អ្នកនាំពាក្យគណបក្សកាន់អំណាចថា គណបក្សនេះនឹងមិនចោទប្រកាន់តំណាងរាស្ត្រអឺរ៉ុបជាង ៦រយនាក់ ពីបទ «រួមគំនិតក្បត់» នោះទេ ក្រោយសភាអឺរ៉ុបបានចេញសេចក្តីសម្រេចគាំទ្រមេដឹកនាំជាន់ខ្ពស់បក្សសង្គ្រោះជាតិ និងជំរុញឲ្យដាក់ទណ្ឌកម្មបន្ថែមលើមន្ត្រីរដ្ឋាភិបាល។ មន្រ្តីនាំពាក្យរូបនោះចោទថា សេចក្តីសម្រេចរបស់សភាអឺរ៉ុបជាការជ្រៀតជ្រែកចូលកិច្ចការងារផ្ទៃក្នុងរបស់កម្ពុជា ដែលកំពុងតែមានសន្តិភាព។
ពាក្យ «ឧទ្ទាមក្រៅច្បាប់» ឬពាក្យថា «មិនមែនប្រជាជន» គឺជាពាក្យដ៏ពេញនិយមរបស់មន្ត្រីនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ដែលលោកតែងយកមកនិយាយកប់ៗមាត់ ចោទប្រកាន់ពលរដ្ឋខ្មែរខ្លួនឯងទាំងឡាយណា ដែលបានគាំទ្រទង្វើរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ។ ក៏ប៉ុន្តែ ពាក្យទាំងនេះ លោកពុំហ៊ាននិយាយសំដៅដល់តំណាងរាស្ត្រអឺរ៉ុបជាង ៦០០នាក់ ដែលបានរួមគ្នាបោះឆ្នោតអនុម័តសេចក្តីសម្រេចរបស់សភាអឺរ៉ុប គាំទ្រមេដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជំរុញឲ្យក្រុមប្រឹក្សាអឺរ៉ុបដាក់ទណ្ឌកម្មជាក់លាក់បន្ថែមលើក្រុមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងយោធាកម្ពុជានោះទេ។
ផ្ទុយទៅវិញលោក សុខ ឥសាន ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១២ ខែមីនា ថាគណបក្សកាន់អំណាចរបស់លោកនឹងមិនចោទប្រកាន់ ឬកាត់ទោសអូសដំណើរតំណាងរាស្ត្រអឺរ៉ុបទាំងនោះពីបទ «រួមគំនិតក្បត់» នោះទេ៖ «អាហ្នុងខ្ញុំអត់ចោទទេ តាមទង្វើរបស់គាត់ ទុកឲ្យប្រជាជនពិភពលោកគេមើលទៅ។ តុលាការកម្ពុជា ប្អូនឯងយល់ទេ តុលការកម្ពុជាមិនមែនកាត់ទោសពួកសភាអឺរ៉ុបឯណា? តុលាការកម្ពុជាកាត់ទោសពួកជនក្បត់នៅក្នុងប្រទេសកម្ពុជា សញ្ជាតិកម្ពុជា។ តុលាការកម្ពុជាធ្វើការក្នុងក្របខណ្ឌឯករាជ្យ អធិបតេយ្យភាពរបស់ខ្លួន។ អាហ្នុង គេហៅថាវិសាលភាពនៃការដឹកនាំគ្រប់គ្រងរបស់កម្ពុជា។ សភាកម្ពុជាក្តី តុលាការកម្ពុជាក្តី មានសិទ្ធិអីទៅកាត់ទោសសភាអឺរ៉ុបអីឯណាទៅវិញ? អ៊ីចឹង យើងនិយាយថាឡងទៅវិញវាអត់ត្រូវ។ សភាអឺរ៉ុបហ្នុងគ្មានសិទ្ធិអីមកលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ»។
ប្រតិកម្មរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ កើតមានឡើងក្រោយពេលតំណាងរាស្ត្រអឺរ៉ុបជាង ៦០០នាក់ បោះឆ្នោតអនុម័ត សេចក្តីសម្រេច ២៥ចំណុច របស់សភាអឺរ៉ុប កាលពីថ្ងៃទី១១ ខែមីនា ថ្កោលទោសអំពើរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះដុនដាបនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ការចេញសេចក្តីសម្រេចចុងក្រោយរបស់សភាអឺរ៉ុបនេះ កើតមានឡើងក្រោយតុលាការនៃរបបក្រុងភ្នំពេញបានកាត់ទោសមេដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ៩រូប ក្នុងនោះរួមទាំងលោក សម រង្ស៊ី ផងឲ្យជាប់គុករហូតដល់ ២៥ឆ្នាំ ពីបទ «ឧបឃាត» ឬ «ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល»។
[សូមចុច តំណភ្ជាប់នេះ ដើម្បីទស្សនាវីដេអូទាំងស្រុងនៃកិច្ចពិក្សារបស់តំណាងរាស្ត្រអឺរ៉ុបអំពីបញ្ហាធ្លាក់ចុះប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។]
Highlighting the plight of in & the recent mass trials of the opposition , MEP addressed the plenary session today, calling on the EP to target <br/>& accomplices.<br/> <br/>Join our Cambodia webinar tomorrow at 1PM UK
ខ្លឹមសារសំខាន់ៗមួយចំនួននៃសេចក្តីសម្រេចនោះ ទាមទារឲ្យអាជ្ញាធរកម្ពុជាលុបចោលសាលក្រមសម្រេចកាត់ទោសមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងទាំងនោះ ដោះលែងនិងទម្លាក់ចោលបទចោទប្រឆាំងនឹងសកម្មជនគណបក្សសង្គ្រោះជាតិជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ព្រមទាំងទាមទារឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញជាដើម។ ក្រៅពីនេះ សេចក្តីសម្រេចរបស់សភាអឺរ៉ុប ក៏បានបញ្ជាក់ដែរថា គណបក្សប្រជាជនកម្ពុជា មិនគួរត្រូវបានចាត់ទុកថា ជាគណបក្សកាន់អំណាច «ស្របច្បាប់» នៅកម្ពុជានោះឡើយ ព្រោះការបោះឆ្នោតមិនត្រូវបានធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ។ ចំណុចទី២២ នៃសេចក្តីសម្រេចរបស់សភាអឺរ៉ុប ក៏បានជំរុញឲ្យក្រុមប្រឹក្សាអឺរ៉ុប អនុម័តវិធានការរឹតត្បិតនានា ប្រឆាំងនឹងក្រុមមេដឹកនាំនយោបាយ និងកងកម្លាំងប្រដាប់អាវុធនៅកម្ពុជាដែលទទួលខុសត្រូវ ចំពោះអំពើរំលោភសិទ្ធិមនុស្ស «ធ្ងន់ធ្ងរ» ចំពោះការរម្លាយគណបក្សសង្គ្រោះជាតិ និងចាត់វិធានការប្រឆាំងនឹងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចរបស់មន្ត្រីកម្ពុជាទាំងនោះ ដោយប្រើច្បាប់ដាក់ទណ្ឌកម្មជាសាកលរបស់សហភាពអឺរ៉ុបប្រឆាំងនឹងអំពើរំលោភសិទ្ធិមនុស្ស។ សភាអឺរ៉ុប ជឿជាក់ថា ការដាក់ទណ្ឌកម្មជាក់លាក់ ក្នុងនោះរួមមាន ការហាមប្រាមធ្វើដំណើរមកជាន់ដីអឺរ៉ុប និងការបង្កកទ្រព្យសម្បត្តិ ប្រឆាំងនឹងក្រុមមេដឹកនាំកម្ពុជា និងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចរបស់ពួកគេ ថាជារឿង «គួរតែត្រូវបានធ្វើឡើងតាំងពីពេលមុន» មកម៉្លេះ។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ដើម្បីសុំប្រតិកម្មជុំវិញការជំរុញរបស់សភាអឺរ៉ុបឲ្យក្រុមប្រឹក្សាអឺរ៉ុបដាក់ទណ្ឌកម្មជាក់លាក់បន្ថែមលើមន្ត្រីជាន់ខ្ពស់នយោបាយ និងកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជានេះបាននៅឡើយទេ គិតត្រឹមល្ងាចថ្ងៃទី១២ ខែមីនា ដោយសារពួកលោកមិនលើកទូរស័ព្ទ។
យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថាគណបក្សរបស់លោកពុំព្រួយបារម្ភទៅនឹងសេចក្តីសម្រេច និងការជំរុញឲ្យដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជាពីសំណាក់សភាអឺរ៉ុបនេះទេ៖ «បញ្ហាសំខាន់នៅលើសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់កម្ពុជារឹងមាំ។ មិនដែលសភាអឺរ៉ុបលើកទ័ពមកវាយកម្ពុជាតទៅទៀតទេ។ យើងចាំមើលទៅ! ដូចខ្ញុំអី តាំងពីដើមមក ខ្ញុំមានដែលទៅអឺរ៉ុបអី មានងាប់ខ្ញុំឯណា។ មិនដែលទៅជាន់ដីអឺរ៉ុបអី វាមានទៅងាប់អី អត់ទេ»។
"The European Parliament resolution [on ] is a very welcome ray of sunshine that pierces the growing darkness cast over the country by Hun Sen's single-party dictatorship" says to .
ផ្ទុយទៅនឹងការលើកឡើងថា កម្ពុជាមិនព្រួយបារម្ភនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ហៅសេចក្តីសម្រេចរបស់សភាអឺរ៉ុបនេះ ថាជា «ពន្លឺនៃក្តីសង្ឃឹម» ដែលអាចទម្លុះទម្លាយស្រមោលអន្ធការ ឬភាពខ្មៅងងឹត ដែលកំពុងតែរីកដុះដាលនៅកម្ពុជាក្រោមរបបដឹកនាំផ្តាច់ការឯកបក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថ្លែងក្នុងសេចក្តីថ្លែងការណ៍ផ្សាយកាលពីថ្ងៃទី១២ ខែមីនា ថាសភាអឺរ៉ុបបានចេញនូវសេចក្តីសម្រេចមួយ ដែលគេអាចចាត់ទុកថា ជាការស្តីបន្ទោសដ៏គួរឲ្យភ្ញាក់ផ្អើលទៅលើក្រុមមេដឹកនាំនៅកម្ពុជា ដោយសារតែប្រវត្តិរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោក ហ្វីល រ៉ូបឺតសុន ហៅសេចក្តីសម្រេចរបស់សភាអឺរ៉ុបនេះ ថាមានលក្ខណៈម៉ឺងម៉ាត់ ដែលបានថ្កោលទោសដំណើរការកាត់ក្តីជាឆាកល្ខោននៅក្រុងភ្នំពេញ ប្រឆាំងនឹងក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ និងប្រឆាំងនឹងអំពើរំលោភសិទ្ធិមនុស្សដែលកំពុងតែរីករាលដាលកាន់តែខ្លាំងប្រព្រឹត្តិដោយរដ្ឋាភិបាលលោក ហ៊ុន សែន។ លោកថា តាមរយៈការអនុម័តសេចក្តីសម្រេចនេះ សភាអឺរ៉ុបបានបង្ហាញឲ្យឃើញនូវការគាំទ្រយ៉ាងខ្លាំងចំពោះគោលនយោបាយការបរទេសបែប «បញ្ចេញសាច់ដុំ» របស់សហភាពអឺរ៉ុប ក្នុងការទាមទារឲ្យប្រទេសកម្ពុជាបញ្ឈប់នូវរាល់ដំណើរការកាត់ក្តីដែលមានចរិកនយោបាយ ដោះលែងសកម្មជនកំពុងជាប់ឃុំ ធ្វើឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ និងបញ្ឈប់ការវាយប្រហារមកលើសង្គមស៊ីវិល ក្រុមអ្នកការពារសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ សេចក្តីសម្រេចរបស់សភាអឺរ៉ុបនោះក៏បានទាមទារឲ្យអឺរ៉ុប ដាក់ចេញនូវទណ្ឌកម្មជាក់លាក់ទៅលើមេដឹកនាំនយោបាយ និងមន្ត្រីយោធានៅកម្ពុជាដោយសារតែពួកគេបានជាប់ពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្ស។ មន្ត្រីជំនាញសិទ្ធិមនុស្សអន្តរជាតិរូបនេះគូសបញ្ជាក់ថា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ តែងតែធ្វើការតស៊ូមតិឲ្យមានការដាក់ទណ្ឌកម្មជាក់លាក់ប្រឆាំងនឹងនាយឧត្តមសេនីយ៍ «បាតដៃកខ្វក់» ១២រូប ដែលបានជួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យអាចរក្សាអំណាចបានអស់រយៈពេល ៣៦ឆ្នាំមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។