អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានចោទប្រកាន់ថា របបក្រុងភ្នំពេញកំពុងយកលំនាំតាមរបបខ្មែរក្រហមរឿងធ្វើទុក្ខបុកម្នេញ មកលើសកម្មជនគណបក្សប្រឆាំងនៅតាមមូលដ្ឋានកាន់តែខ្លាំងឡើង ស្របពេលលោក សម រង្ស៊ី ដាក់គម្រោងចូលមាតុប្រទេសវិញនៅក្នុងដើមខែវិច្ឆិកាខាងមុខ។ មន្ត្រីគណបក្សកាន់អំណាចបដិសេធនឹងការចោទប្រកាន់នេះ។ ការចោទប្រកាន់របស់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនេះបានកើតមានឡើងក្រោយពីលោក ម៉ក់ សោ ប្រធានក្រុមប្រឹក្សាស្រុកទ្រាំង ខេត្តតាកែវ ត្រូវប្រធានឃុំខាងគណបក្សកាន់អំណាចកោះហៅមកសាកសួរ ក្រោយពីលោកបានចូលរួមកាន់បិណ្ឌ១២ និងសកម្មជនគណបក្សសង្គ្រោះជាតិ ២នាក់ផ្សេងទៀត នៅក្នុងខេត្តកណ្ដាលរងនៅការគំរាមកំហែងជាបន្តបន្ទាប់ ពីអាជ្ញាធររបបក្រុងភ្នំពេញ។
លោក អេង ឆៃអ៊ាង ចាត់ទុកការគំរាមនេះថា ប្រៀបបីដូចជារបបខ្មែរក្រហមក៏ប៉ុន្តែខុសគ្នាបន្តិចត្រង់ថាមិនបានកោះហៅមនុស្សយកទៅសម្លាប់ តែទម្រង់នៃការគាបសង្កត់សេរីភាពមកលើសកម្មជនគណបក្សប្រឆាំងមានរូបភាពដូចគ្នា។
ប្រធានក្រុមប្រឹក្សាស្រុកទ្រាំខេត្តតាកែវ ខាងគណបក្សសង្គ្រោះជាតិ លោក ម៉ក់ សោ បញ្ជាក់ថា លោកបានឃើញលិខិតកោះអញ្ជើញរួចហើយ តែលោកមិនតក់ស្លុតនោះទេ។ លោកបញ្ជាក់ថា លោកនឹងចូលរួមបំភ្លឺដោយសារតែលោកមិនបានប្រព្រឹត្តិអ្វីខុសច្បាប់ទេ៖ «សូមអំពាវនាវដែរជាការព្រួយបារម្ភរបស់ខ្ញុំ បើអស់លោកណាអាចជួយឃ្លាំមើលអំពីបញ្ហាខ្ញុំបាន»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមិនមានគោលការណ៍ណាមួយបង្កើតវប្បធម៌គំរាមកំហែង ឬបំភិតបំភ័យប្រជាពលរដ្ឋនោះទេ។ តែផ្ទុយទៅវិញ មានតែខិតខំថែរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពជូនពលរដ្ឋប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
