អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​អំពាវនាវ​ដល់​ទូត​អាមេរិក​ថ្មី ឱ្យ​បំភ្លេច​ភាព​ល្អក់​កករ​ក្នុង​ប្រវត្តិសាស្ត្រ និង​ធ្វើ​ការ​រួម​គ្នា ដើម្បី​ប្រយោជន៏​នៃ​ប្រទេស​ទាំង​ពីរ

0:00 / 0:00

អ្នកវិភាគនយោបាយសង្គម ចង់ឃើញឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាថ្មី ធ្វើ​ការងារ​ស្តារ​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​អាមេរិក និង​ធ្វើ​ជា​ស្ពាន​សំរាប់​ចរចា​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ។ ចំណែក​មន្រ្តី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ក៏​ស្វាគមន៍​ការ​ដោះ​ស្រាយ​បញ្ហា​ទំនាក់ទំនង​ខ្មែរ​អាមរិក​ដែរ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក​ សុខ ឥសាន្ត បង្ហាញសុទិដ្ឋិនិយមថា​ ទំនាក់ទំនង​​ការ​​ទូត និង​​កិច្ច​​សហប្រតិបត្តិការ​ទ្វេ​ភាគី​រវាង​កម្ពុជា និង​អាមេរិក នឹងមានភាពល្អប្រសើរក្រោមការដឹកនាំ​របស់​​​ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ថ្មី​ លោក ផាទ្រីក មើរហ្វី (Patrick Murphy)។ លោក​ក៏​បាន​អំពាវនាវ​ឱ្យ​​មាន​​ការ​បំភ្លេច​ចោល​នូវ​ភាព​ល្អក់​កករ​ទាំង​ឡាយ​ក្នុង​ពេល​កន្លង​មក រវាង​កម្ពុជា​ និង​អាមេរិក ដោយ​​ងាក​​មក​​ធ្វើ​​ការ​​រួម​​គ្នា ដើម្បី​ផល​ប្រយោជន៍​រួម​សំរាប់​ប្រជាជន និង​​ប្រទេស​​ទាំង​ពីរ​ក្នុង​ពេល​​អនាគត​វិញ៖ « សូមស្វាគមន៏វត្តមានលោក ផាទ្រីក មើរហ្វី។ យើងខ្ញុំមានសុទិដ្ឋិនិយមថាលោកទូត ដែលមានជំនាញ និង​បទ​ពិសោធន៍​ដ៏ជ្រាលជ្រៅខាងការងារការទូត លោកនឹងបំពេញភារកិច្ច​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​សាមគីភាព​ មិត្តភាព​រវាង​សហរដ្ឋ​អាមេរិក និង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បំភ្លេច​ចោលនូវអតីតកាលមួយចំនួន ដែល​មាន​នៅ​ក្នុង​ប្រវត្តិសាស្រ្ត ដែល​មិន​ល្អ​​កន្លង​ទៅ។ អតីត​​កាល​​ជា​បទពិសោធន៍​សម្រាប់​បច្ចុប្បន្ន​កាល និង​អនាគត​កាល ដើម្បីធ្វើ​យ៉ាង​ណាឱ្យ​ប្រទេស​យើង​មាន​ទំនាក់ទំនង​ល្អ​រុងរឿង​ទាំង​អស់​គ្នា »

ឯកអគ្គរដ្ឋទូតអាមេរិក លោក ផាទ្រីក មើរហ្វី គឺជាតំណាងផ្លូវការរបស់ប្រធានាធិបតី​​អាមេរិក​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា។ អាណត្តិរបស់លោកមានរយៈពេលបីឆ្នាំ។ ​ក្នុង​នាមជាប្រធានបេសកកម្មការទូត​របស់​សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក​មាន​តួនាទី​​ដឹក​​នាំ​​រាល់​​ស្ថាប័ន​​នានា របស់​រដ្ឋាភិបាល​​អាមេរិក ដែល​រួម​មាន​ទីភ្នាក់ងារ​ផ្តល់ជំនួយ USAID ទីភ្នាក់ងារ ភីសខ័រ (Peace Corps) មជ្ឍមណ្ឌល​​ត្រួត​ពិនិត្យ និងការពារជំងឺ ឬហៅកាត់ថា CDC (Center for Disease Control​ and Prevention) និង​ការិយាល័យ​សេនានុព័ន្ធយោធា​អាមេរិក​ជា​ដើម។ លោក ផាទ្រីក មើរហ្វី ត្រូវបានតែងតាំង​ជា​​ឯក​អគ្គ​​រដ្ឋទូត​​សហរដ្ឋ​អាមេរិក ជំនួស​លោក វីលៀម ហាយដ៏ (William Heidt) ដែល​បាន​បញ្ចប់​អាណត្តិ​របស់​លោ ក​កាល​ពី​ខែ​វិចិ្ឆកា ឆ្នាំ២០១៨។

អ្នកវិភាគស្នើឲ្យមន្រ្តីការទូតរបស់អាមេរិកចាប់ផ្តើមជួយសម្របសម្រួលវិបត្តិនយោបាយ​កម្ពុជា​បច្ចុប្បន្ន និង​ស្តារ​ទំនាក់ទំនង​ការ​ទូត​ឡើង​វិញ។ អ្នកវិភាគ​សង្គម​លោក គឹម សុខ ដែលកំពុងរស់នៅភៀស​ខ្លួន បានថ្លែង​ប្រាប់​អាស៊ី​សេរី​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​បោះបង់​ចោល​កម្ពុជា​នោះ​ទេ ហើយ​ការងារ​ជា​អាទិភាព​របស់​លោក​ទូត គឺ​ពង្រឹង​​ទំនាក់ទំនង​ការ​​ទូត​​រវាង​​ប្រទេស​​ទាំង​​ពីរ ការ​ជួយ​​សម្របសម្រួល​ផ្នែក​នយោបាយរវាងគណបក្សទាំងពីរ​ឱ្យ​ងាកមករកការចរចារគ្នាឡើងវិញ និង​ទប់​ស្កាត់​ឥទ្ធិពល​​របស់​​ចិន​​មក​​លើ​ប្រទេស​កម្ពុជា។ ទោះជាបែបណាក្តី លោក គឹម​ សុខ លើក​បញ្ជាក់​ថា លោក ហ៊ុន សែន នឹង​​មិន​បោះបង់​ប្រទេស​ចិន ​ហើយ​ងាក​មក​ក្រសោប​សហរដ្ឋ​អាមេរិក​នោះ​ទេ ព្រោះ​ចិន​ជា​​ឆ្អឹង​​បង្អែក​ដែល​មិន​អាច​ខ្វះ​បាន​ សម្រាប់​ការពារ​អំណាច​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ឱ្យ​មាន​​និរន្តរភាព​​ត​ទៅ​មុខ​ទៀត៖ « វត្ថមាន​របស់​ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា​ អ្វីដែល​សហរដ្ឋ​អាមេរិក​ចង់បង្ហាញ​ គឺ​កម្ពុជា​មួយ ដែល​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ជាមួយ​គ្នា ដែល​សហរដ្ឋ​​អាមេរិក​​នឹង​​ព្យាយាម​​ជួយ​​ជ្រោមជ្រែង ជួយ​​សម្រមសម្រួល។ បើថាក្រុមលោក ហ៊ុន សែន ងាក​មក​សហរដ្ឋ​​អាមេរិក ហើយបោះបង់ចិនចោល នោះមិនអាចទេ ពីព្រោះតែ​នយោបាយការពារ​អំណាច​របស់ ហ៊ុន សែន គឺ​ពឹង​ផ្អែក​ធំ​ណាស់​ទៅ​ប្រទេស​ចិន នយោបាយ​​ចិន និង​​លុយ​​កាក់​ចិន​ជា​ដើម។ ការ​​សម្របសម្រួល​​​ណា​​មួយ ដែល​ឯក​អគ្គ​រដ្ឋទូត​​អាមេរិក​​អាច​​ធ្វើ​​បាន កុំ​​ឱ្យ​​ប្រទេស​កម្ពុជា ធ្លាក់​កាន់​តែ​​ជ្រៅ​​ទៅ​​ក្នុង​​កណ្តាប់​ដៃ​របស់​ចិន »

ប្រធានការិយាល័យកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យស្ថានទូតអាមេរិក​ប្រចាំកម្ពុជា លោក​ អេរិន ឆ្វាតជេស (Arend Zwartjes) បាន​ប្រាប់​អាស៊ី​សេរី​ថា ការងារជាអាទិភាពរបស់លោកឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​រូប​នេះ រួម​​មាន ការ​ពង្រឹង​ទំនាក់ទំនង​​ទ្វេ​​ភាគី​​រវាង​​ប្រទេស​ទាំង​ពីរ និង​ការ​គាំទ្រ​ដល់​ប្រជាជន​កម្ពុជា៖ « អទិភាព​របស់​លោក​ឯក​អគ្គ​រដ្ឋទូត រួម​មាន ការ​ពង្រឹង​​ទំនាក់ទំនង​​រវាង​​សហរដ្ឋ​​អាមេរិក និង​ប្រទេស​​កម្ពុជា​ ហើយ​​និង​​ការ​​ជួយ​​ដល់​​ប្រជាជន​​កម្ពុជា។ ​លោក​​ឯក​អគ្គ​រដ្ឋទូត​​នឹង​ថ្វាយ​សារ​តាំង​​នៅ​ក្នុងពេលដ៏ខ្លីខាងមុខ ហើយ​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​កម្ពុជា​ដទៃ​ទៀត »

លោក​បន្ត​ថា លោក ផាទ្រីក មើរហ្វី នឹង​ជួប​ប្រជុំ​ការងារ​ផ្លូវការ​ផ្សេងៗ ជាមួយ​មន្ត្រី​រដ្ឋាភិបាល​​កម្ពុជា សង្គម​​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ផ្សេងៗ ទៀត ក្រោយ​ពេល​លោក​ថ្វាយ​សារតាំង​ដល់​ព្រះមហាក្សត្រ​ក្នុង​ពេល​ឆាប់ៗ ខាង​មុខ​នោះ។

ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជាលោក ផាទ្រីក មើរហ្វី (Patrick Murphy) បាន​​មក​ដល់​ប្រទេស​​​កម្ពុជា​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ទី១៨ ខែ​​កញ្ញា។ មុន​ទៅ​ដល់​កម្ពុជា លោក​​បាន​ផ្សាយ​នូវ​វីដូខ្លី​មួយ​ដោយ បាន​​សន្យា​​ថា លោកនឹងធ្វើជា​ដៃគូ​ជាមួយ​ប្រទេស​កម្ពុជា ដើម្បីពង្រឹងនូវកិច្ចសហប្រតិតបតិ្តការទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​​ក្នុង​​វិស័យ​ជា​ច្រើន ​ដែល​រួមមាន វិស័យ​​ពាណិជ្ជកម្ម ការ​​ពង្រឹង​​ការ​​អនុវត្ត​​ច្បាប់ ការ​អភិរក្សវិស័យវប្បធម៌ និងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជនទៅ​ប្រជាជន និង​គាំទ្រ​​កម្ពុជា​ប្រកប​​ដោយ​​ភាព​​រីក​​ចំរើន ប្រជាធិបតេយ្យ និង​ឯករាជ្យ៖ « ខ្ញុំ​រង់ចាំ​ធ្វើ​ជា​ដៃគូ​ជាមួយក​ម្ពុជា ដែល​​ប្រកប​​ដោយ​ថាមពល​​ក្នុង​​ពេល​​អនាគត។ សហប្រតិបត្តិការ​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា រួមមាន ការ​អភិវឌ្ឃន៏ ពាណិជ្ជកម្ម សុខភាព​សាធារណៈ ការ​ពង្រឹង​​ការ​​អនុវត្តន៍​​ច្បាប់​ ការ​អភិរក្ស​វិស័យ​​វប្បធម៌ និង​ការ​ផ្លាស់ប្តូរ​ទំនាក់​រវាង​​ប្រជាជន និង​​ប្រជាជន។ ខ្ញុំ​​ប្តេជ្ញា​​ចិត្ត​​ដើម្បី​​ជួយ​​ឱ្យ​​ប្រទេស​​យើង​ទាំង​ពីរ​​ពង្រឹង​​នូវ​វិស័យ​ទាំង​នេះ និង​ទំនាក់ទំនង​ផ្សេងៗ ទៀត ដើម្បី​គាំទ្រ​ប្រទេស​កម្ពុជា​ប្រកប​ដោយ​វិបុលភាព ប្រជាធិប្បតេយ្យ និង​ឯករាជ្យ »

ទំនាក់ទំនងការទូត​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា មាន​ភាព​ល្អក់កករ និងធ្លាក់ដល់​កម្រិត​​មួយ ដែល​​មិន​​ធ្លាប់​​មាន​ក្នុង​រយៈ​ពេល ២០ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​លោក ​ហ៊ុន សែន បានចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ដាក់​​ពន្ធនាគារ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បណ្ដេញ​អង្គការ​សង្គម​​ស៊ីវិលអាមេរិក គឺ​វិទ្យាស្ថាន​ជាតិ​​ប្រជាធិបតេយ្យ ដែល​ហៅ​កាត់​ថា NDI ចេញ​​ពី​​ប្រទេស​​កម្ពុជា បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និងរៀបចំ​ការបោះឆ្នោត​​ដែល​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង​​ជា​​ដើម។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ផង​ដែរ​ថា នៅ​​ពី​​ក្រោយ​​គណបក្ស​​ប្រឆាំង ក្នុង​​ការ​ប៉ុនប៉ង​​ធ្វើ​​បដិវត្តន៍​​ពណ៌​ផ្តួល​​រលំ​​រដ្ឋាភិបាល​​របស់​​លោក។

ក្រសួងការបរទេសអាមេរិកកាលពីដើមខែកញ្ញានេះ ក៏បានស្នើជាថ្មីម្តងទៀតឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះ​​លែង​​មេ​ដឹក​នាំ និង​​សកម្មជន​​គណបក្ស​​ប្រឆាំង និង​​គោរព​​នូវសិទ្ធិសេរីភាព​ជាមូលដ្នានរបស់​ប្រជាពលរដ្ឋ។

អ្នកនាំពាក្យរដ្ឋាភិបាល​​ លោក ផៃ ស៊ីផាន បានប្រាប់អាស៊ីសេរីថា លោករំពឹងថា​បេសកកម្មការ​ទូត​​របស់​​លោក​​ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ថ្មី នឹង​​ជួយ​ពង្រឹង​នូវ​ទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេសទាំង​ពីរ​ដោយ​ឈរ​លើ​គោលការណ៍​ស្មើភាព គោរព​គ្នា​ទៅ​វិញ​ទៅ​មក និង​មិន​ជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុង​របស់ប្រទេស​រៀងៗ ខ្លួន។ លោកក៏បានរំលឹកឡើងវិញ​ផង​ដែរ នូវ​កិច្ច​សហប្រតិបត្តិការ​ល្អៗ មួយ​ចំនួន ដែល​កម្ពុជា​បានធ្វើក្នុងរយៈពេលកន្លងមក​ជាមួយ​សហរដ្ឋ​អាមេរិក ដូចជា ​ក្នុង​​វិស័យ​​ភេរវកម្ម ការ​ដោះ​មីន និង​​ការ​​ប្រឆាំង​​ការ​​ជួញដូរ​​មនុស្ស​​ជា​​ដើម៖ « អ្វីដែលជាផល​រំពឹង​ទុក ពង្រឹង​ទំនាក់ទំនង​ល្អ និង​​សហប្រតិបត្តិការ​ ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្មើភាព​គ្នា មិន​ជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុងគ្នាទៅ​វិញ​ទៅ​មក។ សហរដ្ឋ​អាមេរិក ក្នុង​រយៈ​ពេល​កន្លង​ គឺយើង​បាន​សហការគ្នា​ក្នុង​វិស័យ​បេកតិភ័ណ្ឌ វិស័យ​រុករក​មីន វិស័យដ៏ទៃទៀត ដូចជា ការ​​ប្រឆាំង​​ភេរវកម្ម គឺ​​យើង​​បាន​​ធ្វើ​កិច្ច​សហការ​ជាមួយ​គ្នា ប្រឆាំង​ការ​លាងលុយ​ ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ក៏​ដូច​ជា ការ​ទទួល​នូវ​ជន​ដែល​ត្រូវបាន​បណ្តេញ​​ចេញ​ពី​សហរដ្ឋ​អាមេរិក ដែល​ជា​​ជន​ជាតិ​​ខ្មែរ​​ដើម​​នោះ គឺ​​យើង​​បាន​ប្រតិបត្តិការ​ជាមួយ​គ្នា នោះ​​ហើយ គឺ​​ជា​​ចំណុច​​ល្អរៗ សម្រាប់​​ប្រទេស​​ទាំង​​ពីរ​​នេះ​​ឯង »

ទោះ​បី​ជា​យ៉ាង​ក៏​ដោយ លោក ផៃ ស៊ីផាន កាល​ពី​ពេល​ថ្មីៗ នេះ បាន​សំដែង​ការ​ខក​ចិត្ត ដែល​​អាជ្ញាធរ​​អាមេរិក​មិន​​ព្រម​​ឃាត់​​ខ្លួន​លោក សម រង្ស៊ី ដែល​​មាន​​វត្តមាន​​នៅ​​អាមេរិក​​ទៅ​​ឲ្យ​កម្ពុជា​​វិញ។

អ្នក​វិភាគ​សង្គម​លើក​ឡើង​ថា ទំនាក់ទំនង​ទេ្វភាគី​រវាង​កម្ពុជា និង​អាមេរិក នឹង​មិន​មាន​ការ​​ប្រសើរ​​ឡើង​​វិញ​​ទេ ប្រសិន​​បើ​​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​​តែ​​មានៈ​ មិន​​បន្ទន់​​ជំហរ​​ងា​ក​ម​ក​​​ស្តារ​លទ្ធិ​​ប្រជាធិបតេយ្យ តាម​​ការ​​ស្នើសុំ​​របស់​​សហរដ្ឋ​​អាមេរិក និង​​សហគមន៍​​អន្តរជាតិ​​នោះ​​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។