ក្រុមប្រឹក្សាឃុំ-សង្កាត់របស់បក្សប្រឆាំង បារម្ភបាត់បង់សិទ្ធិឈរឈ្មោះបោះឆ្នោតខាងមុខ ដោយសារសាលក្រមផ្ដន្ទាទោសទាំងអយុត្តិធម៌របស់តុលាការរបបលោក ហ៊ុន សែន។ ពួកគាត់បន្តថា អ្វីដែលគួរឱ្យសោកស្ដាយបំផុតនោះ គឺការបាត់បង់ឱកាសបញ្ចេញសមត្ថភាព និងចូលរួមជួយអភិវឌ្ឍសង្គម។ សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាល ផ្តល់សិទ្ធិនយោបាយដល់អ្នកនយោបាយបក្សប្រឆាំងឡើងវិញ ដើម្បីផ្តល់ឱកាសដល់ពួកគាត់ ចូលរួមបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ខាងមុខនេះ។
ក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតមួយចំនួនរបស់គណបក្សសង្គ្រោះជាតិសោកស្តាយ ដែលពួកគាត់បាត់បង់ឱកាសចូលរួមកសាង និងអភិវឌ្ឍសង្គម ដោយសារតែតុលាការរបបលោក ហ៊ុន សែន។
សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ កាលពីឆ្នាំ២០១៧ អ្នកស្រី យ៉ែម វណ្ណណែត ឱ្យដឹងថា កន្លងមកតុលាការខេត្តត្បូងឃ្មុំ បានប្រកាសសាលក្រមផ្តន្ទាទោសអ្នកស្រីរយៈពេល ៧ឆ្នាំ និងចេញដីកាចាប់ខ្លួនទៀតផង ដោយសាររក្សាជំហរគាំទ្រថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។ អ្នកស្រីចាត់ទុកសេចក្តីសម្រេចនោះជារឿងអយុត្តិធម៌ ដែលមានបំណងរារំាងសកម្មភាពនយោបាយអ្នកស្រី និងក្រុមប្រឹក្សាឃុំសង្កាត់គណបក្សប្រឆាំង ជាពិសេស ការចូលរួមឈរឈ្មោះបេក្ខជនបោះឆ្នោតខាងមុខនេះ។ អ្នកស្រីបញ្ជាក់ថា ចាប់តាំងពីគណបក្សកាន់អំណាចដកហូតអាសនៈក្រុមប្រឹក្សាឃុំសង្កាត់យកដឹកនាំតែឯងមក បានប៉ះពាល់ដល់សិទ្ធម្ចាស់ឆ្នោត គណនេយ្យភាពសង្គម និងការអភិវឌ្ឍនៅមូលដ្ឋានតាមបែបប្រជាធិបតេយ្យ៖ «ចា៎ វាគឺជារឿងរារាំងទប់ស្កាត់អ្នកដែលធ្វើការយ៉ាងសកម្ម ដើម្បីជួយទៅដល់ប្រជាពលរដ្ឋ។ យើងឃើញថា អ្នកដែលជាបេក្ខជនដែលគេកាត់ទោសឱ្យជាប់ ៧ឆ្នាំជាមួយខ្ញុំហ្នឹង សុទ្ធតែអ្នកមានតំណែងក្នុងក្រុមប្រឹក្សាសង្កាត់ ក្រុមប្រឹក្សាក្រុង សុទ្ធតែអ្នកនៅផ្ទាល់ជាមួយប្រជាពលរដ្ឋ។ អ៊ីចឹងហើយ ការកាត់ទោសបែបហ្នឹង គឺជាការបង្អាក់មិនឱ្យពួកខ្ញុំធ្វើសកម្មភាព ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ»។
ស្រដៀងគ្នានេះដែរ ជំទប់ទី២ ជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិនៅឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប លោក ឈុន វាន លើកឡើងថា កាលពីខែមីនា តុលាការខេត្តសៀមរាប បានផ្តន្ទាទោសលោកដាក់ពន្ធនាគាររយៈពេល ៥ឆ្នាំ និងចេញដីកាតាមចាប់ខ្លួន ដែលលោកយល់ថា ការសម្រេចនេះបានរារាំងសិទ្ធិ និងសកម្មភាពរបស់លោកក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតដោយស្មើភាព តម្លាភាព ស្របតាមរដ្ឋធម្មនុញ្ញនោះទេ។ លោកថា អវត្តមានបេក្ខជនបក្សប្រឆាំងឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់២០២២ ខាងមុខនេះ គឺជាការបិទសិទ្ធិពលរដ្ឋដើម្បីជ្រើសតំណាងរបស់ខ្លួនស្របតាមច្បាប់។ សកម្មជនបក្សប្រឆាំងរូបនេះថា របបលោក ហ៊ុន សែន តែងតែប្រើប្រាស់ប្រព័ន្ធតុលាការនេះ ដើម្បីធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋដែលស្រឡាញ់យុត្តិធម៌ និងការពារប្រជាធិបតេយ្យ៖ «កាល ណាមានតែម្ខាង ឬមានតែគណបក្សមួយអ៊ីចឹង អត់មានគណបក្សមួយទៀត ដែលជាដៃគូប្រកួតប្រជែងដ៏សំខាន់ ហើយពិសេស គឺរូបខ្ញុំដែលធ្លាប់តែប្រកួតប្រជែងជាមួយគណបក្សប្រជាជននៅមូលដ្ឋានយ៉ាងសកម្មហ្នឹងធ្វើឱ្យខ្ញុំបាត់បង់សិទ្ធិសេរីភាពក្នុងការចូលរួមការប្រកួតប្រជែងបែបនេះ វាប៉ះពាល់ដល់ការអភិវឌ្ឍនៅមូលដ្ឋាន ក៏ដូចការអភិវឌ្ឍសង្គម ដើម្បីឱ្យមានការរីកចម្រើន»។
មេឃុំជាប់ឆ្នោតមួយរូបទៀតនៅឃុំឈើខ្មៅ ស្រុកស្អាង ខេត្តកណ្តាល កាលពីឆ្នាំ២០១៧ លោក ផុន សុភា និយាយថា បើទោះបីតុលាការខេត្តកណ្តាលសម្រេចផ្តន្ទាទោសរូបលោក ៥ឆ្នាំ ដោយព្យួរទោសក៏ដោយ តែលោកបន្តសកម្មភាពជួយសង្គម និងការពារផលប្រយោជន៍ពលរដ្ឋដដែល ហើយលោកសង្ឃឹមថា នឹងអាចឈរបេក្ខជនបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ ប្រសិនបើស្ថានភាពនយោបាយល្អប្រសើរ។ លោកស្នើដល់រដ្ឋាភិបាលឱ្យស្តារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ ដើម្បីឲ្យអ្នកនយោបាយគ្រប់ភាគី ចូលរួមប្រកួតប្រជែងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៖ «ខ្ញុំគិតថា ស្ថានភាពនយោបាយពេលនេះ គឺមានការរឹតត្បិតខ្លាំង សូម្បីតែអ្នកជាប់បំរាមមួយចំនួនដែលច្បាប់ឱ្យគាត់សុំសិទ្ធិបានហើយ អ្នកខ្លះសុំបាន អ្នកខ្លះសុំមិនបាន ហើយសកម្មភាពមួយចំនួនអ្នកខ្លះធ្វើបាន អ្នកខ្លះធ្វើមិនបាន។ អ៊ីចឹងការរឹតត្បិតសកម្មភាពនយោបាយ គឺខ្លាំងណាស់ អ៊ីចឹងហើយ ខ្ញុំចង់ឱ្យមានលំហប្រជាធិបតេយ្យនយោបាយឡើងវិញ ដើម្បីឱ្យការបោះឆ្នោតហ្នឹងឱ្យប្រជាពលរដ្ឋ និងអន្តរជាតិជឿទុកចិត្តបាន»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ត និងអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៨ ខែកក្កដា។
របបលោក ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្តាលប្រទេស កាលពីចុងឆ្នាំ២០១៧ រួចរៀបចំការបោះឆ្នោតដោយប្រមូលយកអាសនៈសភាទាំងស្រុងមកកាន់កាប់តែម្នាក់ឯង។ របបនេះបានបំបិទសិទ្ធិថ្នាក់ដឹកនាំគណបក្សប្រឆាំងចំនួន១១៨ នាក់ មិនឱ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ និងដកហូតយកអាសនៈពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិរបស់បក្សសង្គ្រោះជាតិទៅចែកគ្នាកាន់កាប់។ មកដល់ពេលនេះ សកម្មជនបក្សប្រឆាំងជាច្រើននាក់ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ទៅ ៧ឆ្នាំ ក្រោមបទចោទ រួមគំនិតក្បត់ ហើយថ្នាក់នាំ និងសកម្មជនជាច្រើនរូបទៀត កំពុងជាប់បណ្តឹងនៅតុលាការក្រោមបទចោទ ញុះញង់ និងរួមគំនិតក្បត់ ក្នុងនោះមួយចំនួនកំពុងជាប់ឃុំក្នុងពន្ធនាគារ និងខ្លះទៀតរត់ភៀសខ្លួនជាដើម។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត និកហ្វិច (NICFEC) លោក សំ គន្ធាមី លើកឡើងថា តាមច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់គណបក្សប្រឆាំងដែលជាប់បណ្តឹងនៅតុលាការ និងហាមសិទ្ធិធ្វើនយោបាយ មិនអាចឈរឈ្មោះបោះឆ្នោតនោះទេ។ លោកចាត់ទុកករណីនេះថា ជាការប៉ះពាល់ដល់សិទ្ធិពលរដ្ឋដែលមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ដែលមានចែងក្នុងច្បាប់បោះឆ្នោត៖ «ពលរដ្ឋអត់មានសិទ្ធិធ្វើនយោបាយឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យចឹងអត់បានធានាពេញលេញការអនុវត្តន៍សិទ្ធិ។ អ៊ីចឹងពួកគាត់ ពិសេស ខាងរដ្ឋាភិបាលត្រូវរៀបចំដោះស្រាយពួកគាត់រួចផុតពីបណ្តឹងហើយឈរឈ្មោះ»។
ជាមួយគ្នានេះដែរ មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខមហ្វ្រែល (Comfrel) លោក កន សាវាង្ស សង្កេតឃើញថា សង្គមស៊ីវិលព្រួយបារម្ភពីការធ្លាក់ចុះនូវសិទ្ធិឈរឈ្មោះបោះឆ្នោតនិងបរិយាកាសនយោបាយដោយសារសមាជិកគណបក្សប្រឆាំងជាច្រើន ត្រូវបានចោទតាមប្រព័ន្ធតុលាការ។ លោកយល់ថាករណីនេះ គួរត្រូវដោះស្រាយតាមផ្លូវនយោបាយ ដោយលើកលែងការចោទប្រកាន់ដើម្បីពួកគាត់ចូលរួមក្នុងជីវភាពនយោបាយឡើងវិញ។ លោក បញ្ជាក់ថា គោលការណ៍បោះឆ្នោត គឺនិយាយពីបរិយាកាសដោយសេរីដែលចូលរួមពីគណបក្សនយោបាយ សង្គមស៊ីវិល ដោយមិនមានការរារាំងនិងភ័យខ្លាចចំពោះការប្រកួតប្រជែងដើម្បីធានាគោលការណ៍សេរី និងយុត្តិធម៌៖ «ដោយសារតែយើងមើលឃើញស្ថានភាពដែលទាក់ទងចំណុចទាំងប្រាំមួយដូចជារឿងបរិយាកាសនយោបាយ រឿងច្បាប់ លំហរសង្គមស៊ីវិល រឿងសិទ្ធិ រឿងឆន្ទៈប្រជាពលរដ្ឋផ្សេងៗ អាហ្នឹងគឺជាអ្វីដែលយើងមានការបារម្ភ មើលឃើញថាវាធ្វើឱ្យដំណើរការនៃការចូលរួមអីផ្សេងៗវាមិនបានទូលំទូលាយទេ ចឹងហើយលំហរហ្នឹងវាអត់ពេញលេញហ្នឹងហើយ ដែលសង្គមស៊ីវិលយើងតែងតែមានបំណងមួយធ្វើមិចឱ្យមានការស្តារឡើងវិញ»។
កាលពីពេលថ្មីៗ នេះ ក្រុមអង្គការសង្គមស៊ីវិលចំនួន៦៤ រួមគ្នាទាមទារឱ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធានាឱ្យបាននូវលក្ខខណ្ឌអប្បបរមា ៦ចំណុចដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។ ក្នុងនោះរួមមានការបង្កើតបរិយាកាសនយោបាយសេរី ធានាសិទ្ធិនយោបាយ និងសិទ្ធិឈរឈ្មោះបោះឆ្នោត ដែលផ្តោតលើការដោះលែងអ្នកជាប់ឃុំដោយសារអនុវត្តន៍សិទ្ធិនយោបាយ និងផ្ដល់សិទ្ធិឱ្យគ្រប់គណបក្សនយោបាយបានដំណើរការនយោបាយឡើងវិញ។ មួយទៀត គឺការធានាឆន្ទៈអ្នកបោះឆ្នោត ដែលសំដៅដល់ការស្នើវិសោធនកម្មច្បាប់គណបក្សនយោបាយ និងច្បាប់បោះឆ្នោត បញ្ឈប់ការដកហូតអសានៈអ្នកតំណាងជាប់ឆ្នោត ដោយសារការរម្លាយគណបក្សនយោបាយជាដើម។ ជាមួយគ្នានេះ ត្រូវធានាឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប ដែលអាចជឿទុកចិត្តបានដោយរក្សាសមាសភាពមកពីភាគីពាក់ព័ន្ធ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺ ៤រូបមកពីបក្សកាន់អំណាច ៤រូបទៀតមកពីបក្សគ្មានអាសនៈក្នុងសភា និង ១រូបពីខាងសង្គមស៊ីវិលជាដើម។ បន្ថែមពីនេះ គឺត្រូវធានាឯករាជ្យភាព និងអព្យាក្រឹតរបស់កងកម្លាំងប្រដាប់អាវុធ និងតុលាការ។ រីឯចំណុចចុងក្រោយ គឺធានាឱ្យក្រុមអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អាចអនុវត្តតួនាទីពួកគេដោយសេរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។