បក្ស​ប្រឆាំង​មិន​ខ្វល់​នឹង​​ការ​ចោទ​ពី​រដ្ឋាភិបាល​ដែល​ថា​ចលនា​នៅ​ក្រៅ​ប្រទេស​ជា​ការ​ធ្វើ​រណសិរ្ស

ដោយ តាំង សារ៉ាដា
2017-12-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ (រូប​កណ្ដាល​កាន់​មេក្រូ) និង​មន្ត្រីបក្ស ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ នា​ទីស្នាក់ការ​កណ្ដាល សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ (រូប​កណ្ដាល​កាន់​មេក្រូ) និង​មន្ត្រីបក្ស ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ នា​ទីស្នាក់ការ​កណ្ដាល សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
RFA

គណបក្ស​សង្គ្រោះជាតិ ហាក់​មិន​ចាប់​អារម្មណ៍​សោះ​ឡើយ ចំពោះ​ការ​ចោទ​ប្រកាន់​ពី​មន្ត្រី​រដ្ឋាភិបាល​ដែល​ថា សមាជិក​សភា​បក្ស​ប្រឆាំង គឺ​ជា​ក្រុម​ឧទ្ទាម និង​ជា​រណសិរ្ស ប្រឆាំង​នឹង​រដ្ឋាភិបាល។បើ​ទោះ​ជា​បែប​ណា មន្ត្រី​រដ្ឋាភិបាល នៅ​តែ​ចាត់​ទុក​ថា ក្រុម​នេះ​គឺ​មាន​របៀប​ចាត់តាំង​ដ៏​ត្រឹមត្រូវ ក្នុង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល។

អ្នក​វិភាគ​នយោបាយ យល់​ឃើញ​ថា កម្ពុជា​កំពុង​ធ្លាក់​ក្នុង​​វិបត្តិ​នយោបាយ​ដែល​កំពុង​តែ​ហែកហួរ​គ្នា​កាន់​តែ​ជ្រៅ​ទៅ ខណៈ​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ស្ទើរ​គ្រប់​មធ្យោបាយ​ដើម្បី​បិទ​ផ្លូវ​តវ៉ា របស់​គណបក្ស​ប្រឆាំង។

បើ​ទោះ​ជា​បែប​នេះ​ក្ដី សម្រាប់​សមាជិក​សភា​គណបក្ស​សង្គ្រោះជាតិ ឲ្យ​ដឹង​ថា ការ​គំរាម​ដោយ​ពាក្យ​សម្ដី​របស់​មន្ត្រី​រដ្ឋាភិបាល​នេះ នឹង​មិន​មាន​ឥទ្ធិពល​អ្វី​ឡើយ ដល់​ដំណើរការ​ស្វែង​រក​ប្រជាធិបតេយ្យ សម្រាប់​កម្ពុជា។

លោក សុន ឆ័យ សមាជិក​ជាន់​ខ្ពស់ នៃ​សភា​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង បាន​ពៀប​ជ្រាយ​ការ​ចោទ​ប្រកាន់ ពី​មន្ត្រី​បក្ស​កាន់​អំណាច ជាប់​ទាក់ទិន​នឹង​ចលនា​ប្រឆាំង​រដ្ឋាភិបាល។ តំណាងរាស្ត្រ​រូប​នេះ​បន្ត​ថា នេះ​ជា​របៀប​ធ្វើ​ការ​ដដែល​ជា​ដដែល​របស់​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា​ទៅ​ហើយ។ ការ​ព្យាយាម​លាប់​ពណ៌ របស់​មន្ត្រី​រដ្ឋាភិបាល​មក​លើ​បក្ស​ប្រឆាំង ត្រូវ​បាន​លោក សុន ឆ័យ យល់​ឃើញ​ថា វា​ហាក់​ដូច​ជា​នយោបាយ​ក្មេង​ខ្ចី​ណាស់​ពេក​ទៅ​ហើយ និង​ថែម​ទាំង​ពុំ​មាន​ឥទ្ធិពល​អាក្រក់​ណាមួយ ដល់​ដំណើរការ​ស្វែង​រក​ប្រជាធិបតេយ្យ របស់​បក្ស​ប្រឆាំង​នោះ​ដែរ។ «»

ប្រតិកម្ម​របស់​លោក សុន ឆ័យ នេះ ស្រប​ពេល​មន្ត្រី​រដ្ឋាភិបាល ចោទ​ប្រកាន់​ថា ចលនា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង នៅ​ក្រៅ​ប្រទេស​គឺ​ជា​សកម្មភាព​ឧទ្ទាម និង​ជា​រណសិរ្ស ប្រឆាំង​និង​រដ្ឋាភិបាល។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី អះអាង​ថា មាន​សមាជិក​បក្ស​ប្រឆាំង​មួយ​ចំនួន កំពុង​ដើរ​ឃោសនា​នៅ​ក្រៅ តាមរយៈ​ការ​កៀរគរ​កម្លាំង​ធ្វើ​បាតុកម្ម​ជាដើម ចលនា​ទាំង​នេះ​ហើយ គឺ​ជា​អំពើ​ល្មើស​ច្បាប់។ លោក​បន្ត​ថា ការ​អនុវត្ត​បំពាន​ទៅ​និង​សាលដីកា របស់​តុលាការ​កំពូល និង​សេចក្ដី​សម្រេច​របស់​រដ្ឋសភា​ផង គឺ​ជា​ធាតុផ្សំ​យ៉ាង​ធំ ដែល​បក្ស​ប្រឆាំង​បាន​ល្មើស។ បើ​ទោះ​ជា​បែប​ណា លោក ផៃ ស៊ីផាន អះអាង​ថា រដ្ឋាភិបាល​នឹង​មិន​អាច​អត់ឱន​ឲ្យ​បាន​ឡើយ។ «»

អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ហៅ​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​រដ្ឋាភិបាល ប្រឆាំង​និង​សមាជិក​សភា​បក្ស​សង្គ្រោះជាតិ​នេះ​ថា ជា​អំពើ​ដែល​អនុវត្ត​បំពាន​ច្បាប់​ទៅ​វិញ​ទេ។

នៅ​ពេល​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិនយោបាយ កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ៗ សហគមន៍​អន្តរជាតិ បាន​អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន វិល​ត្រឡប់​មក​រក​គន្លង​ប្រជាធិបតេយ្យ​វិញ។ ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី និង​មន្ត្រី​ក្រោម​បង្គាប់​របស់​លោក ហាក់​មិន​អើពើ​ចំពោះ​ការ​អំពាវនាវ​នេះ​ឡើយ។

ក្នុង​ពេល​រដ្ឋាភិបាល ប្រើប្រាស់​វិធានការ​ផ្លូវច្បាប់​កាន់​តែ​តឹងរ៉ឹង រំលាយ​បក្ស​ប្រឆាំង បិទ​ទ្វារ​អង្គការ-សមាគម​ទាំង​បង្ខំ និង​ការ​បិទ​ជា​បន្តបន្ទាប់​មក​ទៀត រហូត​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន​ផង ទណ្ឌកម្ម​ដំបូង​ៗ​បាន​ធ្លាក់​មក​ជា​បណ្ដើរៗ​ហើយ​ដែរ។

អ្នក​វិភាគ​នយោបាយ យល់​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា ប្រសិន​បើ​នៅ​តែ​រឹងរូស​បែប​នេះ នឹង​ក្លាយ​ជា​រដ្ឋ​ដែល​ឯកោ ស្រប​ពេល​សហរដ្ឋអាមេរិក បាន​បិទ​ទ្វារ​រឿង​ទិដ្ឋាការ មិន​ឲ្យ​មន្ត្រី​រដ្ឋាភិបាល និង​សាច់ញាតិ​ឈាន​ជើង​ចូល​ទឹកដី​របស់​ខ្លួន​រួច​ហើយ​ដែរ។

ទណ្ឌកម្ម​ដទៃ​ទៀត​ក្រៅ​ពី​នេះ អាច​បង្កក​ទ្រព្យសម្បត្តិ និង​លែង​អនុគ្រោះ​ពន្ធ ផ្នែក​រោងចក្រ​កាត់ដេរ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល