សាលាដំបូងរាជធានីភ្នំពេញកោះហៅអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិម្នាក់ឲ្យទៅបំភ្លឺជាសាក្សីក្នុងពេលបើកសវនាការជំនុំជម្រះក្តី សំណុំរឿងលោក កឹម សុខា នៅថ្ងៃទី១៥ ខែមករាខាងមុខ។ យុវជន ម៉ា ចិត្រា ដែលត្រូវតុលាការកោះហៅ ថ្លែងថា នេះជារឿងហួសចិត្តដែលខ្លួនជាអ្នកគាំទ្រធម្មតាត្រូវតុលាការកោះហៅក្នុងសំណុំរឿងដ៏កក្រើកមួយនេះ។ ចំណែកមេធាវីការពារក្តីឲ្យលោក កឹម សុខា យល់ថា ករណីនេះជារឿងធម្មតា ដែលចៅក្រមជំនុំជម្រះ កោះហៅសាក្សីក្នុងសំណុំរឿងទៅបំភ្លឺនៅពេលជម្រះក្តី។
សមត្ថកិច្ចមូលដ្ឋានខេត្តកំពង់ចាមបានយកដីកាកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ ប្រគល់ឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ យុវជន ម៉ា ចិត្រា ដល់ផ្ទះនៅថ្ងៃទី២៣ ខែធ្នូ។
ក្នុងដីកានោះព្រះរាជអាជ្ញារង លោក វង្ស ប៊ុនសុទ្ធ តម្រូវឲ្យយុវជន ម៉ា ចិត្រា ត្រូវចូលឆ្លើយបំភ្លឺក្នុងសវនាការសួរដេញដោលនៃសំណុំរឿងលោក កឹម សុខា ពីដំណើររឿង សន្ទិដ្ឋិភាព ឬការត្រូវរ៉ូវជាមួយបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាល ដែលប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀតកាលពីអំឡុងឆ្នាំ១៩៩៣ រហូតដល់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ តុលាការក៏តម្រូវឲ្យយុវជនរូបនេះយកលិខិតផ្សេង ដែលទាក់ទិននឹងរឿងខាងលើមកជាមួយប្រសិនបើមាន។
យុវជន ម៉ា ចិត្រា ប្រាប់អាស៊ីសេរីថា លោកមានការភ្ញាក់ផ្អើលពេលឃើញដីកានេះ។ លោកថា កាលពីគណបក្សសង្គ្រោះជាតិមិនទាន់ត្រូវបានរំលាយ លោកគឺជាអ្នកថតរូប និងសរសេរព័ត៌មានខ្លីៗ បង្ហោះតាមបណ្ដាញសង្គមប៉ុណ្ណោះ។ យុវជន ម៉ា ចិត្រា បន្តថា លោកនឹងចូលបំភ្លឺតាមការកោះហៅរបស់តុលាការ។ យុវជនរូបនេះ អំពាវនាវដល់សង្គមស៊ីវិល និងសហគមន៍ជាតិ អន្តរជាតិជួយតាមដាន និងឃ្លាំមើលដំណើរសវនាការនេះ៖ « ខ្ញុំមានការហួសចិត្តដែរ ដោយសារកន្លងមក ខ្ញុំគ្រាន់តែជាអ្នកដើរថត អ្នកផ្សព្វផ្សាយព័ត៌មានខ្លីៗ ពាក់ព័ន្ធបញ្ហាសង្គម បញ្ហាដីធ្លី និងបរិស្ថានជាដើម។ អ៊ីចឹងនៅពេលទទួលបានដីកាខ្ញុំមានការហួសចិត្ត»។
យុវជន ម៉ា ចិត្រា មិនមែនជាមនុស្សទីមួយទេដែលត្រូវតុលាការក្រុងភ្នំពេញកោះហៅមកឆ្លើយបំភ្លឺក្នុងនាមជាសាក្សី។ កន្លងមក ក្នុងពេលស៊ើបអង្កេតក្តីចៅក្រមបានកោះហៅអ្នកធ្លាប់ធ្វើការងារជាមួយលោក កឹម សុខា ដូចជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មន្ត្រីសង្គមស៊ីវិល និងសកម្មជនគណបក្សសង្គ្រោះជាតិជាច្រើននាក់ ចូលទៅបំភ្លឺផងដែរ។
សហមេធាវីលោក កឹម សុខា លោក ចាន់ ចេន ថ្លែងថា លោកមិនទាន់បានដឹងពីចំណាត់ការដែលតុលាការកោះហៅលោក ម៉ា ចិត្រា ទៅបំភ្លឺក្នុងពេលបើកសវនាការសំណុំរឿងលោក កឹម សុខា នេះនៅឡើយទេ។ តែទោះជាយ៉ាងណា លោកថា ការកោះហៅនេះជានីតិវិធី ឬចំណាត់ការរបស់តុលាការក្នុងការកោះហៅភាគីពាក់ព័ន្ធ។ លោកមេធាវីឲ្យដឹងទៀតថា ក្រុមមេធាវីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយការពារក្តីឱ្យលោក កឹម សុខា ក្នុងពេលបើកសវនាការ៖ «ខ្លួនខ្ញុំក៏ដូចជាសហមេធាវីដទៃទៀតយើងបានតាំងចិត្ត និងបានរៀបចំខ្លួនរួចជាស្រេចហើយ ក្នុងការចូលខ្លួនការពារកូនក្តី នៅចំពោះមុខសវនាការ ដើម្បីភាពស្អាតស្អំ ក៏ដូចជារកយុត្តិធម៌ជូនក្តី ក្នុងឋានៈជាពលរដ្ឋស្លូតត្រង់ និងស្អាតស្អំ»។
តុលាការបានចាត់ចៅក្រមបីនាក់ដើម្បីបើកសវនាការជំនុំជម្រះលើសំណុំរឿងលោក កឹម សុខា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ខាងមុខ រួមមាន លោក កូយ សៅ ជាប្រធានចៅក្រមប្រឹក្សា លោក សេង លាង និងលោក ឆាម ច័ន្ទពិសិដ្ឋ ជាចៅក្រមប្រឹក្សា។
អ្នកវិភាគនយោបាយលោក គឹម សុខ យល់ថា យុវជន ម៉ា ចិត្រា អាចប្រឈមនឹងការគាបសង្កត់ពីតុលាការ ឬរដ្ឋាភិបាលឲ្យឆ្លើយដាក់បន្ទុកលើលោក កឹម សុខា។ លោកថា យុវជនរូបនេះនឹងអាចក្លាយជាជនរងគ្រោះម្នាក់ទៀតក្នុងល្បែងនយោបាយនេះ៖ «ប្រសិនបើយុវជន ម៉ា ចិត្រា និយាយការពិតមិនធ្វើតាមគេ ដែលគេអ៊ីចឹងឮ ដើម្បីដាក់បន្ទុកលើលោក កឹម សុខា នោះមិនមែនគេទម្លាក់ចោលករណីលោក កឹម សុខា ទេ។ គេនឹងរកមធ្យោបាយផ្សេង ដើម្បីនៅតែបន្តគាប់សង្កត់លើលោក កឹម សុខា ដដែល ប៉ុន្តែ យុវជន ម៉ា ចិត្រា វិញ កាលពីគាត់និយាយការពិតគាត់នឹងត្រូវគេគាបសង្កត់ក្លាយជាជនរងគ្រោះម្នាក់ក្នុងល្បែងនយោបាយរបស់គេហ្នឹងថែមទៀត»។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចូលឆ្មក់ចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួនភ្លាមៗនៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ តុលាការចោទប្រកាន់លោកពីបទ”ក្បត់ជាតិ” ប៉ុន្តែសហគមន៍ជាតិ និងអន្តរជាតិហៅការចោទប្រកាន់នេះថា ជារឿងនយោបាយ និងទាមទារឲ្យដោះលែងលោក កឹម សុខា ព្រមទាំងទម្លាក់ចោលការចោទប្រកាន់នេះ។ ខណៈនេះលោក កឹម សុខា ត្រូវតុលាការអនុញ្ញាតឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែត្រូវជាប់បម្រាបមួយចំនួន។ លោក កឹម សុខា ត្រូវបានអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបរទេសជាង ១០នៃបណ្ដាប្រទេសសេរីបានបណ្ដាក់គ្នាចូលជួបសួរសុខទុក្ខលោក និងអះអាងថា នឹងបន្តតាមដានករណីនេះ។
លោកមេធាវី ចាន់ ចេន ឲ្យដឹងទៀតថា ក្រុមមេធាវី និងលោក កឹម សុខា នៅតែសំណូមពរ ទៅតុលាការឲ្យទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។