សង្គម​ស៊ីវិល​និង​ប្រទេស​ហត្ថលេខី​មួយចំនួន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

ដោយ ខែ សុណង
2021.10.23
សង្គម​ស៊ីវិល​និង​ប្រទេស​ហត្ថលេខី​មួយចំនួន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​លោក ប៉ាទ្រីក ម័រហ្វ៊ី (Patrick Murphy)។
រូប​៖ ហ្វេសបុកស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​ប្រទេស​ហត្ថលេខី​មួយចំនួន លើកឡើង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅតែ​មាន​សុពលភាព​និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន គោរព​និង​អនុវត្ត​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ជា​អន្តរជាតិ​មួយ​នេះ​ឲ្យ​បាន​ល្អ​ត្រឹមត្រូវ​។ ការជំរុញ​បែបនេះ ធ្វើឡើង​ក្នុង​ឱកាស​ដែល​ក្រុម​អង្គការ​ស៊ីវិល​ជិត ៣០​ស្ថាប័ន រួមគ្នា​ប្រារព្ធ​ខួប​ ៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃទី​២៣ ខែតុលា ដោយមាន​ការចូលរួម​ពី​តំណាង​ស្ថានទូត​នៃ​ប្រទេស​ហត្ថលេខី​ចំនួន​៤ ផង​ដែរ​។ ភាគី​រដ្ឋាភិបាល ក៏​ប្រារព្ធ​ខួប​ ៣០​ឆ្នាំនេះ​ទ្រង់ទ្រាយ​ធំ​ដែរ ប៉ុន្តែ​លើក​សរសើរ​ពី​សមិទ្ធផល​និង​នយោបាយ​ឈ្នះៗ របស់​លោក ហ៊ុន សែន ច្រើនជាង​ឱ្យ​តម្លៃ​លើ​កិច្ចព្រមព្រៀង​នេះ។

ក្រុម​សង្គម​ស៊ីវិល និង​តំណាង​ប្រទេស​ហត្ថលេខី​ចំនួន​៤ រួមមាន សហរដ្ឋអាមេរិក បារាំង អង់គ្លេស និង​ជប៉ុន នៅតែ​ឲ្យ​តម្លៃ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ឲ្យ​បាន​ពេញលេញ ព្រោះ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​នេះ ជា​ឫសគល់​នាំ​ឲ្យ​កម្ពុជា​មាន​សន្តិភាព​លទ្ធិ​ប្រជាធិបតេយ្យ ការ​ផ្សះផ្សារ​ជាតិ និង​ការ​រីកចម្រើន​។​

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​លោក ប៉ាទ្រីក ម័រហ្វ៊ី (Patrick Murphy) ថ្លែង​សារ​ជា​វីដេអូ​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ បាន​ជួយ​ប្រែក្លាយ​កម្ពុជា​ពី​ប្រទេស​ដែល​ដាច់ដោច​ដោយសារ​សង្គ្រាម ទៅជា​ប្រទេស​ដែល​មាន​ដំណើរការ​អភិវឌ្ឍ​ល្អ ចាក់គ្រឹះ​សន្តិភាព និង​ស្ថិរភាព មកដល់​សព្វថ្ងៃ​នេះ​។ លោក​បន្តថា ខួប​៣០​ឆ្នាំនេះ គឺជា​ឱកាស​មួយ​សម្រាប់​អបអរ​សមិទ្ធផល​ទាំង​នោះ និង​ជា​ឱកាស​សម្រាប់​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​លើ​ចំណុច​ខ្វះខាត​ផង​ដែរ។ លោក​បន្ថែម​ទៀត​ថា កិច្ចព្រមព្រៀង​នេះ បាន​នាំ​ឲ្យ​កម្ពុជា​ឈាន​ទៅ​បង្កើត​រដ្ឋធម្មនុញ្ញ​មួយ តែ​សេចក្តី​ប្រាថ្នា​ជាច្រើន​របស់​ប្រជាជន​កម្ពុជា នៅតែ​មិនទាន់​សម្រេច​បាន​នោះ​ទេ ដូចជា​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ និង​សិទ្ធិ​សេរីភាព​ពេញលេញ​ជាដើម​។ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​រូប​នេះ បញ្ជាក់​ថា សហរដ្ឋអាមេរិក សូម​ប្ដេជ្ញា​ចិត្ត​ជាថ្មី​ក្នុង​ការ​ជួយ​ឲ្យ​សម្រេច​បាន​នូវ​គោលការណ៍​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​លើកទឹកចិត្ត​ដល់​ប្រទេស​ហត្ថលេខី​ទាំងអស់ ដោយ​រួម​ទាំង​ប្រទេស​កម្ពុជា​ផង ឲ្យ​ធ្វើ​ដូចគ្នា​នេះ​ដែរ។ លោក​គូសបញ្ជាក់​ចុងក្រោយ​ថា អាមេរិក​នៅតែ​ដៃគូ​និង​ជា​មិត្ត​រឹងមាំ​របស់​ប្រជាជន​កម្ពុជា។

ជាមួយគ្នា​នេះ ឯកអគ្គរាជទូត​អង់គ្លេស អ្នកស្រី ធីណា រែតហ្ស៊ូវ (Tina Redshaw) បាន​លើកឡើង​ថា ខួប​ ៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ គឺជា​ឱកាស​សម្រាប់​ប្រទេស​ហត្ថលេខី​ទាំងអស់ ​ដើម្បី​ឆ្លុះបញ្ចាំង​ និង​ពិចារណា​អំពី​ប្រទេស​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ អ្នកស្រីលើកឡើង​ថា កិច្ចព្រមព្រៀង​នេះ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​នាំមក​នូវ​សន្តិភាព​ និង​ស្ថិរភាព​ដល់​កម្ពុជា​។​ អ្នកស្រីលើកទឹកចិត្ត​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ព​ង្រឹ​ង​នូវ​មហិច្ឆតា​របស់​កិច្ចព្រមព្រៀង ​និង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដើម្បី​ធានា​បាន​ថា ​ប្រជាជន​កម្ពុជា​មាន​សិទ្ធិ​កំណត់​អនាគត​នយោបាយ​របស់​ខ្លួន​។​

ក្នុង​ពិធី​រំលឹក​ខួប ​៣០​ឆ្នាំ​ដែល​រៀបចំ​នៅ​ទីស្នាក់ការ​អង្គការ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់ សហគមន៍ ហៅ​កាត់​ថា (CLEC) មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​អ្នក​វិភាគ​ឯករាជ្យ បាន​លើកឡើង​អំពី​ប្រវត្តិ និង​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ព្រមទាំង​ការអនុវត្ត​របស់​រដ្ឋាភិបាល​នា​ពេល​កន្លងមក​។ ចំណែក​តំណាង​កម្មករ កសិករ និង​យុវជន​វិញ ពួកគេ ក៏បាន​ឡើង​បញ្ចេញមតិ​អំពី​ស្ថានភាព​អាក្រក់ៗ ដែល​ពួកគេ​បាន​ជួបប្រទះ​ដូច​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន ការរំលោភ​សិទ្ធិ​ដីធ្លី និង​សិទ្ធិ​ការងារ​ជាដើម។

PPA_30th_Anniversary_by_NGOS_and_Embassies_102321.jpg
តំណាង​ទូត និង​អង្គការមិនមែនរដ្ឋាភិបាល ប្រារព្ធទិវាខួបកិច្ច​ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លើក​ទី៣០ នៅរាជធានីភ្នំពេញ ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ២០២១។ រូប៖ ពលរដ្ឋ​ផ្ដល់ឱ្យ

ប្រធាន​ក្រុម​អ្នក​ច្បាប់​អមរិន្ទ លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា ទោះបីជា​រដ្ឋាភិបាល អះអាង​ថា កិច្ចព្រមព្រៀង​ជា​អន្តរជាតិ​នេះ​ផុត​សុពលភាព​ដោយ​ជំនួស​មក​វិញ​នូវ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​ ក្តី ក៏​លោក​សង្កេត​ឃើញ​ថា រដ្ឋាភិបាល មិន​ទាន់​បាន​អនុវត្ត​ឲ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ​ពេញលេញ​នោះ​ដែរ​។ លោក​បន្ត​ថា សព្វថ្ងៃ​នេះ រដ្ឋាភិបាល បាន​បង្កើត​ច្បាប់​ផ្សេងៗ​ ដែល​ផ្ទុយ​ពី​ស្មារតី​ដើម​នៃ​រដ្ឋធម្មនុញ្ញ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​៖ «ខ្ញុំ​សូម​ផ្តល់​អនុសាសន៍​គឺថា សូម​ឲ្យ​តែ​ស្មារតី​រដ្ឋធម្មនុញ្ញ​១៩៩៣ អនុវត្តបាន​ទៅ គឺ​បាន​ហើយ​។ ​រដ្ឋ​ធម្មនុ​ញ្ញ កំណត់​ឲ្យ​រដ្ឋ​ធានា​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ ប៉ុន្តែ​យើង​សព្វថ្ងៃ សេរីភាព​បញ្ចេញមតិ គឺ​ធ្លាក់​ជិត​សូន្យ​ហើយ​។​ យើង​អាច​និយាយ​តាម​សិក្ខាសាលា​អ៊ីចឹង​តិច​តូច​មែន តែ​និយាយ​មិន​ស្រួល ក៏​អត់​ល្អ​ដែរ​។ សិទ្ធិ​ធ្វើបាតុកម្ម គឺជា​សិទ្ធិ​តែ​យើង​មិនអាច​ធ្វើ​បានទេ បើ​ធ្វើ​បាន​ក្លាយ​អ្នកប្រឆាំង ក្លាយទៅជា មានទោស​ពី​បទ​ញុះញង់​អី។ អត់​សិទ្ធិ​បញ្ចេញមតិ និង​សិទ្ធិ​បាតុកម្ម​ទេ ប្រទេស​យើង មិនមែន​លទ្ធិប្រជាធិបតេយ្យ​ទេ»

ទន្ទឹម​គ្នា​នេះ អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី ថ្លែងថា ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅតែ​រស់​រវើក ហើយ​ប្រជាពលរដ្ឋ​ទាំង​នៅក្នុង​ស្រុក និង​នៅក្រៅ​ស្រុក ក៏​ចាប់ផ្តើម​ចូលរួម​អបអរ​ខួប​៣០​ឆ្នាំនេះ​និង​ជជែក​ពិភាក្សា​គ្នា​យ៉ាង​ផុស​ផុស​ទាំង​ក្នុងចំណោម​ភាគី​រដ្ឋាភិបាល។ លោក​យល់ថា ប្រសិនបើ​ពលរដ្ឋ​ខ្មែរ និង​គណបក្ស​នយោបាយ​ផ្សេងៗ កុំ​ពឹងផ្អែក​តែ​លើ​សហគមន៍​អន្តរជាតិ ហើយ​ងាក​មក​រួមគ្នា​ទាមទារ​នោះ គឺ​អាច​នឹង​ធ្វើ​ឲ្យ​មានការ​គោរព​និង​អនុវត្ត​ពេញលេញ​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឡើងវិញ​៖ «​ការប្រជុំ​ថ្ងៃនេះ ក៏​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​ចាប់ផ្តើម​របស់​យើង​ដែរ តែ​យើង​ក៏​ទទួលស្គាល់​បាន​ថា យើង​មិនអាច​ដើរ​ស្រែក​ពេញ​ប្រទេស​ពេញ​ស្រុក​បានទេ​។ យើង​ត្រូវតែ​មាន​យន្តការ​ណាមួយ​ដែល​ត្រូវ​រៀបចំឡើង​ចាប់ផ្តើម​ធ្វើការ​ទំនាក់ទំនង​ជាមួយនឹង​អន្តរជាតិ ជាមួយនឹង​ប្រទេស​ហត្ថលេខី ដើម្បី​ឲ្យ​អន្តរជាតិ និង​អ្នកនយោបាយ​ខ្មែរ​រួម​ទាំង​រដ្ឋាភិបាល​ខ្មែរ​វិញ ចាប់ផ្តើម​ពិនិត្យមើល​រឿង​នេះ​ឡើងវិញ​។ ទី​២​គណបក្ស​នយោបាយ​ដែល​មិនមែន​ជា​គណបក្សកាន់អំណាច​ក៏​ត្រូវ​តែ​មាន​តួនាទី ណាមួយ ដើម្បី​រួមគ្នា​គិត និង​លើក​រឿង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ​ឡើង​ដែរ»

ទាក់ទង​នឹង​ខួប​៣០​ឆ្នាំនេះ រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏បាន​ធ្វើ​ពិធី​អបអរ​ទ្រង់ទ្រាយ​ធំ​ដែរ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​លោក​ប្រាក់ សុខុន ថ្លែង​ក្នុង​ពិធី​នោះ​ថា មានតែ​លោក ហ៊ុន សែន ម្នាក់​គត់​ដែល​ជា​អ្នក​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ ប៉ុន្តែ​លោក ហាក់​មិន​ផ្ដល់​តម្លៃ​ដល់​កិច្ចព្រមព្រៀង​នេះ​ប៉ុន្មាន​ទេ​។ ​លោកអះអាង​ថា នយោបាយ​ឈ្នះ​-​ឈ្នះៗ ​របស់​លោក​លោក ហ៊ុន សែន ទៅវិញ​ទេ ដែល​បាន​បញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង​នៅ​ឆ្នាំ​១៩៩៨ ហើយ​កម្ពុជា​ស្គាល់​សន្តិភាព​ពេញលេញ មានការ​បង្រួបបង្រួម​ជាតិ និង​សំបូរ​សប្បាយ​រហូតមក​ដល់​សព្វថ្ងៃ​៖ «​ប្រទេស​ធំ និង​តូច តែង​មាន​ប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី របៀបរបប​រស់នៅ និង​ការរៀបចំ​នយោបាយ​ខុសៗ ​គ្នា​។​ ប្រទេស​នីមួយៗ មិន​គួរ​ត្រូវ​បាន​បង្អាក់ដំណើរ​ដោយសារតែ​ការ​ដាក់​ទណ្ឌកម្ម​ជា​ឯកតោភាគី ការ​ហាមឃាត់ ឬ​វិធានការ​បង្ខិតបង្ខំ​ផ្នែក​សេដ្ឋកិច្ច​ផ្សេងទៀត ដែល​រំលោភបំពាន​លើ​ច្បាប់​អន្តរជាតិ និង​គោលការណ៍​ដែល​មានចែង​ក្នុង​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ​​នោះ​​ឡើយ»

ទោះជា​យ៉ាងណា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា លោក ម៉ាសាហ៊ីរូ មីកាមិ ដែល តំណាង​ឱ្យ​អង្គទូត​ និង​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាន​ថ្លែង​នៅ​ចំពោះមុខ​លោក​ប្រាក់ សុខុន ថា ចំណុច​មួយចំនួន​ដែល​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​មិនទាន់​ផុតរលត់​នោះទេ​។​ លោក សង្ឃឹមថា កម្ពុជា​នឹង​អាច​ស្វែងរក​វិធីសាស្ត្រ​ផ្ទាល់ខ្លួន​ដើម្បី​សម្រេច​បាន​នូវ​គោលការណ៍​នានា​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​៖ «កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាន​បង្កើត​មូលដ្ឋាន​ដ៏​រឹងមាំ​មួយ​ដើម្បី​កសាង​អនាគត​ប្រទេស​កម្ពុជា​។​វា​ជា​ការពិត​ដែលថា​ផ្នែក​ខ្លះ​នៃ​កិច្ច ព្រមព្រៀង​សន្តិភាព​នេះ មាន​លក្ខណៈ​ជា​អន្តរកាល ហើយ​បាន​បំពេញ​គោលបំណង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ជា​យូរ​មក​ហើយ​។ ឧទាហរណ៍​ដូចជា​ការរៀបចំ​និង​បង្កើត​អ៊ុនតាក់ (UNTAC )​និង​ការបោះឆ្នោត​លើកដំបូង។ យ៉ាង​ណា​ក្តី វា​ជា​ការពិត​ផង​ដែរ ដែល​ផ្នែក ខ្លះទៀត មិនបាន​បាត់បង់​តម្លៃ​របស់​វា​នោះ​ទេ ហើយ​បន្ត​មាន​ភាព​ពាក់ព័ន្ធ​រហូត​មកទល់​សព្វថ្ងៃ​។ ខ្ញុំ​ជឿជាក់​ថា​ផ្នែក​ទាំងនោះ គឺ​នៅ​រួមគ្នា​ជាមួយនឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ហើយ​ផ្នែក​ទាំងនោះ គឺជា​ឯកសារ​រស់ ដែល​នឹង​នៅ​បន្ត​ដឹកនាំ​កម្ពុជា​ឲ្យ​ក្លាយទៅជា កោះសន្តិភាព​។ ខ្ញុំ​សូម​ដកស្រង់​ចេញពី​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា គឺ​កោះ​សន្តភាព​ផ្អែកលើ ប្រជាធិបតេយ្យ សេរី ពហុបក្ស និង​ការធានា​សិទ្ធិមនុស្ស»

ក្នុង​ឱកាស​នេះ​ដែរ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក ​(Facebook)​ ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ មិនមែន​សម្រាប់​តែ​ភាគី​ខ្មែរ​ណាមួយ​ទេ តែ​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​។ លោកយល់ថា ការផ្តល់​តម្លៃ​ដោយ​គោរព និង​អនុវត្តន៍​នូវ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ គឺ​ប្រទេស​​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ អាច​ទាញ​យក​ផលប្រយោជន៍​ជាច្រើន​ពី​កិច្ចព្រមព្រៀង​នេះ ជាពិសេស កិច្ចព្រមព្រៀង​នេះ អាចជួយ​ធានា​ការពារ​នូវ​អធិបតេយ្យភាព ឯករាជ្យ​បូរណភាព​ទឹកដី និង​ដំណើរការ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ទៀត​ផង។

គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​អ្នកជំនាញ អះអាង​ដូចគ្នា​ថា កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​នៅតែ​មាន​សុពលភាព ហើយ​ការដែល​លោក ហ៊ុន សែន ចង់​លុបបំបាត់​កិច្ចព្រមព្រៀង​នេះ ព្រោះ​លោក​កំពុង​ដឹកនាំ​ប្រទេស​ទៅរក​របប​ផ្ដាច់ការ ផ្ទុយ​ពីអ្វី​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
តើ​ការ​ដឹកនាំ​របស់នាយករដ្ឋមន្ត្រី​កម្ពុជា និង​ថៃ ដូច​ឬ​ខុស​ដូចម្ដេច​ខ្លះ ក្នុង​រយៈ​ពេល​៣​ខែ​នេះ?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។