មេ​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ​ហែ​ក្បួន​ឃោសនា​នៅ​កំពង់ចាម

ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា បាន​ដឹក​នាំ​ក្បួន​ដង្ហែ​ឃោសនា​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​រាជធានី ក្រុង ស្រុក ខណ្ឌ នៅ​ថ្ងៃ​ចុង​ក្រោយ​នៅ​ខេត្ត​កំពង់ចាម ដែល​មាន​មនុស្ស​ជាង ១​ម៉ឺន​នាក់​ចូល​រួម។

ការ​ហែ​ក្បួន​នោះ​មិន​មាន​ការ​រារាំង​ណា​មួយ​កើត​ឡើង​ឡើយ។ លើស​ពី​នេះ អាជ្ញាធរ​ខេត្ត​ទាំងអស់​ហាក់​មាន​ការ​សហការ​យ៉ាង​ល្អ​ក្នុង​ការ​សម្រួល​ដល់​ដំណើរ​ការ​នៃ​ក្បួន​ឃោសនា​ទៀត​ផង។ ការ​ហែ​ក្បួន និង​ការ​ជួប​ជុំ​អ្នក​គាំទ្រ​បក្ស​របស់​ខ្លួន មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ទាំង​ពីរ​ក៏​បាន​ថ្លែង​សារ​នយោបាយ​ដូច​សព្វ​មួយ​ដង ទាក់ទង​នឹង​បញ្ហា​ពុក​រលួយ បក្ខពួក​និយម ការ​កាន់​អំណាច​ផ្តាច់​ការ​របស់​មេ​ដឹក​នាំ​បច្ចុប្បន្ន ការ​បម្រើ​គោល​នយោបាយ​ឱ្យ​អ្នក​មាន​អំណាច ការ​បម្រើ​គោល​នយោបាយ​ឱ្យ​បរទេស ដោយ​មិន​បាន​គិតគូរ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ជា​ធំ ជាដើម។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​តែ​ជឿជាក់​ថា ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ បក្ស​សង្គ្រោះ​ជាតិ នឹង​ដឹក​នាំ​រដ្ឋាភិបាល ជាពិសេស​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ដែល​ប្រទេស​កុម្មុយនីស្ត​ធំៗ​ពីរ ពោល គឺ​ប្រទេស​វៀតណាម និង​ប្រទេស​ចិន កំពុង​តែ​មាន​ជម្លោះ​នឹង​គ្នា​នោះ ដែល​អាច​ធ្វើ​ឱ្យ​អំណាច​របស់​បក្ស​ប្រជាជន នឹង​អាច​រង្គោះរង្គើ​ក្នុង​ពេល​ឆាប់ៗ៖ «ដើម្បី​បញ្ចប់​នូវ​ជម្លោះ​ខ្មែរ​និង​ខ្មែរ ដើម្បី​បញ្ចប់​ការ​បង្ហូរ​ឈាម​ខ្មែរ​និង​ខ្មែរ ហើយ​ដើម្បី​ឱ្យ​ខ្មែរ​ចេះ​រួប​រួម​គ្នា កសាង​ប្រទេស​ទាំងអស់​គ្នា។ ហើយ​សភាពការណ៍​បច្ចុប្បន្ន​នេះ​ល្អ​ណាស់​បង​ប្អូន ទាំង​នយោបាយ​អន្តរជាតិ និង​នយោបាយ​ជាតិ។ នយោបាយ​អន្តរជាតិ ប្រទេស​កុម្មុយនីស្ត​ដែល​ក្បែរៗ​យើង​ទាំងអស់​នេះ កំពុង​តែ​ហែកហួរ​គ្នា​ហើយ។ ដូច្នេះ គ្មាន​នរណា​មាន​ពេល​មក​ជួយ ហ៊ុន សែន ទៀត​ទេ​បង​ប្អូន។ ជយោ! សង្គ្រោះ​ជាតិ យើង»

ក្បួន​ដង្ហែ​ចេញ​ពី​ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ មក​ជួប​ជុំ​គ្នា​នៅ​មាត់​ទន្លេ បន្ទាប់​មក​ក៏​ហែ​សំដៅ​មក​ផ្សារ​ក្រុង​កំពង់ចាម។ ក្បួន​ដង្ហែ​ត្រូវ​បាន​រំសាយ បន្ទាប់​ពី​មេ​បក្ស​ទាំង​ពីរ​បាន​ចូល​ជួប​អាជីវករ​ក្នុង​ផ្សារ​កំពង់ចាម ចប់​នៅ​ម៉ោង​ប្រមាណ ១២​ថ្ងៃ​ត្រង់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។