បក្ស​ប្រឆាំង​នឹង​រៀបចំ​វេទិកា​ជួប​ពលរដ្ឋ​គ្រប់​ឃុំ-សង្កាត់​ដើម្បី​ប្រមូល​បញ្ហា​យក​ទៅ​ដោះស្រាយ

0:00 / 0:00

គណបក្ស​ប្រឆាំង​បាន​ដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ គឺ​រៀបចំ​ឲ្យ​មាន​វេទិកា​សាធារណៈ​ជួប​ជាមួយ​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស នៅ​ពេល​មេ​ឃុំ​ចៅ​សង្កាត់ និង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​របស់​បក្ស​ប្រឆាំង​ចូល​កាន់​តំណែង​រួច។ យុទ្ធសាស្ត្រ​នយោបាយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ នឹង​អនុវត្ត​ក្រោយ​ពេល​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ត្រូវ​បាន​ផ្ដល់​សុពលភាព​តាម​ផ្លូវ​ច្បាប់​ហើយ​នេះ អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា នឹង​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​កាន់​តែ​មាន​ភាព​ទាក់ទាញ​ពី​អ្នក​គាំទ្រ​មួយ​កម្រិត​ថែម​ទៀត។

ថ្វីត្បិតតែ​កម្មវិធី​នយោបាយ​ដែល​បក្ស​ប្រឆាំង​បាន​គ្រោង​រួច​ហើយ ហើយ​នៅ​មិន​ទាន់​បាន​ចាប់​ផ្ដើម​អនុវត្ត​នៅ​ឡើយ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​របស់​បក្ស​ប្រឆាំង​ដែល​ជា​ដៃគូ​ប្រកួត​ប្រជែង​ដ៏​ស្វិតស្វាញ​ជាមួយ​បក្ស​កាន់​អំណាច មាន​ជំនឿ​ថា កម្មវិធី​នយោបាយ​ដែល​បាន​ព្រាង​ទុក​ហើយ​នេះ គឺ​ជា​យុទ្ធសាស្ត្រ​ស្លាប់​រស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ថ្លែង​ក្រោយ​បញ្ចប់​ជំនួប​ជាមួយ​មេ​ឃុំ​ចៅ​សង្កាត់ និង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ទាំង ៥​ខណ្ឌ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មិថុនា អនុប្រធាន​ក្រុម​ការងារ​រាជធានី​ភ្នំពេញ គឺ​លោក សួន រីដា ឲ្យ​ដឹង​ថា វេទិកា​សាធារណៈ​ជួប​ជាមួយ​ពលរដ្ឋ​នេះ នឹង​ចាប់​អនុវត្ត​ក្រោយ​មេ​ឃុំ​ចៅ​សង្កាត់ ព្រម​ទាំង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ចូល​កាន់​តំណែង​ជា​ផ្លូវការ​រួច។ លោក​បន្ត​ថា វេទិកា​នេះ​ដែល​បាន​ចែង​លម្អិត​នៅ​ក្នុង​កម្មវិធី​នយោបាយ​របស់​បក្ស​ប្រឆាំង គឺ​ដើម្បី​ប្រមូល​បញ្ហា​នៅ​ក្នុង​ឃុំ-សង្កាត់ និង​ពី​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់ ដើម្បី​យក​ទៅ​ដោះស្រាយ។ លោក​បន្ត​ថា «វេទិកា​នេះ​គឺ​សំខាន់​ដើម្បី​ឲ្យ​ពលរដ្ឋ​សម្ដែង​នូវ​កង្វល់ សម្ដែង​នូវ​បញ្ហា សម្ដែង​សំណូមពរ​ដែល​ប្រជាពលរដ្ឋ​ចង់​បាន ហើយ​យើង​នឹង​ប្រមូល​សំណូមពរ ព្រម​ទាំង​កង្វល់​ទាំងនេះ​យក​មក​ពិនិត្យ ហើយ​និង​ដោះស្រាយ​ទៅ​តាម​លទ្ធភាព​ដែល​យើង​បំពេញ​តួនាទី​ជា​ចៅ​សង្កាត់»។

អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​យល់​ឃើញ​ថា វេទិកា​សាធារណៈ​របស់​បក្ស​ប្រឆាំង​នេះ ថ្វីត្បិតតែ​មិន​ដាក់​ថា​ជា​សមាជ​ជាតិ ប៉ុន្តែ​ទម្រង់​នៃ​ការ​អនុវត្ត គឺ​មិន​ខុស​គ្នា​ទៅ​នឹង​ទម្រង់​នៃ​សមាជ​ជាតិ​ប៉ុន្មាន​នោះ​ដែរ។ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច ត្រូវ​គេ​មើល​ឃើញ​ថា ហាក់​មិន​បាន​អនុវត្ត​រឿង​សមាជ​ជាតិ​នេះ​ទេ ថ្វីត្បិតតែ​មាន​បញ្ញត្តិ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​ហើយ​ក៏ដោយ​ចុះ។

មាត្រា​១៤៧​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា សមាជ​ជាតិ​បើក​ឲ្យ​ពលរដ្ឋ​ជ្រាប​ដោយ​ផ្ទាល់​អំពី​កិច្ចការ​ផ្សេងៗ​ដែល​ជា​ប្រយោជន៍​ជាតិ និង​លើក​ពី​បញ្ហា ហើយ​សំណូមពរ​ជូន​រដ្ឋ​អំណាច​ដោះស្រាយ។ សមាជ​ជាតិ​នេះ គឺ​ប្រជុំ​មួយ​ដង​ក្នុង​មួយ​ឆ្នាំ​នៅ​ដើម​ខែ​ធ្នូ តាម​ការ​កោះ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី។ សមាជ​ជាតិ​នេះ ប្រព្រឹត្ត​ទៅ​ក្រោម​ព្រះរាជ​ធិបតី​ភាព​របស់​ព្រះមហាក្សត្រ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ឃើញ​ថា រដ្ឋាភិបាល​ហាក់​មិន​បាន​គាំទ្រ​ឲ្យ​មាន​សមាជ​ជាតិ​ទេ​ក្នុង​រយៈពេល ៣០​ឆ្នាំ​កន្លង​ទៅ​នេះ។ លោក​បន្ត​ថា សមាជ​ជាតិ គឺ​មាន​សារសំខាន់​ណាស់​ដែល​អាច​ជួយ​ឲ្យ​រដ្ឋាភិបាល​ដើរ​លើ​ផ្លូវ​ត្រូវ តាម​រយៈ​ការ​ទទួល​យក​បញ្ហា​មក​ដោះស្រាយ។

យ៉ាង​នេះ​ក្តី​លោក សុខ ឥសាន ថ្លែង​ការពារ​ថា មក​ដល់​ពេល​នេះ​គេ​ពិត​ជា​ពិបាក​រៀបចំ​ឲ្យ​មាន​សមាជ​ជាតិ​ណាស់ ព្រោះ​ថា​សព្វថ្ងៃ​មាន​គណបក្ស​នយោបាយ​ច្រើន មិន​ដូច​កាល​ពី​សម័យ​សង្គម​រាស្ត្រ​និយម​ដែល​មាន​បក្ស​នយោបាយ​តែ​មួយ​នោះ​ទេ។

បើ​ទោះ​ជា​បែប​ណា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ក្នុង​អាណត្តិ​ទី​៤ នេះ អ្នក​គាំទ្រ​បក្ស​កាន់​អំណាច​បាន​រិះគន់​ថា បេក្ខភាព​មេ​ឃុំ​ចៅ​សង្កាត់​របស់​បក្ស​ប្រឆាំង​ដែល​ជាប់​ឆ្នោត សុទ្ធតែ​អ្នក​ទទួល​បាន​ការ​អប់រំ​តិចតួច និង​មាន​មុខ​របរ​មិន​ថ្លៃថ្នូរ។

បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ សង្កាត់​បឹងទំពុនទី១ រាជធានី​ភ្នំពេញ លោក ឃឿន ប៊ុនធឿន ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៧។
បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ សង្កាត់​បឹងទំពុនទី១ រាជធានី​ភ្នំពេញ លោក ឃឿន ប៊ុនធឿន ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៧។ (RFA/Morm Moniroth)

ឆ្លើយតប​ចំពោះ​ការ​រិះគន់​នេះ បេក្ខជន​ក្រុម​ប្រឹក្សា​របស់​បក្ស​ប្រឆាំង​នៅ​សង្កាត់​បឹងទំពុនទី១ គឺ​លោក ឃឿន ប៊ុនធឿន យល់​ឃើញ​ថា ការ​ពេបជ្រាយ​បែប​នេះ​ពី​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា វា​ពិត​ជា​ពិបាក​ទទួល​យក​ណាស់។ លោក ឃឿន ប៊ុនធឿន ដែល​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​សេដ្ឋកិច្ច និង​ទំនាក់ទំនង​អន្តរជាតិ បញ្ជាក់​ថា អ្នក​ដែល​ទទួល​បាន​ការ​គាំទ្រ​ឲ្យ​ដឹកនាំ​នៅ​ក្នុង​ឃុំ-សង្កាត់ ក្រៅ​ពី​មាន​សមត្ថភាព​ហើយ និង​ធ្វើ​អ្វី​ដែល​ថ្មី មិន​ពុក​រលួយ​ដូច​មេ​ឃុំ ឬ​ចៅ​សង្កាត់​ក្នុង​អាណត្តិ​មុនៗ​នោះ​ទេ។ លោក​បន្ត​ថា «គណបក្ស​សង្គ្រោះ​ជាតិ គឺ​មាន​សមត្ថភាព​គ្រប់គ្រាន់​នឹង​ទៅ​បម្រើ​ប្រជាពលរដ្ឋ​បាន​ទាំងអស់ មិន​រើសអើង​នយោបាយ និង​មិន​ប្រកាន់​បក្ខពួក​ដាច់ខាត»។

ទាក់ទិន​រឿង​នេះ​ដែរ លោក អេង ឆៃអ៊ាង ដែល​ជា​អនុប្រធាន​គណបក្ស​ប្រឆាំង ចាត់​ទុក​ការ​រិះគន់​នេះ​ថា គឺ​ជា​ការ​រុញ​ខ្លួន​ឯង​ឲ្យ​ធ្លាក់​ទឹក​ទៅ​វិញ​ទេ។ លោក​បន្ត​ថា គ្រប់​សមាសភាព​ដឹកនាំ​នៅ​ក្នុង​ឃុំ-សង្កាត់ មិន​គិត​ថា​ទាល់​តែ​បាន​បណ្ឌិត ទើប​អាច​ធ្វើ​ការ​បាន​នោះ​ឡើយ។ ជាង​នេះ​ទៀត នយោបាយ​រើសអើង​ដូចនេះ នឹង​បង្កើត​ឲ្យ​មាន​វណ្ណៈ​សង្គម និង​ពណ៌​សម្បុរ​កាន់​តែ​ខ្លាំង​នៅ​ក្នុង​សង្គម។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​ថា គណបក្ស​កាន់​អំណាច​មិន​បាន​តម្រូវ​ឲ្យ​អ្នក​គាំទ្រ​បក្ស និយាយ​រឿង​មិន​គប្បី​ទៅ​លើ​សមត្ថភាព​របស់​បេក្ខភាព​របស់​បក្ស​ប្រឆាំង​នោះ​ទេ។ លោក​បន្ត​ថា ការ​រិះគន់ ឬ​ការ​ពេបជ្រាយ គឺ​ពុំ​បាន​ឆ្លុះ​បញ្ចាំង​ពី​គោល​ជំហរ​របស់​គណបក្ស​ឡើយ។ លោក​បន្ត​ថា «ទេ​ជា​ទស្សនៈ​ឯកជន​ទេ។ គោលការណ៍​របស់​គណបក្ស​គ្មាន​គោលការណ៍​បែប​ហ្នឹង​ទេ។ យើង​មិន​បាន​វាយ​តម្លៃ​មនុស្ស​ដោយ​គ្មាន​ការ​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​ទេ»។

តួលេខ​បឋម​នៃ​បន្ទប់​ស្ថានការណ៍​ដែល​ជា​បណ្ដុំ​នៃ​សង្គម​ស៊ីវិល បង្ហាញ​ថា លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​អាណត្តិ​ទី​៤ ដែល​មិន​ទាន់​ផ្លូវការ គឺ​បក្ស​កាន់​អំណាច​ទទួល​បាន​សំឡេង​គាំទ្រ ៤៨% ខណៈ​បក្ស​ប្រឆាំង​ទទួល​បាន​សំឡេង​គាំទ្រ ៤៥% នៃ​ចំនួន​សន្លឹកឆ្នោត​បាន​ការ​សរុប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។