មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងដែលកំពុងរត់ភៀសខ្លួន ជំរុញឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលនិវត្តន៍ ប្រសិនបើបុរសខ្លាំងរូបនេះមិនចង់ឱ្យគេរិះគន់ខ្លួនទេនោះ។ ការលើកឡើងរបស់មន្ត្រីបក្សប្រឆាំងនេះ ធ្វើឡើងក្រោយពេលលោក ហ៊ុន សែន អះអាងថា អ្នកខ្លះជាប់ពន្ធនាគារ និងរត់ចោលស្រុក គឺដោយសារតែពួកគេរិះគន់លោកមិនសមហេតុផល។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ ដែលរស់នៅភៀសខ្លួននៅក្រៅប្រទេស លោក ម៉ន ផល្លា ប្រតិកម្មថា ប្រសាសន៍របស់លោក ហ៊ុន សែន នៅពេលនេះបង្ហាញថា លោកគឺជាអ្នកនៅពីក្រោយខ្នងការធ្វើទុក្ខបុកម្នេញគ្រប់បែបយ៉ាងលើមន្ត្រី និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ ម្យ៉ាងវិញទៀត លោកថា រឿងនេះសបញ្ជាក់ឱ្យឃើញថា ការចាប់ខ្លួន និងចោទប្រកាន់សកម្មជនគណបក្សសង្គ្រោះជាតិនាពេលកន្លងទៅនោះ មិនមែនជាការអនុវត្តតាមច្បាប់ ដូចការប្រកាសក្តែងៗ របស់អាជ្ញាធរនោះឡើយ ប៉ុន្តែជាការអនុវត្តតាមបញ្ជារបស់លោក ហ៊ុន សែន៖« គាត់មានការព្រួយបារម្ភខ្លាចគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ដូច្នេះហើយគាត់មានតែសកម្មភាព មានតែវិធានការ ដើម្បីបន្តធ្វើទុក្ខបុកម្នេញ គំរាមកំហែង បំភិតបំភ័យមកលើសកម្មជនគណបក្សសង្គ្រោះជាតិនៅទូទាំងប្រទេស ហើយម្ដងណាក៏គាត់ប្រើទស្សនៈប្រមាថ ហិង្សាមកលើប្រជាពលរដ្ឋដោយគ្មានការទទួលខុសត្រូវ » ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះបញ្ចេញប្រតិកម្មភ្លាមៗ ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅព្រឹកថ្ងៃទី២ មីនាថា មូលហេតុដែលធ្វើឱ្យមន្ត្រីបក្សប្រឆាំងជាប់ពន្ធនាគារ និងរត់ចោលស្រុក គឺដោយសារតែពួកគេរិះគន់លោក។
នៅចំពោះមុខក្រុមនិស្សិតបញ្ចប់ការសិក្សាជាង១ ពាន់នាក់ រួមមានទាំងព្រះសង្ឃផង លោក ហ៊ុន សែន បានថ្លែងដោយសម្ដីអសុរោះអាមឹងថា មនុស្សមួយចំនួន មិនដែលមើលឃើញពីចំណុចល្អក្រោមការដឹកនាំរបស់លោកឡើយ ហើយពួកគេតែងជេរស្ដីនៅពេលមានកំហុសអ្វីមួយកើតឡើង។ ដូច្នេះលោកថា ក្រុមអ្នកទាំងនេះសមនឹងជាប់ពន្ធនាគារ និងរត់ចោលស្រុកបែបនេះឯង៖« ម៉េចក៏ពួកឯងថា អញជូនសាររាល់ថ្ងៃ ? បើកម្មវិធីអញ វាអ៊ីចឹង។ បើឯងភ្លើណាស់ ឯងទៅងាប់ឯណា ងាប់ទៅ។ ប៉ុន្តែដោយសារពួកឯងអ៊ីចឹងហើយ បានជាពួកឯងរត់ចោលស្រុក ឯងជឿអញចុះ។ ដោយសារតែអ៊ីចឹងហើយបានជាអាខ្លះជាប់គុក អាខ្លះរត់ចោលស្រុកនោះ។ បើទោះបីយើងធ្វើត្រូវប៉ុនណា រាប់ទាំងកីឡាករ - កីឡាការិនីរបស់យើងបានទទួលមេដាយមាស វាមិនដែលចេះអរមួយម៉ាត់ ហើយតែមានរឿងអ្វីខុសតែបន្តិច អានេះជេរបញ្ចោរពេញទឹកពេញដី » ។
ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ម៉ន ផល្លា ច្រានចោលការលើកឡើងបែបនេះរបស់លោក ហ៊ុន សែន។ លោកចាត់ទុកថា នេះគឺលេសដែលលោក ហ៊ុន សែន បង្កើតឡើង ដើម្បីបន្តដាក់បន្ទុក និងចោទប្រកាន់លើសកម្មជនគណបក្សសង្គ្រោះជាតិ បន្ទាប់ពីលោកបានប្រើប្រាស់តុលាការកំពូលឱ្យរំលាយគណបក្សនេះរួចមក។ លោកបន្ថែមថា ប្រសិនបើលោក ហ៊ុន សែន ខ្លាចការរិះគន់ នោះមេដឹកនាំរបបក្រុងភ្នំពេញរូបនេះគួរតែចូលនិវត្តន៍វិញប្រសើរជាង៖« គាត់ជាបុគ្គលសាធារណៈ ហើយត្រូវទទួលខុសត្រូវក្នុងជោគវាសនាជាតិចំពោះប្រជាពលរដ្ឋ។ អ៊ីចឹងដើម្បីឱ្យស្ងប់ចិត្ត រស់នៅដោយសេចក្ដីសុខ គេចផុតពីការរិះគន់ហ្នឹង អាហ្នឹងគាត់គួរតែចូលនិវត្តន៍ទៅ ហើយការរិះគន់ទាំងឡាយនឹងមិនមានតទៅទៀតទេ » ។
ចាប់តាំងពីរបបលោក ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិនៅចុងឆ្នាំ២០១៧ និងយុទ្ធនាការបង្ក្រាបអ្នកគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅខែវិច្ឆិកា ឆ្នាំ២០១៩ មក ក្រុមមន្ត្រី និងសកម្មជនមូលដ្ឋានជាច្រើននាក់របស់គណបក្សប្រឆាំងត្រូវបានចោទប្រកាន់ និងចាប់ដាក់ពន្ធនាគារ ហើយមានអ្នកខ្លះបានសម្រេចចិត្តរត់ភៀសខ្លួនទៅក្រៅប្រទេស ដើម្បីគេចចេញពីការយាយីផ្សេងៗ។ ករណីគួរឱ្យកត់សម្គាល់មួយទៀត គឺនៅប៉ុន្មានខែចុងក្រោយនេះ អតីតសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១៥ នាក់នៅរាជធានីភ្នំពេញ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណលួចវាយប្រហារបណ្ដាលឱ្យរងរបួស ហើយសមត្ថកិច្ចមិនដែលចាប់បានជនដៃដល់ណាម្នាក់យកមកផ្ដន្ទាទោសនោះឡើយ។
អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក ថ្លែងថា នៅក្នុងសង្គមប្រជាធិបតេយ្យ រដ្ឋាភិបាលចៀសមិនផុតពីមតិរិះគន់នោះឡើយ ប្រសិនបើសាធារណជន ឬក្រុមនយោបាយដទៃ យល់ថា រដ្ឋាភិបាលខ្វះចន្លោះត្រង់ចំណុចណាមួយ ឬបានប្រព្រឹត្តផ្ទុយនឹងក្របខ័ណ្ឌច្បាប់។ លោកបញ្ជាក់ថា នេះជាសិទ្ធិដែលធានាដោយច្បាប់កម្ពុជា និងច្បាប់អន្តរជាតិដទៃទៀត។ លោកសង្កត់ធ្ងន់ថា មានតែនៅក្នុងរបបផ្ដាច់ការទេ ទើបរដ្ឋាភិបាលសម្រេចចិត្តបែបអត្តនោម័តិ ដោយផាត់ចោលមតិរិះគន់របស់សាធារណជន និងក្រុមនយោបាយប្រឆាំង៖« គាត់បុគ្គលខ្លួនឯងទេ ដែលមានគំនិតគុំកួនទៅលើមន្ត្រីបក្សប្រឆាំងហ្នឹងឯង ហើយរហូតដល់មានការដាក់ទោសទណ្ឌទៅលើបុគ្គលដែលហ៊ានរិះគន់រដ្ឋាភិបាលចំៗ អំពីបញ្ហាអវិជ្ជមានដែលកើតឡើងនៅក្នុងស្រុក ជាពិសេសបុគ្គលនយោបាយផ្ទាល់ រហូតដល់មានការភៀសខ្លួនទៅក្រៅប្រទេស។ អ៊ីចឹងហើយខ្ញុំគិតថា រដ្ឋាភិបាល គឺធ្វើតាមអារម្មណ៍ ច្រើនជាងការអនុវត្តច្បាប់ » ។
អ្នកឃ្លាំមើលសង្គមរូបនេះថ្លែងទៀតថា ដំណាក់កាលនេះ រដ្ឋាភិបាលគួរតែបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សសង្គ្រោះជាតិហើយ ដោយដោះលែងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាពវិញ និងបើកផ្លូវឱ្យជនភៀសខ្លួននយោបាយអាចវិលត្រឡប់ចូលស្រុកវិញ ជាដើម។ ជាពិសេសលោកថា គណបក្សកាន់អំណាចគួរតែប្រញាប់ងាកមករកតុចរចាជាមួយគណបក្សប្រឆាំងវិញ ដើម្បីស្ដារស្ថានការណ៍ស្រុកទេស ដែលអាចនឹងធ្លាក់ដុនដាបខ្លាំង នៅក្រោយពេលសហភាពអឺរ៉ុបដកហូតការអនុគ្រោះពន្ធ EBA និងដោះស្រាយហានិភ័យសង្គមផ្សេងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។