ្យដឹងថា ក្រុម មេធាវីការពារក្តី នឹងបន្តកិច្ចការរបស់ខ្លួនទៀត ដើម្បីឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ទាំង ស្រុង និងដោះលែងអ្នកនយោបាយដទៃទៀត ដែលខ្លះជាប់ឃុំតាំងពីយូរមកហើយ ដូចជា លោក ចៅ វាសនា និងលោក គង់ ម៉ាស់ ព្រមទាំងយុវជន គង់ រ៉ៃយ៉ា ជាដើម៖ «មកដល់ថ្ងៃនេះប្រហែលដោះលែងទាំងស្រុងហើយ ព្រោះខ្ញុំ បូកពីម្សិលមិញមានចំនួន ៧៥នាក់ហើយ»។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា ប្រាប់អាស៊ីសេរីថា សកម្មជនបក្សប្រឆាំងត្រូវបានដោះលែងជាបន្តបន្ទាប់ ប៉ុន្តែលោកមិនទាន់បូកតួលេខជាក់លាក់នោះទេ។ លោកបន្តថា ការដោះលែងខ្លះយឺត ដោយសារការបំពេញបែបបទ និងការបញ្ជូនឯកសារដោះលែងពីខាងតុលាការ៖ «ពេលណាគេរៀបចំបញ្ជូនឯកសារដីកាដោះលែងមកដល់ខាងពន្ធនាគារ គឺយើងចាត់ចែងតាមនឹងភ្លាម»។
តុលាការរបបក្រុងភ្នំពេញ បានដោះលែងសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់ តាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ប៉ុន្តែភាគច្រើនដោះលែងនៅពេលយប់ ក្រោយពីលោក ហ៊ុន សែន បានបញ្ជាឱ្យដោះលែង និងបញ្ឈប់ការចាប់ចង ឬធ្វើទុក្ខបុកម្នេញ ដល់អ្នកទោសនយោបាយ ដែលត្រូវរងការបង្ក្រាបក្នុងកំឡុងពេលយុទ្ធនាការ ធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កន្លងមក។
សកម្មជនបក្សប្រឆាំងមិនពេញចិត្តនឹងរបបក្រុងភ្នំពេញដែលដោះលែងបណ្ដោះអាសន្ននេះទេ ពីព្រោះថា ពួកគេគ្មានកំហុស ហើយទាមទារឱ្យតុលាការទម្លាក់ចោទបទចោទទាំងអស់។
សកម្មជនបក្សប្រឆាំងម្នាក់ គឺកញ្ញា យូ ចាន់ធានី ដែលពន្ធនាគារបើកទ្វាដោះលែងនៅម៉ោង៧យប់ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា រៀបរាប់ថា អាជ្ញាធរ និងតុលាការបានចាប់ឃុំខ្លួន និងចោទប្រកាន់កញ្ញា ព្រមទាំងសកម្មជនបក្សប្រឆាំងដទៃទៀតនោះ អយុត្តិធម៌បំផុត។ ដូច្នេះ ការដោះលែងបណ្ដោះអាសន្ន មិនទាន់អាចផ្ដល់យុត្តិធម៌ និងសេរីភាពពេញលេញដល់កញ្ញា និងអ្នកដទៃទៀត ឡើយ ។ កញ្ញា យូ ចាន់ធានី ទាមទារឱ្យអាជ្ញាធរទម្លាក់ចោលការចោទប្រកាន់លើកញ្ញា និងអ្នកទោសនយោបាយដទៃទៀត ព្រោះកញ្ញា និងអ្នកឯទៀត គ្មានសមត្ថភាពទៅញុះញង់ ឬបង្កើតកម្លាំងក្បត់ជាតិទេ។ អ្នកអានព័ត៌មានលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី រូបនេះ បន្តថា រឿងដែលកាន់តែហួសចិត្តទៀតនោះ គឺការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ននេះ តុលាការបានដាក់លក្ខខណ្ឌមិនឱ្យកញ្ញាធ្វើសកម្មភាពនយោបាយ មិនឱ្យចេញក្រៅប្រទេស មិនឱ្យផ្លាស់ប្ដូរទីលំនៅ ត្រូវបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាល ១ខែម្តង និងត្រូវបង្ហាញខ្លួនតាមដីកាកោះរបស់តុលាការជាដើម៖ «ជាការគាប់សង្កត់ និងជាសម្ពាធមួយសម្រាប់យុវជនទាំងអស់ ព្រោះការបញ្ចេញមតិទោះក្នុងន័យគាំទ្រ ឬមិនគាំទ្រគឺក្នុងនាមជាពលរដ្ឋម្នាក់គាត់មានសិទ្ធិបញ្ចេញរបស់គាត់ ប៉ុន្តែនៅពេលហាមប្រាមបែបនេះ គឺមិនចង់ឱ្យពលរដ្ឋដឹងឮរឿងសង្គមទាំងមូលតែម្ដង។ បើការដោះលែងដើម្បីបង្រួបបង្រួមជាតិ គឺគាត់លើកលែងបទចោទនេះហើយ មិនមែនដាក់ស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការអ៊ីចឹងទេ។ នៅពេលដាក់អ៊ីចឹង គឺថាគ្រប់សកម្មភាពរបស់យើងគឺមិនអាចចូលរួម អីបានទាំងអស់»។
កញ្ញា យូ ចាន់ធានី រិះគន់ ចំពោះស្ថានភាពរស់នៅក្នុងពន្ធនាគារថា មានភាពចង្អៀនណែនពិបាក ដេក និងរស់នៅ ធ្វើឱ្យប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរ។
សកម្មជនបក្សប្រឆាំងនៅស្រុកគៀនស្វាយ ខេត្តកណ្តាលម្នាក់ទៀត ដែលនៅក្រៅឃុំបណ្ដោះអាសន្នដែរ លោក លី ម៉េងឃាង ប្រាប់អាស៊ីសេរីថា លោកមិនពេញចិត្តចំពោះការបន្តរក្សាបទចោទ និងដាក់លោកឱ្យឋិតក្រោមការត្រួតពិនិត្យរបស់តុលាការទេ ព្រោះលោកមិនប្រព្រឹត្តទង្វើខុសច្បាប់ ឬខុសឆ្គងចំពោះជាតិនិងរដ្ឋាភិបាលនោះទេ។ លោកបន្តថា តុលាការបានដាក់លក្ខខណ្ឌឱ្យលោក ត្រូវបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលរៀងរាល់ថ្ងៃច័ន្ទ គឺមួយសប្ដាហ៍ម្តង មិនឱ្យចេញក្រៅប្រទេស និងមិនឱ្យផ្លាស់ប្ដូរលំនៅឡើយ៖ «ការដោះលែងនេះខ្ញុំមិនពេញចិត្តទេដោយសារមិនបានផ្ដល់សេរី ភាពឱ្យខ្ញុំទាំងស្រុង ។ខ្ញុំចង់បានសេរីភាពទាំងស្រុងរបស់ខ្ញុំមកវិញក្នុងនាមជាពលរដ្ឋ ព្រោះអីការ ចោទប្រកាន់មកលើខ្ញុំនោះមិនពិតទេ។ ខ្ញុំជាពលរដ្ឋម្នាក់ គ្រាន់តែធ្វើអី្វដែលសិទ្ធិរបស់ខ្ញុំត្រូវមានតាមរដ្ឋធម្មនុញ្ញដែលបានចែង»។
ចំណែកស្ថានភាពរស់នៅក្នុងពន្ធនាគារវិញ លោករៀបរាប់ មិនសូវខុសគ្នាទេ គឺត្រូវរស់នៅក្នុងសភាពណែនចង្អៀត ត្រូវដេកក្បែរបង្គន់ និងមានភាពស្អុះស្អាប់ខ្លាំង។ លើសពីនេះទៀត ឆ្មាំពន្ធនាគារ បានបិទសិទ្ធិលោក និងអ្នកទោសផ្សេងទៀត មិនឱ្យនិយាយរកគ្នាឡើយ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា អ្នកជាប់ឃុំពាក់ព័ន្ធនឹងបទចោទ រួមគំនិតក្បត់ជាមួយលោក សម រង្ស៊ី ដែលមានផែនការផ្តួលរំលំរដ្ឋាភិបាលនោះ គឺត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នអស់ហើយ គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ដែលមានចំនួនជាង ៧០នាក់។ ចំណែកសកម្មជនបក្សប្រឆាំង ដែលជាប់ឃុំក្នុងបទល្មើសផ្សេងទៀតនោះ គឺការដោះលែង ឬមិនដោះលែង គឺអាស្រ័យលើចៅក្រមស៊ើបសួរ ដោយផ្អែកលើនីតិវិធី និងលទ្ធផលនៃ ការស៊ើបអង្កេតជាក់ស្ដែង។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ ព្រមានថា ថ្វីដ្បិតតែមានការដោះលែងបណ្ដោះអាសន្នក្តី ក៏ សកម្មជនបក្សប្រឆាំងទាំងនេះ នឹងត្រូវចាប់ឃុំខ្លួនវិញភ្លាម បើហ៊ានល្មើសច្បាប់។ លោកមិនបញ្ជាក់ថា ល្មើសច្បាប់បែបណានោះទេ ខណៈដែលកន្លងមក នៅពេលសកម្មជនបក្សប្រឆាំង ជួបជុំបរិភោគនំបញ្ចុក និងថ្លែងសារគាំទ្រលោក សម រង្ស៊ី និងលោក កឹម សុខា ក៏ត្រូវបានចាប់ខ្លួន និងកោះហៅទៅសួរនាំដែរ៖ «ដោយសារមានការស្នើសុំ និងការដឹងអំពីកំហុសរបស់ខ្លួននេះ ចៅក្រមស៊ើបសួរសម្រេចឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ឋិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ អ៊ីចឹងទេ ប្រសិនបើអ្នកទាំងនោះធ្វើសកម្មភាពបំពានច្បាប់នោះ ចៅក្រមស៊ើបសួរអាចសម្រេចលុបចោលនូវលក្ខខណ្ឌឱ្យនៅក្រៅឃុំនេះហើយ អាចយកមកឃុំវិញដើម្បីដំណើរការនីតិវិធីបន្តទៅទៀត ផ្អែកតាមបញ្ញត្តិច្បាប់ជាធរមាន»។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា ការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ននេះ គ្រាន់តែធ្វើឱ្យសកម្មជនទាំងនោះសប្បាយ ចិត្តឡើងវិញខ្លះ ដោយបានរួមរស់ជាមួយគ្រួសារ។ ប៉ុន្តែ ពួកគាត់ មិនទទួលបានសេរីភាពពេញ លេញទេ គឺប្រៀបដូចជាកាំបិតនៅចាំភ្ជង់ករបស់ពួកគាត់រហូត ដោយសារតុលាការនៅតែរក្សាបទចោទ និងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល។ លោកពិនិត្យឃើញថា សកម្មភាពរបស់សកម្មជនបក្សប្រឆាំងទាំងនេះ មិនប្រព្រឹត្តអ្វីខុសដូចការចោទប្រកាន់ទេ គឺពួកគាត់គ្រាន់តែអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ខ្លួន ដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ។ មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា ការសម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ននេះគ្រាន់តែការបន្ធូរបន្ថយស្ថានភាពតានតឹងផ្នែកនយោបាយនៅកម្ពុជាខ្លះប៉ុណ្ណោះ ប៉ុន្តែមិនទាន់គ្រប់គ្រាន់ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនោះទេ៖ «ទោះបីជាមានការបន្ធូរបន្ថយទៅលើអតីតមេដឹកនាំបក្សប្រឆាំង ឯកឧត្តម កឹម សុខា និងដោះលែងសកម្មជននយោបាយទៀតក៏ដោយ គឺគ្រាន់តែបន្ធូរបន្ថយស្ថានភាពនយោបាយមួយចំណែកប៉ុណ្ណោះ។ អ្វីដែលសហគមន៍អឺរ៉ុប ទាមទារឱ្យស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនោះគឺរដ្ឋាភិបាល ត្រូវតែបង្កើនការវិវឌ្ឍន៍ជាវិជ្ជមានបន្តទៀត ជាពិសេសការដោះស្រាយបញ្ហានយោបាយដោយសន្តិវិធីឱ្យវិលត្រឡប់ទៅរកនៅសិទ្ធិសេរីភាព នៃការធ្វើនយោបាយ បើកលំហសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ សង្គមស៊ីវិល និងសម្រាប់សហជីពឡើងវិញ ទើបគេហៅថាស្ដារឡើងវិញនៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ ជាពិសេសការបោះឆ្នោតអាណត្តិក្រោយនេះ គឺធ្វើយ៉ាងណាឱ្យមានតម្លាភាព និងយុត្តិធម៌គ្រប់គណបក្សនយោបាយទាំងអស់ អាចប្រកួតប្រជែងដោយតម្លាភាព»។
វិធានការរបបក្រុងភ្នំពេញក្នុងការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវតុលាការលើលោក កឹម សុខា និងដោះលែងសកម្មជនបក្សប្រឆាំង ឱ្យក្រៅឃុំបណ្ដោះអាសន្ននេះ គឺធ្វើឡើងស្របពេល ដែលសហភាពអឺរ៉ុបដាក់របាយការណ៍វាយតម្លៃបឋមអំពីករណីរំលោភសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងសិទ្ធិការងារនៅកម្ពុជាជូនរដ្ឋាភិបាលកម្ពុជា មុននឹងឈានទៅសម្រេចចិត្តជាផ្លូវការថា តើត្រូវដកហូត ឬមិនដកហូតប្រព័ន្ធអនុគ្រោះពន្ធ ហៅថា EBA របស់សហភាពអឺរ៉ុប។ សហភាពអឺរ៉ុបទុកពេលឱ្យរបបលោក ហ៊ុន សែន មួយខែ ដើម្បីឆ្លើយតបរបាយការណ៍នេះ ហើយសហភាពអឺរ៉ុប នឹងធ្វើសេចក្ដីសម្រេចចិត្តស្ថាពររបស់ខ្លួននៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ។
គណបក្សសង្គ្រោះជាតិអះអាងថា មន្ត្រី និងសកម្មជនមូលដ្ឋានរបស់ខ្លួន ចំនួន ៨៨នាក់ ត្រូវបានរបបក្រុងភ្នំពេញចាប់ខ្លួន ក្នុងឆ្នាំ២០១៩។ ចំណែកអ្នកមានដីកាឱ្យតាមចាប់ខ្លួនពីតុលាការ និងដីកាកោះហៅបំភ្លឺពីនគរបាល មានជាង ២០០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។