គណបក្សសង្គ្រោះជាតិបានប្រកាសជាផ្លូវការកំណត់យកព្រំដែនថៃជាចំណុចឆ្លងដែនចូលក្នុងប្រទេសនៅថ្ងៃទី៩ វិច្ឆិកាខាងមុខនេះ។ មន្ត្រីរដ្ឋាភិបាលស្វាគមន៍ចំពោះការប្រកាសនេះ តែនៅរក្សាជំហរថា នឹងចាប់ខ្លួនលោក សម រង្ស៊ី នៅពេលឈានជើងចូលដល់ប្រទេសកម្ពុជាភ្លាម។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ប្រាប់អាស៊ីសេរីនៅថ្ងៃទី២ វិច្ឆិកាថា មូលហេតុដែលគណបក្ស កំណត់យកព្រំដែនកម្ពុជាថៃជាចំណុចឆ្លងដែនចូលកម្ពុជានោះ គឺដោយសារតែថៃ ជាប្រទេសឯករាជ្យមិនដូចប្រទេសវៀតណាម និង ប្រទេសឡាវទេ។ លោកបញ្ជាក់ប្រទេសវៀតណាម និងឡាវ គឺជាប្រទេសដែលរណបរបបលោក ហ៊ុន សែន។ ដូច្នេះគណបក្សសង្គ្រោះជាតិមិនជ្រើសរើសប្រទេសនេះជាទីតាំងសម្លាប់ឆ្លងកាត់ទេ៖ « វាមិនអាចមានការប៉ះទង្គិចគ្នាទេ ពីព្រោះយើងចូលក្នុងប្រទេសកម្ពុជា យើងចូលដោយដៃទទេទេ។ ឧទាហរណ៍យើងដើរចូលដោយថ្នើរជើងតើ។ យើងមានស្អីទៅប៉ះទង្គិច។ បើយើងនាំអាវុធ នាំអាវុធខុសច្បាប់ នាំគ្រឿងញៀនចូល អាហ្នឹងបានវានាំទៅជាការប្រឈមមុខដាក់គ្នា ប៉ុន្តែយើងដើរចូលទៅដោយខ្លួនយើងទទេ ដោយអត់មានអ្វីទាំងអស់ គឺយើងចូលដោយថា ក្នុងនាមយើងជាពលរដ្ឋខ្មែរវាទៅប៉ះយ៉ាងម៉េច ?» ។
ការប្រកាសរបស់គណបក្សសង្គ្រោះជាតិចូលមកប្រទេសកម្ពុជាតាមព្រំដែនប្រទេសថៃនេះ បានកើតមានឡើងស្របពេលរបបក្រុងភ្នំពេញបានដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ ដោយបំពាក់អាវុធទំនើបៗតាមក្រវ៉ាត់ព្រំដែនប្រទេសកម្ពុជានឹងប្រទេសថៃ។
គណបក្សសង្គ្រោះជាតិបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរបបក្រុងភ្នំពេញប្រើប្រាស់កម្លាំងប្រដាប់អាវុធ រួមទាំងអាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជាក្នុងការរារាំង និងទប់ស្កាត់មិនឲ្យលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍ចូលមកកម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិនៅថ្ងៃទី២ វិច្ឆិកានេះ បញ្ជាក់ថា បើទោះជាមានការគំរាមកំហែង ការរារាំង ការទប់ស្កាត់គ្រប់មធ្យោបាយ និងការបំភ្លៃព័ត៌មានយ៉ាងណាក៏ដោយ ក៏លោក សម រង្ស៊ី និងថ្នាក់ដឹកនាំនៅតែកំណត់យកព្រំដែនថៃ ជាចំណុចឆ្លងកាត់ចូលមកប្រទេសកម្ពុជានៅថ្ងៃទី៩ ខាងមុខនេះ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន បញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចហើយស្វាគមន៍ដំណើរនិវត្តន៍របស់លោក សម រង្ស៊ី។ លោកបញ្ជាក់ថា នៅពេលដែលលោក សម រង្ស៊ី ឈានជើងដល់ប្រទេសកម្ពុជាភ្លាមអាជ្ញាធរនៅតាមព្រំដែននឹងចាប់ដាក់ខ្នោះបញ្ជូនមកមន្ទីរឃុំឃាំងភ្លាម៖ « បាទ ! នេះជាការបង្កើនសមត្ថភាពក្នុងការរៀបចំសណ្តាប់ធ្នាប់ជាសារធារណៈ ពីព្រោះគាត់បានប្រកាសថា គាត់នឹងរៀបចំកងកម្លាំងបែរអាវុធទៅប្រឆាំងជាមួយរាជរដ្ឋាភិបាល ដែលតុលាការបានចោទប្រកាន់ អាហ្នឹងជាសកម្មភាពរដ្ឋប្រហារ។ ដូច្នេះយើងមិនមើលស្រាល ចំពោះករណីនេះទេ » ។
សម្រាប់មន្ត្រីសង្គមស៊ីវិលដែលតាមឃ្លាំមើលតំណើរការរំលោភសិទ្ធិមនុស្សបានដាក់ការព្រួយបារម្ភពីសភាពការកំពុងតានតឹងរវាងអ្នកគាំទ្រគណបក្សប្រឆាំង និងកម្លាំងគាំទ្ររបបក្រុងភ្នំពេញ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាតបញ្ជាក់ថា លោកមានការព្រួយបារម្ភអំពីការប៉ះទង្គិចរវាងកម្លាំងគាំទ្រទាំងពីរ ដែលអាចឈានទៅរកអំពើហិង្សា។ លោកបញ្ជាក់ថា នេះមិនមែនជាជម្រើសល្អទេ សម្រាប់គណបក្សទាំងពីរ ហើយបែរជាមកគិតគូរពីឧត្តមប្រយោជន៍ជាតិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំវិញនោះល្អជាង៖ « បើសិនជាយើងយកជម្រើសនៃការប្រើប្រាស់អំពើហិង្សា ឬក៏ការប៉ះទង្គិចដោយអំពើហិង្សានោះ កម្ពុជាយើងក៏កាន់តែធ្លាក់ចុះទៅទៀត ចំពោះលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ហើយប្រឈមមុខ នឹងការបាត់បង់នៃផ្នែកសេដ្ឋកិច្ចជាបន្តទៀត។ ជាពិសេស គឺការអនុគ្រោះពន្ធផ្សេងៗ ដូច EBA និង GSP ហើយអាចនឹងមានការធ្លាក់ចុះនៃសេដ្ឋកិច្ចបន្ថែមទៀត បើសិនជាកម្ពុជាយើងមានការប៉ះទង្គិចផ្នែកហិង្សានោះបាទ » ។
មន្រ្តីថៃមិនបញ្ចេញឈ្មោះអះអាងថា ថៃទទួលបានសំណើចាប់ខ្លួន លោក សម រង្ស៊ីនិងមន្រ្តីមួយចំនួនទៀតទេ ប៉ុន្តែថៃគ្រាប់តែហាមឃាត់អ្នកស្រី មូរ សុខហួរ ចូលទឹកថៃ ព្រោះថៃមិនចង់ពាក់ព័ន្ធនឹងនយោបាយស្រុកខ្មែរ។
នៅសល់តែមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ដល់ថ្ងៃកំណត់ដែលលោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ វិលចូលមាតុប្រទេសវិញ។ ស្របពេលជាមួយគ្នានេះដែរពលរដ្ឋខ្មែរជាច្រើននាក់ ដែលកំពុងធ្វើការនិងប្រកបមុខរបររកទទួលទានក្នុងប្រទេសថៃ បានសម្រុកចាកចេញមកកម្ពុជាតាមច្រកព្រំដែនជារៀងរាល់ថ្ងៃផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។