មន្ត្រីក្រសួងការពារជាតិអះអាងថា មន្ត្រីជាន់ខ្ពស់ចិនធ្លាប់បានមកធ្វើទស្សនកិច្ចនៅកម្ពុជាច្រើនដង ប៉ុន្តែមិនបានបញ្ជាក់ថា ជាមន្ត្រីយោធាចិន ហើយពួកគេបានមកធ្វើអ្វីឲ្យជាក់លាក់ទេ។ ការលើកឡើងនេះស្របទៅនឹងការផ្សាយព័ត៌មានបរទេស ដែលថា មន្ត្រីយោធាចិនមួយក្រុម បានមកទស្សនកិច្ចនៅកម្ពុជាដោយអាថ៌កំបាំង កាលពីចុងខែធ្នូ គឺប៉ុន្មានសប្ដាហ៍ មុនពេលយន្តហោះគ្មានមនុស្សបើក ដែលគេហៅថា ដ្រូន(drone) បានធ្លាក់នៅជិតក្រុមហ៊ុនចិនមួយឈ្មោះ Union Development Group (UDG)។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោក ទៀ បាញ់ បានប្រាប់អាស៊ីសេរីនៅថ្ងៃច័ន្ទទី១៧ ខែកុម្ភៈថា ការស៊ើបអង្កេតនៃការធ្លាក់យន្តហោះដ្រូននៅតែធ្វើបន្តនៅឡើយ ប៉ុន្តែលទ្ធផលនៃការស្រាវជ្រាវដំបូងបង្ហាញថាយន្តហោះដ្រូននេះអាចហោះចេញពីក្រុមហ៊ុនចិន (UDG) នៅខេត្តកោះកុង។
លោកថាការធ្លាក់យន្តហោះដ្រូននេះ មិនមានអ្វីធ្វើឲ្យប៉ះពាល់សន្តិសុខជាតិទេ ដោយវាគ្រាន់តែជាការបង្ហោះសាកល្បងប៉ុណ្ណោះ។ តែទោះយ៉ាងណា លោកបញ្ជាក់ថា មន្ត្រីបច្ចេកទេសកំពុងបន្តស៊ើបអង្កេតលើករណីនេះ ហើយមកដល់ពេលនេះ ពួកគេមិនទាន់បានរាយការណ៍ឲ្យបានពិស្ដារនៅឡើយទេ៖ «យើងឃើញថាវាមានសញ្ញាហាក់ដូចជាមកពីខាងចិនមែន គឺខាងចិនហ្នឹងហោះមកតែវាមិនទាន់ជាក់លាក់យើងកំពុងតែសិក្សាមើលទៀត»។
អាស៊ីសេរីបានព្យាយាមទាក់ទងលោក លី តាក់ខៃ ដែលគេស្គាល់ថា ជាអ្នកគ្រប់គ្រងក្រុមហ៊ុនចិន UDG តាមទូរស័ព្ទ ដើម្បីសុំការបញ្ជាក់ជុំវិញរឿងនេះ ប៉ុន្តែអ្នកទទួលទូរស័ព្ទនេះប្រាប់ថា លោកមិនមែនជា លី តាក់ខៃ ទេ ហើយបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់។
យន្តហោះដ្រូននេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅចម្ងាយ ៧គីឡូម៉ែត្រពីក្រុមហ៊ុនចិន UDG ក្នុងទឹកដីស្រុកគិរីសាគរ ខេត្តកោះកុង។
ក្រុមហ៊ុន UDG បានទទួលដីសម្បទានចំនួន ៤ម៉ឺន ៥ពាន់ហិកតារ (៤៥.០០០) ដើម្បីអភិវឌ្ឍន៍តំបន់ទេសចរណ៍ ហើយបច្ចុប្បន្ននេះកំពុងសាងសង់វាលយន្តហោះខ្នាតធំ និងកំពុងផែទឹកជ្រៅ។ កន្លងមកសារព័ត៌មានអាមេរិកធ្លាប់បានចុះផ្សាយថា តំបន់នេះនឹងអាចត្រូវគេប្រើប្រាស់សំរាប់កងទ័ពចិននៅក្នុងប្រទេសកម្ពុជា។
ទោះជាយ៉ាងណាទាំងរដ្ឋាភិបាលកម្ពុជានិងចិន ធ្លាប់បានបដិសេធថាកំពង់ផែទឹកជ្រៅ និងព្រលានយន្តហោះដែលកំពុងសាងសង់នេះ គឺសម្រាប់បម្រើឲ្យវិស័យទេសចរណ៍។
ចំណែកសារព័ត៌មាន ABC របស់អូស្ត្រាលីបានចេញផ្សាយនៅថ្ងៃទី៥ កុម្ភៈថា គណ:ប្រតិភូជាន់ខ្ពស់ឯកទេសខាងផែនទីរបស់កងទ័ពចិនបានមកបំពេញទស្សនកិច្ចជាសម្ងាត់នៅកម្ពុជា ៣សប្តាហ៍មុនពេលមានហេតុការណ៍ធ្លាក់យន្តហោះដ្រូននៅក្បែរក្រុមហ៊ុន UDG។
លោក ទៀ បាញ់ បានថ្លែងបដិសេធទៅនឹងការលើកឡើងរបស់សារព័ត៌មានដែលចុះផ្សាយកន្លងមកនេះថា ជារឿងមិនពិត ហើយនេះគ្រាន់តែជាការចោទប្រកាន់គ្មានភស្តុតាងប៉ុន្តែលោកបានទទួលស្គាល់ថាមានមន្ត្រីចិនធ្លាប់បានមកទស្សនកិច្ចនៅកម្ពុជាច្រើនលើកតាមរយ:កិច្ចសហប្រតិបត្តិការផ្សេងៗ ជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជា តែពួកគេមិនបានមកធ្វើកិច្ចការដូចការចោទប្រកាន់របស់កាសែតបរទេសឡើយ៖ «ខ្ញុំបាននិយាយហើយថាកិច្ចសហប្រតិបត្តិការមិនថា ប្រទេសចិន ឬប្រទេសណាទេ រឿងកិច្ចសហប្រតិបត្តិការគ្នា គឺច្បាស់ណាស់ គេត្រូវតែមានចាត់បញ្ជូនមន្ត្រីគ្នាទៅវិញទៅមកដើម្បីពិភាក្សារកដំណោះស្រាយ»។
លោកបន្តថា សារព័ត៌មានបរទេសមានចេតនាអាក្រក់ ចង់យករឿងបង្កើតមូលដ្ឋានទ័ពទៅពាក់ព័ន្ធជាមួយក្រុមហ៊ុនចិនមួយដែលបានទទួលដីសម្បទានដើម្បីអភិវឌ្ឍន៍ទៅជាតំបន់ទេសចរ។
ទោះបីជាយ៉ាងណាសារព័ត៌មាន ABC (អូស្ត្រាលី) បានទទួលឯកសារមួយបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធរវាងកងទ័ពជើងអាកាសកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ហើយឯកសារនោះសរសេរថា "ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជានិងចិន គណ:ប្រតិភូផ្នែកផែនទី និងអង្កេតការណ៍កងទ័ពរបស់ចិន មួយក្រុមមានគ្នា ៦នាក់ ដឹកនាំដោយឧត្ដមសេនីយ៍ទោ សុង មីងវូ (Song Ming Wu) នាយករងសាកលវិទ្យាល័យវិស្វកម្មព័ត៌មានវិទ្យានៃកងទ័ពរំដោះប្រជាជនចិន និងមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែធ្នូ"។
ឯកសារក៏បានបញ្ជាក់ដែរថា អនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា វរសេនីយ៍ឯក លី នីងយ៉ា (Li Ningya) ដែលជាអ្នកសរសេរលិខិតនោះ បានស្នើសុំឱ្យភាគីកម្ពុជារៀបចំបន្ទប់ស្នាក់នៅពិសេសនៅឯវាលយន្តហោះភ្នំពេញ ភ្នាក់ងារប៉ូលិស និងអ្នកបកប្រែមួយចំនួន ដើម្បីទទួលគណៈប្រតិភូយោធាចិនមួយក្រុមនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។