មន្ត្រី​បក្ស​ប្រឆាំង​ថា សុន្ទរកថា​លោក ហ៊ុន សែន នៅ​អ.ស.ប​រឹតតែ​បង្ហាញ​ពី​ភាព​គ្រោះថ្នាក់​នៃ​របប​ផ្ដាច់ការ

0:00 / 0:00

មន្ត្រី​បក្ស​ប្រឆាំង​ថា សុន្ទរកថា​លោក ហ៊ុន សែន នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស រឹតតែ​បង្ហាញ​អំពី​ភាព​គ្រោះថ្នាក់​នៃ​របប​ផ្ដាច់ការ ដែល​មិន​ប្រឹង​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ តែ​បែរជា​ប្រឹង​ការពារ​ការប្រព្រឹត្តិ​ខុស​របស់​ខ្លួន​ទៅ​វិញ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ថា​សុន្ទរកថា​លោក ហ៊ុន សែន នៅ​ចំពោះ​មុខ​ស្ថាប័ន​អង្គការ​សហប្រជាជាតិ និង​ទីតាំង​នៃ​ប្រទេស​ប្រជាធិបតេយ្យ​បែបនេះ គឺ​រឹតតែ​បង្ហាញ អំពី​ភាព​ពិសពុល​នៃ​របប​ផ្ដាច់ការ និង​មហិច្ឆិតាបន្ត​ក្រាញ​អំណាច​មិន​ស្របច្បាប់​របស់​លោក ហ៊ុន សែន។ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​អ្នកស្រី មូរ សុខហួរ ថា លោក ហ៊ុន សែន គ្មាន​ភាព​ខ្មាសអៀន​ចំពោះ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ដែល​រង​ការ​ថ្កោលទោស​ជុំ​ទិស​នោះ​ឡើយ ទើប​ធ្វើដំណើរ​ទៅ​ថ្លែង​សារ ការពារ​អំពើ​មិន​ត្រឹមត្រូវ​របស់​ខ្លួន​។ អ្នកស្រី មូរ សុខហួរ ថ្លែង​ក្នុង​ន័យ​ឌឺដង ចំពោះ​ភាព​ក្លាហាន​បែប​មិន​ចេះ​អៀនខ្មាស​នេះ ថា ជា​ចរិត​របស់​លោក ហ៊ុន សែន និង​មន្ត្រី​របប​ក្រុង​ភ្នំពេញ៖ «គាត់​ជា​ថ្នាក់ដឹកនាំ​មួយ​រូប​ដែល គេ​ចាត់ទុកថា​ជា​អ្នកដឹកនាំ​ក្នុងចំណោម​អ្នក​ផ្ដាច់ការ។ គាត់​បង្ហាញខ្លួន​ឱ្យ​គេ​ឃើញ​ថា គាត់​ជា​អ្នក​ផ្ដាច់ការ។ សូម​អរគុណ ហើយ​សូម​កោតសរសើរ ដល់​គាត់ ដែល​គាត់​ហ៊ាន​បង្ហាញខ្លួន ហើយ​ដាក់​សារ​ដ៏​សំខាន់ ដែល​ចេញ​មកពី​ប្រសាសន៍ ចេញ​មកពី​មាត់​ផ្ទាល់​របស់​គាត់ ថា គាត់​ហ៊ាន​បង្ក្រាប គាត់​អត់​មាន​បារម្ភ​ទេ នូវ​អ្វី​ដែល​ជា​សិទ្ធិមនុស្ស​សាកល គាត់​គ្មាន​ខ្វល់​ទេ ចំពោះ​គាត់​គឺ​អំណាច​របស់​គាត់ គឺជា​អាទិភាព​របស់​គាត់»។

ប្រតិកម្ម​របស់​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ ធ្វើ​ឡើង​ក្រោយ​នាយករដ្ឋមន្ត្រី​នៃ​របប​ឯកបក្ស​លោក ហ៊ុន សែន បាន​ថ្លែង​សារ​កម្រាស់ ៧​ទំព័រ ដែល​លោក​ប្រើ​ពេល​អាន​ប្រមាណ ២០​នាទី នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​លើក​ទី៤១ កាលពី​ថ្ងៃទី៤ ខែ​កក្កដា។

ខ្លឹមសារ​នៃ​សុន្ទរកថា​លើក​នេះ ក៏​ដូច​សុន្ទរកថា លើក​មុន​ៗ​របស់​លោក និង​ដូច​សេចក្ដី​ថ្លែងការណ៍ និង​សារ​នយោបាយ​របស់​មន្ត្រី​របប​ក្រុងភ្នំពេញ ដែល​លើក​អួត​សរសើរ​អំពី​ជោគជ័យ នៃ​ការបោះឆ្នោត ដែល​ផាត់​ចោល​គណបក្សប្រឆាំង។ លោក ហ៊ុន សែន ហៅ​ការបោះឆ្នោត​បែប​នោះ ថា​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ បើ​ទោះ​បី​ជា​សហគមន៍​អន្តរជាតិ ជាពិសេស​សហភាព​អឺរ៉ុប​ថ្កោលទោស និង​កំពុង​ចាត់វិធានការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ។ លោក ហ៊ុន សែន អួត​អំពី​ចំនួន​អង្គការ​សង្គម​ស៊ីវិល ដែល​មាន​ច្រើន​នៅ​កម្ពុជា ទោះបីជា​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ របប​លោក បាន​បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល និង​ធ្វើទុក្ខបុកម្នេញ​ដល់​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស ដោយ​ចាប់​ដាក់​ពន្ធនាគារ ដោយសារតែ​ការ​បំពេញ​កិច្ចការ​ប្រចាំថ្ងៃ​របស់​ខ្លួន។

ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន ថ្លែង​អួត​អំពី​សេរីភាព​សារព័ត៌មាន ដែល​ថា មាន​កាសែត ជាង ៥០០ (៥៥០) ច្រើន​ស្ថាប័ន ស្ថានីយ​វិទ្យុ​ជាង ២០០ (២១១) ស្ថានីយ​ទូរទស្សន៍​ជាង ២០ (២១) ជាដើម​។ ប៉ុន្តែ លោក​មិនបាន​លើកឡើង អំពី​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ប៉ុស្តិ៍​វិទ្យុ​ជាង ៣០ (៣២) នៅ​ទូទាំង​ប្រទេស ដែល​ផ្សាយ​បន្ត​ផ្ទាល់​សារព័ត៌មាន​ឯករាជ្យ​នោះ​ឡើយ។

លោក ហ៊ុន សែន អះអាង​ថា ប្រជាជន​កម្ពុជា មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ពី​គ្រប់​ប្រភព គ្រប់​ប្រភេទ និង​មាន​សិទ្ធិ​បញ្ចេញមតិ លើ​គ្រប់​ប្រធានបទ។ ប៉ុន្តែ លោក​មិនបាន​លើកឡើង ពី​ការ​បង្ក្រាប​អ្នក​ហ៊ាន​រិះគន់​របប​លោក​នោះ​ឡើយ ដែល​ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំនេះ ពលរដ្ឋ​ជាច្រើន​ត្រូវ​ជាប់​ពន្ធនាគារ ដោយសារ​ការ​បញ្ចេញ​មតិ​រិះគន់​របប​នេះ តាម​ហ្វេសប៊ុក។ អ្នកសារព័ត៌មាន​ត្រូវ​បាន​របប​នេះ ចាប់​ដាក់គុក​។ មន្ត្រី​បក្ស​ប្រឆាំង​ជាង ១៤០​នាក់ ត្រូវ​បាន​តុលាការ​កោះហៅ និង ប៉ូលិស​មូលដ្ឋាន​ហៅ​ទៅ​សាកសួរ ដោយសារតែ​ការ​ជួប​ជុំ​គ្នា​ហូប​នំ​បញ្ចុក និង ថ្លែង​សារ​គាំទ្រ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី។

លោក ហ៊ុន សែន ចាត់​ទុក​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សំឡេង​ប្រឆាំង​ថា ជា​ការ​គោរព​ច្បាប់ ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ។ ប៉ុន្តែ លោក​ចាត់​ទុក​ប្រទេស​ប្រជាធិបតេយ្យ ដែល​មិន​ពេញ​ចិត្តនឹង​ចំណាត់​ការ​បែបនេះ និង​ដែល​ទាមទារ​ឱ្យ​របប​លោក ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ​ថា ជា​អ្នក​យក​សិទ្ធិមនុស្ស មក​ធ្វើជា​ចំណាប់ខ្មាំង​ជាដើម។

អ្នកស្រី មូរ សុខហួរ ថា សារ​របស់​លោក ហ៊ុន សែន ក្នុងពេលដែល​សហភាព​អឺរ៉ុប កំពុង​ខិត​ជិត​ដល់ពេល​សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​បែបនេះ ពិតជា​គ្រោះថ្នាក់​កាន់តែ​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល។ អ្នកស្រី​អំពាវនាវ​ពលរដ្ឋ​ខ្មែរ បន្ត​តស៊ូ​ជាមួយ​គណបក្សប្រឆាំង ដើម្បី​ផ្លាស់ប្ដូរ​មេដឹកនាំ និង​របប​ដឹកនាំ​បែប​ផ្ដាច់ការ​ដូច​បច្ចុប្បន្ន​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។