ក្រុម​ការងារ​គណបក្ស​ជាប់​ឆ្នោត​បញ្ចប់​កិច្ច​ពិភាក្សា​វិសោធនកម្ម​បទបញ្ជា​ផ្ទៃ​ក្នុង​សភា

0:00 / 0:00

ក្រុម​ការងារ​របស់​គណបក្ស​​ជាប់​ឆ្នោត​ទាំង​ពីរ បាន​បញ្ចប់​ការ​ពិភាក្សា​ហើយ​លើ​កំណែទម្រង់​ដែល​នៅ​សេសសល់​នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា។ តំណាងរាស្ត្រ​មួយ​រូប​មក​ពី​គណបក្ស​ជំទាស់​ដែល​បាន​ចូលរួម​កិច្ច​ពិគ្រោះ​យោបល់​នេះ ចាត់​ទុក​ថា ថ្វី​បើ​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា បាន​បញ្ចប់​កិច្ច​ពិភាក្សា​ក្តី ក៏​ខាង​គណបក្ស​ប្រឆាំង​ត្រូវ​ចំណាយ​ពេល​ពន្យល់​បន្ថែម​ទៀត​នៅ​ក្នុង​ជំនួប​កំពូល​ដើម​ខែ​តុលា ខាង​មុខ​នេះ។

អង្គការ​មិន​មែន​រដ្ឋាភិបាល​យល់​ឃើញ​ថា បើ​ទោះ​ជា​កំណែទម្រង់​បទបញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា ត្រូវ​បាន​​បញ្ចប់​ការ​ពិគ្រោះ​ក៏ដោយ​ចុះ ក៏​យន្តការ​នេះ​នឹង​មិន​អាច​ជួយ​ធ្វើឲ្យ​សភា​មាន​ភាព​ប្រសើរ​ដដែល។

អ្នក​វិភាគ​នយោបាយ​នៅ​តែ​យល់​ឃើញ​ថា បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​ដែល​ទើប​បញ្ចប់​ការ​ជជែក​ដេញដោល​ដោយ​ក្រុម​ការងារ​របស់​គណបក្ស​នយោបាយ​ទាំង​ពីរ​នៅ​ពេល​នេះ បើ​ទោះ​ជា​មាន​ការ​កែ​ទម្រង់​នូវ​​ប្រការ​ខ្លះៗ​ដែល​សេសសល់​ក៏ដោយ ក៏​វិសាលភាព​ខ្លឹមសារ​នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​នេះ នឹង​មិន​អាច​បម្រើ​ឲ្យ​គ្រប់​សេចក្ដី​ត្រូវការ​បាន​ឡើយ ជាពិសេស​ចំពោះ​គណបក្ស​នយោបាយ​ដែល​មាន​សំឡេង​តិចតួច​នៅ​ក្នុង​សភា។

បើ​ទោះ​ជា​បែប​ណា នៅ​ថ្ងៃ​ទី​២០ ខែ​តុលា រដ្ឋសភា​នឹង​សម្រេច​អនុម័ត​ច្បាប់​បោះឆ្នោត​ដែល​កំពុង​ធ្វើ​កំណែទម្រង់​នេះ ហើយ​និង​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា​ផង។

ការ​រិះគន់​របស់​អ្នក​ឃ្លាំមើល​ផ្នែក​នយោបាយ​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ពី​កិច្ច​ពិគ្រោះ​យោបល់​របស់​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ បាន​បិទ​បញ្ចប់​នៃ​កំណែទម្រង់​របស់​ខ្លួន​លើ​ប្រការ​ខ្លះ​ដែល​នៅ​សេសសល់​នៃ​បទបញ្ជា​ផ្ទៃ​រដ្ឋសភា។

ប្រការ​មួយ​ចំនួន​ដែល​គណបក្ស​ទាំង​ពីរ​ចាត់​ទុក​ថា ចាំបាច់​ត្រូវ​តែ​ធ្វើ​វិសោធនកម្ម​​នោះ រួម​មាន​អ្នក​នាំ​ពាក្យ​របស់​សភា មិន​ត្រូវ​នាំ​ពាក្យ​ឲ្យ​បក្ស​នយោបាយ​តែ​ម្ខាង គឺ​ឈរ​លើ​គោលការណ៍​អព្យាក្រឹត។ ការ​បង្កើត​ឲ្យ​មាន​ក្រុម​ភាគ​ច្រើន និង​ភាគ​តិច​នៅ​ក្នុង​សភា គឺ​ចាំបាច់​ត្រូវ​តែ​មាន​ថវិកា​គាំទ្រ​សកម្មភាព​ដោយ​ឡែក​របស់​ខ្លួន និង​ការ​បែងចែក​តួនាទី​ឲ្យ​មាន​តម្លាភាព។

លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ក្រោយ​បិទ​បញ្ចប់​កិច្ច​ពិគ្រោះ​យោបល់​លើ​វិសោធនកម្ម​នៃ​បញ្ជា​ផ្ទៃក្នុង​រដ្ឋសភា កាល​ពី​រសៀល​ថ្ងៃ​ទី​២៩ កញ្ញា ថា ចំណុច​មួយ​ចំនួន​ដែល​គណបក្ស​ទាំង​ពីរ​នៅ​បន្ត​ខ្វែង​គំនិត​គ្នា ឥឡូវ​នេះ ក្រុម​ការងារ​ទាំង​ពីរ​បក្ស​បាន​ដើរ​ដល់​ចំណុច​ចុង​ក្រោយ​ហើយ។

លោក សុន ឆ័យ សង្ឃឹម​ថា កិច្ច​ប្រជុំ​កំពូល​រវាង​ថ្នាក់​ដឹកនាំ​ទាំង​ពីរ​គណបក្ស​នៅ​ដើម​ខែ​តុលា នេះ កិច្ចការ​ដែល​នៅ​សេសសល់ ហើយ​ទើប​បញ្ចប់​កិច្ច​ពិគ្រោះ​យោបល់​នៅ​ពេល​នេះ ទំនង​អ្នក​នយោបាយ​ទាំង​ពីរ​នឹង​ឯកភាព៖ «យើង​បាន​មូលមាត់​គ្នា ព្រមព្រៀង​រវាង​គណបក្ស​ទាំង​ពីរ​តាំង​ពី​ឆ្នាំ​២០០៤ មក ក្នុង​ការ​ដែល​ថា នឹង​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ដើម្បី​ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការ​ធ្វើ​ឲ្យ​បទបញ្ជា​ផ្ទៃ​ក្នុង​នេះ ធ្វើ​ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើង ដើម្បី​ដើរ​តួនាទី​សភា​នេះ​កាន់​តែ​មាន​ភាព​រឹងមាំ»

ទាក់ទិន​ករណី​នេះ ក្រុម​ការងារ​របស់​គណបក្ស​នយោបាយ​ទាំង​ពីរ​ដែល​បាន​ពិគ្រោះ​យោបល់ ផ្ដោត​តែ​ទៅ​លើ​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា ដែល​ម្ខាងៗ មាន​តំណាងរាស្ត្រ ៤​រូប​នោះ ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ។ ទន្ទឹម​នឹង​នេះ លោក ឈាង វុន អ្នក​នាំ​ពាក្យ​ឲ្យ​រដ្ឋសភា​បដិសេធ​ថា លោក​ជាប់​រវល់ ពុំ​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ឡើយ នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា។

ចំណែក​អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា បើ​ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ​ចុះ ការ​ព្យាយាម​ធ្វើ​វិសោធនកម្ម​លើ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​នេះ នឹង​មិន​អាច​ជួយ​ធ្វើ​ឲ្យ​ការ​ធ្វើ​កំណែទម្រង់​នេះ​បាន​ប្រសើរ​នោះ​ទេ។

លោក អ៊ូ វីរៈ ប្រធាន​អង្គការ​វេទិកា​អនាគត អះអាង​ថា ថ្វី​បើ​ក្រុម​ការងារ​ទាំង​ពីរ​គណបក្ស​បាន​បញ្ចប់​ការ​ធ្វើ​វិសោធនកម្ម​ក្តី ក៏​មធ្យោបាយ​នេះ នឹង​នៅ​តែ​ជា​ការ​ប្រឈម​សម្រាប់​សភា​ដែល​ធ្លាប់​រង​ការ​រិះគន់​ពី​សាធារណជន​ថា ជា​សភា​ធ្វើ​ការ​បាន​តិចតួច​សម្រាប់​ប្រយោជន៍​សាធារណៈ​ជា​ហូរហែ​កន្លង​ទៅ​នេះ។

លោក​បន្ត​ថា៖ «បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​រឹត​បន្តឹង​មែន​ទែន សម្រាប់​គណបក្ស​តូចតាច ហើយ​គណបក្ស​ដែល​អត់​កាន់​អំណាច។ អត់​មាន​ការ​ប្រកួតប្រជែង​ដូច​ជា សវនកម្ម ឬ​មួយ​ការ​កោះហៅ​នាយករដ្ឋមន្ត្រី​ឲ្យ​ឆ្លើយ​រៀងរាល់​សប្ដាហ៍​ដូច​ប្រទេស​គេ ឬ​មួយ​ហៅ​ឲ្យ​មន្ត្រី​មួយៗ ចូល​ឆ្លើយ​ក្នុង​គណៈកម្មការ​សភា»

បទបញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា​ដែល​គណបក្ស​ទាំង​ពីរ​អះអាង​ថា ចាំបាច់​ត្រូវ​តែ​ធ្វើ​វិសោធនកម្ម​លើ​ប្រការ​ខ្លះៗ​នោះ មាន ១៧​ជំពូក និង ៨៣​ប្រការ។ ជុំវិញ​រឿង​នេះ ថ្នាក់​ដឹកនាំ​កំពូល​ទាំង​ពីរ​គណបក្ស​នយោបាយ នឹង​ត្រូវ​ជួប​គ្នា​ជា​ថ្មី​ម្ដង​ទៀត នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​តុលា ដោយ​ផ្ដោត​លើ​របៀបវារៈ​កំណែទម្រង់​ច្បាប់​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​វិសោធនកម្ម​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។