លោក ហ៊ុន សែន បង្ហាញ​មោទនភាព​កំណើន​សេដ្ឋកិច្ច ខណៈ​វិស័យ​នេះ​កំពុង​ប្រឈម​ការ​ធ្លាក់​ចុះ

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក ហ៊ុន សែន អះអាង​អំពី​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​កម្ពុជា បន្ទាប់​ពី​បាន​ដាក់​របាយការណ៍​ឆ្លើយតប​ទៅ​នឹង​កង្វល់​របស់​គណៈកម្មការ​អឺរ៉ុប​ជុំវិញ​ដំណើរ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។ សហជីព​ឯករាជ្យ​យល់ថា មានតែ​ការ​រក្សា​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទេ ទើប​សេដ្ឋកិច្ច​កម្ពុជា​អាច​នៅ​រឹងមាំ​បាន។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​សរសើរ​ខ្លួនឯង​ថា ក្រោម​ការដឹកនាំ និង​ទស្សនៈ​វិស័យ​ច្បាស់លាស់​របស់​លោក កំណើន​សេដ្ឋកិច្ច​ជាតិ​មានការ​រីកចម្រើន​ឥត​ឈប់ឈរ​ក្នុង​រង្វង់​ជាង​៧% ក្នុង​មួយ​ឆ្នាំ​។ លោក​ថា កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​ល្អ និង​មាន​ស្ថានភាព​សេដ្ឋកិច្ច​រឹងមាំ ហើយ​សន្តិភាព​ជាង​២០ ឆ្នាំ​មកនេះ បាន​ធ្វើ​ឱ្យ​កម្ពុជា​អាច​កសាង និង​អភិវឌ្ឍ​សង្គមជាតិ​រីកចម្រើន​ដល់​សព្វថ្ងៃ​។ ទោះជា​យ៉ាងណា លោក​ទទួលស្គាល់​ថា ការ​អភិវឌ្ឍ​របស់​កម្ពុជា​មកដល់​ដំណាក់កាល​នេះ គឺ​ដោយសារ​មានការ​ចូលរួម​ពី​ប្រទេស​ជា​ដៃគូ អ្នក​វិនិយោគ និង​ពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា​។

លោក ហ៊ុន សែន សរសេរ​ក្នុង​បណ្តាញ​សង្គម Facebook នៅតែ​សង្កត់ធ្ងន់​រឿង​កម្ពុជា​ប្រមូល​ពន្ធ​បាន​ច្រើន​លើស​ពី​ការ​រំពឹងទុក ហើយ​មាន​ទុន​បម្រុង​ផ្សេងទៀត​ដែល​អាច​ប្រើប្រាស់​បាន​។ លោក​បញ្ជាក់​ថា គិត​ត្រឹម​ដើមខែ​ធ្នូ រដ្ឋាភិបាល​តាមរយៈ​អគ្គនាយកដ្ឋាន​គយ និង​ពន្ធដារ ប្រមូល​ចំណូល​បាន​ជាង​៥ ពាន់​លាន​ដុល្លារ​អាមេរិក ពោល​គឺ​លើស​ផែនការ​ជាង ១​ពាន់​លាន​ដុល្លារ​។ ក្រៅ​ពី​នេះ លោក​ថា រដ្ឋាភិបាល​មាន​សាច់ប្រាក់​ប្រមាណ ៣ពាន់ ៥​រយ​លាន​ដុល្លារ ដែល​អាច​ប្រើប្រាស់​បាន​ភ្លាមៗ និង​ទុន​បម្រុង​អន្តរជាតិ​ប្រមាណ ១៥​ពាន់​លាន​ដុល្លារ ព្រមទាំង​មាស​សុទ្ធ ៣០​តោន​ថែមទៀត​។ សារ​របស់​លោក ហ៊ុន សែន ត្រង់​ចំណុច​នេះ ទំនងជា​លោក​ចង់​បញ្ជាក់​ជាថ្មី​ទៀត​ថា លោក​មិន​បារម្ភ​រឿង EBA ឡើយ ព្រោះ​កន្លង​ទៅ លោក​ធ្លាប់​អះអាង​ថា កម្ពុជា​មាន​ធនធាន​ទាំងអស់​នេះ​ដើម្បី​ត្រៀម​ទប់ទល់​នឹង​កាត់​បាត់បង់​ការ​អនុគ្រោះ​ពន្ធ​ពី​ទីផ្សារ​សហភាព​អឺរ៉ុប។

ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ របស់​ពិភពលោក បាន​ព្រមាន​រួចហើយ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ត្រូវ​ធ្លាក់​ចុះ​ពី ៧​ភាគរយ ក្នុង​ឆ្នាំ​២០១៩ មក​នៅ​ត្រឹម ៦,៥% ក្នុង​ឆ្នាំ​២០២០ ដោយសារ​ភាព​មិន​ប្រាកដ​ប្រជា​នៃ​បញ្ហា​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA។

ម្យ៉ាងវិញទៀត ទោះជា​លោក ហ៊ុន សែន ខំប្រឹង​បង្ហាញ ថា លោក​មិន​ខ្វល់​នឹង​ការបាត់បង់ EBA បែប​ណា​ក្តី ក៏​ក្រសួង​ការបរទេស​កម្ពុជា នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​១២ ធ្នូ បាន​ស្នើ​ឱ្យ​សហភាព​អឺរ៉ុប​ពិចារណា​ផ្តល់​ការ​អនុគ្រោះ​ពន្ធ EBA ដល់​កម្ពុជា​បន្ត​ទៅ​ទៀត​។ ក្រសួង​ការបរទេស​កម្ពុជា​ទទួលស្គាល់​ថា ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ប៉ះពាល់​ដល់​កម្មករ​ប្រមាណ​ជិត​មួយ​លាន​នាក់ និង​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ពួកគាត់​ថែមទៀត។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ថា កំណើន​សេដ្ឋកិច្ច​នឹង​មាន​ការ​ធ្លាក់ចុះ ប្រសិនបើ​កម្ពុជា​បាត់បង់​ការ​អនុគ្រោះ​ពន្ធ EBA ពីព្រោះ​សេដ្ឋកិច្ច​កម្ពុជា​ពឹងផ្អែក​ខ្លាំង​លើ​វិស័យ​កាត់ដេរ​។ លោក​ជឿ​ថា បើ​អត់ EBA ទេ រោងចក្រ​ជាច្រើន​នឹង​បិទទ្វារ ហើយ​កម្មករ​នឹង​គ្មាន​ការងារ​ធ្វើ ពេលនោះ​ចំណូល​ពី​ពន្ធដារ និង​ពន្ធគយ ក៏​នឹង​ត្រូវ​ធ្លាក់​ចុះ​ផង​ដែរ​។ លោក​មើល​ឃើញ​ថា ប្រសិនបើ​រដ្ឋាភិបាល​ចង់​រក្សា​កំណើន​សេដ្ឋកិច្ច​មែន​នោះ រដ្ឋាភិបាល​ត្រូវ​អនុវត្ត​តាម​លក្ខខណ្ឌ​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ដែល​សហភាព​អឺរ៉ុប​បាន​ស្នើ៖ «ខ្ញុំ​ពិនិត្យ​មើល​ទៅ បើ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ មានន័យថា វា​ប៉ះពាល់​ជា​ប្រព័ន្ធ​តែម្ដង ទោះបីជា​ប្រព័ន្ធ​ពន្ធដារ ពន្ធគយ ធនាគារ​។ លើស​ពី​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទៅ យើង​មើល​ឃើញ​ថា គេ​នឹង​ដាក់​វិធានការ​បន្តបន្ទាប់​ទៀត ដូចជា ដាក់ទណ្ឌកម្ម​លើ​មន្ត្រី និង​ឧកញ៉ា​ដែល​មាន​ការរំលោភ​សិទ្ធិ​មនុស្ស រកស៊ី​ខិលខូច​ហ្នឹង គេ​នឹង​មាន​ដាក់ទណ្ឌកម្ម​បន្ត​ទៀត​។ អ្វី​ដែល​លោកនាយក​រដ្ឋមន្ត្រី​អះអាង​ថា មិន​ប៉ះពាល់​កាន់តែ​ខ្លាំង ពេលនោះ​អារម្មណ៍​ (​ គាត់​ ) កាន់តែ​មានការ​ភិតភ័យ​កាន់តែ​ខ្លាំង»។

សហភាព​អឺរ៉ុប​នឹង​សម្រេច​ចិត្តជា​ចុងក្រោយ​ថា ត្រូវ​រក្សាទុក ឬ​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា នៅ​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២០ ខាងមុខ ក៏ប៉ុន្តែ​សហភាព​អឺរ៉ុប​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​រដ្ឋាភិបាល​លោក ហ៊ុន សែន រួចហើយ​ថា មានតែ​ការ​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​ទេ ទើប​ជា​លក្ខខណ្ឌ​ដែល​កម្ពុជា​អាច​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​អនុគ្រោះ​ពន្ធ​នេះ​បន្ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។