អ្នកវិភាគនយោបាយសង្គម ចង់ឃើញឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាថ្មី ធ្វើការងារស្តារទំនាក់ទំនងរវាងប្រទេសកម្ពុជា និងអាមេរិក និងធ្វើជាស្ពានសំរាប់ចរចារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ដើម្បីដោះស្រាយវិបត្តិនយោបាយ។ ចំណែកមន្រ្តីនាំពាក្យគណបក្សកាន់អំណាចក៏ស្វាគមន៍ការដោះស្រាយបញ្ហាទំនាក់ទំនងខ្មែរអាមរិកដែរ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអាមេរិក នឹងមានភាពល្អប្រសើរក្រោមការដឹកនាំរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី លោក ផាទ្រីក មើរហ្វី (Patrick Murphy)។ លោកក៏បានអំពាវនាវឱ្យមានការបំភ្លេចចោលនូវភាពល្អក់កករទាំងឡាយក្នុងពេលកន្លងមក រវាងកម្ពុជា និងអាមេរិក ដោយងាកមកធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍រួមសំរាប់ប្រជាជន និងប្រទេសទាំងពីរក្នុងពេលអនាគតវិញ៖ « សូមស្វាគមន៏វត្តមានលោក ផាទ្រីក មើរហ្វី។ យើងខ្ញុំមានសុទិដ្ឋិនិយមថាលោកទូត ដែលមានជំនាញ និងបទពិសោធន៍ដ៏ជ្រាលជ្រៅខាងការងារការទូត លោកនឹងបំពេញភារកិច្ចក្នុងការពង្រឹងទំនាក់ទំនងសាមគីភាព មិត្តភាពរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា ដោយបំភ្លេចចោលនូវអតីតកាលមួយចំនួន ដែលមាននៅក្នុងប្រវត្តិសាស្រ្ត ដែលមិនល្អកន្លងទៅ។ អតីតកាលជាបទពិសោធន៍សម្រាប់បច្ចុប្បន្នកាល និងអនាគតកាល ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសយើងមានទំនាក់ទំនងល្អរុងរឿងទាំងអស់គ្នា » ។
ឯកអគ្គរដ្ឋទូតអាមេរិក លោក ផាទ្រីក មើរហ្វី គឺជាតំណាងផ្លូវការរបស់ប្រធានាធិបតីអាមេរិកនៅក្នុងប្រទេសកម្ពុជា។ អាណត្តិរបស់លោកមានរយៈពេលបីឆ្នាំ។ ក្នុងនាមជាប្រធានបេសកកម្មការទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោកមានតួនាទីដឹកនាំរាល់ស្ថាប័ននានា របស់រដ្ឋាភិបាលអាមេរិក ដែលរួមមានទីភ្នាក់ងារផ្តល់ជំនួយ USAID ទីភ្នាក់ងារ ភីសខ័រ (Peace Corps) មជ្ឍមណ្ឌលត្រួតពិនិត្យ និងការពារជំងឺ ឬហៅកាត់ថា CDC (Center for Disease Control and Prevention) និងការិយាល័យសេនានុព័ន្ធយោធាអាមេរិកជាដើម។ លោក ផាទ្រីក មើរហ្វី ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ជំនួសលោក វីលៀម ហាយដ៏ (William Heidt) ដែលបានបញ្ចប់អាណត្តិរបស់លោ កកាលពីខែវិចិ្ឆកា ឆ្នាំ២០១៨។
អ្នកវិភាគស្នើឲ្យមន្រ្តីការទូតរបស់អាមេរិកចាប់ផ្តើមជួយសម្របសម្រួលវិបត្តិនយោបាយកម្ពុជាបច្ចុប្បន្ន និងស្តារទំនាក់ទំនងការទូតឡើងវិញ។ អ្នកវិភាគសង្គមលោក គឹម សុខ ដែលកំពុងរស់នៅភៀសខ្លួន បានថ្លែងប្រាប់អាស៊ីសេរីថា សហរដ្ឋអាមេរិកនឹងមិនបោះបង់ចោលកម្ពុជានោះទេ ហើយការងារជាអាទិភាពរបស់លោកទូត គឺពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ការជួយសម្របសម្រួលផ្នែកនយោបាយរវាងគណបក្សទាំងពីរឱ្យងាកមករកការចរចារគ្នាឡើងវិញ និងទប់ស្កាត់ឥទ្ធិពលរបស់ចិនមកលើប្រទេសកម្ពុជា។ ទោះជាបែបណាក្តី លោក គឹម សុខ លើកបញ្ជាក់ថា លោក ហ៊ុន សែន នឹងមិនបោះបង់ប្រទេសចិន ហើយងាកមកក្រសោបសហរដ្ឋអាមេរិកនោះទេ ព្រោះចិនជាឆ្អឹងបង្អែកដែលមិនអាចខ្វះបាន សម្រាប់ការពារអំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឱ្យមាននិរន្តរភាពតទៅមុខទៀត៖ « វត្ថមានរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅលើទឹកដីប្រទេសកម្ពុជា អ្វីដែលសហរដ្ឋអាមេរិកចង់បង្ហាញ គឺកម្ពុជាមួយ ដែលត្រូវដោះស្រាយបញ្ហាជាមួយគ្នា ដែលសហរដ្ឋអាមេរិកនឹងព្យាយាមជួយជ្រោមជ្រែង ជួយសម្រមសម្រួល។ បើថាក្រុមលោក ហ៊ុន សែន ងាកមកសហរដ្ឋអាមេរិក ហើយបោះបង់ចិនចោល នោះមិនអាចទេ ពីព្រោះតែនយោបាយការពារអំណាចរបស់ ហ៊ុន សែន គឺពឹងផ្អែកធំណាស់ទៅប្រទេសចិន នយោបាយចិន និងលុយកាក់ចិនជាដើម។ ការសម្របសម្រួលណាមួយ ដែលឯកអគ្គរដ្ឋទូតអាមេរិកអាចធ្វើបាន កុំឱ្យប្រទេសកម្ពុជា ធ្លាក់កាន់តែជ្រៅទៅក្នុងកណ្តាប់ដៃរបស់ចិន » ។
ប្រធានការិយាល័យកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក អេរិន ឆ្វាតជេស (Arend Zwartjes) បានប្រាប់អាស៊ីសេរីថា ការងារជាអាទិភាពរបស់លោកឯកអគ្គរដ្ឋទូតអាមេរិកថ្មីរូបនេះ រួមមាន ការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងការគាំទ្រដល់ប្រជាជនកម្ពុជា៖ « អទិភាពរបស់លោកឯកអគ្គរដ្ឋទូត រួមមាន ការពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ហើយនិងការជួយដល់ប្រជាជនកម្ពុជា។ លោកឯកអគ្គរដ្ឋទូតនឹងថ្វាយសារតាំងនៅក្នុងពេលដ៏ខ្លីខាងមុខ ហើយធ្វើការជាមួយអាជ្ញាធររដ្ឋាភិបាល សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធកម្ពុជាដទៃទៀត » ។
លោកបន្តថា លោក ផាទ្រីក មើរហ្វី នឹងជួបប្រជុំការងារផ្លូវការផ្សេងៗ ជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធមួយចំនួនផ្សេងៗ ទៀត ក្រោយពេលលោកថ្វាយសារតាំងដល់ព្រះមហាក្សត្រក្នុងពេលឆាប់ៗ ខាងមុខនោះ។
ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជាលោក ផាទ្រីក មើរហ្វី (Patrick Murphy) បានមកដល់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី១៨ ខែកញ្ញា។ មុនទៅដល់កម្ពុជា លោកបានផ្សាយនូវវីដូខ្លីមួយដោយ បានសន្យាថា លោកនឹងធ្វើជាដៃគូជាមួយប្រទេសកម្ពុជា ដើម្បីពង្រឹងនូវកិច្ចសហប្រតិតបតិ្តការទ្វេភាគីរវាងប្រទេសទាំងពីរក្នុងវិស័យជាច្រើន ដែលរួមមាន វិស័យពាណិជ្ជកម្ម ការពង្រឹងការអនុវត្តច្បាប់ ការអភិរក្សវិស័យវប្បធម៌ និងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជនទៅប្រជាជន និងគាំទ្រកម្ពុជាប្រកបដោយភាពរីកចំរើន ប្រជាធិបតេយ្យ និងឯករាជ្យ៖ « ខ្ញុំរង់ចាំធ្វើជាដៃគូជាមួយកម្ពុជា ដែលប្រកបដោយថាមពលក្នុងពេលអនាគត។ សហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជា រួមមាន ការអភិវឌ្ឃន៏ ពាណិជ្ជកម្ម សុខភាពសាធារណៈ ការពង្រឹងការអនុវត្តន៍ច្បាប់ ការអភិរក្សវិស័យវប្បធម៌ និងការផ្លាស់ប្តូរទំនាក់រវាងប្រជាជន និងប្រជាជន។ ខ្ញុំប្តេជ្ញាចិត្តដើម្បីជួយឱ្យប្រទេសយើងទាំងពីរពង្រឹងនូវវិស័យទាំងនេះ និងទំនាក់ទំនងផ្សេងៗ ទៀត ដើម្បីគាំទ្រប្រទេសកម្ពុជាប្រកបដោយវិបុលភាព ប្រជាធិប្បតេយ្យ និងឯករាជ្យ » ។
ទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា មានភាពល្អក់កករ និងធ្លាក់ដល់កម្រិតមួយ ដែលមិនធ្លាប់មានក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ បន្ទាប់ពីលោក ហ៊ុន សែន បានចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារ រំលាយគណបក្សសង្គ្រោះជាតិ បណ្ដេញអង្គការសង្គមស៊ីវិលអាមេរិក គឺវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ដែលហៅកាត់ថា NDI ចេញពីប្រទេសកម្ពុជា បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងរៀបចំការបោះឆ្នោតដែលគ្មានវត្តមានគណបក្សប្រឆាំងជាដើម។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចោទប្រកាន់សហរដ្ឋអាមេរិកផងដែរថា នៅពីក្រោយគណបក្សប្រឆាំង ក្នុងការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ផ្តួលរលំរដ្ឋាភិបាលរបស់លោក។
ក្រសួងការបរទេសអាមេរិកកាលពីដើមខែកញ្ញានេះ ក៏បានស្នើជាថ្មីម្តងទៀតឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងមេដឹកនាំ និងសកម្មជនគណបក្សប្រឆាំង និងគោរពនូវសិទ្ធិសេរីភាពជាមូលដ្នានរបស់ប្រជាពលរដ្ឋ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានប្រាប់អាស៊ីសេរីថា លោករំពឹងថាបេសកកម្មការទូតរបស់លោកឯកអគ្គរដ្ឋទូតអាមេរិកថ្មី នឹងជួយពង្រឹងនូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដោយឈរលើគោលការណ៍ស្មើភាព គោរពគ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសរៀងៗ ខ្លួន។ លោកក៏បានរំលឹកឡើងវិញផងដែរ នូវកិច្ចសហប្រតិបត្តិការល្អៗ មួយចំនួន ដែលកម្ពុជាបានធ្វើក្នុងរយៈពេលកន្លងមកជាមួយសហរដ្ឋអាមេរិក ដូចជា ក្នុងវិស័យភេរវកម្ម ការដោះមីន និងការប្រឆាំងការជួញដូរមនុស្សជាដើម៖ « អ្វីដែលជាផលរំពឹងទុក ពង្រឹងទំនាក់ទំនងល្អ និងសហប្រតិបត្តិការ ការគោរពគ្នាទៅវិញទៅមក ដោយស្មើភាពគ្នា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក។ សហរដ្ឋអាមេរិក ក្នុងរយៈពេលកន្លង គឺយើងបានសហការគ្នាក្នុងវិស័យបេកតិភ័ណ្ឌ វិស័យរុករកមីន វិស័យដ៏ទៃទៀត ដូចជា ការប្រឆាំងភេរវកម្ម គឺយើងបានធ្វើកិច្ចសហការជាមួយគ្នា ប្រឆាំងការលាងលុយ ប្រឆាំងការជួញដូរមនុស្ស ក៏ដូចជា ការទទួលនូវជនដែលត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិក ដែលជាជនជាតិខ្មែរដើមនោះ គឺយើងបានប្រតិបត្តិការជាមួយគ្នា នោះហើយ គឺជាចំណុចល្អរៗ សម្រាប់ប្រទេសទាំងពីរនេះឯង » ។
ទោះបីជាយ៉ាងក៏ដោយ លោក ផៃ ស៊ីផាន កាលពីពេលថ្មីៗ នេះ បានសំដែងការខកចិត្ត ដែលអាជ្ញាធរអាមេរិកមិនព្រមឃាត់ខ្លួនលោក សម រង្ស៊ី ដែលមានវត្តមាននៅអាមេរិកទៅឲ្យកម្ពុជាវិញ។
អ្នកវិភាគសង្គមលើកឡើងថា ទំនាក់ទំនងទេ្វភាគីរវាងកម្ពុជា និងអាមេរិក នឹងមិនមានការប្រសើរឡើងវិញទេ ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន នៅតែមានៈ មិនបន្ទន់ជំហរងាកមកស្តារលទ្ធិប្រជាធិបតេយ្យ តាមការស្នើសុំរបស់សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
