រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថា គម្រោងតំបន់ត្រីកោណអភិវឌ្ឍ CLV គឺជាការតភ្ជាប់ពលរដ្ឋប្រទេសទាំងបី ដើម្បីអភិវឌ្ឍន៍
2024.08.09
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អ្នកស្រី ចម និម្មល អះអាងថា គម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) គឺជាការតភ្ជាប់រវាងពលរដ្ឋប្រទេសទាំងបីឱ្យអាចធ្វើដំណើរឆ្លងកាត់ និងដោះដូរទំនិញជាដើម។ ទោះជាយ៉ាងណាក្ដី ជនជាតិដើមភាគតិច និងអ្នកវិភាគព្រួយបារម្ភថា គម្រោងនេះអាចនឹងមិនបម្រើផលប្រយោជន៍ដល់ពលរដ្ឋពិតប្រាកដដូចគម្រោងអភិវឌ្ឍន៍មួយចំនួនរបស់រដ្ឋាភិបាលអះអាងនាពេលកន្លងទៅ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អ្នកស្រី ចម និម្មល ថ្លែងក្នុងបទសម្ភាសន៍ ដែលចេញផ្សាយដោយទូរទស្សន៍ជាតិកម្ពុជា នៅថ្ងៃទី៩ ខែសីហាថា ការបង្កើតគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម គឺដើម្បីបន្ថែមអត្ថប្រយោជន៍ និងទាញប្រសិទ្ធភាពនៃការតភ្ជាប់គ្នារវាងប្រជាពលរដ្ឋតាមរយៈការដោះដូរទំនិញ ការធ្វើដំណើរឆ្លងកាត់ទៅព្យាបាលជំងឺ និងការទៅទទួលសេវាផ្សេងៗ ជាដើម។
អ្នកស្រី ចម និម្មល បន្ថែមថាគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) នឹងធ្វើផ្លូវភ្ជាប់គ្នារវាងប្រទេសទាំងបីបន្ថែម ដើម្បីបង្កើនពាណិជ្ជកម្ម និងកសិពាណិជ្ជកម្ម ហើយប្រជាពលរដ្ឋនៅខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី មានជីវភាពធូរធារជាងមុន។ អ្នកស្រីថា រដ្ឋាភិបាលមិនទាន់អាចមានលទ្ធភាពក្នុងការអភិវឌ្ឍន៍ក្នុងខេត្តដាច់ស្រយាលទាំងនេះលឿនជាងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) នោះទេ។
ទោះជាយ៉ាងណាក្ដី អ្នកស្រី ចម និម្មល ថា គម្រោងនេះអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរ ឡាវ និងវៀតណាមអាចចេញចូលដោយតម្រូវឱ្យមានឯកសារមួយចំនួន រួមមាន លិខិតឆ្លងដែន ឬលិខិតបើកផ្លូវ ឬប័ណ្ណឆ្លងព្រំដែន ដែលចេញដោយខេត្តក្នុងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) ក្នុងរយៈពេលជាក់លាក់។
អ្នកស្រី ចម និម្មល៖ «តែក្នុងនេះលិខិតបើកផ្លូវ គឺជាការឆ្លងដែន ដែលចេញដោយមន្ត្រីអន្តោប្រវេសន៍ នៅច្រកព្រំដែន ហើយមានសុពលភាពតែ ១២ម៉ោងទេ។ ដូច្នេះ ហើយអ្នកដែលនៅមានភូមិ រស់នៅក្នុងភូមិ ក្នុងឃុំដែលជាប់ព្រំដែនគ្នាទៅវិញទៅមកនេះ លោកត្រូវការឆ្លងទៅវិញទៅមក ឱ្យតែមានប័ណ្ណ ដែលចេញដោយទទួលស្គាល់ត្រឹមត្រូវ តែមានសុពលភាពតែ ១២ម៉ោងទេ មិនចេញចូលរាប់ខែរាប់ឆ្នាំ»។
តំណាងជនជាតិដើមភាគតិចព្នងនៅឃុំប៊ូស្រា ស្រុកពេជ្រាដា លោក ប្លង់ លេល លើកឡើងថា ប្រសិនបើការអនុវត្តគម្រោង (CLV) ដូចថ្នាក់ដឹកនាំបកស្រាយមែន គឺជារឿងល្អសម្រាប់ពលរដ្ឋ។ ទោះជាយ៉ាងណាក្ដី លោកថា គម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលនាពេលកន្លងមក មិនបានផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ដូចការលើកឡើងនោះទេ ហើយប្រជាពលរដ្ឋភាគច្រើនបែរជាបាត់បង់ដីធ្លីផ្ទះសម្បែង និងទៅធ្វើការស៊ីឈ្នួលឱ្យថៅកែ ដែលជាជនជាតិវៀតណាម និងជនជាតិចិនទៅវិញ។
លោក ប្លង់ លេល៖ «ជួនកាលទៅអ្នក ដែលធ្វើការនៅក្រុមហ៊ុនវៀតណាម អ្នកដែលបុគ្គលិក ឬមេការសុទ្ធតែវៀតណាមទាំងអស់ ប្រជាជនយើងនៅហ្នឹង បានត្រឹមតែកម្មករជៀវជ័រ អ៊ីចឹង យូរៗ ទៅខ្ញុំគិតថា ប្រសិនបើក្រុមហ៊ុនគេយូរឆ្នាំទៅគេកើតកូនកើតចៅ ខ្ញុំបារម្ភថា នៅហ្នឹងអាចវៀតណាមច្រើន ហើយជួនកាលទីផ្សារយើងវៀតណាមដណ្ដើមអស់»។
អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក លោក សេង វ៉ាន់លី មានប្រសាសន៍ថា ការបកស្រាយរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនេះនៅមិនទាន់អាចឱ្យពលរដ្ឋបាត់មន្ទិលសង្ស័យនោះទេ ហើយលោកយល់ថា ក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការបរទេស ក៏គួរបកស្រាយបន្ថែមជុំវិញបញ្ហាសន្តិសុខ សុវត្ថិភាព និងការចំណាក់ស្រុកជាដើម។ លោកថា រដ្ឋាភិបាល ក៏គួរពិភាក្សាគម្រោងនេះជាមួយសង្គមស៊ីវិល បក្សប្រឆាំង និងជាពិសេស ជនជាតិដើម ដែលរស់នៅនៅតំបន់នោះផ្ទាល់។
លោក សេង វ៉ាន់លី៖ «ចំណុចមួយ ដែលខ្ញុំគិតថា រដ្ឋាភិបាលពិចារណាផងដែរនោះគឺ ការពិភាក្សាគ្រប់ជ្រុងជ្រោយជាមួយប្រជាពលរដ្ឋនៅតំបន់ ហើយព្យាយាមស្វែងយល់គំនិតយោបល់របស់ប្រជាពលរដ្ឋ ដូចជា ជនជាតិភាគតិចជាដើម គឺខ្ញុំយល់ថា គួរតែមានតំណាងជនជាតិដើមភាគតិចនៅតំបន់នោះចូលរួមក្នុងការផ្ដល់ជាទស្សនទាន ឬក៏អនុសាសន៍ក្នុងការធ្វើយ៉ាងណាការពារផលប្រយោជន៍ជនជាតិភាគតិចនៅតំបន់នោះ»។
បើទោះបីជារដ្ឋាភិបាលព្យាយាមបកស្រាយថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណពិសេសនេះ នឹងមិនធ្វើឲ្យបាត់បង់ទឹកដីខ្មែរទៅវៀតណាម និងព្រមានពីការប្រើប្រាស់គុកច្រវាក់ចំពោះពលរដ្ឋ ដែលហ៊ានបញ្ចេញមតិរឿងទឹកដីនេះក្ដី ក៏ពលរដ្ឋខ្មែរ នៅតែមិនជឿជាក់ និងមិនចុះញ៉ម ចំពោះការគំរាមនេះឡើយ។
ប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់និន្នាការនយោបាយទាំងក្នុងប្រទេស និងក្រៅប្រទេស នៅតែប្រតិកម្មខ្លាំងៗ និងធ្វើយុទ្ធនាការទាមទារឲ្យលោក ហ៊ុន សែន ប្រកាសដកកម្ពុជា ចេញពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណពិសេស ដើម្បីកុំឲ្យរងការឈ្លានពានទឹកដី និងសេដ្ឋកិច្ចពីប្រទេសវៀតណាម ដូចធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកន្លងមក។ លើសពីនេះ ពលរដ្ឋខ្មែរនៅក្រៅប្រទេសដូចជា នៅកូរ៉េខាងត្បូង ប្រទេសជប៉ុន និងប្រទេសអូស្ត្រាលីជាដើម ក៏នឹងធ្វើបាតុកម្មទ្រង់ទ្រាយធំ នៅថ្ងៃទី១១ ខែសីហា ដើម្បីប្រឆាំងនឹងគំនិតរបស់លោក ហ៊ុន សែន ដែលដាក់ខេត្តខ្មែរទាំង៤ អភិវឌ្ឍរួមគ្នាជាមួយវៀតណាម និងឡាវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។