បក្សកាន់អំណាចចាប់ផ្ដើមធ្វើមហាសន្និបាតដាក់ផែនការរកការគាំទ្រពីពលរដ្ឋសម្រាប់ការបោះឆ្នោតខាងមុខ
2023.01.28

គណបក្សប្រជាជនកម្ពុជាចាប់ផ្ដើមធ្វើមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល២ថ្ងៃ ដើម្បីពិនិត្យកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រការពារសមរភូមិនៃការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ខាងមុខ។ អ្នកជំនាញកិច្ចការអន្តរជាតិ យល់ថា បក្សកាន់អំណាចទំនងរិះរកវិធីសាស្ត្រ ទប់ទល់ជាមួយសហគមន៍អន្តរជាតិក្រោយការបោះឆ្នោតខាងមុខ ដើម្បីទប់ទល់នឹងការដាក់ទណ្ឌកម្មពីប្រទេសលោកសេរី។
មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សកាន់អំណាចនេះទាក់ទងការបោះឆ្នោតជាតិខាងមុខ ទិសដៅការងាររបស់គណបក្សកាន់អំណាច។ ពិធីនេះធ្វើនៅទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅក្រុងភ្នំពេញពីថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមករា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ បានថ្លែងណែនាំ និងផ្ដល់អនុសាសន៍ ពីកម្មវិធីនយោបាយរបស់គណបក្សនេះ។ ចំណែកប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ហេង សំរិន ថ្លែងសន្ទរកថា បង្ហាញពីរបាយការណ៍ លទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយគណបក្សនេះ ដោយមានការចូលរួមពីសមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល តំណាងគណបក្សទូទាំងប្រទេសរួមទាំងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាជាច្រើនរយនាក់ទៀត។
លោក ហេង សំរិន សរសេរលើទំព័រហ្វេសប៊ុកលោកថា គណបក្សប្រជាជនកម្ពុជា បានពិភាក្សាលើ ការអនុម័តរបាយការណ៍លទ្ធផល នៃការអនុវត្តកម្មវិធីនយោបាយគណបក្សពីឆ្នាំ២០១៨ ដល់២០២៣ ទិសដៅភារកិច្ចឆ្នាំ២០២៣ និងការអនុម័តសេចក្តីព្រាងកម្មវិធីនយោបាយ របស់គណបក្សនេះសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ជាដើម។

ការអះអាងរបស់គណបក្សកាន់អំណាចពីការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ទំនងគណបក្សនេះ ចង់សំដៅពីផែនការ នៃការពារអាសនៈសភាទាំង១២៣ ដែលគណបក្សនេះ កំពុងគ្រប់គ្រងនៅរដ្ឋសភា។
ទាក់ទងរឿងនេះវិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទេនៅថ្ងៃទី២៨ ខែមករា។
ប្រធានសហភាពសហជីពកម្ពុជា និងជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន យល់ថា ការរៀបចំផែនការយុទ្ធសាស្ត្រគណបក្សកាន់អំណាចពេលនេះ គឺជាសកម្មភាពធម្មតាដែលគណបក្សនយោបាយធ្វើដើម្បីកំណត់ផែនការនយោបាយ។ ទោះជាបែបនេះ លោក រ៉ុង ឈុន ចង់ឃើញគណបក្សកាន់អំណាច គួរប្រើកម្មវិធីនយោបាយ ដែលជាការបង្កឱ្យមានការប្រកួតប្រជែងដោយស្មើភាព និងធ្វើឱ្យយ៉ាងណាឱ្យការបោះឆ្នោតខាងមុខនេះមានភាពត្រឹមត្រូវ សេរី និងយុត្តិធម៌។
លោក រ៉ុង ឈុន៖ «ប្រជាពលរដ្ឋចង់ឃើញការប្រកួតហ្នឹងប្រកួតដោយស្មើភាពដោយស្មោះត្រង់ហើយត្រូវបើកលំហសេរីភាពនយោបាយឱ្យដៃគូប្រកួតហ្នឹងមានសិទ្ធិសេរីភាពក្នុងការប្រកួតប្រជែងក៏ដូចជាការដើរជួបប្រជាជនជួបអ្នកគាំទ្រជួបសកម្មជនធ្វើសកម្មភាពស្មើមុខស្មើមាត់គ្នាបាទ»។
![]()
ប្រធានសហភាពសហជីពកម្ពុជា និងជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
សំណើ លោក រ៉ុង ឈុន បែបនេះក្រោយពេលលោកសង្កេតឃើញថា ប៉ុន្មានខែចុងក្រោយមានគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញលើគណបក្ស ភ្លើងទៀនដែលជាគូប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។
ស្រដៀងគ្នានេះដែរ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា យល់ថា គណបក្សកាន់អំណាច ទំនងមិនបង្កឱ្យមានបរិយាកាសនយោបាយល្អក្នុងការបោះឆ្នោតខាងមុខនេះទេ។ លោកបន្តទៀតថា គណបក្សកាន់អំណាចអាចនឹងរៀបចំយុទ្ធសាស្ត្រទប់ទល់នឹងការដាក់ទណ្ឌកម្ម ពីក្រុមប្រទេសប្រជាធិបតេយ្យ នៅក្រោយការបោះឆ្នោតខែកក្កដាខាងមុខ។
លោក ឯម សុវណ្ណារ៉ា៖ «សហគមន៍អន្តរជាតិដែលចង់បានបរិយាកាសល្អប្រហែលមិនមានបរិយាកាសដែលលើកឡើងដូចមានចែងក្នុងគោលការណ៍ច្បាប់រដ្ឋធម្មនុញ្ញ ឬកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសប្រហែលមិនមានពេញលេញទេ អ៊ីចឹងប្រហែលជាសម្ពាធពីសហគមន៍អន្តរជាតិនៅក្នុងក្របខណ្ឌណាមួយតើគណបក្សកាន់អំណាចត្រៀមខ្លួនរៀបចំបែបណាដើម្បីទប់នឹងសម្ពាធហ្នឹងបាទ»។
មុនការបោះឆ្នោតមកដល់ លោក ហ៊ុន សែន បានប្រកាសជាចំហថា លោកប្រើទាំងអំណាចតុលាការ និងប្រើហិង្សាលើគណបក្សភ្លើងទៀន។ ទន្ទឹមនឹងការព្រមាននេះ មេដឹកនាំគណបក្សភ្លើងទៀនបីនាក់កំពុងជាប់បណ្ដឹងនៅតុលាការ ក្នុងនោះអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា កំពុងជាប់ពន្ធនាគារក្នុងសំណុំរឿងចេញសេកអត់លុយ។
ក្រុមអ្នកឃ្លាំមើលលើកឡើងថា ក្នុងពេលដែលបក្សកាន់អំណាចកំពុងធ្វើទុក្ខបុកម្នេញលើគណបក្សគូប្រកួតប្រជែងរបស់ខ្លួន គណបក្សនេះក៏បានព្យាយាមភ្ជាប់ខ្លួនជាមួយកសិករ កម្មកររោងចក្រ ពលករ និងពលរដ្ឋនៅក្រៅប្រទេសជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។