បក្ស​ប្រឆាំង​បំផុស​ចលនា​បង្ហាញ​ម្រាម​ដៃ៩ ជា​សញ្ញា​គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា ថ្ងៃ​ទី៩ វិច្ឆិកា

0:00 / 0:00

ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​បំផុស​ចលនា​លើក​ម្រាម​ដៃ​៩ ជា​សញ្ញា​ណាត់​គ្នា គាំទ្រ​ លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ខាង​មុខ។ សមត្ថកិច្ច​របប​ក្រុង​ភ្នំពេញ​ ព្រមាន​ថា អាជ្ញាធរ​នឹង​មិន​ព្រងើយ​កន្តើយ​ ចំពោះ​សកម្មជន​បក្ស​ប្រឆាំង​​ណា ដែល​មាន​បំណង​ញុះញង់​ឡើយ។

តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ភ្នំពេញ​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូ វ៉ាន់ បង្ហោះ​សារ​ថា ចាប់​ពី​​ចុង​ខែ​កញ្ញា​ ទៅ​ដល់​ថ្ងៃ​ទី៩ វិច្ឆិកា គ្រប់​ការ​ជួប​ស្វាគមន៍​គ្នា គណបក្ស​ប្រឆាំង​នឹង​លើក​ដៃ​ម្រាម​៩ ដើម្បី​បញ្ជាក់​ពី​ការ​គាំទ្រ ថ្ងៃ​ទី​៩ វិច្ឆិកា ជា​ថ្ងៃ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា។ បន្ទាប់​ពី​លោក ហូ វ៉ាន់ បង្ហោះ​សារ​នេះ តាម​ហ្វេសប៊ុក​ (facebook) រួច​មក​ សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន បាន​ចែក​រំលែក​ និង​ថត​លើក​ម្រាម​ដៃ​៩ បង្ហោះ​ជា​ការ​គាំទ្រ។

មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង លោក សោ​ ចាន់ដេត ប្រាប់​ថា ការ​លើក​ម្រាម​៩ ជា​សញ្ញាសំគាល់​​​​ដាក់​គ្នា​រវាង​សកម្មជន​សង្គ្រោះ​ជាតិ ជួបជុំ​គ្នា​នៅ​តាម​វត្ត​​ក្នុង​ពេល​ភ្ជុំបិណ្ឌ និង​រាល់​កន្លែង​ផ្សេង​ទៀត ដើម្បី​​បញ្ចៀស​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ពី​អាជ្ញាធរ​របប​លោក ហ៊ុន សែន។ លោក សោ​ ចាន់ដេត បញ្ជាក់​ថា នេះ​មិន​មែន​ជា​គោលការណ៍​នៅ​ក្នុង​បក្ស​ប្រឆាំង​ទេ តែ​ជា​ការ​ធ្វើ​ឡើង​ដើម្បី​​​​​បង្ហាញ​ការ​សាមគ្គី​គ្នា មិន​ចុះ​ញ៉ម​ និង​មិន​ភិត​ភ័យ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ពី​របប​ក្រុង​ភ្នំពេញ៖ « បំភិតបំភ័យ ​ដើរ​គំរាម​កំហែង អត់​​ឲ្យ​​យើង​ជុំ​គ្នា ជួប​គ្នា​​អ៊ីចឹង​ណា វា​​ដូច​បំបិទ​​សិទ្ធិ សេរីភាព​​​ពេក។ អ៊ីចឹង​យើង​បង្ហាញ​ម្រាម​ដៃ​របស់​យើង​ ថា សុទ្ធ​តែ​គ្នា​យើង​​ហើយ។ អា​​ហ្នឹង​អ៊ីចឹង​ណា។ ជា​រឿង​ធម្មតា​ ឆន្ទៈ​របស់​មនុស្ស​ រង់​ចាំ​ថ្ងៃ​ទី​៩ វិច្ឆិកា រង់​ចាំ​លោក ប្រធាន​សម រង្ស៊ី»

យុទ្ធនាការ​បង្ហោះ​ម្រាម​ដៃ​៩ ជា​សញ្ញា​នេះ ធ្វើ​ឡើង​​​នៅ​ពេល​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ កំពុង​បង្កើន​ការ​ចាប់​ខ្លួន​​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ ដោយ​ចោទ​ពី​បទ​ញុះញង់ និង​មាន​ផែនការ​ផ្ដួល​រំលំ​របប​ក្រុង​ភ្នំពេញ តាម​រយៈ​ទទួល​ផែនការ​​ពី​ប្រធាន​​​ស្ដីទី​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី។ ចំណែក​លោក សម រង្ស៊ី វិញ អះអាង​ថា លោក​នឹង​ដឹកនាំ​សមាជិក​បក្ស​ប្រឆាំង​វិល​ចូល​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ឲ្យ​ទាល់​តែ​បាន។ គិត​ត្រឹម​ថ្ងៃ​ទី​២៤ កញ្ញា​នេះ នៅ​សល់ ​៤៦ថ្ងៃ​​ទៀត ដល់​ថ្ងៃ​កំណត់​ លោក សម រង្ស៊ី ប្រកាស​វិល​ចូល​​កម្ពុជា​ហើយ។

ជុំវិញ​យុទ្ធនាការ​ម្រាម​ដៃ​៩ របស់​សកម្មជន​បក្ស​ប្រឆាំង​នេះ អាស៊ី​សេរី​ មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​​ក្នុង​​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន លោក ខៀវ សុភ័គ និង​លោក ឆាយ គឹមខឿន បាន​ទេ នៅ​ថ្ងៃ​ទី២៤ កញ្ញា ដោយសារ​​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល។

ប៉ុន្តែ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា​ ចលនា​​ម្រាម​ដៃ​៩​ នេះ​ថា ​នឹង​មិន​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ដូច​​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​អ៊ីចឹង​ដែរ។ តែ​យ៉ាង​ណា លោក​ថា​សមត្ថកិច្ច​នឹង​មិន​ព្រងើយ​កន្តើយ​​​ ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​ ធ្វើ​សកម្មភាព​អ្វី​មួយ​ប្រឆាំង​រដ្ឋាភិបាល​ទេ។ លោក ខៀវ សុភ័គ បន្ថែម​ថា ពលរដ្ឋ​នឹង​មិន​ទៅ​ទទួល​លោក សម រង្ស៊ី តាម​ការ​អំពាវនាវ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ទេ ដោយសារ​ពលរដ្ឋ​មិន​ពេញ​ចិត្ត​នឹង​​លោក សម រង្ស៊ី ប្រមាថ​ព្រះ​មហាក្សត្រ៖ « ទោះ​យ៉ាង​ណា​ក៏​ដោយ សមត្ថកិច្ច​មិន​ព្រងើយ​កន្តើយ​​ចំពោះ​សញ្ញា​ណា ឬ​ក៏​​បរិវារ​ណាមួយ​នោះ​ទេ»

ស្រប​ពេល​​គណបក្ស​ប្រឆាំង បង្ហាញ​យុទ្ធនាការ​​លើក​ម្រាម​ដៃ​៩ ​នេះ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​វិញ ក៏​កំពុង​បង្កើន​ការ​បង្ក្រាប​លើ​សកម្មជន​បក្ស​ប្រឆាំង​ដែរ គឺ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​អគ្គ​ស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន បញ្ជា​ឲ្យ​ពង្រាយ​កង​កម្លាំង​នគរបាល​​តាម​វត្ត​ ក្នុង​ឱកាស​ភ្ជុំបិណ្ឌ​ ដើម្បី​ត្រៀម​បង្ក្រាប​​ការ​ប្រមូល​ផ្ដុំ​របស់​សកម្មជន​បក្ស​ប្រឆាំង​ជួបជុំ​គ្នា ពេល​ធ្វើ​បុណ្យ​​តាម​វត្ត។

ប្រធាន​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ នៃ​សមាគម​អាដហុក លោក នី សុខា ចង់​ឲ្យ​រដ្ឋាភិបាល​ពន្យល់​ពលរដ្ឋ​ឲ្យ​ច្បាស់​ថា​ សកម្មភាព​អ្វី​ជា​ការ​ញុះញង់ ហើយ​សកម្មភាព​បែប​ណា​ជា​ការ​បញ្ចេញ​មតិ។ សង្គម​ស៊ីវិល​រូប​នេះ យល់​ថា បើ​ត្រឹម​ការ​លើក​ដៃ​ជា​សញ្ញា​គាំទ្រ​នរណា​ម្នាក់ ឬ​ការ​បង្ហាញ​ឆន្ទៈ មិន​ខុស​ច្បាប់​ទេ ព្រោះ​​ជា​គោលការណ៍ ទាំង​​​រដ្ឋធម្មនុញ្ញ និង​​កតិកាសញ្ញា​​​ ស្ដីពី​សិទ្ធិ​មនុស្ស សុទ្ធ​តែ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​សម្ដែង​មតិ និង​ចូលរួម​សិទ្ធិ​នយោបាយ៖ « សុំ​ឲ្យ​រដ្ឋ​ហ្នឹង​ ធ្វើការ​ពន្យល់​ទៅ​ដល់​​ប្រជាពលរដ្ឋ​​ខ្លួន ឬ​ក៏​ធ្វើ​ការ​ពន្យល់​ជា​សាធារណៈ​ឲ្យ​បាន​ច្បាស់លាស់​ ថា​តើ​កម្រិត​នៃ​សេរីភាព​​បញ្ចេញ​មតិ ដែល​នាំ​​ប៉ះពាល់​ដល់​អសន្តិសុខ​​​ជាតិ ឬ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​​ហ្នឹង កម្រិត​ប៉ិនណា ហើយ​ថា​តើ​គ្រាន់​តែ​ការ​លើក​ម្រាម​ដៃ​ប៉ិន​ហ្នឹង ដើម្បី​ជា​សញ្ញា​ក្នុង​ការ​​​ទទួល​ បង្ហាញ​ពី​ឆន្ទៈ​របស់​ខ្លួន​ ក្នុង​ការ​គាំទ្រ​ទៅ​លើ​បុគ្គល​ ឬ​ក៏​អ្នក​នយោបាយ​ណា​ម្នាក់ ថា​ជា​រឿង​ខុស​ច្បាប់ ឬ​ក៏​យ៉ាង​ម្ដេច ? អា​ហ្នឹង​ណា។ អ៊ីចឹង​រដ្ឋ​ត្រូវ​តែ​​ធ្វើការ​ពន្យល់​បញ្ហា​ហ្នឹង»

គិត​ត្រឹម​ថ្ងៃ​ទី​​២៤ កញ្ញា អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ បាន​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ចំនួន​​​ ២៩នាក់​​​ ដាក់​​ពន្ធនាគារ​ និង​បាន​កោះ​ហៅ​សកម្មជន​បក្ស​ប្រឆាំង ​ទៅ​សាកសួរ​កើន​ដល់​១៥៨នាក់​​។ ក្រៅ​ពី​នេះ សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត​ ក៏​កំពុង​ទទួល​រង​ការ​គំរាម​គំ​ហែង​ និង​រង​ការ​វាយ​បែក​ក្បាល​ តាម​រូប​ភាព​​ហិង្សា​ផ្សេងៗ ខណៈ​សកម្មជន​ខ្លះ​ទៀត រត់​លាក់​ខ្លួន គេច​ចេញ​ពី​ការ​​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទាំង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។