ក្រុមពលករ និងសកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងស្ថិតនៅក្នុងប្រទេសថៃ នៅតែរក្សាជំហររឹងមាំ និងទន្ទឹងរង់ចាំអមដំណើរប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ វិលចូលកម្ពុជាវិញ ក្នុងឆ្នាំ២០២០។ ចំណែកមន្ត្រីនាំពាក្យគណបក្សកាន់អំណាច ចាត់ទុកការប្រកាសរៀបចំគម្រោង មាតុភូមិនិវត្តន៍ជាថ្មីរបស់លោក សម រង្ស៊ី ថា គ្រាន់តែជាល្បិចកលថ្មី ហើយគ្មានអ្វីគួរឱ្យខ្លាចនោះទេ។
ដំណឹងពីការរៀបចំគម្រោងមាតុភូមិនិវត្តន៍ម្តងទៀត របស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានធ្វើឱ្យសកម្មជន និងប្រជាពលករខ្មែរនៅក្រៅប្រទេសមួយចំនួន បង្ហាញក្ដីសង្ឃឹមរបស់ពួកខ្លួនឡើងវិញ។ ពួកគាត់ប្រកាសថា មិនខ្លាចរអា ឬរាថយឡើយ ហើយនៅតែរក្សាជំហរប្ដូរផ្ដាច់ក្នុងការរង់ចាំអមដំណើរលោក សម រង្ស៊ី វិលចូលប្រទេសកម្ពុជាគ្រប់ពេល ដើម្បីបញ្ចប់អំណាចផ្ដាច់ការ ស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងជួយស្រោចស្រង់ប្រទេសជាតិឱ្យរីកចម្រើនត្រឹមត្រូវ។
សកម្មជនបក្សប្រឆាំងមួយរូប គឺលោក រិន រដ្ឋ ដែលកំពុងភៀសខ្លួននៅប្រទេសថៃ ថ្លែងប្ដេជ្ញាថា ក្នុងនាមជាយុវជនម្នាក់ បានត្រៀមខ្លួនរួចជាស្រេចជាមួយក្រុមសកម្មជនដទៃទៀត ដើម្បីទទួលដំណើរមាតុភូមិនិវត្តន៍ជាថ្មីម្ដងទៀតរបស់លោក សម រង្ស៊ី នៅពេលដ៏ខ្លីខាងមុខនេះ។ យុវជនដែលមានសម្បុរសសង្ហាររូបនេះ អះអាងថា លោកមិនតក់ស្លុតឡើយ ហើយលោកជឿជាក់ថា គម្រោងមាតុភូមិនិវត្តន៍លើកទី២ នេះនឹងជោគជ័យ ព្រោះលោក សម រង្ស៊ី ជាមេដឹកនាំនយោបាយមួយរូប ដែលមិនបោះបង់ពលរដ្ឋ និងប្រទេសខ្មែរឡើយ៖ «ពួកខ្ញុំដែលជាសកម្មជន និងអ្នកគាំទ្រព្រមទាំងពលករនៅស្រុកថៃនេះ កាន់តែមានកម្លាំងចិត្តពុះពារក្នុងការអមដំណើរលោកប្រធានស្តីទី សម រង្ស៊ី។ ការប្រកាសពីគម្រោងមាតុភូមិនិវត្តន៍ជាថ្មីនេះ មានអត្ថន័យខ្លាំងណាស់ សម្រាប់អ្នកប្រជាធិបតេយ្យ និងអ្នកដែលស្រលាញ់សិទ្ធិសេរីភាព។ លោកប្រធាន សម រង្ស៊ី ជាអ្នកប្រជាធិបតេយ្យ ពិតប្រាកដ»។

លោក រិន រដ្ឋ បញ្ជាក់ដែរថា លោក និងសកម្មជនដទៃទៀត គ្មានការខកចិត្តចំពោះគម្រោងមាតុភូមិនិវត្តន៍ កាលពីថ្ងៃទី៩ វិច្ឆិកា ឡើយ ព្រោះគ្រប់គ្នាសុទ្ធតែបានដឹងថា លោក សម រង្ស៊ី បានព្យាយាមគ្រប់បែបយ៉ាង ដើម្បីចូលទៅប្រទេសកម្ពុជា ប៉ុន្តែរដ្ឋាភិបាលលោក ហ៊ុន សែន ទៅវិញទេ ដែលកំសាក និងប្រើល្បិចគ្រប់បែបយ៉ាងដើម្បីរាំងខ្ទប់លោក សម រង្ស៊ី។
សកម្មជនបក្សប្រឆាំងកំពុងភៀសខ្លួនក្នុងប្រទេសថៃម្នាក់ទៀត គឺលោក អាត វិចិត្រ ថ្លែងថា ពួកលោកកាន់តែមានទឹកចិត្តមោះមុតថែមទៀត ពេលដឹងថា លោក សម រង្ស៊ី កំពុងរកមធ្យោបាយវិលចូលកម្ពុជាជាថ្មី។ សកម្មជនរូបនេះ បន្តថា លោកគ្មានគំនិតសង្ស័យលើលោក សម រង្ស៊ី ថា ភូតកុហកមិនចូលកម្ពុជាឡើយ ព្រោះលោក បានដឹងបានស្គាល់ច្បាស់ថា មួយជីវិតរបស់លោក សម រង្ស៊ី គឺធ្វើនយោបាយ លះបង់គ្រប់បែបយ៉ាង ដើម្បីជាតិ និងប្រជាពលរដ្ឋសុទ្ធសាធ៖ «ខ្ញុំនៅតែទន្ទឹងរង់ចាំមាតុភូមិនិវត្តន៍របស់លោកប្រធាន សម រង្ស៊ី ជាលើកទី២។ ខ្ញុំបានត្រៀមស្មារតី កម្លាំងកាយចិត្តរួចរាល់ហើយ គ្មានអ្វីអាចកែប្រែឆន្ទៈចូលរួម ជាមួយលោកប្រធាននោះទេ ដើម្បីទៅទាមទារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាវិញ»។
សកម្មជនរូបនេះឱ្យដឹងថា នៅក្នុងប្រទេសថៃ គឺសកម្មជន និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅតែធ្វើការងារយ៉ាងសកម្ម ដើម្បីកៀរគរពលករខ្មែរឱ្យចូលរួមអមដំណើរលោក សម រង្ស៊ី ហើយ ក្រុមពលករភាគច្រើន សុទ្ធតែបង្ហាញឆន្ទៈមោះមុតក្នុងការចូលរួមដូចៗគ្នា។
ពលករខ្មែរមួយរូបដែលធ្វើការនៅប្រទេសថៃប្រមាណ ៥ឆ្នាំមកហើយ គឺលោកស្រី សុខុម ប្រាប់ អាស៊ីសេរីថា ពលករភាគច្រើនមិនពេញចិត្តចំពោះរដ្ឋាភិបាលលោក ហ៊ុន សែន នោះទេ ដោយសារតែពួកគេមើលឃើញថា លោក ហ៊ុន សែន ជាដឹកនាំអសមត្ថភាព ផ្ដាច់ការ គ្មានខ្វាយខ្វល់អំពីសុខទុក្ខប្រជាពលរដ្ឋនោះទេ។ លោកស្រីជឿជាក់ថា លោក សម រង្ស៊ី គឺជាមេដឹកនាំនយោបាយម្នាក់ ដែលស្អាតស្អំហើយគិតអំពីប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ។ ដូច្នេះ លោកស្រីគាំទ្រលោក សម រង្ស៊ី វិលចូលកម្ពុជា៖ «ពួកខ្ញុំនៅមានកម្លាំងចិត្តដូចមុនដដែល អត់មានដកថយទេ អត់មានខ្លាចរអាចំពោះការគំរាមកំហែងអីទេ។ ពួកខ្ញុំចាំតែឱកាសលោកប្រធាន សម រង្ស៊ី វិលចូលកម្ពុជាវិញ។ ខ្ញុំចង់បានលោកប្រធាន សម រង្ស៊ី គ្រប់គ្រងប្រទេសខ្មែរ»។
ដូចគ្នានេះដែរ គឺពលករធ្វើការងារសំណង់នៅប្រទេសថៃម្នាក់ទៀត គឺលោក វ៉ាន់ ម៉ៅ និយាយថា លោកក៏បានត្រៀមខ្លួនគ្រប់ពេល ដើម្បីចូលរួមអមដំណើរថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ទៅសង្គ្រោះប្រទេសកម្ពុជាឱ្យមានសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ៖ «ក្រុមពលករខាងខ្ញុំនៅតែគាំទ្រ និងមានជំហរដដែល។ អត់មានការភ័យខ្លាចតក់ស្លុតអីទេ។ ខ្ញុំចង់បានការផ្លាស់ប្ដូរ ចង់បានប្រជាធិបតេយ្យពិតប្រាកដ និងសេរីភាពពេញលេញ មិនមែនក្លែងក្លាយដូចសព្វថ្ងៃ»។
ការបង្ហាញជំហរទាំងនេះ គឺបន្ទាប់ពីប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសកាលពីថ្ងៃទី៦ កុម្ភៈថា គណបក្សសង្គ្រោះជាតិ ត្រៀមរៀបចំមាតុភូមិនិវត្តន៍ម្តងទៀត សម្រាប់លោក ក្នុងឆ្នាំ ២០២០ នេះ។ ប៉ុន្តែ មិនទាន់កំណត់ថ្ងៃណាជាក់លាក់នៅឡើយទេ៖ «អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន មានប្រសាសន៍ថា គម្រោងមាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី នេះ គឺគ្រាន់តែជាល្បិចកលថ្មី ដើម្បីប្រមូលលុយពីប្រជាពលរដ្ឋប៉ុណ្ណោះ ហើយរដ្ឋាភិបាលមិនបារម្ភអ្វីទាំងអស់៖ «មិនមែនជាការព្រួយបារម្ភទេ។ ការបិទជើងហោះហើរ និងការហាមឃាត់មិនឱ្យមកនេះ ដោយសារអីព្រោះពួកនេះ មកបំផុសបំផុលកងទ័ព បំផុសបំផុល ប្រជាជន និងញុះញង់កម្មករ ឱ្យផ្តួលរំលំរដ្ឋាភិបាល និងផ្លាស់ប្ដូររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដូច្នេះបើមានករណី ឬសកម្មភាពនេះកើតឡើង វានាំឱ្យប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាជន និងខូចខាតទ្រព្យសម្បត្តិ សមិទ្ធផលសង្គមនានា»។
លោក សម រង្ស៊ី ត្រូវបង្ខំចិត្តរស់នៅនិរទេសខ្លួនគេចពីការតាមចាប់ខ្លួនតាំងពីឆ្នាំ២០១៥។ មេដឹកនាំបក្សប្រឆាំងរូបនេះ កំពុងជាប់បណ្ដឹងនៅតុលាការចំនួន ១៥ករណីហើយ ដោយក្នុងនោះ ៨ករណី មានសាលក្រមស្ថាពរ។ ទោះជាយ៉ាងណា លោក សម រង្ស៊ី ធ្លាប់បញ្ជាក់រួចហើយថា លោកមិនខ្វល់នឹងការប្ដឹងផ្ដល់ទាំងនេះឡើយ ព្រោះលោកអះអាងថា តុលាការកម្ពុជាបច្ចុប្បន្នជាតុលាការអាយ៉ង ដែលរង់ចាំស្ដាប់តាមតែបញ្ជាលោក ហ៊ុន សែន ប៉ុណ្ណោះ។

ទាក់ទងនឹងករណីនេះ ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ លើកឡើងថា លោក សម រង្ស៊ី មានឆន្ទៈក្នុងការវិលចូលកម្ពុជា ប៉ុន្តែមិនមែនជារឿងងាយស្រួលទេ។ កញ្ញាយល់ថា ប្រសិនបើ លោក សម រង្ស៊ី វិលចូលកម្ពុជាដោយស្ងប់ស្ងាត់ ប្រហែលជារដ្ឋាភិបាលកម្ពុជា អាចបើកផ្លូវឱ្យលោក សម រង្ស៊ី ចូល ដើម្បីចាប់ខ្លួន។ ប៉ុន្តែក្នុងករណីលោក សម រង្ស៊ី កៀរគរកម្លាំងច្រើន និងមានការចាប់អារម្មណ៍ខ្លាំងពីអន្តរជាតិ ប្រហែលជារដ្ឋាភិបាល នឹងមានយន្តការទប់ស្កាត់ដូចលើកមុនដែរ៖ «ទោះបីជាលោក សម រង្ស៊ី ប្រកាសជាលើកទី២ ក៏ខ្ញុំមើលឃើញថា វានៅតែមានឥទ្ធិពលនិងការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ ក៏ដូចជាពីសំណាក់ប្រជា ពលរដ្ឋនៅក្នុងប្រទេស ឬក៏នៅក្រៅប្រទេសដែរ»។
ទោះជាដំណើរមាតុភូមិនិវត្តន៍លើកទីមួយនោះ រងការរារាំងពីរបបក្រុងភ្នំពេញតឹងរ៉ឹង ក៏លោក សម រង្ស៊ី មិនបោះបង់ការប៉ុនប៉ងវិលត្រឡប់ទៅកម្ពុជាវិញដែរ។ លោកចាត់ទុកថា គម្រោង មាតុភូមិថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅថា គ្រាន់តែជាការចាប់ផ្ដើម ហើយក៏ទទួលបានជោគជ័យមួយដ៏ត្រចះត្រចង់ សម្រាប់គណបក្សសង្គ្រោះជាតិ និងអ្នកប្រជាធិបតេយ្យខ្មែរគ្រប់រូបដែរ។ ជោគជ័យនោះ លោក សម រង្ស៊ី អះអាងថា ទី១ លោកបានបង្ហាញពីភាពក្លាហាន និងការប្តេជ្ញាចិត្តរបស់ខ្លួន ហើយលោក ហ៊ុន សែន បានបង្ហាញពីការភ័យខ្លាច និងភាពកំសាកដោយបានបិទផ្លូវគ្រប់ច្រក មិនឱ្យលោកចូលមកប្រទេសកម្ពុជា។ ទី២ លោក ទទួលបានជ័យជម្នះផ្លូវនយោបាយ និងចិត្តសាស្ត្រលើសមរភូមិសារព័ត៌មាន និងសាធារណមតិអន្តរជាតិ ដែលនិយាយពីរឿងល្អអំពីលោក។ ទី៣ ពិភពលោកទាំងមូល បានយល់ឃើញយ៉ាងច្បាស់ អំពីសារធាតុផ្ដាច់ការ និងព្រៃផ្សៃ នៃរបប ហ៊ុន សែន។ ទី៤ គណបក្ស សង្គ្រោះជាតិ បានបង្ហាញពីភាពរឹងមាំ និងរស់រវើករបស់ខ្លួន ក្រោយពីលោក ហ៊ុន សែន បានរំលាយគណបក្សត្រឹមតែលើក្រដាស។ ទី៥ គណបក្សសង្គ្រោះជាតិ ទទួលបានជ័យជម្នះផ្លូវទូតនៅក្នុងជួរសហគមន៍អាស៊ាន ដែលមានន័យថា ថ្នាក់ដឹកនាំបក្សប្រឆាំង បានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ហើយប្រទេសទាំងនោះ នៅតែទទួលស្វាគមន៍ ទោះបីជាលោក ហ៊ុន សែន ស្នើសុំប្រទេសទាំងនោះ ឱ្យជួយរារាំងក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។