តើ​ការ​បោះឆ្នោត​នៅ​ថៃ​២០១៩ និង​​ការ​បោះឆ្នោត​នៅ​កម្ពុជា​២០១៨ ស្រដៀង​គ្នា​ដូចម្ដេច​ខ្លះ?

ដោយ ជី វិតា
2019-03-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន (ស្ដាំ​ជួរមុខ) និង​នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូឆា (ឆ្វេង​ជួរមុខ) [Prayut Chan-O-Cha] ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ​លើក​ទី​២ កម្ពុជា-ថៃ នា​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៥។
នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន (ស្ដាំ​ជួរមុខ) និង​នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូឆា (ឆ្វេង​ជួរមុខ) [Prayut Chan-O-Cha] ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ​លើក​ទី​២ កម្ពុជា-ថៃ នា​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៥។
AFP

ប្រទេស​ថៃ​មាន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃ​អាទិ​ត្យ ទី​២៤ ខែ​មីនា​ បន្ទាប់​ពី​ត្រូវ​បាន​លើក​ពេល​អស់​ចំនួន ​៦​ដង​រួចមក​។ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ថៃ​ទស្សន៍ទាយ​ថា អតីត​មេដឹកនាំ​របប​យោធា​លោក ប្រាយុទ្ធ ចាន់​អូឆា (Prayut Chan-o-cha) ទំនងជា​នឹង​អាច​ជាប់​ជា​នាយករដ្ឋមន្ត្រី​ក្នុង​ការ​បោះឆ្នោត​នេះ ដោយសារតែ​មេដឹកនាំ​រដ្ឋប្រហារ​រូប​នេះ បាន​ជំរុញ​ឱ្យ​មាន​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ ដើម្បី​ត្រៀម​ដណ្ដើម​យក​ជ័យជំនះ​ពី​ការបោះឆ្នោត​នៅ​ថ្ងៃនេះ​រួចស្រេច​ទៅ​ហើយ។

តើ​ព្រឹត្តិការណ៍​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ប្រទេស​រាជា​និយម​មួយ​នេះ មាន​ចំណុច​ស្រដៀង​គ្នា​យ៉ាង​ណា​ខ្លះ បើ​ប្រៀបធៀប​នឹង​ព្រឹត្តិការណ៍​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​កម្ពុជា​កាលពី​ឆ្នាំមុន​នោះ?

ចំពោះ​អ្នក​សង្កេតការណ៍​នយោបាយ​ថៃ ការបោះឆ្នោត​លើក​នេះ គឺជា​ការប្រកួតប្រជែង​រវាង​គណបក្ស​នយោបាយ​គាំទ្រ និង​គណបក្ស​នយោបាយ​ប្រឆាំង​របប​គ្រប់គ្រង​ដោយ​យោធា​បច្ចុប្បន្ន ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូឆា។

ចាប់​តាំង​ពី​មាន​រដ្ឋប្រហារ​ទម្លាក់​នា​យក​រដ្ឋមន្ត្រី​ស្របច្បាប់ កាលពី​ខែ​ឧសភា ឆ្នាំ​២០១៤​មក ប្រទេស​ថៃ​មិនដែល​មានការ​បោះឆ្នោត​ដើម្បី​ជ្រើសតាំង​តំណាងរាស្ត្រ​នោះ​ទេ​។ ដូច្នេះ ការបោះឆ្នោត​នៅ​ថ្ងៃអាទិត្យ ទី​២៤ មីនា ​គឺជា​ការ​បោះឆ្នោត​ជាតិ​លើកដំបូង ក្នុង​រជ្ជកាល​ថ្មី​នៃ​ព្រះ​ចៅរាមា ទី​១០ ព្រះនាម មហា វេជ្ជរាឡុងកន (Maha Vajiralongkorn) ដែល​បាន​ឡើង​គ្រងរាជ្យ​បន្ត​ពី​ព្រះបិតា​របស់​ព្រះអង្គ​ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ​២០១៦​មក។

បេក្ខជន​តំណាងរាស្ត្រ​ឈរ​ឈ្មោះ​បោះឆ្នោត​លើក​នេះ​មាន​ជាង​មួយ​ម៉ឺន​នាក់ មកពី​គណបក្ស​ចំនួន​៨២ ប្រកួតប្រជែង​ដើម្បី​ដណ្ដើម​យក​អាសនៈ​រដ្ឋសភា​សរុប​ចំនួន ៥០០​អាសនៈ។ ក្នុងចំណោម​បេក្ខជន​នាយករដ្ឋមន្ត្រី​ចំនួន​ ៦៩​រូប​នោះ មាន​ស្ត្រី​ចំនួន ៧​រូប​ ហើយ​ក្នុងចំណោម​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ជាង ​៥១លាន​នាក់ គឺ​មាន​ប្រមាណ​ជា ៧លាន​នាក់ ជា​អ្នក​បោះឆ្នោត​លើកដំបូង។

មាន​ចំណុច​មួយ​ចំនួន​គួរ​ឱ្យ​កត់សំគាល់​ទាក់ទង​នឹង​ភាព​ស្រដៀង​គ្នា​រវាង​ការបោះឆ្នោត​តំណាងរាស្ត្រ​នៅ​ប្រទេស​ថៃ ​ឆ្នាំ​២០១៩ ​នេះ និង​ការបោះឆ្នោត​តំណាង​នៅ​កម្ពុជា កាលពី​ឆ្នាំ​២០១៨។

ភាព​ស្រដៀង​គ្នា

ភាព​ស្រដៀង​គ្នា​១ គឺ​ការ​រំលាយ​គណបក្សប្រឆាំង​មុន​ការបោះឆ្នោត​។ ចំពោះ​ប្រទេស​ថៃ នៅមុន​ថ្ងៃ​បោះឆ្នោត​ជាង​ពីរ​សប្ដាហ៍ តុលាការ​រដ្ឋធម្មនុញ្ញ​ថៃ​បាន​សម្រេច​រំលាយ​គណបក្ស​ប្រឆាំង​ ដែល​និយម​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស ដើម្បី​គេចខ្លួន​ពី​សាលក្រម​ផ្ដន្ទាទោស​ពី​បទ​ពុករលួយ។

តុលាការ​រដ្ឋធម្មនុញ្ញ​ថៃ​បាន​សម្រេច​រំលាយ​គណបក្ស​ឈ្មោះ ថៃ​រ៉ាក់​សាឆាត (Thai Raksa Chart) នៅ​ថ្ងៃ​ទី​៧ ខែ​មីនា តាម​សំណើ​របស់​គណៈកម្មការ​រៀប​ចាំ​ការបោះឆ្នោត បន្ទាប់ពី​គណបក្សប្រឆាំង​មួយ​នេះ​បាន​ដាក់​បងស្រី​បង្កើត​របស់​ព្រះមហាក្សត្រ​ថៃ បច្ចុប្បន្ន​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​។ ហើយ​បើ​ទោះ​ជា​ម្ចាស់​ក្សត្រី អ៊ុប៊ុនរតនា រជ្ជកាន បាន​ដក​បេក្ខភាព​របស់​ព្រះអង្គ​ភ្លាមៗ ក្រោយពី​មាន​ព្រះរាជសារ​ព្រមាន​ពី​ព្រះមហាក្សត្រ​ក៏​ដោយ​ចុះ ក៏​ការ​ដក​បេក្ខភាព​របស់​ព្រះអង្គ​មិន​អាច​ជួយ​ស្រោចស្រង់​គណបក្ស «ថៃ រ៉ាក់សាឆាត» ពី​ការ​រំលាយ​បាន​ដែរ​។ តុលាការ​រដ្ឋធម្មនុញ្ញ​ថៃ ផ្ដល់​ហេតុផល​ថា ការ​ជ្រើសតាំង​ម្ចាស់​ក្សត្រីយ៍ អ៊ុប៊ុនរតនា (Ubolratana Rajakanya) ឱ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គណបក្ស «ថៃ រ៉ាក់សាឆាត» គឺជា​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ច្បាប់​ទំនៀមទម្លាប់ និង​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ដែល​សមាជិក​រាជវង្សានុវង្ស​មិន​ត្រូវ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ និង​ជា​ការ​ប៉ុនប៉ង​ប្រកួតប្រជែង​បែប​កេង​ចំណេញ​នយោបាយ​ពី​ម្ចាស់​ឆ្នោត​ដោយ​មិន​យុត្តិធម៌។

ក្រៅ​តែ​ពី​រំលាយ​គណបក្ស «ថៃ​រ៉ាក់​សាឆាត» តុលាការ​ក៏បាន​ហាមឃាត់​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​នេះ​ចំនួន ​១៦២​រូប មិន​ឱ្យ​ធ្វើ​នយោបាយ​ពី​ចន្លោះ ​៥ឆ្នាំទៅ ១០​ឆ្នាំ​ផង​ដែរ។

ស្រដៀង​គ្នា​នឹង​នៅ​កម្ពុជា​ដែរ នៅមុន​ការបោះឆ្នោត​ឆ្នាំ​២០១៨ គណបក្ស​ប្រឆាំង គឺ​បក្ស​ សង្គ្រោះជាតិ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល និង​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​នេះ​ចំនួន​១១៨ ត្រូវ​បាន​ហាម​ធ្វើ​នយោបាយ​ចំនួន ​៥​ឆ្នាំ​ក្រោម​លេស​ថា ថ្នាក់​ដឹក​​នាំ​​​បក្ស​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ។

ប្រើ​ឥទ្ធិពល​កែ​ច្បាប់​ដើម្បី​ពង្រឹង​អំណាច

ចំណុច​មួយទៀត​ដែល​ជា​ភាព​ស្រដៀងគ្នា​រវាង​កម្ពុជា និង​ថៃ​នោះ គឺ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​បាន​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​បញ្ជ្រាប​សមាសភាព​យោធា​ទៅ​ក្នុង​ឆាក​នយោបាយ ដើម្បី​ពង្រឹង​អំណាច ធានា​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត និង​តំណែង​នាយករដ្ឋមន្ត្រី​បន្ត​ទៅ​មុខ​ទៀត។

មេដឹកនាំ​រដ្ឋប្រហារ និង​ជា​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន ឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូឆា (Prayut Chan-o-Cha) នៅ​ដើម​ឆ្នាំ​២០១៧ បាន​ស្នើ​ព្រះមហាក្សត្រ​កែ​រដ្ឋធម្មនុញ្ញ​ក្នុង​បំណង​រៀប​ជើង​ព្រួល​ជាមុន ដើម្បី​យកឈ្នះ​ការបោះឆ្នោត​ឆ្នាំ​២០១៩​នេះ​។ នោះ​គឺជា​ការ​ប្តូរ​អាណត្តិ​របស់​សមាជិក​ព្រឹទ្ធសភា​ទាំង​ ២៥០​រូប ពី​ការ​ជាប់​ដោយ​ការបោះឆ្នោត មក​ជា​ការតែងតាំង​ដោយ​ព្រះរាជក្រឹត្យ​វិញ ហើយ​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​រក្សា​សន្តិភាព និង​របៀប​រៀបរយ ដែល​មាន​លោក ប្រាយុទ្ធ ចាន់អូឆា ជា​ប្រធាន​នោះ គឺជា​អ្នក​សម្រេច​ជ្រើសរើស​បេក្ខភាព​ទាំង​ពួកគេ។ ដោយ​តាម​យន្តការ​បែបនេះ ភាគ​ច្រើន​លើសលប់​នៃ​សមាជិក​ព្រឹទ្ធសភា​ចំនួន​ ២៥០​រូប គឺជា​អ្នក​និយម​គាំទ្រ​ក្រុម​យោធា ហើយ​មួយ​ចំនួន​គឺជា​អតីត​មេ​បញ្ជា​យោធា​ជាន់ខ្ពស់ ដែល​លោក ប្រាយុទ្ធ ចាន់អូឆា ជ្រើសរើស​តែម្ដង។

យោង​តាម​ច្បាប់បោះឆ្នោត​ថៃ ដើម្បី​អាច​បង្កើត​រដ្ឋាភិបាល​ដឹកនាំ​គណៈរដ្ឋមន្ត្រី​បាន គណបក្ស​នយោបាយ​មួយ ឬ​​សម្ពន្ធភាព​​គណបក្ស​​មួយ ត្រូវ​​មាន​អាសនៈ​ក្នុង​​រដ្ឋសភា និង​​ព្រឹទ្ធសភា​​យ៉ាង​តិច​ ៣៧៦​អាសនៈ។

ក្នុង​ន័យ​នេះ សម្រាប់​ឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូឆា ដែល​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ក្នុង​គណបក្ស «ផ្លាំង​ប្រាក់ឆារ៉ាថ» ដែល​មាន​សមាជិក​ព្រឹទ្ធសភា​ចំនួន​ ២៥០​រូប​​របស់​លោក​ស្រាប់​ទៅ​ហើយ​នោះ គឺ​ត្រូវ​បាន​អ្នកសង្កេតការណ៍​មើល​ឃើញ​​ថា ជា​យុទ្ធសាស្ត្រ​យកឈ្នះ​មុន​ការ​ចុះ​ប្រកួត។

ពោល​គឺ គណបក្ស​បក្ស «ផ្លាំង​ប្រាក់​ឆារ៉ាថ» របស់​លោក​ត្រូវ​ការ​តែ ​១២០​អាសនៈ​ពី​រដ្ឋសភា​ថែមទៀត​​ប៉ុណ្ណោះ ដើម្បី​​ដឹក​នាំ​​គណៈរដ្ឋមន្ត្រី ខណៈ​គណបក្ស​នយោបាយ​ចំនួន ​៨១​ផ្សេងទៀត ត្រូវ​ប្រឹង​ដណ្ដើម​ឱ្យ​បាន​ចំនួន ​៣៧៦​អាសនៈ ក្នុង​ចំណោម​អាសនៈ​រដ្ឋសភា​សរុប ​៥០០​អាសនៈ។ អ្នកសង្កេតការណ៍​រិះគន់​ថា នេះ​គឺជា​ការ​យក​ប្រៀប​លើ​គណបក្ស​ដទៃ​ ដែល​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ​របស់​ឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្ត្រី​ចាំផ្ទះ ដែល​ឡើង​កាន់​អំណាច​តាមរយៈ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​នាយករដ្ឋមន្ត្រី​ស្របច្បាប់ លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត្រ កាល​ពី​ឆ្នាំ​២០១៤។

ស្រដៀង​គ្នា​នឹង​ប្រទេស​ថៃ​ដែរ នៅ​កម្ពុជា​វិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រង​ការ​រិះគន់​ខ្លាំង​ពី​ការ​បង្កើន​ការ​បញ្ចូល​កង​ប្រដាប់​អាវុធ​ក្នុង​ទៅ​ក្នុង​វិស័យ​នយោបាយ និង​រដ្ឋបាល​ដឹកនាំ​ផ្នែក​ស៊ីវិល ដូចជា​បញ្ចូល​មន្ត្រី​យោធា​ក្នុង​ស្ថាប័ន​សភា ទៅ​ក្នុង​គណៈ​ដឹកនាំ​ខេត្ត ទៅ​ក្នុង​សមាជិក​មជ្ឈឹម​បក្ស​នៃ​បក្ស​ប្រជាជន​កម្ពុជា ដែល​អ្នក​រិះគន់​ថា ផ្ទុយ​ពី​គន្លង​ប្រជាធិបតេយ្យ។

ភាព​ស្រដៀងគ្នា​មួយទៀត​រវាង​លោក ប្រាយុទ្ធ និង​លោក ហ៊ុន សែន ដែល​មាន​ជាប់​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​ជា​មេដឹកនាំ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់​នោះ គឺ​លោក​ទាំងពីរ​តែង​បដិសេធ​ចូល​វេទិកា​ពិភាក្សា​ប្រកួត​សំដី​ពី​គោលនយោបាយ​ជាតិ​​ជា​មួយ​​បេក្ខជន​នៃ​គណបក្ស​ដទៃ​នៅមុន​ការ​បោះឆ្នោត​។

ក្ដី​រំពឹង​ពី​លទ្ធផល​បោះឆ្នោត

លទ្ធផល​ស្ទង់​មតិ​ថ្នាក់​ជាតិ​ធំ​ពីរ ថ្មីៗ​ នេះ បង្ហាញ​ថា លោក ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្ត្រី​ចាំផ្ទះ ស្ថិត​ក្នុង​ជម្រើស​ខ្ពស់​ដែល​ប្រជាជន​ថៃ​នឹង​បោះឆ្នោត​ឱ្យ​ធ្វើជា​នាយករដ្ឋ​មន្ត្រី​។ ប៉ុន្តែ​លទ្ធផល​ស្ទង់​មតិ ក៏​បង្ហាញ​ដែរ​ថា គណបក្ស «​ភឿថៃ» ដែល​បង្កើត​​ឡើង​​ដោយ​​លោក ថាក់ស៊ីន ស៊ីនណាវ៉ាត្រ គឺជា​គណបក្ស​ដែល​មាន​ប្រជាប្រិយភាព​ច្រើន​ជាងគេ។

គណបក្ស​នយោបាយ​ដែល​លេចធ្លោ​ជាងគេ​ក្នុង​ការ​ប្រកួត​បោះឆ្នោត​ថៃ​នៅ​​ថ្ងៃ​អាទិ​ត្យ ទី​២៤ មីនា​នេះ មាន​ ៤​គណបក្ស គឺ​គណបក្ស «ភឿថៃ» របស់​អតីត​នាយក​រដ្ឋមន្ត្រី​ លោក ថាក់ស៊ីន ស៊ីនណាវ៉ាត្រ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស គណបក្ស «ផ្លាំង​ប្រាក់​ឆារ៉ាដ» របស់​លោក ប្រាយុទ្ធ ចាន់អូឆា គណបក្ស​ «​ប្រជាធិបតេយ្យ​» របស់​អតីត​នាយ​រដ្ឋមន្ត្រី​ លោក អភិសិទ្ធ វេទឆាឈីវ៉ា (Abhisit Vejjajiva) និង​គណបក្ស «​ដើម្បី​អនាគត» (Future Forward)

ផ្អែក​តាម​ប្រព័ន្ធ​បោះឆ្នោត​ថៃ នឹង​មាន​ការពិបាក​ណាស់​សម្រាប់​គណបក្ស​ណា​មួយ​ក្នុង​ការ​ដណ្ដើម​កាន់កាប់​គណៈរដ្ឋមន្ត្រី​ផ្ដាច់មុខ​តែឯង​នោះ។

ប្រធាន​គណបក្ស ​ប្រជាធិបតេយ្យ របស់​លោក អភិសិទ្ធ វេទឆាឈីវ៉ាក់ ប្រកាស​ថា គណបក្ស​របស់​លោក​នឹង​មិន​ចូលរួម​បង្កើត​រដ្ឋាភិបាល​ចំរុះ ដែល​មាន​លោក ប្រាយុទ្ធ ចាន់អូឆា ជា​នាយករដ្ឋមន្ត្រី​ឡើយ ពីព្រោះ​បុគ្គល​រូប​នេះ​ឡើង​កាន់​អំណាច​តាម​រយៈ​​រដ្ឋប្រហារ ខុស​គន្លង​ប្រជាធិបតេយ្យ។ លោក អភិសិទ្ធ អតីត​នាយករដ្ឋមន្ត្រី​រូប​នេះ ក៏​ឱ្យ​ដឹង​ដែរ​ថា លោក​នឹង​មិន​អាច​ចង​សម្ព័ន្ធ​ជាមួយ​គណបក្ស «ភឿ​ថៃ» របស់​លោក ថាក់ស៊ីន ដែរ ពីព្រោះ​តែ​មាន​មនោគមវិជ្ជា​នយោបាយ​ផ្សេងគ្នា។

ទោះជា​យ៉ាងណា អ្នកសង្កេតការណ៍​ទស្សន៍ទាយ​ថា ប្រជាជន​ថៃ​ច្រើន​លើសលប់​រស់នៅ​តាម​ជនបទ ជាពិសេស​អ្នក​នៅ​ភូមិភាគ​ឦសាន​នឹង​បោះ​ឆ្នោត​ឱ្យ​គណបក្ស «ភឿថៃ» ដែល​មាន​លោកស្រី ស៊ូដារ៉ាត់ ឃីយូរ៉ាផាន់ ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​។ ចំណែក​អ្នក​រស់នៅ​ទីក្រុង​ធំៗ ដូចជា​ទីក្រុង​បាងកក និង​ក្រុម​មន្ត្រី​វណ្ណៈ​ខ្ពស់​ឬ​ក្រុម​អ៊ីលិត ទំនងជា​នឹង​បោះឆ្នោត​ឱ្យ​គណបក្ស «ផ្លាំងប្រាក់ឆារ៉ាដ» របស់​លោក ប្រាយុទ្ធ ចាន់អូឆា។

សេណារីយ៉ូ​ក្រោយ​ការបោះឆ្នោត

ផ្អែក​តាម​បរិបទ​បច្ចុប្បន្ន អ្នកវិភាគ​ក៏​ទស្សន៍ទាយ​ដែរ​ថា វា​អាច​ទៅ​រួច​ដែរ​ដែល​គណបក្ស «ផ្លាំង​ប្រាក់​ឆារ៉ាដ» របស់​លោក ប្រាយុទ្ធ ចាន់អូឆា មិន​ទទួល​បាន​សំឡេង​គ្រប់គ្រាន់​ ដើម្បី​ដឹកនាំ​គណៈរដ្ឋមន្ត្រី ដែល​មិន​អាច​ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​​បាន​​ឡើយ។ ពេលនោះ រឿង​មួយ​អាច​កើតឡើង គឺ​ក្រុម​យោធា​របស់​លោក ប្រាយុទ្ធ ចាន់អូឆា អាច​នឹង​រក​លេស​ណាមួយ ដើម្បី​និរាករណ៍​លទ្ធផល​ឆ្នោត ដែល​ជា​លេស​អនុញ្ញាត​ឱ្យ​លោក ប្រាយុទ្ធ ចាន់អូឆា ធ្វើជា​នាយករដ្ឋមន្ត្រី​ចាំផ្ទះ​បន្ត​​ទៅ​​ទៀត។

ទោះជា​យ៉ាងណា អ្នកវិភាគ​យល់ឃើញ​ថា សេណារីយ៉ូ​នេះ ប្រហែលជា​មានលទ្ធភាព​តិចតួច ពីព្រោះ វា​អាច​ធ្វើ​ឱ្យ​ប្រជាជន​ខឹងសម្បា​កាន់តែ​ខ្លាំង​នឹង​ការប្រកាស​លើក​ពេល​បោះឆ្នោត​សាកល​នេះ​ម្ដង​ហើយ​ម្ដងទៀត ដែល​ព្រឹត្តិការណ៍​នោះ អាច​នឹង​នាំ​​ទៅ​រក​ភាព​វឹកវរ​ណាមួយ បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​ការ​ប្រារព្ធ​ពិធី​បរម​រាជាភិសេក​នៃ​ព្រះមហាក្សត្រ​ថៃ ព្រះបាទ មហា វេជ្ជរាឡុងកន (Maha Vajiralongkorn) នៅ​ដើមខែ​ឧសភា​ខាងមុខនេះ ដើម្បី​ឡើង​គ្រោង​រាជ​ជា​ផ្លូវការ​។ ហេតុដូច្នេះ របប​ក្រុង​បាងកក​​ទំនងជា​មិន​ចង់​បង្កើត​ព្រឹត្តិការណ៍​មិន​ប្រក្រតី​ណាមួយ ដែល​អាច​ប៉​ពាល់​ដល់​ពិធី​បរម​រាជាភិសេក​របស់​ព្រះមហាក្សត្រ​អង្គ​ថ្មី​ឡើយ។

ប្រទេស​ថៃ​បោះឆ្នោត​តំណាងរាស្ត្រ​ចុងក្រោយ​គេ ​នៅ​ឆ្នាំ​២០១១ ដែល​ពេល​នោះ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ ប្អូនស្រី​លោក​ ថាក់ស៊ីន ស៊ីនណាវ៉ាត្រ ជាប់​ជា​នាយករដ្ឋមន្ត្រី តំណាង​ឱ្យ​គណបក្ស «ភឿ​ថៃ» ។ ប៉ុន្តែ​ ៣​ឆ្នាំ​ក្រោយមក មេទ័ព​ថៃ ឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូឆា បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​អំណាច។

ទោះជា​យ៉ាងណា​ក៏​ដោយ​ចុះ ដោយសារ​ការ​ខកខាន​បោះឆ្នោត​ជាច្រើន​ឆ្នាំ​មក គេ​រំពឹង​ថា ពលរដ្ឋ​ថៃ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ជាង ៥១​លាន​នាក់​នោះ នឹង​ចេញ​មក​បោះឆ្នោត​យ៉ាង​សស្រោកសស្រាំ​នៅ​ថ្ងៃអាទិត្យ​ទី២៤ មីនា ឆ្នាំ​២០១៩​នេះ ដែល​ជា​ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​រាជាណាចក្រ​មួយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល