មន្ត្រីគណបក្សសង្គ្រោះជាតិ និងមន្ត្រីសង្គមស៊ីវិលមើលឃើញថា ស្ថាប័នព្រឹទ្ធសភាឯកបក្ស នៅមិនទាន់បានបំពេញតួនាទីឱ្យបានត្រឹមត្រូវ និងពេញលេញនៅឡើយទេ។ ការលើកឡើងនេះ គឺបន្ទាប់ពីព្រឹទ្ធសភាបានចេញផ្សាយវីដេអូស្ដីពីលទ្ធផលការងារឆ្នាំ២០២០ ដោយអះអាងថា ស្ថាប័ននីតិប្បញ្ញត្តិមួយនេះ បានបំពេញការងារស្នូលរបស់ខ្លួនយ៉ាងពេញលេញ ទោះបីជាមានការរាតត្បាតជំងឺកូវីដ-១៩ក្តី។
មន្ត្រីគណបក្សសង្គ្រោះជាតិ និងមន្ត្រីសង្គមស៊ីវិល លើកឡើងថា របាយការណ៍ស្ដីពីលទ្ធផលការងាររបស់ស្ថាប័នព្រឹទ្ធសភាក្នុងឆ្នាំ២០២០ មិនឆ្លុះបញ្ចាំងពីការពិតទាំងស្រុងនោះទេ។
ប្រធានប្រតិបត្តិរបស់គណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ លោក ម៉ន ផល្លា ថ្លែងថា ការបង្ហាញលទ្ធផលការងារនេះ គឺស្ថាប័នព្រឹទ្ធសភាឯកបក្ស គ្រាន់តែចង់ជួយលម្អរបបក្រុងភ្នំពេញប៉ុណ្ណោះ ប៉ុន្តែលោកសង្កេតឃើញថា ស្ថាប័ននីតិប្បញ្ញតិមួយនេះ មិនបានបំពេញតួនាទីឱ្យបានពេញលេញ ដើម្បីការពារ និងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនោះទេ។ លោកបន្តថា កន្លងមក មានច្បាប់មួយចំនួនដែលប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋ និងអធិបតេយ្យជាតិជាដើម ប៉ុន្តែស្ថាប័នដ៏សំខាន់មួយនេះ មិនបានត្រួតពិនិត្យ និងវែកញែកដេញដោលខ្លឹមសារច្បាប់ទាំងនោះឱ្យបានស៊ីជម្រៅនោះទេ។ លោកបន្ថែមថា ផ្ទុយទៅវិញ ស្ថាប័នព្រឹទ្ធសភា តែងតែជួយការពារ និងពន្លឿន ការអនុម័តច្បាប់ទាំងនោះតាមការចង់បានរបស់មេដឹកនាំរបបក្រុងភ្នំពេញ បើទោះជាមានមតិរិះគន់ពីអ្នកជំនាញជាតិ និងអន្តរជាតិយ៉ាងណាក្តី៖ «មែនទែនទៅ ស្ថាប័នព្រឹទ្ធសភា គ្រាន់តែប្រថាប់ត្រា បង្គ្រប់កិច្ចបំពេញបំណង បំពេញសេចក្តីត្រូវការរបស់មេដឹកនាំក្រុងភ្នំពេញតែប៉ុណ្ណោះ។ ខ្ញុំយល់ឃើញថា មិនមានអ្វីដែលជាប្រយោជន៍ធ្វើឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅពីស្ថាប័នព្រឹទ្ធសភានោះទេ។ នៅពេលស្ថាប័នជាតិមួយ មិនបាន ផ្តល់សេវាតម្រូវការពិតប្រាកដ មិនបានយកចិត្តទុកដាក់ពិតប្រាកដទៅលើទុក្ខសោករបស់ប្រជាពលរដ្ឋ ដូច្នេះហើយប្រជាពលរដ្ឋតែងទទួលរងការឈឺចាប់ពី អ្នកមានអំណាច»។
លោក ម៉ន ផល្លា យល់ថា ប្រសិនបើស្ថាប័នព្រឹទ្ធសភា ពិតជាតម្កល់ផលប្រយោជន៍ ជាតិនិងប្រជាពលរដ្ឋជាធំនោះ ត្រូវតែពិនិត្យកែលម្អច្បាប់មួយចំនួនឡើងវិញ ដើម្បីកុំឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពពលរដ្ឋ និងប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា។ លោកបញ្ជាក់ថា ច្បាប់ទាំងនោះ រួមមានច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន និងច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩ ច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ ទាក់ទងនឹងបង្គោលព្រំដែនគោកដែលបានបោះរួចជាមួយភាគីវៀតណាមចំនួន៨៤% និងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងកម្ពុជា និងវៀតណាមជាដើម៖ «ស្ថាប័ននេះ ត្រូវតែពិនិត្យមើលទៅលើច្បាប់ទាំងឡាយដែលពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការចូលរួមសម្ដែងមតិរបស់ ប្រជាពលរដ្ឋ ទាក់ទងនឹងការរំលោភបំពាននានានៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងពីអ្នកមានអំណាច និងអ្នកមានលុយជាដើម»។
ស្ថាប័នព្រឹទ្ធសភា កាលពីថ្ងៃទី១៧ ខែមេសា បានផ្សព្វផ្សាយវីដេអូមួយ រយៈពេល១៤នាទីតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ស្ដីពីលទ្ធផលការងាររបស់ខ្លួនរយៈពេលមួយឆ្នាំ២០២០។ស្ថាប័នព្រឹទ្ធសភា អះអាងថា ទោះបីជាឆ្នាំ២០២០ មានការរាតត្បាតជំងឺកូវីដ-១៩ក្តី ក៏ស្ថាប័នព្រឹទ្ធសភានៅតែបំពេញការងារស្នូលរបស់ខ្លួនដោយទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់។លទ្ធផលទាំងនោះ ដូចជាបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន ១៨លើក បើកសម័យប្រជុំពេញអង្គ និងប្រជុំព្រឹទ្ធសភាជាវិសាមញ្ញចំនួន ១០លើក ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន ៣៦ច្បាប់ ដែលរដ្ឋសភាបញ្ជូនមក។
ទោះបីជាយ៉ាងណា អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស មានប្រសាសន៍ថា ទោះបីជាស្ថាប័នរបស់លោក មិនបានតាមដានលម្អិតការងាររបស់ព្រឹទ្ធសភា ដូចរដ្ឋសភាក្តី ក៏លោកយល់ឃើញថា ស្ថាប័ននីមួយៗ មិនបានលើកឡើងពីចំណុចខ្វះខាតក្នុងការបំពេញមុខងាររបស់ខ្លួនឡើយ។ លោកបន្តថា ព្រឹទ្ធសភា គឺជាស្ថាប័នដ៏សំខាន់ដែលមានកាតព្វកិច្ច ត្រួតពិនិត្យ និងវែកញែកខ្លឹមសារច្បាប់ មុននឹងអនុម័តច្បាប់បញ្ចូនបន្តទៅព្រះមហាក្សត្រ ដើម្បីលាយព្រះហត្ថលេខាដាក់ឱ្យប្រើប្រាស់ ប៉ុន្តែលោកកត់សម្គាល់ឃើញថា ស្ថាប័ននីតិប្បញ្ញតិមួយនេះ មិនទាន់បានបំពេញតួនាទីរបស់ខ្លួនឱ្យបានពេញលេញនោះទេ៖ «ដូចជាមិនឃើញស្ថាប័នព្រឹទ្ធសភាលើកយកចំណុចប្រឈមផ្សេងៗដែលជាការលើកឡើងរបស់ប្រជាពលរដ្ឋដែលជួបបញ្ហា ដូចជាពាក់ ព័ន្ធបញ្ហាដីធ្លី បញ្ហាសិទ្ធិមនុស្សអីផ្សេងៗ បញ្ហាសេរីភាពនេះ យកមកជជែកហើយពិភាក្សាជាពិសេសច្បាប់ដែលឆ្លងកាត់ដោយការអនុម័តការសម្រេចរបស់រដ្ឋសភាហ្នឹង ដូចជាមិនឃើញខាងព្រឹទ្ធសភាហ្នឹងជជែកថា បញ្ហាហ្នឹងវាខ្វះខាតកន្លែងនេះ ដូចចន្លោះប្រហោង ឬការបញ្ជូនទៅឱ្យពិនិត្យឡើងវិញ ឱ្យសភា ឬក៏គណៈកម្មការជំនាញរបស់ព្រឹទ្ធសភា ពិនិត្យឡើងវិញ ដូចជាមិនមានឃើញទេ។ សម្រាប់ខ្ញុំ មើលឃើញថា ចំណុចមួយចំនួនមិនទាន់បានបំពេញទេ»។
កាលពីថ្ងៃទី១១ មីនា សភាអឺរ៉ុប បានអនុម័តសេចក្តីសម្រេចចំនួន២៥ ចំណុចថ្កោលទោសអំពើរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះដុនដាបនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ នៅក្នុងនោះ សហភាពអឺរ៉ុបបានជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន លុបចោលនូវច្បាប់និងបទបញ្ញត្តិទាំងឡាយណាដែលគាបសង្កត់ និងមានទិសដៅគាបសង្កត់សិទ្ធិសេរីភាពពលរដ្ឋ ដូចជា វិសោធនកម្មរដ្ឋធម្មនុញ្ញវិសោធនកម្មក្រមព្រហ្មទណ្ឌ វិសោធនកម្មច្បាប់គណបក្សនយោបាយ វិសោធនកម្មច្បាប់សហជីព និងច្បាប់អង្គការ-សមាគមជាដើម។ ជាមួយគ្នានេះ សហភាពអឺរ៉ុបអំពាវនាវដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យគោរពសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ ដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ។ ជាពិសេស សហភាពអឺរ៉ុបទាមទារឱ្យអាជ្ញាធរកម្ពុជា លុបចោលសាលក្រមផ្ដន្ទាទោសមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ដោះលែង និងទម្លាក់ចោលបទចោទប្រឆាំងនឹងសកម្មជនគណបក្សសង្គ្រោះជាតិដោយឥតលក្ខខណ្ឌ ព្រមទាំងទាមទារឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។