អតីត​មេឃុំ​បក្ស​ប្រឆាំង​ខេត្ត​កំពង់ចាម​ម្នាក់​សម្រេចចិត្ត​សាង​ផ្នួស​ដើម្បី​គេច​ពី​ការ​អូសទាញ

ដោយ វ៉ែន សុមេធ
2017-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​មេឃុំ​មេព្រីង គណបក្ស​សង្គ្រោះជាតិ លោក ស៊ន រដ្ឋា ថ្ងៃ​បួស​ជា​ព្រះសង្ឃ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៧។
អតីត​មេឃុំ​មេព្រីង គណបក្ស​សង្គ្រោះជាតិ លោក ស៊ន រដ្ឋា ថ្ងៃ​បួស​ជា​ព្រះសង្ឃ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៧។
Photo provided

ក្រោយ​ពេល​មានការ​អូសទាញ​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ពី​សំណាក់​អាជ្ញាធរ និង​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា មេឃុំ​គណបក្សប្រឆាំង នៅ​ខេត្ត​កំពង់ចាម​ម្នាក់ សម្រេចចិត្ត​សាង​ផ្នួស​តែម្ដង។ ការ​សាង​ផ្នួស​នេះ គឺ​ដើម្បី​រក្សា​ភាព​ស្ងប់ស្ងាត់​ក្នុង​ចិត្ត និង​គេច​ផុត​ពី​ការ​អូសទាញ​ទៅ​ឱ្យ​ចូល​ជាមួយ​គណបក្ស​ផ្សេង។ ចំណែក​ក្រុម​គ្រួសារ និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម គាំទ្រ​ចំពោះ​ការសម្រេច​ព្រះទ័យ​របស់​ព្រះអង្គ​ក្នុង​ស្ថានភាព​បែបនេះ។

មេឃុំ​មេព្រីង មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​បាធាយ ខេត្ត​កំពង់ចាម ដែល​ជា​មនុស្ស​មាន​ប្រជាប្រិយភាព​ម្នាក់​ក្នុង​ឃុំ បាន​សម្រេច​ចិត្ត​លះបង់​ភាពជា​ប្រថុជ្ជន​ធម្មតា ហើយ​ស្រវា​ស្រែបុណ្យ​ជំនួស​វិញ។ ការ​សម្រេចចិត្ត​ចូល​សាង​ផ្នួស​ក្នុង​ព្រះពុទ្ធសាសនា ដោយសារ​ស្ថានភាព​នយោបាយ​អាក្រក់​នៅ​ពេល​បច្ចុប្បន្ន គឺ​ព្រះតេជព្រះគុណ​តាំង​ព្រះទ័យ​ថា ប្រសិនបើ​ស្ថានភាព​នយោបាយ​មិនបាន​វិល​មក​រក​ភាព​ប្រសើរ​វិញ​ទេ ព្រះអង្គ​អាច​នឹង​បួស​រហូត​ទៀត​ផង។

អតីត​មេឃុំ​មេព្រីង គណបក្ស​សង្គ្រោះជាតិ ព្រះតេជព្រះគុណ ស៊ន រដ្ឋា មាន​ថេរ​ដីកា​ថា នៅ​ក្នុង​ឃុំ​របស់​ព្រះអង្គ រូបភាព​គំរាមកំហែង​ខ្លាំងក្លា គឺ​មិន​មាន​ទេ មានតែ​ការ​លួងលោម អូសទាញ ដើម្បី​ឱ្យ​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា តែ​ប៉ុណ្ណោះ។ ព្រះអង្គ​បន្ត​ថា ដោយសារ​មានការ​អូសទាញ​ច្រើន​លើក​ច្រើន​សារ ហើយ​ព្រះអង្គ​នៅតែ​មិន​ព្រម​ចុះចូល ព្រះអង្គ​ក៏​ចាប់ផ្ដើម​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ហើយ​នៅមុន​ថ្ងៃ​ទី​១៦ វិច្ឆិកា អតីត​មេឃុំ​រូប​នេះ បាន​រត់គេច​ខ្លួន​ពី​ផ្ទះសម្បែង​មួយ​រយៈ​ពេល​។ ក្រោយ​មក​ព្រះអង្គ​ក៏​សម្រេចចិត្ត​សាង​ផ្នួស កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ តែម្ដង៖ «គេច​ទៅ​ប្រហែលជា​បួនដប់​ថ្ងៃ ឆ្ងាយ​ពី​ប្រពន្ធ​ពី​កូន បួនដប់​ថ្ងៃ​អីចឹង។ ហើយក៏​ដេក​គិត​ថា​ចង់​ឱ្យ​ស្ថានភាព​ស្ងប់ស្ងាត់​បន្តិច ឱ្យ​អារម្មណ៍​ហ្នឹង​ល្អ​បន្តិច ក៏​សម្រេចចិត្ត​សុំ​ប្រពន្ធ​អាត្មា​ហ្នឹង​បួស។ គ្មាន​នរណា​ជឿ​ទេ យាយ​តា​បងប្អូន ប្រជាពលរដ្ឋ​ហ្នឹង​គេ​មិន​ជឿ​ថា អាត្មា​ហ្នឹង​បួស​ទេ»

ប្រសូត​នៅ​ឆ្នាំ ១៩៦៩ នៅ​ឃុំ​មេព្រីង ព្រះតេជព្រះគុណ ស៊ន រដ្ឋា ទទួល​បាន​ការអប់រំ​ថ្នាក់​ទី​៦ នៅ​ជំនាន់​នោះ។ ក្រោយ​ពេល​ឈប់​រៀន ព្រះអង្គ​ត្រូវ​រស់នៅ​ជាមួយ​ឪពុកម្ដាយ ដោយ​ប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ។ នៅ​ចុង​ទសវត្ស​ឆ្នាំ​១៩៨០ ព្រះអង្គ​បាន​ចូល​បម្រើកងទ័ព ប៉ុន្តែ​បាន​ប្រមាណ ៣​ឆ្នាំ ព្រះអង្គ​សម្រេច​ព្រះទ័យ​ឈប់​វិញ ហើយ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​អ្នកស្រី កយ សុវ៉ាន់ នៅ​ឆ្នាំ ១៩៩០ និង​មាន​កូន​ប្រុស​ស្រី​ចំនួន ៣នាក់។

អតីត​មេឃុំ​មេព្រីង គណបក្ស​សង្គ្រោះជាតិ លោក ស៊ន រដ្ឋា (រូប​កណ្ដាល) កាល​នៅ​កាន់​ដំណែង ពី​ខែ​តុលា ឆ្នាំ​២០១៧។ Photo provided
អតីត​មេឃុំ​មេព្រីង គណបក្ស​សង្គ្រោះជាតិ លោក ស៊ន រដ្ឋា (រូប​កណ្ដាល) កាល​នៅ​កាន់​ដំណែង ពី​ខែ​តុលា ឆ្នាំ​២០១៧។ Photo provided

ចំណែក​ជីវិត​នយោបាយ​វិញ អតីត​មេឃុំ​មេព្រីង​រូប​នេះ បញ្ជាក់​ថា ព្រះអង្គ​បាន​ចូលរួម​ជាមួយ​គណបក្ស​ជាតិ​ខ្មែរ របស់​លោក សម រង្ស៊ី កាលពី​ចុង​ទសវត្ស​ឆ្នាំ​១៩៩០។ លោក​ធ្វើ​សកម្មភាព​ខ្លាំង​នៅ​ដើម​ឆ្នាំ​២០០០ ហើយក៏​មានការ​គំរាមកំហែង​ដល់​អាយុជីវិត និង​ធ្លាប់​គេចខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង ដើម្បី​ការពារ​សុវត្ថិភាព​ទៀត​ផង។ ការ​ប្រឡូក​ក្នុង​ជីវិត​នយោបាយ​ជាមួយ​គណបក្សប្រឆាំង​ជិត ១០​ឆ្នាំ គឺ​នៅ​ឆ្នាំ​២០០៧ ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី ២ គឺ​ព្រះអង្គ​បាន​ជាប់​ជា​ជំទប់​ទី​២ មកពី​គណបក្ស សម រង្សី នៅ​ឃុំ​មេព្រីង។ នៅ​ឆ្នាំ២០១២ ក្នុង​ការ​បោះឆ្នោត​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៣ ព្រះអង្គ​បានជាប់​ជា​ជំទប់​ទី​១ ឃុំ​នេះ​ដដែល ហើយ​រហូត​ដល់ពេល​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ ដែល​ប្រព្រឹត្ត​ឡើង​កាលពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ ព្រះតេជព្រះគុណ ស៊ន រដ្ឋា ក៏បាន​ជាប់ឆ្នោត​ជា​មេឃុំ​មេព្រីង កូតា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ វិញ​ម្តង។ លោក​បាន​បំពេញការងារ​ជូន​ពលរដ្ឋ​មួយ​រយៈ​ពេល​ខ្លី​ដែរ។ ព្រះអង្គ​មិន​សោកស្ដាយ​តំណែង​ទេ ប៉ុន្តែ​គ្រាន់តែ​សោកស្ដាយ​ដែល​មិនបាន​បម្រើ​ពលរដ្ឋ​ឱ្យ​អស់ពី​លទ្ធភាព និង​ចប់​ចុង​ចប់​ដើម ស្របតាម​ការ​ផ្ដល់​សេចក្ដី​ទុកចិត្ត​មក​លើ​ព្រះអង្គ​ប៉ុណ្ណោះ៖ «សកម្មភាព​របស់​អាត្មា​ធ្វើជា​មេឃុំ គឺ​ចុះ​ដូច​អាត្មា​ធ្វើ​កាលពីមុន​ដែរ។ អាត្មា​បែងចែក​កម្លាំង ជំទប់​១ ទទួល​បន្ទុក​ហិរញ្ញវត្ថុ​ឃ្លាំមើល​ហេដ្ឋារចនាសម្ព័ន្ធ​ហ្នឹង​ក៏​អាត្មា​ចាត់​ឱ្យ​ជំទប់​មួយ​ហ្នឹង​ដើរ​មើល​រាល់ថ្ងៃ ដើម្បី​មក​រាយការណ៍​នៅ​សាលាឃុំ»

ឃុំ​មេព្រីង គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​អាសនៈ​ចំនួន​៣។ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​ចំនួន​២។ ប្រភព​ដដែល​បញ្ជាក់​ថា ការ​សាង​ផ្នួស​ពេលនេះ​មួយ​ភាគ​ធំ គឺ​ដោយសារ​មិន​ចង់​ប្រឈមមុខ​នឹង​ការ​អូសទាញ​ចូល​គណបក្ស​ផ្សេង និង​មួយ​ផ្នែក​ទៀត គឺ​មាន​បំណង​ចង់​បួស​តាំង​ពី​ក្មេង ប៉ុន្តែ​មិន​មាន​ឱកាស​ឡើយ ហើយក៏​ចេះតែ​រក្សា​បំណង​នេះ​រហូត​មក។

ព្រឹត្តិការណ៍​នយោបាយ​ចុងក្រោយ កាន់តែ​គួរ​ឱ្យ​បារម្ភ ពិសេស​ក្រោយ​ពេល​រដ្ឋាភិបាល​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ដោយ​ចោទប្រកាន់​អំពី​អំពើ​ក្បត់ជាតិ កាលពី​ថ្ងៃ​ទី​៣ កញ្ញា។ ជាង​នេះ​ទៀត សាលក្រម​តុលាការ​កំពូល កាលពី​ថ្ងៃទី១៦ ខែ​វិច្ឆិកា សម្រេច​លុបចោល​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​តែម្ដង​។ ចំណែក​មន្ត្រី និង​សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ មួយ​ចំនួន សម្រេចចិត្ត​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា តាម​ការ​អូសទាញ និង​គំរាមកំហែង​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អាជ្ញាធរ​រដ្ឋាភិបាល​របស់​លោក។ ក្រៅពីនេះ មាន​មន្ត្រី​គណបក្សប្រឆាំង​មួយចំនួន​រត់ចោលស្រុក ឬ​ទៅ​រស់នៅ​ជាមួយ​បងប្អូន​ឆ្ងាយ​ពី​ស្រុកកំណើត​មួយ​រយៈ និង​មួយ​ចំនួន​រស់នៅ​ក្នុង​មូលដ្ឋាន​ជា​ធម្មតា ឬក៏​សម្រេចចិត្ត​បួស​ជាសង្ឃ ដោយ​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច ដូច​ករណី​ព្រះតេជព្រះគុណ ស៊ន រដ្ឋា ជាដើម។

ភរិយា​របស់​អតីត​មន្ត្រី​បក្ស​ប្រឆាំង គឺ​ព្រះតេជព្រះគុណ ស៊ន រដ្ឋា អ្នកស្រី កយ សុវ៉ាន់ មាន​ប្រសាសន៍​ថា អ្នកស្រី​បាន​ត្រៀម​ចិត្ត​រួចទៅ​ហើយ និង​គាំទ្រ​ចំពោះ​ការសម្រេចចិត្ត​របស់​ស្វាមី។ អ្នកស្រី​បន្ត​ថា បើទោះបីជា​ក្នុង​គ្រួសារ​បាត់បង់​កម្លាំង​ស្នូល​ម្នាក់​ក៏ដោយ ប៉ុន្តែ​បើ​ស្ថានភាព​នយោបាយ​មិនបាន​ប្រសើរ ហើយ​ប្ដី​ខ្លួន​ត្រូវ​បួស​រហូត គឺ​អ្នកស្រី​យល់ព្រម​ដឹកនាំ​កូន​ពីរ​នាក់​ដែល​នៅ​ក្នុង​បន្ទុក ហើយ​ខិតខំ​រកស៊ី​ចិញ្ចឹម​គ្រួសារ និង​ធ្វើដំណើរ​ទៅមុខ​បន្ត​ទៀត៖ «ព្រោះ​ខ្ញុំ​នឹក​ឃើញ​ថា​គាត់​ចង់​បួស​តាំង​ពី​ក្មេង​មក រួច​គាត់​ចង់​បួស​ទៅ​ហើយ បើ​មិន​ឱ្យ​បួស​មិនកើត។ ហើយ​ត្រៀមខ្លួន​ថា​គាត់​ហ្នឹង ប្រសិនបើ​នយោបាយ​មិន​ស្រួលបួល​ទេ គាត់​ប្រាកដជា​បួស​រហូត​ហើយ»

បច្ចុប្បន្ន​គ្រួសារ អ្នកស្រី កយ សុវ៉ាន់ ប្រកបមុខរបរ​ធ្វើស្រែ​ប្រាំង និង​មាន​កូន​ពីរ​នាក់​ក្នុង​បន្ទុក ដោយ​ម្នាក់​កំពុង​បន្ត​ការសិក្សា និង​ម្នាក់ទៀត​ជា​កម្មការិនី​រោងចក្រ​នៅ​ស្រុក​បាធាយ។

ខេត្ត​កំពង់ចាម គណបក្ស​សង្គ្រោះ​ជាតិ ជាប់ឆ្នោត​ដឹកនាំ​ឃុំ​-​សង្កាត់ បាន​ចំនួន​៧៤ ក្នុង​ចំណោម​ឃុំ​-​សង្កាត់ ចំនួន​១០៩។ ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ ខេត្ត​កំពង់ចាម លោក សាន សឿង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ ធ្នូ​ថា បច្ចុប្បន្ន​នៅ​មាន​សកម្មភាព​អូសទាញ និង​គំរាមកំហែង​មក​លើ​មន្ត្រី និង​សកម្មជន​របស់​ខ្លួន ដើម្បី​ឱ្យ​ពួកគេ​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​ខ្លះ​ដែរ ប៉ុន្តែ​មិន​ខ្លាំងក្លា​ដូច​កាលពី​មួយ​ខែ​មុន​ទេ។ លោក​បន្ត​ថា ក្រោយពេល​បាត់បង់​ពីមុខ​តំណែង​មន្ត្រី​របស់​បក្ស​ប្រឆាំង​នៅ​ក្នុង​ខេត្ត​នេះ​ភាគច្រើន រស់នៅ និង​ប្រកបមុខរបរ​ជា​កសិករ អាជីវករ​និង​ជា​អ្នក​រត់​ម៉ូតូ​ឌុប​នៅ​តាម​មូលដ្ឋាន​របស់​ពួកគាត់​រៀងៗ​ខ្លួន​ដដែល ហើយ​ការបាត់បង់​តួនាទី ឬ​មុខតំណែង មិនបាន​ធ្វើ​ឱ្យ​ពួកគេ​បាក់​ទឹកចិត្ត​ឡើយ។ ចំណែក​ការ​សាង​ផ្នួស​របស់​ព្រះតេជព្រះគុណ ស៊ន រដ្ឋា វិញ គឺ​លោក គាំទ្រ​ចំពោះ​ការសម្រេច​ព្រះទ័យ​របស់​ព្រះអង្គ៖ «»

លោក សាន សឿង មាន​ជំនឿ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​អាច​រស់​ឡើងវិញ ពីព្រោះ​គណបក្ស​នេះ ជា​គណបក្ស​មួយ​បង្កើត​ឡើង​ដោយ​ស្របតាម​រដ្ឋធម្មនុញ្ញ និង​កើត​ចេញពី​ឆន្ទៈ​របស់​ពលរដ្ឋ​ជាង​កន្លះ​នគរ។ បន្ថែម​ពី​នេះ​ទៀត លោក​យល់ថា អន្តរជាតិ​នឹង​មិន​អនុញ្ញាត​ឱ្យ​ជន​ផ្ដាច់ការ​បញ្ចប់​ជីវិត​គណបក្ស​ប្រឆាំង​មួយ​នេះ​បាន​ឡើយ។

ក្នុង​ចំណោម​មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក និង​ឃុំ​-​សង្កាត់ នៅ​ខេត្ត​កំពង់ចាម មកពី​គណបក្ស សង្គ្រោះ​ជាតិ គឺ​មាន​ចំនួន​ជាង ៥​រយ​នាក់ (៥២៣) ហើយ​អ្នក​ដែល​បាន​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច គឺ​មាន​ជាង ៦០​នាក់​ប៉ុណ្ណោះ។

ព្រះតេជព្រះគុណ ស៊ន រដ្ឋា បញ្ជាក់​ថា ក្រោយពេល​សាង​ផ្នួស​ហើយ គឺ​មិន​មានការ​អូសទាញ ឬ​រើសអើង​ណាមួយ​មក​លើ​ព្រះអង្គ​ទេ។ ព្រះអង្គ​សង្ឃឹមថា នឹង​មាន​ឱកាស​ចូល​បម្រើ​សង្គមជាតិ​ទៀត ពិសេស​ពលរដ្ឋ​នៅ​ឃុំ​របស់​ខ្លួន នៅ​ពេល​ណាមួយ​ដែល​ស្ថានភាព​នយោបាយ​បាន​ប្រសើរ​ឡើងវិញ​។ ជាមួយ​គ្នា​នេះ​ដែរ ព្រះអង្គ​បួងសួង​ដល់​គុណ​ព្រះរតនត្រ័យ សូម​ឱ្យ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា អាច​ដោះស្រាយ​ចប់ និង​វិល​មក​រក​សភាព​ដើម​វិញ ព្រមទាំង​បិណ្ឌបាត​ឱ្យ​អ្នកនយោបាយ​ខ្មែរ​អាច​ជជែក​គ្នា​ជា​បង​ជា​ប្អូន មិន​ត្រូវ​ចាត់​ទុក​គ្នា​ជា​សត្រូវ​ឡើយ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជា​ជាតិខ្មែរ​ទាំងអស់​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

នេះពិតជា កូនខ្មែរអ្នកស្នេហាជាតិ ស្នេហាយុត្តិធម៏ មែន .
ប្រជាពលរដ្ឋ សូមគោរព .

Jan 01, 2018 10:41 PM

គេហទំព័រ​ទាំងមូល