មន្ត្រីគណបក្សប្រឆាំងរិះគន់រដ្ឋសភាឯកបក្សក្នុងការអនុម័តឲ្យសមាជិកគណបក្សកាន់អំណាច លោក ប្រាជ្ញ ចន្ទ ក្លាយជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅថា គ.ជ.ប។ តំណាងរដ្ឋសភា ច្រានចោលការរិះគន់ និងជឿជាក់ថា លោក ប្រាជ្ញ ចន្ទ មានសមត្ថភាពគ្រប់គ្រាន់ក្នុងកិច្ចការងារបោះឆ្នោត។
អ្នកឃ្លាំមើលកិច្ចការបោះឆ្នោតនៅមូលដ្ឋានមិនរំពឹងថា ដំណើរការបោះឆ្នោតនៅកម្ពុជា មានភាពល្អប្រសើរ ដោយសារប្រធានថ្មីរបស់ គ.ជ.ប គ្មានបទពិសោធន៍ក្នុងការងារបោះឆ្នោតទាល់តែសោះ។
សមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តកំពង់ចាម និងជាអតីតគ្រូបង្រៀន លោក គង់ ស៊ីវង្ស យល់ថា បក្សកាន់អំណាច និងរដ្ឋសភាមិនគួរលើកបន្តុបតែបក្ខពួកគ្នាឯងដូច្នេះទេ។ លោកយល់ថា រដ្ឋសភាគួរតែបើកឱកាសឲ្យពលរដ្ឋទូទៅ និងអ្នកជំនាញកិច្ចការបោះឆ្នោត អាចដាក់ពាក្យធ្វើជាប្រធាន គ.ជ.ប។
លោក គង់ ស៊ីវង្ស មើលឃើញដូចអ្នកជំនាញកិច្ចការងារបោះឆ្នោតផ្សេងទៀតដែរ គឺលោក ប្រាជ្ញ ចន្ទ សាកសមក្នុងមុខតំណែងមន្ត្រីនយោបាយជាងមន្ត្រីឯករាជ្យ ព្រោះលោក ប្រាជ្ញ ចន្ទ ធ្លាប់មានប្រវត្តិការងារមិនល្អ ពុករលួយ បក្ខពួកនិយម និងធ្លាប់ធ្វើខ្នងបង្អែកឲ្យឈ្មួញរកស៊ីឈើខុសច្បាប់ ច្រើនជាងមានស្នាដៃក្នុងពេលកាន់តំណែងនៅមុខងារសាធារណៈជាងដប់ឆ្នាំ៖ « ធម្មតាទេបក្សដែលមកដើម្បីឈ្នះដោយងាយស្រួល យកតែកម្លាំងខ្លួនឯងទៅធ្វើអាជ្ញាកណ្ដាល។ អ៊ីចឹងច្បាស់ជាបង្គាប់បញ្ជា គ.ជ.ប ហ្នឹងឲ្យធ្វើតាមខ្លួនចង់បានហើយ។ អ៊ីចឹងវាមិនអាចរកយុត្តិធម៌ជូនបក្សដទៃទៀត ឬយុត្តិធម៌ជូនប្រជាពលរដ្ឋបានទេ»។
ការលើកឡើងនេះ គឺក្រោយពេលគណៈអចិន្ត្រៃយ៍នៃរដ្ឋសភាឯកបក្ស នៅថ្ងៃទី២២ មិថុនា បានអនុម័តផ្ដល់ទំនុកចិត្តឲ្យលោក ប្រាជ្ញ ចន្ទ ក្លាយជាប្រធាន គ.ជ.ប បន្តពីលោក ស៊ិក ប៊ុនហុក ដែលបានសុំលាលែង។ រដ្ឋសភាកំពុងបញ្ជូនឈ្មោះ លោក ប្រាជ្ញ ចន្ទ ទៅក្នុងកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី២៤ មិថុនា។ ក្រោយកិច្ចប្រជុំពេញអង្គនោះរួចរដ្ឋសភានឹងស្នើថ្វាយព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងប្រធាន គ.ជ.ប ថ្មីជាផ្លូវការ។ លោក ប្រាជ្ញ ចន្ទ នឹងត្រូវចូលកាន់តំណែង នៅក្រោយពេលចូលស្បថនៅក្នុងព្រះបរមរាជវាំងរួច។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ច្រានចោលការរិះគន់ទាំងឡាយ។ លោកអះអាងថា រដ្ឋសភាបោះឆ្នោតទុកចិត្ត ដោយសារលោក ប្រាជ្ញ ចន្ទ មិនដែលប្រព្រឹត្តិកំហុសក្នុងការងារ។ បន្ថែមពីនេះ រដ្ឋសភាមានជំនឿថា លោក ប្រាជ្ញ ចន្ទ នឹងអាចអនុវត្តតួនាទីជាប្រធាន គ.ជ.ប បានល្អត្រឹមត្រូវតាមច្បាប់៖ « ហើយគាត់ ( ប្រាជ្ញ ចន្ទ ) ធ្វើហ្នឹង គាត់ធ្វើមិនមានកំហុសអ្វី។ គាត់ធ្វើបានត្រឹមត្រូវល្អ។ ដូច្នេះហើយ ខ្ញុំក៏ដូចអ្នកដទៃ។ ខ្ញុំថា គាត់មានសមត្ថភាពគ្រប់គ្រាន់។ តាមច្បាប់បញ្ញត្តិគាត់មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយគិតថាគាត់ក៏មានការប៉ិនប្រសព្វក្នុងការគ្រប់គ្រងផងដែរ»។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមពី លោក ប្រាជ្ញ ចន្ទ បានទេនៅថ្ងៃទី២២ មិថុនា។ ទោះយ៉ាងណាអ្នកឃ្លាំមើលអះអាងផ្ទុយពីតំណាងរដ្ឋសភា។ ពួកគាត់សង្កេតឃើញថា លោក ប្រាជ្ញ ចន្ទ មានប្រវត្តិដោះដូរដីធ្លី និងអគាររដ្ឋជាច្រើននៅខេត្តបាត់ដំបងដោយស្ងាត់ៗ និងធ្លាប់ធ្វើជាខ្នងបង្អែកដាក់សាច់ញាតិឲ្យកាន់តំណែងសំខាន់ក្នុងជួររាជការធ្លាប់ធ្វើជាខ្នងបង្អែកឈ្មួញរកស៊ីឈើខុសច្បាប់លួចដឹកឈើឆ្លងដែនតាមច្រកខេត្តត្បូងឃ្មុំជាដើម។
នាយកប្រតិបត្តិអង្គការនិចហ្វិក (NICFEC) លោក សម គន្ធាមី សង្កេតឃើញថា ដំណើរជ្រើសរើសប្រធាន គ.ជ.ប ថ្មីនៅពេលនេះ ធ្វើឡើងមិនតម្លាភាព និងមិនទូលំទូលាយ។ ការលាក់បាំងព័ត៌មានច្រើននេះហើយ ទើបធ្វើឲ្យអ្នកជំនាញផ្នែកកិច្ចការបោះឆ្នោតរូបនេះ មិនអាចស្គាល់ប្រវត្តិលោក ប្រាជ្ញ ចន្ទ និងអាចវាយតម្លៃចំពោះសមត្ថភាពបាន៖ « ព្រោះយើងអត់បានដឹង Background គាត់ថា គាត់ធ្វើការក្នុងវិស័យបោះឆ្នោតហ្នឹងយ៉ាងម្ដេច ? បើខ្ញុំឃើញត្រួសៗ ហ្នឹង ឃើញគាត់ធ្វើការជាមុខងារសាធារណៈទេ ចៅហ្វាយខេត្ត ខាងរដ្ឋាភិបាល។ តែបើក្នុងវិស័យបោះឆ្នោត វិស័យអ្វីហ្នឹងខ្ញុំមើលទៅគាត់អត់ដែលឆ្លងកាត់ទេណា។ ឥឡូវចាំមើលពេលដែលគាត់ចូលកាន់តួនាទីមើលចាំមើលតួនាទីរបស់គាត់ ហើយគាត់ធ្វើការហ្នឹងវាឯករាជ្យអ្វីៗ ទេ ហើយមានសមត្ថភាពគ្រប់គ្រាន់ទេ។ យើងចាំមើលទាំងអស់គ្នាដែរ»។
ចាប់តាំងពីមានការរំលាយគណបក្សប្រឆាំងនៅឆ្នាំ២០១៧ មក ស្ថាប័ន គ.ជ.ប រងការរិះគន់ថា លែងឯករាជ្យ បាត់បង់តម្លៃ និងក្លាយជាឧបករណ៍ផ្ដាច់មុខរបស់គណបក្សកាន់អំណាច ដោយសារតែ គ.ជ.ប បានយកអាសនៈគណបក្សសង្គ្រោះជាតិ ចាប់ពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ ដែលទទួលបានពីការបោះឆ្នោត យកទៅចែកឱ្យគណបក្សដទៃ ដែលចាញ់ឆ្នោត ជាពិសេស បក្សប្រជាជនកម្ពុជា។
ជាងនេះទៅទៀត គ.ជ.ប ក្រោមការដឹកនាំរបស់លោក ស៊ិក ប៊ុនហុក បានចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យ តាមរយៈការរៀបចំការបោះឆ្នោតបែបបង្គ្រប់កិច្ច កាលពីឆ្នាំ២០១៨ ដើម្បីប្រមូលអាសនៈសភាទាំងស្រុងឱ្យគណបក្សប្រជាជនកម្ពុជា។ ដោយសារតែបែបនេះ ប្រទេសលោកសេរីរួមមានអាមេរិក និងសហភាពអឺរ៉ុបជាដើម ក៏បានផ្ដាច់ជំនួយទាំងអស់លែងផ្ដល់ឲ្យ គ.ជ.ប ទៀតដែរ។
បច្ចុប្បន្ន គណបក្សនយោបាយមួយចំនួន និងសង្គមស៊ីវិលផ្នែកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ជំរុញឲ្យរដ្ឋសភាឯកបក្សធ្វើកំណែទម្រង់ស្ថាប័នបោះឆ្នោត ធ្វើយ៉ាងណាឱ្យដំណើរការរៀបចំការបោះឆ្នោតនាពេលខាងមុខអាចប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។