មន្ត្រីបក្សប្រឆាំងនៅខេត្តមួយចំនួនអះអាងថា សកម្មជននិងអ្នកគាំទ្រគណបក្សនៅតាមមូលដ្ឋាននៅតែស្មោះស្ម័គ្រ និងរង់ចាំទៅចូលរួមអមដំណើរថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិធ្វើមាតុភូមិនិវត្តន៍នៅពេលខាងមុខដដែល។ អ្នកនាំពាក្យរបបក្រុងភ្នំពេញ ព្រមានថា សមត្ថកិច្ចនឹងចាត់វិធានការលើក្រុមអ្នកគាំទ្របក្សប្រឆាំងទាំងនោះ ដោយមិនលើកលែងឡើយ ប្រសិនបើពួកគេទៅចូលរួមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញនៅថ្ងៃទី៩ វិច្ឆិកា មែននោះ។
មន្ត្រីគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង លោក សួន ចំរើន ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី១៦តុលា ថា ថ្វីត្បិតតែសកម្មជនបក្សគណបក្សលោកត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួន និងចេញដីកាគំរាមកំហែងជាបន្តបន្ទាប់ក្ដី ក៏សកម្មជននៅតាមមូលដ្ឋានទូទាំងប្រទេសនៅតែប្រកាន់ជំហរស្មោះស្ម័គ្រនឹងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដោយឥតងាករេ។ លោកបញ្ជាក់ថា សព្វថ្ងៃសកម្មជននៅតាមមូលដ្ឋានរក្សាភាពស្ងប់ស្ងាត់មួយរយៈ ដើម្បីរក្សាសុវត្ថិភាពត្រៀមខ្លួនទៅចូលរួមអមដំណើរប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្ស ធ្វើមាតុភូមិនិវត្តន៍នៅពេលខាងមុខ៖ «មិនមានសកម្មជនចុះចូលគណបក្សកាន់អាចច្រើនទេ ជាទូទៅអាជ្ញាធរបង្ខំឱ្យសារភាព និងបង្ខំឱ្យលាលែងពីគណបក្សសង្គ្រោះជាតិ តែពួកគាត់មិនធ្វើតាមអាជ្ញាធរបង្ខំនោះទេ។ អីចឹងបានន័យថា សង្គ្រោះជាតិនៅតែរឹងមាំ នៅតែខ្លាំងហើយអាចទៅចូលប្ដូររដ្ឋាភិបាលនៅថ្ងៃទី៩ វិច្ឆិកា ខាងមុខនេះឯង»។
រីឯសមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញលោក ស៊ន សុវណ្ណថេត មានប្រសាសន៍ថា សកម្មជននៅក្នុងស្រុកបានទាក់ទងជាមួយលោករាល់ថ្ងៃ ដោយពួកគេនៅតែរឹងមាំមិនខ្លាចការគំរាមកំហែងរបស់អាជ្ញាធរនោះទេ។ លោកបន្តថា ថ្វីបើអាជ្ញាធររបបក្រុងភ្នំពេញបានប្រកាសម្ដងហើយម្ដងទៀតតាមចាប់សកម្មជនក៏ដោយ ក៏សកម្មជននិងអ្នកគាំទ្រស្ទើរតែមួយរយភាគរយហើយ ដែលបានត្រៀមខ្លួនរួចរាល់ ដើម្បីទៅចូលរួមស្ដារប្រជាធិបតេយ្យនៅកម្ពុជា។ សកម្មជនគណបក្សប្រឆាំងរូបនេះ បញ្ជាក់ថា សកម្មជនក្នុងស្រុករង់ចាំតែភ្លើងខៀវពីថ្នាក់ដឹកនៅខាងក្រៅប្រទេសមកដល់ គឺពួកគេនឹងនាំគ្នាចេញដំណើរទៅទទួលតែម្ដង៖ «កម្លាំងរបស់សកម្មជនគណបក្សសង្គ្រោះជាតិ និងអ្នកស្នេហាជាតិ គឺវាលើសលប់ ទៅនឹងការឈឺចាប់របស់ប្រជាពលរដ្ឋ មិនអាចទ្រាំបានទៀតទេ ជាពិសេសរបបក្រុងភ្នំពេញជារបបខុសច្បាប់ ហើយធ្វើអ្វីទាំងបំពានសម្លាប់ចាប់ចងដោយបំពានច្បាប់។ អន្តរជាតិថ្កោលទោសយ៉ាងណាក៏របបនេះនៅតែងងើលដដែល។ ដូច្នេះរបត់នយោបាយចុងក្រោយនេះគឺពន្លឺភ្លើងខៀវរបស់គណបក្សសង្គ្រោះជាតិ បង្ហាញភាពជោគជ័យនៅថ្ងៃខាងមុខនេះ»។
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានប្រកាសជាបន្តបន្ទាប់ថា ក្រុមបក្សប្រឆាំងទាំងឡាយដែលទៅចូលអមដំណើរថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិវិលចូលស្រុក គឺជនក្បត់ជាតិ ហើយសមត្ថកិច្ចនឹងចាប់ពួកគេដាក់គុក។
អ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរីថា នៅពេលនេះគ្មានគណបក្សប្រឆាំងនៅកម្ពុជាទៀតទេ គឺមានតែក្រុមក្បត់ជាតិនៅក្រៅប្រទេសដែលតាំងខ្លួនជាបក្សប្រឆាំងខុសច្បាប់។ លោកបន្តថា កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលនឹងចាត់វិធានការលើប្រជាពលរដ្ឋទាំងឡាយ ដែលទៅចូលរួមអមដំណើរក្រុមក្បត់ជាតិទាំងនេះ៖ «វាទៅជាស្ថិតក្នុងរង្វង់អ្នកចូលរួមធ្វើរដ្ឋប្រហារ ដូច្នេះមិនមែនជាសិទ្ធិនយោបាយមិនមែនជាសិទ្ធិការសម្ដែងមតិអីទៀតទេ គឺរាល់សកម្មភាពត្រូវនៅក្នុងការគ្រប់គ្រង និងការចង្អុលបង្ហាញរបស់តុលាការ រដ្ឋាភិបាលមិនញញើតនឹងបង្ក្រាបទេ ទោះក្នុងតម្លៃណាក៏ដោយ អាស្រ័យដោយរដ្ឋាភិបាលមានកាតព្វកិច្ចការពារ និងថែរក្សា»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែនករុណា កត់សំគាល់ថា ស្ថានការណ៍នយោបាយនៅកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអាក្រក់ទៅ ហើយប៉ះពាល់យ៉ាងខ្លាំងដល់ការសម្ដែងមតិរបស់ពលរដ្ឋ។ លោកបន្តថា សព្វថ្ងៃពុំមែនមានតែសកម្មជនគណបក្សប្រឆាំងទេដែលបាត់បង់សិទ្ធិសេរីភាពការសម្ដែងមតិនោះ ដោយប្រជាពលរដ្ឋសាមញ្ញក៏មិនហ៊ានបញ្ចេញមតិទាមទារឱ្យរដ្ឋាភិបាលដោះស្រាយពីទុក្ខកង្វល់របស់ពួកគាត់បានដែរ ពីព្រោះពួកគេខ្លាចអាជ្ញាធរចាប់ដាក់គុក ហើយចោទប្រកាន់ថា ជាជនក្បត់ជាតិដូចសកម្មជនគណបក្សប្រឆាំង៖ «អីចឹងហើយបានយើងឃើញមានការព្រួយបារម្ភណាស់ពីបញ្ហាស្ថានភាពនយោបាយនៅកម្ពុជាកាន់តែមានភាពតានតឹងទៅ ហើយយើងគិតថា អាចនឹងមានការរឹតត្បិតបន្ថែមទៀត។ យើងដឹងហើយការធ្វើបែបនេះធ្វើឱ្យសហគមន៍អន្តរជាតិក៏មានការព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្សកាន់តែរួញតូច»។
មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ នៅតែទទូចដល់មេដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆាំងឱ្យប្រញាប់រកផ្លូវចរចាត្រូវរ៉ូវគ្នាស្ដារប្រជាធិបតេយ្យឡើងវិញ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
មន្ត្រីបក្សប្រឆាំងនៅប្រទេសថៃអះអាងថា ថ្នាក់ដឹកនាំដែលភៀសខ្លួននៅក្រៅប្រទេសមួយចំនួនគ្រោងវិលត្រឡប់ទៅកម្ពុជាវិញនៅមុនថ្ងៃទី៩ វិច្ឆិកាខាងមុខ ដើម្បីទៅរៀបចំកម្លាំងពលរដ្ឋទៅទទួលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិធ្វើមាតុភូមិនិវត្តន៍។ ពួកគាត់មានជំនឿថា នៅពេលនោះនឹងមានប្រជាពលរដ្ឋទៅចូលរួមអមដំណើរលោក សម រង្ស៊ី ភ្លូកទឹកភ្លូកដីជាប្រវត្តិសាស្ត្រ ហើយធ្វើឱ្យវិបត្តិនយោបាយនៅកម្ពុជាមានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
