អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅប្រទេសជប៉ុនអំពាវនាវ ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនចូលរួមធ្វើបាតុកម្មថ្ងៃទី៨ ខែកុម្ភៈឱ្យបានច្រើន ដើម្បីប្រាប់ទៅរដ្ឋាភិបាលខ្មែរឲ្យប្រញាប់កែខ្លួនឡើងវិញមុនពេលសហភាពអឺរ៉ុបសម្រេចព្យួរប្រព័ន្ធអនុគ្រោះ EBA។ ប៉ុន្តែនាំពាក្យគណបក្សប្រជាជនកម្ពុជាលើកឡើងថា ការធ្វើបាតុកម្ម គឺជាសិទ្ធិរបស់អ្នកទាមទារ ប៉ុន្តែរដ្ឋាភិបាល ឬគណបក្សកាន់អំណាចមិនអាចធ្វើតាមការទាមទាររបស់ពួកគេបាននោះទេ។
គោលបំណងធំដែលអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅប្រទេសជប៉ុនធ្វើបាតុកម្ម គឺទាមទារឲ្យរដ្ឋាភិបាលដោះលែងលោក កឹម សុខា និងទាមទារគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។ មេដឹកនាំបាតុកម្មរំពឹងថា បើរដ្ឋាភិបាលយល់ព្រមធ្វើតាមសំណើរបស់ពួកគេ នឹងធ្វើឲ្យប្រទេសកម្ពុជាអាចរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA បាន ព្រោះការទាមទារនេះមុនពេលសហភាពអឺរ៉ុបសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។
ប្រធានចលនាយុវជនសង្គ្រោះជាតិនៅប្រទេសជប៉ុន លោក ហៃ វណ្ណា អំពាវនាវដល់ពលករខ្មែរ និងពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនចូលរួមធ្វើបាតុកម្មឲ្យច្រើនកុះករ ដើម្បីជាសារប្រាប់ទៅរដ្ឋាភិបាលក្រុងភ្នំពេញឲ្យគិតពីផលប្រយោជន៍ជាតិ។ លោកយល់ថា បាតុកម្មលើកនេះ គឺមានសារសំខាន់ និងជាការចាំបាច់ ដែលពលរដ្ឋនៅក្រៅស្រុក ដែលមានសិទ្ធិសេរីពេញលេញក្នុងការធ្វើការងារទាមទារ៖ «សូមអំពាវនាវដល់បងប្អូនមកចូលរួមកម្មវិធីបាតុកម្មថ្ងៃសៅរ៍ទី៨ ខែកុម្ភៈទាំងអស់គ្នា ដើម្បីឲ្យសហភាពអឺរ៉ុបបន្តអនុគ្រោះពន្ធយើងខ្មែរនៅប្រទេសជប៉ុន គឺយើងមិនចង់បាត់ប្រព័ន្ធអនុគ្រោះទេ»។
តាមគម្រោងក្រុមបាតុករគ្រោងជួបគ្នាពួកគ្នាម៉ោងជាង ១រសៀល ហើយនៅពេលពួកគេជុំគ្នារួចហើយ ដើរហែក្បួននៅក្នុងទីក្រុងតូក្យូ (TOKYO) ដោយមានលើកបដា និងស្រែកទាមទារ។
ជុំវិញការទាមទារនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ យល់ថា ការធ្វើបាតុកម្ម គឺជាសិទ្ធិរបស់ខ្មែរនៅក្រៅស្រុក។ ប៉ុន្តែលោកថា រដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជាមិនអាចធ្វើតាមការទាមទាររបស់ក្រុមបាតុករបានទេ ព្រោះអ្វីដែលពួកគេចង់បានផ្ទុយពីច្បាប់៖ «គ្មានរដ្ឋាភិបាលនៃប្រទេសណាមួយទៅធ្វើតាមការទាមទារពលរដ្ឋខ្លួនឲ្យធ្វើផ្ទុយទៅនឹងច្បាប់ដែលចែងទេ»។
ប៉ុន្តែសមាជិកក្រុមអ្នកវិភាគវ័យក្មេងលោក បុង ដែត យល់ថា ទោះរដ្ឋាភិបាលមិនបានស្ដាប់តាមការទាមទាររបស់បាតុករក្តី តែបាតុកម្មនេះនឹងធ្វើឲ្យរដ្ឋាភិបាលក្រុងភ្នំពេញបាក់មុខនៅលើឆាកអន្តរជាតិ ខណៈលោកសង្កេតឃើញថា ពលរដ្ឋនៅក្រៅប្រទេសជាញឹកញាប់តែងធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល។ លោកបន្តថា ប្រសិនបើកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធពីអឺរ៉ុបមែននោះនឹងធ្វើឲ្យប្រទេសកម្ពុជាខាតបង់ប្រយោជន៍យ៉ាងច្រើន និងអាចធ្វើឲ្យប្រទេសជាតិជួបវិបត្តិធ្ងន់ធ្ងរ៖ «ការដឹកនាំបាតុកម្មនេះធ្វើឲ្យគណបក្សប្រជាជនកម្ពុជារងសម្ពាធពីអន្តរជាតិនានា ធ្វើឲ្យយល់ថា ចុមម៉េចរដ្ឋាភិបាលនៃគណបក្សប្រជាជនមានពលរដ្ឋបាតុកម្មធ្វើឲ្យអន្តរជាតិ ចាប់អារម្មណ៍អ៊ីចឹងទៅចង់មិនចង់ គឺប្រជាពលរដ្ឋដែលបាតុកម្មហ្នឹងធ្វើឲ្យគណបក្សប្រជាជនកម្ពុជារងភាពអាម៉ាស់»។
គណៈកម្មការអឺរ៉ុបគ្រោងនឹងប្រកាសលទ្ធផលស្ដីពីប្រពន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជានៅថ្ងៃទី១២ ខែកុម្ភៈសប្ដាហ៍ខាងមុខនេះ។ បញ្ហា EBA នេះត្រូវបានគណបក្សប្រជាជនកម្ពុជាលើកឡើងក្នុងពេលគណបក្សនេះធ្វើសន្និបាតលើកទី៤២ នៃគណៈកម្មាធិការកណ្ដាលកាលពីដើមខែកុម្ភៈកន្លងទៅ ប៉ុន្តែគណបក្សនេះមិនបង្ហាញជាសាធារណៈថា ខ្លួននឹងទប់ទល់យ៉ាងណាឡើយ បើសិនបាត់បង់ EBA មែននោះ។ ក្រុមអ្នកដឹកនាំសហជីពមួយចំនួនព្រមានថា បើរដ្ឋាភិបាលធ្វើឲ្យបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ ពួកគេនឹងនាំគ្នាធ្វើបាតុកម្មមិនខ្លាចការបង្ក្រាបឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។