លោក ហ៊ុន សែន អបអរសាទរ​ប្រធានាធិបតី​រុស្សី​លោក វ្ល៉ាឌីមៀ ពូទីន ជាប់​ឆ្នោត​សាជាថ្មី

អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន អបអរសាទរ ប្រធានាធិបតី​រុស្សី​លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដែល​ត្រូវ​តុលាការអន្តរជាតិ​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម បាន​បន្ត​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​សហព័ន្ធ​រុស្ស៊ី អាណត្តិ​ទី​៥​នេះ។

ក្នុង​លិខិតផ្លូវការ​ផ្ញើ​ជូន​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃទី​១៩ ខែមីនា លោក ហ៊ុន សែន វាយតម្លៃ​ខ្ពស់​នៃ ចំណងមិត្តភាព​ជា​ប្រពៃណី រវាង​កម្ពុជា និង​សហព័ន្ធ​រុស្សី ក្នុង​ស្មារតី​គោរព និង​យោគយល់​គ្នា ដើម្បី​ផលប្រយោជន៍​រួម​។ លោក ហ៊ុន សែន ក៏បាន​បញ្ជាក់​ថា ក្នុង​តួនាទី​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក​ត្រៀមខ្លួន​ជានិច្ច ដើម្បី​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រធានាធិបតី​រុស្សី​លោក វ្ល៉ាឌីមៀ ពូទីន ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​រវាង​គណបក្សកាន់អំណាច និង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ជា​ផលប្រយោជន៍​រួម សម្រាប់​ប្រជាជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។

ការ​ដឹកនាំ​នៅក្នុង​ប្រទេស​កម្ពុជា និង​រុស្សី មាន​ភាព​ស្រដៀង​គ្នា ដោយ​រដ្ឋាភិបាល​ប្រើ​អំណាច​ផ្ដាច់ការ ប្រើ​អំពើ​ហិង្សា បំភិតបំភ័យ និង​លុបបំបាត់ គណបក្សប្រឆាំង​មិន​ឲ្យ​ចូលរួម​ការ​បោះឆ្នោត​ជាតិ។

ជាក់ស្តែង​ការ​បោះឆ្នោត​នៅក្នុង អាណត្តិ​ទី​៥ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី១៥ ខែមីនា ដល់​ថ្ងៃទី ១៧ ខែមីនា នៅ​សហព័ន្ធ​រុស្សី​នេះ គឺ​គ្មាន​គណបក្ស​ប្រឆាំង​ចូលរួម​ប្រកួតប្រជែង​នោះ​ឡើយ។ ប្រធាន​គណបក្សប្រឆាំង​ដ៏​លេចធ្លោ​ម្នាក់ និង​ជា​មេធាវី លោក អាឡិចស៊ី ណាវ៉ាល់នី (Alexei Navalny) ត្រូវ​បាន​រដ្ឋាភិបាល​ពូទីន ចាប់​ដាក់គុក និង​ទទួល​អនិច្ចកម្ម កាលពី​ខែ​កុម្ភៈ នៅ​ក្នុង​ពន្ធនាគារ។

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) កាលពី​ខែមីនា ឆ្នាំ​២០២៣ បាន​ចេញ​ដីកា​ឃាត់ខ្លួន លោក វ្ល៉ាឌីមៀ ពូទីន ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ដោយ​បាន​ចាប់ជំរិត​កុមារ​អ៊ុយក្រែន (Ukrainian) យក​ទៅ​ប្រទេស​រុស្ស៊ី ក្នុង​សង្គ្រាម​ឈ្លានពាន​នៅ​ប្រទេស​អ៊ុយក្រែន ក៏ប៉ុន្តែ​រដ្ឋាភិបាល​រុស្ស៊ី បដិសេធ​ការ​ចោទ​ប្រកាន់​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។