ខុមហ្វ្រែលរកឃើញថា តំណាងរាស្ត្ររដ្ឋសភាឯកបក្ស ១២៥រូប មិនបានជួយពលរដ្ឋទាមទាររកយុត្តិធម៌

អង្គការខុមហ្វ្រែល (COMFREL) បង្ហាញរបាយការណ៍ថ្មីមួយ ដោយរកឃើញថា តំណាងរាស្ត្របក្សគណបក្សប្រជាជនកម្ពុជាចុះទៅមូលដ្ឋានដើម្បីពង្រឹងបក្ស តែ មិនសូវខ្នះខ្នែងដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋទេ។ អ្នកនាំពាក្យរដ្ឋសភា ចាត់ទុករបាយការណ៍នេះ ផ្ទុយពីការពិត។
អង្គការ ខុមហ្វ្រែល រកឃើញថា តំណាងរាស្ត្រទាំង ១២៥រូប ក្នុងឆ្នាំទី១ នៃនីតិកាលទី៦ នេះ នៅមិនទាន់មានតំណាងរាស្ត្រណាម្នាក់ ចេញមុខអន្តរាគមន៍ជួយពលរដ្ឋដែលទាមទាររកយុត្តិធម៌នោះឡើយ។ អង្គការនេះរកឃើញទៀតថា ប្រសិទ្ធភាពការងាររបស់រដ្ឋសភាឯកបក្ស បានធ្លាក់ចុះ បើធៀបរដ្ឋសភាពហុបក្សកាលពីអាណត្តិមុនៗ ព្រោះមិនឃើញតំណាងរាស្ត្រណាម្នាក់ និយាយពីភាពអសកម្មរបស់អាជ្ញាធរ ដោះស្រាយបញ្ហាជូនពលរដ្ឋ សួរដេញដោលលើការអនុវត្តច្បាប់ និងសេចក្ដីស្នើច្បាប់ក្នុងសម័យប្រជុំនោះឡើយ
របាយការណ៍របស់អង្គការខុមហ្វែ្រលបន្ថែមថា ក្នុងចំណោមតំណាងរាស្ត្រចំនួន ១២៥រូប មានតំណាងរាស្ត្រតែ ៥៥រូបទេ ដែលចុះមូលដ្ឋាន ហើយការចុះនោះទៀតសោត គឺដើម្បីសួរសុខទុក្ខពលរដ្ឋ និងសរសើរអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះ។ លើសពីនេះ គណៈកម្មការជំនាញរដ្ឋសភាទាំង ១០ គឺមានតែគណៈកម្មការចំនួន ៨ ប៉ុណ្ណោះ ដែលចេញធ្វើសកម្មភាព។
អង្គការ ខុមហ្វ្រែល ទទួលស្គាល់ថា គណៈកម្មការជំនាញរដ្ឋសភា ធ្លាប់កោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌មកសួរនាំដែរ ក៏ប៉ុន្តែមិនបានផ្ដោតលើបញ្ហាអយុត្តិធម៌របស់ពលរដ្ឋខ្មែរនោះទេ ជាពិសេសពលរដ្ឋមានជម្លោះដីធ្លី ការកាប់ព្រៃឈើ និងការប្រើកម្លាំងហួសហេតុជាដើម។
អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល (COMFREL ) លោក កន សាវាង្ស សង្កេតឃើញថា ស្ថាប័នរដ្ឋសភាឯកបក្ស មិនសូវខ្វល់ខ្វាយ អន្តរាគមន៍រាល់ក្តីកង្វល់របស់ពលរដ្ឋនោះឡើយ ព្រោះពុំមានកម្លាំងណាមួយ រុញច្រានឱ្យមានការត្រួតពិនិត្យគ្នាទៅវិញទៅមកនោះទេ។ លោកថា តំណាងរាស្ត្រទាំងនោះ មិនបានរិះគន់កែតម្រូវភាពអសកម្មរបស់ស្ថាប័ននីតិប្រតិបត្តិ ដើម្បីឱ្យប្រសើរឡើងរាល់ការអនុវត្តច្បាប់នោះឡើយ ផ្ទុយពីរដ្ឋសភា ដែលមានតំណាងរាស្ត្រគណបក្សប្រឆាំងចូលរួម៖ តួនាទីត្រួតពិនិត្យគ្នាទៅវិញទៅមក នូវអង្គនីតិប្រតិបត្តិក៏ដោយ និងនីតិបញ្ញត្តិក៏ដោយ វានៅក្នុងចន្លោះប្រហោងហើយ វាអត់បានពេញលេញទេ។ អានេះ អ្វីដែលឯកបក្ស គឺវាអ៊ីចឹង អ្វីដែលសំខាន់សូមឱ្យ ទោះបីឯកបក្សក៏ដោយ ដោយសារតែខ្លួនគ្រប់គ្រងទាំងអស់ អង្គនីតិប្រតិបត្តិ និងអង្គនីតិបញ្ញត្តិ តំណាងរាស្ត្រត្រូវពិនិត្យឡើងវិញ ទាក់ទងភាពអសកម្មផ្សេងៗ និងអយុត្តិធម៌ផ្សេងៗ ទាក់ទងបញ្ហាដីធ្លីជាដើមហ្នឹង»។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ចាត់ទុកការរកឃើញរបស់អង្គការខុមហ្រ្វែល នេះថា ខុសពីការពិត។ លោកថា តំណាងរាស្ត្រទាំងអស់ ចុះមូលដ្ឋានយ៉ាងសកម្ម ដើម្បី សួរសុខទុក្ខពលរដ្ឋ និងដោះស្រាយក្តីកង្វល់របស់ពលរដ្ឋ។ លោកថា មានតំណាងរាស្ត្រខ្លះ បានជួយផ្ដល់សេវាសុខភាព ជួយដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋ និងមានតំណាងរាស្ត្រខ្លះទៀត ជួយអន្តរាគមន៍ទៅរដ្ឋមន្ត្រីថ្នាក់ក្រសួង នៅពេលពលរដ្ឋពឹងពាក់៖ «ការអះអាងរបស់អង្គការខុមហ្វ្រែលមិនត្រឹមត្រូវទេ ការងារចុះមូលដ្ឋានច្រើនណាស់ ខ្លះទៅដោះស្រាយបញ្ហាទូទៅទាំងអស់ គាត់អាចដោះស្រាយនៅមូលដ្ឋានមិនបាន គាត់អាចទៅដោះស្រាយជាមួយរដ្ឋមន្ត្រី ក្រសួងថែមទៀត។ មិនបាច់ដោះស្រាយផ្លូវការទេ គាត់ដោះស្រាយការទាក់ទងរបស់គាត់ជាឯក ឬក៏ជាមិត្តភ័ក្ដិក៏បានដែរ» ។
ទោះជាយ៉ាងណា អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត យល់ថា របាយការណ៍នេះ ឆ្លុះបញ្ចាំងពីការពិត ព្រោះលោកសង្កេតឃើញថា តំណាងរាស្ត្រឯកបក្សទាំង ១២៥ រូប មិនបានបំពេញតួនាទីបម្រើពលរដ្ឋឱ្យគ្រប់ជ្រុងជ្រោយ និង រិះគន់ចំណុចខ្វះខាតរបស់រដ្ឋាភិបាល ដើម្បីកែលម្អនោះឡើយ។ លោកយល់ថា ភាពអសកម្មនេះ គឺដោយសារតំណាងរាស្ត្រទាំងនោះ ឋិតក្រោមអំណាចនីតិប្រតិបត្តិ៖ «យើងមើលឃើញសកម្មភាពគាត់ មិនអាចស្វែងរកការពិត នៃបញ្ហារបស់ពលរដ្ឋ ដើម្បីមកជជែកក្នុងរដ្ឋសភា ដើម្បីឱ្យសភាចេញយន្តការដោះស្រាយវិបត្តិដោះស្រាយភ្លាមៗ ទេ។ សកម្មភាពរបស់គាត់ បម្រើផលប្រយោជន៍បក្ស»។
មន្ត្រីជាន់ខ្ពស់អង្គការខុមហ្រ្វែល លោក កន សាវាង្ស អំពាវនាវដល់តំណាងរាស្ត្រឱ្យកែលម្អភាពអសកម្មទាំងឡាយ ដោយងាកមួយជួយដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋឱ្យបានផុលផុសវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។