ប្រមុខ​ការពារ​ជាតិលោក ទៀ បាញ់ សារភាព​ថា កម្ពុជា​​ពិត​ជា​​បាន​​អនុញ្ញាត​​ឲ្យ​ចិន​អភិវឌ្ឍន៍​កំពង់ផែ​​កងទ័ព​ជើង​ទឹក​​រាម ក្រោយ​វាយ​កម្ទេចចោល​អគារ​ជំនួយ​អាមេរិក

ដោយ មាន ឫទ្ធិ
2021.05.30
ប្រមុខ​ការពារ​ជាតិលោក ទៀ បាញ់ សារភាព​ថា កម្ពុជា​​ពិត​ជា​​បាន​​អនុញ្ញាត​​ឲ្យ​ចិន​អភិវឌ្ឍន៍​កំពង់ផែ​​កងទ័ព​ជើង​ទឹក​​រាម ក្រោយ​វាយ​កម្ទេចចោល​អគារ​ជំនួយ​អាមេរិក លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងរូបភាពពីផ្កាយរណបរបស់មជ្ឈមណ្ឌល​ដើម្បី​ការសិក្សា​ពី​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ CSIS របស់​អាមេរិក កាលពី​ថ្ងៃទី២១ ខែឧសភា ឲ្យ​ដឹងថា អគារ​ថ្មី​សន្លាង​ចំនួនពីរ​ទើប​នឹង​ត្រូវ​បាន​សាងសង់​រួចរាល់​យ៉ាងឆាប់​រហ័ស​នៅ​ក្នុងទីតាំង​កំពង់ផែ​កងទ័ព​ជើងទឹក​រាម។
Screen Capture from CSIS's ASIA MARITIME TRANSPARENCY INITIATIVE Website

បញ្ហា​ដែល​មាន​ការសង្ស័យ​អស់​ជា​ច្រើនឆ្នាំ​មកហើយ​ថា ​កម្ពុជា​អាច​អនុញ្ញាត​ឲ្យ​ប្រទេស​កុម្មុយនិស្ត​ចិន​អភិវឌ្ឍន៍​កំពង់ផែ​កងទ័ព​ជើងទឹករាម​ផ្តាច់មុខ បាន​លេច​ចេញ​​ជាថ្មី​​នៅ​មុន​​ដំណើរ​​ទស្សនកិច្ច​​របស់​មន្ត្រី​​ជាន់ខ្ព​ស់​​នៃ​​ក្រសួង​​ការបរទេស​អាមេរិក ​គឺ​​អនុរដ្ឋមន្ត្រី​ការបរទេស​​អាមេរិកអ្នកស្រី វិនឌី ហ្សឺម៉ាន (Wendy R. Sherman)​ ដោយ​ផ្ទាល់​​មកកាន់​កម្ពុជា​​នៅ​ថ្ងៃទី១ ខែមិថុនានេះ។

នៅទីបំផុតទៅ​​បញ្ហា​នេះ ត្រូវ​​រដ្ឋមន្ត្រី​ការពា​រ​ជាតិ​​កម្ពុជាលោក ទៀ បាញ់ ទម្លាយ​ប្រាប់ វិទ្យុអាស៊ីសេរី កាលពី​យប់​ថ្ងៃទី៣០ ខែឧសភា ដោយ​សារភាព​ថា កម្ពុជា​ពិត​បាន​អនុញ្ញាត​​ឲ្យ​ចិន​​អភិវឌ្ឍន៍​​កំពង់ផែ​ជើងទឹករាម​​ប្រាកដមែន៖ «មិនមាន​មូលហេតុ​ចាំបាច់​ឲ្យ​ខ្ញុំ​និយាយ​​ស្អី ពីព្រោះ​អ្នក​ផ្សេង​​គឺ​​ខំ​និយាយ​​ទៅ​​ហួស​ឆ្ងាយ​​ពី​ខ្ញុំ​ឆ្ងាយ​ណាស់​​ថា អាហ្នុង​​គឺ​បាន​​ប្រគល់​​ទៅឲ្យ​ចិន​ប្រើប្រាស់​ផ្តាច់មុខ​​អីទាំង​ហ្នុង​​ទៅតាម​​ការចោទ​ប្រកាន់​របស់​គេ​អីនោះណា។ ដៃគូ​របស់​​ខ្ញុំ​គឺ​​ខ្ញុំ​ធ្វើការ​​គឺ​​វា​ជាង​១០ឆ្នាំ​កន្លង​មក​​ហើយ​​ដើម្បី​​ពន្យល់​​គាត់ និង​​ស្នើ​ឲ្យ​​គាត់​​ជួយ​រៀបចំ​​អភិវឌ្ឍន៍​​តំបន់​​រា​ម​​ហ្នុង។ ទើបតែ​​ថ្មីៗ​ហ្នុង​​ទេ​ គាត់បាន​ឯកភាព​ថា​​នឹង​​ជួយ​​រៀបចំ​​រោងជាង ជួយ​រៀបចំ​ផែ រៀប​ចំ​... ជូន​កម្ពុជា។ ដៃគូ​ហ្នុង​គឺ​ដៃគូ​ចិន​ហ្នុងឯង​បាទ!»។

General_Tea_banh_defense_minister_of_Cambodia.jpg
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។ (រូប៖ ហ្វេសប៊ុក General TEA Banh)

លោក ទៀ បាញ់ បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត​ពី​ទំហំ​ជាក់លាក់​នៃ​ជំនួយ​របស់​ចិន​ក្នុងការ​អភិវឌ្ឍន៍​កំពង់ផែ​កងទ័ព​ជើងទឹករាម​នេះដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា ជា​ជំនួយ​ឥតសំណង​របស់​ចិន ហើយ​ក្នុងនោះ​ក៏​មាន​វត្តមាន​ជា​កងកម្លាំង​របស់​ចិន​មកជួយ​អភិវឌ្ឍ​ផងដែរ៖ «គេ​ជួយ​ឲ្យ​ខ្ញុំ​ហ្នុង ​គឺ​ជួយ​ជា​ជំនួយ​ឥត​មាន​ចំណង​​អី​ទាំងអស់។ គឺគេ​នាំ​កម្លាំង​នាំ​អី​មកជួយ។ ដល់​ពេល​ធ្វើហើយ​ គឺគេ​ប្រគល់​ឲ្យ​កម្ពុជា។ កម្ពុជា​ទេ​មាន​សិទ្ធិ​ពេញលេញ​ប្រើប្រាស់​មូលដ្ឋាន​ហ្នុង។ ដូច្នេះ ចង់​និយាយ​​ពី​រឿង​ចង់​ធ្វើ​ស្អី​ក្រៅពី​ហ្នុង​អី អាហ្នុង​ គឺ​អត់​មាន​រឿង​អី​ចម្លែក​ទេ មិនថា​អ្នកណា​អ្នកណី​ទេ​ពីព្រោះ​គេធ្វើ​គ្រប់​តែគ្នា​ហ្នុង»។

[សូមចុចត្រង់​នេះ​ដើម្បី​ស្តាប់​បទសម្ភាសន៍​ទាំងស្រុង​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់]

កន្លងទៅ​កម្ពុជា​តែង​ច្រានចោល និង​បដិសេធ​​នូវ​ព័ត៌មាន​ដែល​កាសែត​ល្បីឈ្មោះអាមេរិក​ឈ្មោះ ឌឹ វ៉លស្រ៊ីត ជរណល (The Wall Street Journal) បាន​រាយការណ៍​កាលពី​ខែកក្កដា ឆ្នាំ២០១៩ ថាកម្ពុជា​បាន​លួច​ចុះ​កុងត្រា​យោធា​សម្ងាត់​ជាមួយ​ចិន​ឲ្យ​គ្រប់គ្រង​កំពង់ផែ​កងទ័ព​ជើងទឹក​រាម​ផ្តាច់​មុខ​រហូត​ដល់​​ទៅ ៣០​ឆ្នាំ ហើយ​កុង​ត្រា​​នេះ​​អាច​​បន្ត​បាន​រៀងរាល់ ១០ឆ្នាំម្តង។ កម្ពុជា​ចាត់ទុកថា ព័ត៌មាន​នោះ​ជា​ព័ត៌មាន​ក្លែងក្លាយ និង​មាន​ចេតនា​បម្រើ​មហិច្ឆតា​ភូមិសាស្ត្រ​នយោបាយ​របស់​​អាមេរិក។ ទន្ទឹម​នឹង​នោះ កាលពី​ឆ្នាំ២០២០​​ទៀត​សោត កម្ពុជា​ក៏​បាន​សម្រេច​វាយកម្ទេច​ចោល​អគារ​ចំនួនពីរ​ដែល​ជា​ជំនួយ​របស់​​សហរដ្ឋអាមេរិក​ចេញពី​កំពង់ផែ​កងទ័ព​ជើងទឹក​រាម​ជា​បន្តបន្ទាប់។ កម្ពុជា​ពន្យល់​ថា ការវាយកម្ទេច​ចោល​អគារ​ទាំងពីរ​ជា​ជំនួយ​របស់​អាមេរិក​នេះ គឺ​ដោយសារ​ត្រូវ​ផ្លាស់ប្តូរ​ទីតាំង​អគារ​​បញ្ជាការដ្ឋាន​ជួរមុខ​នៃ​សន្តិសុខ​លម្ហ​សមុទ្រ​ទៅទីតាំង​ថ្មី​នៅលើ​​កោះព្រាប ដែល​មាន​ចម្ងាយ​ប្រមាណ ៣០​ គីឡូម៉ែត្រ​ពី​កំពង់ផែ​កងទ័ព​ជើងទឹករាម។ ការវាយ​កម្ទេចចោល​អាគារ​ជំនួយ​​របស់​អាមេរិក​ទាំងនោះ ត្រូវ​សហរដ្ឋអាមេរិក​បង្ហាញ​នូវ​ការខកចិត្ត​យ៉ាងខ្លាំង។

Tea_Banh_vs_US_Ream_01.jpg
(ឆ្វេងខាងលើ) រូបថតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ជាមួយនឹងអគារជាជំនួយរបស់សហរដ្ឋអាមេរិកដែលមិនទាន់វាយកម្ទេចចោល (ឆ្វេងក្រោម) អគារដែលវាយកម្ទេចថតនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២០ (ខាងស្តាំ) រូបអគារថ្មីដែលទើបត្រូវបានសាងសង់ ថតកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។ (រូប៖ CSIS/AMTI)

លើសពីនេះទៀត រូបភាព​ចុងក្រោយ​ពី​ផ្កាយ​រណប​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​ដោយ​គំនិតផ្តួចផ្តើម​តម្លាភាព​លំហ​សមុទ្រ​អាស៊ី ហៅ​កាត់​ថា AMTI (Asia Maritime Transparency Initiative) របស់​មជ្ឈមណ្ឌល​ដើម្បី​ការសិក្សា​ពី​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ CSIS របស់​អាមេរិក កាលពី​ថ្ងៃទី២១ ខែឧសភា ឲ្យ​ដឹងថា អគារ​ថ្មី​សន្លាង​ចំនួនពីរ​ទើប​នឹង​ត្រូវ​បាន​សាងសង់​រួចរាល់​យ៉ាងឆាប់​រហ័ស​នៅ​ក្នុងទីតាំង​កំពង់ផែ​កងទ័ព​ជើងទឹក​រាម។ អគារ​សាងសង់​ថ្មី​ទាំងពីរនេះ មាន​ទីតាំង​នៅ​ផ្នែក​ខាង​ជើង​នៃ​កន្លែង​ទីតាំង​អគារ​ជំនួយ​សហរដ្ឋអាមេរិក​ដែល​ត្រូវ​កម្ពុជា​បាន​វាយកម្ទេចចោល​កាលពី​ឆ្នាំ​កន្លងទៅ។ ការស្រាវជ្រាវ​ដដែល​រកឃើញថា ផ្អែកតាម​​រូបភាព​​ពីផ្កាយរណប​ ការសាងសង់​អគារ​ថ្មី​ទាំងពីរនេះ​បាន​កើតមានឡើង​ចាប់​ពី​ថ្ងៃទី១៧ ខែមេសា ហើយ​បញ្ចប់​ទៅ​នៅ​ថ្ងៃទី២១ ខែឧសភា ពោលគឺ​នៅ​រយៈពេល​តែ​ប៉ុន្មាន​សប្តាហ៍​នៅមុន​ដំណើរ​ទស្សនកិច្ច​របស់​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​មកកាន់​កម្ពុជា។ មជ្ឈមណ្ឌល​សិក្សាស្រាវជ្រាវ​របស់​អាមេរិក​ដដែល គូសបញ្ជាក់​ថា ការសាងសង់​នេះ ធ្វើ​ឡើង​ដោយ​ខ្វះ​តម្លាភាព ហើយ​មន្ត្រី​កម្ពុជា​ផ្តល់​ការពន្យល់​បែប​ត្រឡប់ត្រឡិន ដែល​ការណ៍​នេះ​បណ្តាល​ឲ្យ​មាន​ការសង្ស័យ​ជាច្រើន​ថា គម្រោង​កែលម្អ​កំពង់ផែ​កងទ័ព​ជើងទឹករាម​នេះ​ថា​ អាច​ធ្វើឡើង​ក្នុងចេតនា​ឲ្យ​ចិន​ទទួល​បាន​អត្ថប្រយោជន៍។

ឆ្លើយតប​នឹង​ការរកឃើញ​នេះលោក ទៀ បាញ់ បដិសេធ​ថា មិនមាន​ការសាងសង់​អគារ​ថ្មីណាមួយ​នៅ​កន្លែង​អគារ​ជំនួយ​របស់​អាមេរិក​ដែល​កម្ពុជា​បាន​វាយកម្ទេច​ចោល​នោះទេ៖ «អត់​ទាន់មាន​សង់​ស្អីទេ។ ផ្កាយរណប​ហ្នុង​គឺ​ផ្កាយ​រណប​រករឿង​ហ្នុង។ គ្មានទេ អត់​មាន​ទាន់​សាងសង់​អីផង។ ឥឡូវហ្នុង​គឺកន្លែង​ហ្នុង​បន្តិចទៀត​ គឺ​គេបូមដី បូមអីដាក់​ដើម្បី​ពង្រីក​ទាំងអស់»

អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយបណ្ឌិត សេង សារី មើលឃើញ​ថា រឿងរ៉ាវ​កម្ពុជា​អនុញ្ញាត​ឲ្យ​ចិន​អភិវឌ្ឍន៍​កំពង់ផែ​កងទ័ព​ជើងទឹក​រាម​នេះ នឹង​ជៀស​មិន​ផុត​​ពី​​ត្រូវ​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លើកឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឬ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​នៅ​ថ្ងៃទី១ ខែមិថុនា​នេះ ជាមិនខាន ក្រៅពី​ប្រធានបទ​សំខាន់​ៗ​ដទៃទៀត ដូចជា​បញ្ហា​តួនាទី​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ២០២២ បញ្ហា​ពាក់ព័ន្ធ​នឹង​ការធ្លាក់ចុះ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោកថា នៅ​មុន​ទស្សនកិច្ច​នេះ កម្ពុជា​បាន​បង្ហាញ​សញ្ញាណ​ច្បាស់​រួចទៅហើយ​ពីការពឹងផ្អែក​ទាំងស្រុង​ទៅលើចិន៖ «ខ្ញុំ​មើលឃើញ​ថា រឿងនេះ ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ផ្តល់​សញ្ញាណ​ហើយ​កាលពី​ប្រមាណ​ជា​ពីរបី​ឬ​បួន​ថ្ងៃ​មុនហ្នុង គឺទាក់ទង​ទៅនឹង​រឿង​ប្រសាសន៍​លើកឡើង​ថា តើ​បើមិន​ឲ្យ​ពឹង​​ចិន​​ទៅ​ពឹង​​អ្ន​ក​ណា? មានន័យ​ថា ជា​ភាសា​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ បង្ហាញ​នូវ​សញ្ញា​ច្បាស់ណាស់​ថា កម្ពុជា​ងាកទៅ​រកចិន​ ១០០ភាគរយ​ហើយ។ សញ្ញាណ​មួយ​នេះ​​ក៏ជា​សញ្ញាណ​បង្ហាញទៅ​ទំនាក់ទំនង​ទៅ​សហគមន៍​អឺរ៉ុប ក៏ដូចជា​សហរដ្ឋអាមេរិក​ថា ជា​សញ្ញាណ​មួយ​ដែល​មាន​ការឃ្លាត​ឆ្ងាយហើយ»

Wendy R.Sherman.jpg
អ្នកស្រី វិនឌី ហ្សឺម៉ាន (Wendy R. Sherman) អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក ដែលគ្រោងមកធ្វើទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ ( រូប៖ @DeputySecState)

អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជាលោក ឆាត រ៉ូដឺមៀរ (Chad Roedemeier) បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត​ជាក់លាក់​ពី​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ជាន់ខ្ពស់​អាមេរិក និង​ប្រធានបទ​សំខាន់ៗ​ដែល​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​​រូបនេះ​នឹងលើកឡើង​ជាមួយ​ភាគី​កម្ពុជា ក្រៅតែ​ពី​អ្វី​ដែល​ក្រសួង​ការបរទេស​អាមេរិក​​បាន​​ប្រកាស​​កាលពី​​ពេល​​កន្លងទៅ។

ជុំវិញ​បញ្ហា​កម្ពុជា​អនុញ្ញាត​ឲ្យ​ចិន​អភិវឌ្ឍន៍​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​នេះបណ្ឌិត សេង សារី ព្រមាន​ថា ប្រសិន​បើ​កម្ពុជា​នៅ​តែ​រក្សា​ជំហរ​ឲ្យ​ចិន​អភិវឌ្ឍន៍​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម​ផ្តាច់​មុខ ហើយ​ងាកទៅ​ពឹងផ្អែក​ចិន​ទាំងស្រុង​បែបនេះ នោះ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក នឹង​បន្ត​មាន​ភាព​​រកាំរកូស​តទៅទៀត

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។