ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន

ការ​រៀបចំ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​នីមួយៗ អាស្រ័យ​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ជា​អ្នក​រៀបចំ។ ម្យ៉ាង​ទៀត ដើម្បី​ជៀសវាង​ការ​ចោទ​ប្រកាន់​នានា ពី​គណបក្ស​នយោបាយ ទាក់ទង​នឹង​ភាព​យុត្តិធម៌​នៅ​ពេល​បោះ​ឆ្នោត​នោះ ក៏​អាស្រ័យ​លើ​ស្ថាប័ន​រៀបចំ​បោះ​ឆ្នោត​នេះ​ដែរ។

0:00 / 0:00

អ្នក​វិភាគ​នយោបាយ​បាន​រក​ឃើញ​ថា យុវជន​ជា​ក្រុម​ដែល​អាច​ផ្លាស់ប្ដូរ​ប្រព័ន្ធ​បោះ​ឆ្នោត​ឲ្យ​ឈាន​ទៅ​រក​ភាព​ប្រសើរ​ឡើង​បាន។ ប៉ុន្តែ​​យុវជន​នៅ​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​បាន​រង​ឥទ្ធិពល​អាក្រក់​ពី​អ្នក​នយោបាយ ដែល​​ដាក់​សម្ពាធ​ឲ្យ​ពួក​គាត់​ភ័យ​ខ្លាច​ទៅ​វិញ។

ប្រទេស​សមាជិក​​អាស៊ាន​ចំនួន ៨ ដែល​មាន​ប្រព័ន្ធ​បោះ​ឆ្នោត​ដោយ​ប្រជារាស្ត្រ គឺ​លើក​លែង​តែ​ប្រទេស​ឡាវ និង​វៀតណាម​ប៉ុណ្ណោះ ដែល​ប្រកាន់​របប​កុម្មុយនិស្ត។ ការ​ផ្លាស់ប្ដូរ​អ្នក​គ្រប់គ្រង​ប្រទេស អាស្រ័យ​លើ​បក្ស​ជា​អ្នក​សម្រេច ឬ​ប្រទេស​មាន​គណបក្ស​តែ​មួយ។

ការ​​ចាត់​ទុក​ថា ប្រទេស​មួយ​មាន​ប្រព័ន្ធ​បោះ​ឆ្នោត​ល្អ និង​ត្រឹមត្រូវ មាន​កត្តា​សំខាន់​​​បួន។ ទី​មួយ អ្នក​ចូល​រួម​​​ការ​បោះឆ្នោត ទី​ពីរ គ្រប់​គណបក្ស​ទាំង​អស់​មាន​ឱកាស​ស្មើ​ក្នុង​ការ​បញ្ចេញ​សំឡេង ទី​បី ការ​ទទួល​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្មើ​ភាព​រវាង​គ្រប់​គណបក្ស​នយោបាយ​ដែល​ចូល​រួម​ក្នុង​បោះ​ឆ្នោត និង​ទី​បួន គឺ​តុល្យភាព​នៃ​ការ​ប្រើប្រាស់​ថវិកា​របស់​គណបក្ស​នយោបាយ​នីមួយៗ នៅ​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។

ប្រទេស​សមាជិក​អាស៊ាន​ដែល​ចាត់​ទុក​ថា មាន​ប្រព័ន្ធ​បោះឆ្នោត​ល្អ​ជាង​គេ គឺ​មាន​ប្រទេស​ថៃ ដែល​ចាប់​ផ្ដើម​បោះ​ឆ្នោត​ដំបូង​នៅ​ឆ្នាំ​១៩៣៣។ ប្រទេស​ម៉ាឡេស៊ី ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩៥៩ សិង្ហបុរី នៅ​ឆ្នាំ​ ១៩៤៨ និង​ប្រទេស​ឥណ្ឌូនេស៊ី ចាប់​ផ្ដើម​ឆ្នាំ​១៩៥៥។

ប្រទេស​ថៃ​ ជា​ប្រទេស​ដែល​មាន​ប្រព័ន្ធ​បោះឆ្នោត​ល្អ​នៅ​អាស៊ាន ពី​ព្រោះ​គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​របស់​ប្រទេស​​នេះ មិន​​រង​ឥទ្ធិពល​​ពី​អ្នក​កាន់​កាប់​អំណាច​ឡើយ ហើយ​ដំណើរ​ការ​ចុះ​ឈ្មោះ​មាន​ភាព​រលូន ជា​ស្ថាប័ន​មួយ​ឯករាជ្យ ដែល​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​ទទួល​ស្គាល់។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ថ្នាក់​ដឹក​នាំ​របស់​គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ថៃ​ ជា​ក្រុម​មនុស្ស​ឯករាជ្យ និង​ការ​អនុវត្ត​ច្បាប់​បោះ​ឆ្នោត​​​បាន​ល្អ។ ម៉្យាង​វិញ​ទៀត អស្ថិរភាព​នយោបាយ​មិន​ប៉ះពាល់​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទេ ហើយ​ការ​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ សកម្មភាព​អាជីវកម្ម និង​កំណើន​សេដ្ឋកិច្ច​ឡើង ក៏​មិន​ប៉ះពាល់​ដែរ។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា រដ្ឋធម្មនុញ្ញ​ថៃ បាន​ចែង​ច្បាស់លាស់ គឺ​មិន​អនុញ្ញាត​ឲ្យ​អ្នក​​មាន​ការងារ​នៅ​ក្នុង​រដ្ឋបាល​សាធារណៈ​ធ្វើ​សកម្មភាព​ដើម្បី​បំពេញ​​​ចិត្ត​របស់​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ៖ «គេ​ហាម​ឃាត់​​មិន​ត្រូវ​ចូល​សកម្មភាព​នយោបាយ ប៉ុន្តែ​​ខ្លួន​ឯង​ហ្នឹង​មិន​មែន​បាត់​បង់​សិទ្ធិ​​អាច​ចូល​គណបក្ស​ណា​មិន​បាន​ទេ គឺ​គេ​ឲ្យ​ចូល ប៉ុន្តែ​​គាត់​អត់​ធ្វើ​សកម្មភាព​សកម្ម​ទេ»

ដោយ​ឡែក នៅ​ប្រទេស​ឥណ្ឌូនេស៊ី វិញ លោក ឡៅ ម៉ុងហៃ បញ្ជាក់​ថា មាន​ប្រព័ន្ធ​បោះ​ឆ្នោត​​​ល្អ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​លំនឹង និង​មាន​ស្ថិរភាព​ដូច​ប្រទេស​ថៃ​នោះ​ទេ។ ចំពោះ​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​ប្រទេស​សិង្ហបុរី មាន​ការ​គាប​សង្កត់​ច្រើន ទាំង​គ្រប់​ប្រព័ន្ធ​ឃោសនា​លំអៀង​ទៅ​រក​គណបក្ស​កាន់​អំណាច។ ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ម៉ាឡេស៊ី​ ក៏​ទទួល​រង​ការ​ចោទ​ប្រកាន់​ដែរ ដូច​ជា​​ការិយាល័យ​របស់​គណៈកម្មការ​ធិការ​​ជាតិ​រៀបចំ​​ការ​បោះឆ្នោត ស្ថិត​នៅ​ក្នុង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ទៀត។

ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍​ថា ប្រព័ន្ធ​បោះ​ឆ្នោត​​​ដែល​ល្អ គឺ​ប្រព័ន្ធ​បោះ​ឆ្នោត​ឲ្យ​គ្រប់​អ្នក​ដែល​មាន​បំណង​ធ្វើ​នយោបាយ​ ឬ​​ចូល​រួម​ការ​បោះ​ឆ្នោត មាន​ឧកាស​ស្មើ​ភាព​គ្នា។ បន្ថែម​​លើ​នេះ ឆន្ទៈ​​របស់​អ្នក​នយោបាយ​ត្រូវ​គិត​ពី​ការ​អភិវឌ្ឍ​សង្គម​ជា​ជាង​គិត​ពី​ផល​ប្រយោជន៍​បុគ្គល ឬ​ផល​ប្រយោជន៍​របស់​បក្ស។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា ការ​មិន​ទុក​ចិត្ត​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត ជា​មូល​ហេតុ​​ធ្វើ​ឲ្យ​​គណបក្ស​ប្រឆាំង​របស់​ប្រទេស​​សមាជិក​អាស៊ាន​មួយ​ចំនួន​មិន​ទទួល​លទ្ធផល​បោះ​ឆ្នោត៖ «គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​គាត់​មាន​អំណាច​គ្រប​ដណ្ដប់​ទូទៅ​នៅ​គ្រប់​ទិដ្ឋភាព​​នៃ​ការ​បោះ​ឆ្នោត​ទាំង​អស់។ អ៊ីចឹង​អត់​មាន​អំណាច​​ហ្នឹង​នៅ​លើ​រដ្ឋាភិបាល​ទេ។ អ៊ីចឹង​ធ្វើ​​ឲ្យ​គណបក្ស​នយោបាយ​ទាំង​អស់​ទទួល​យក​​​ភាព​អព្យាក្រឹត ភាព​មិន​លំអៀង​របស់​ស្ថាប័ន​បោះ​ឆ្នោត»

លោក យង់ គិមអេង មាន​ប្រសាសន៍​បន្ថែម​ថា តាម​ការ​អង្កេត​កន្លង​មក​ ប្រទេស​សមាជិក​អាស៊ាន​​ដែល​មាន​គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដោយ​ឯករាជ្យ​ គឺ​មាន​ប្រទេស​ថៃ និង​ប្រទេស​ហ្វីលីពីន។ ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត​ ត្រូវ​អនុវត្ត​ឲ្យ​បាន​នូវ​បទដ្ឋាន​អប្បបរមា​​សម្រាប់​ការ​បោះ​ឆ្នោត មាន​ន័យ​ថា ការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​កាន់​តែ​ច្រើន ដើម្បី​ប្រែ​ក្លាយ​ជា​ប្រទេស​មួយ​ដែល​មាន​ប្រព័ន្ធ​បោះឆ្នោត​​មួយ​ត្រឹម​ត្រូវ យុត្តិធម៌ និង​មាន​ការ​ចូល​រួម។

អ្នក​វិភាគ​នយោបាយ​បាន​អះអាង​ថា ប្រជាពលរដ្ឋ​នៅ​​ប្រទេស​សមាជិក​អាស៊ាន​​នីមួយៗ​តែង​តែ​ចង់​បាន​​ប្រព័ន្ធ​បោះឆ្នោត​មួយ​ដែល​ល្អ និង​ត្រឹម​ត្រូវ ប៉ុន្តែ​ការ​ចូល​រួម​របស់​ពួក​គាត់​វិញ នៅ​មាន​កម្រិត​នៅ​ឡើយ។ ចំពោះ​ស្ថានភាព​ប្រទេស​កម្ពុជា វិញ មាន​ក្រុម​យុវជន​ដែល​មាន​ឥទ្ធិពល​​​អាច​កែ​ប្រែ​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា បាន ដោយសារ​តែ​អ្នក​ដែល​មាន​ឈ្មោះ​បោះ​​ឆ្នោត​ប្រមាណ​ជាង ៥០% ជា​យុវជន។

នាយក​ប្រតិបត្តិការ​​អង្គការ​កម្មវិធី​អភិវឌ្ឍ​ធនធាន​យុវជន លោក ជាង សុខា មាន​ប្រសាសន៍​ថា ការ​ចង់​បាន​របស់​យុវជន​មាន​ន័យ​ថា ជា​ការ​ប្រែប្រួល​ទៅ​លើ​ប្រព័ន្ធ​បោះឆ្នោត​ដែល​ពួក​គេ​សម្លឹង​ឃើញ។ បន្ថែម​លើ​នេះ​ ការ​បណ្ដុះ​បណ្ដាល​​ឲ្យ​យុវជន​យល់​ដឹង​អំពី​សារសំខាន់​នៃ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សេរី និង​យុត្តិធម៌ បាន​ផ្ដល់​ផល​ប្រយោជន៍​​អ្វី​ដល់​សង្គម​ជាតិ និង​លើក​ស្ទួយ​បរិយាកាស​ប្រជាធិបតេយ្យ​​នៅ​​កម្ពុជា។

លោក ជាង សុខា៖ «យើង​ក្រឡេក​មើល​តួអង្គ​វា​សំខាន់ ប៉ុន្តែ​តួអង្គ​ហ្នឹង​មិន​ទាន់​បាន​យល់​ស៊ី​ជម្រៅ ​​ថា តើ​នៅ​ពេល​ដែល​ប្រព័ន្ធ​បោះ​ឆ្នោត​មួយ​ដែល​មាន​លក្ខណៈ​ប្រជាធិបតេយ្យ សេរី យុត្តិធម៌ វា​នាំ​​ប្រយោជន៍​អ្វី​ខ្លះ​សម្រាប់​សង្គម? ហ្នឹង​ហាក់​ដូច​ជា​មិន​​ទាន់​បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ​របស់​យុវជន​បាន​នៅ​ឡើយ»

លោក​មាន​ប្រសាសន៍​បន្ថែម​ថា ភាព​ភ័យ​ខ្លាច​បាន​អូស​បន្លាយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ដែល​ក្លាយ​ជា​វប្បធម៌​ភ័យ​ខ្លាច​សម្រាប់​ប្រជាជន​​បច្ចុប្បន្ន​ ដែល​មិន​ហ៊ាន​បញ្ចេញ​មតិ ការ​ព្រួយ​បារម្ភ​​នានា ទាក់​ទង​នឹង​ស្ថាន​ភាព​នយោបាយ និង​ការ​បោះ​ឆ្នោត​នៅ​​​កម្ពុជា។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​រៀង​រាល់​ការ​បោះ​ឆ្នោត​ម្ដងៗ តែង​តែ​ទទួល​រង​នូវ​ការ​រិះគន់​ពី​សាធារណជន​ថា មិន​ឯករាជ្យ ពិសេស​គឺ​គណបក្ស​ប្រឆាំង​តែង​តែ​ច្រានចោល​នូវ​លទ្ធផល​បោះ​ឆ្នោត ពីព្រោះ​ថា សមាជិក គ.ជ.ប ត្រូវ​បាន​គណបក្ស​ប្រឆាំង​ចោទ​ប្រកាន់​ថា មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គណបក្ស​កាន់​អំណាច ហើយ​ប្រព័ន្ធ​ឃោសនា​គ្មាន​តម្លាភាព​សម្រាប់​គ្រប់​គណបក្ស​នយោបាយ​នោះ​ទេ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​គ្រប​ដណ្ដប់។

ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ​ទទួល​ស្គាល់​នោះ មាន​តែ​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​ទី​១ ឆ្នាំ​១៩៩៣ ទេ ជា​ការ​បោះ​ឆ្នោត​លើក​ដំបូង​នៅ​កម្ពុជា បន្ទាប់​ពី​របប​ខ្មែរ​ក្រហម​ដួល​រលំ ដែល​កាល​ណោះ​អង្គការ​សហប្រជាជាតិ ឬ​ហៅ​ថា អ៊ុនតាក់ ជា​អ្នក​រៀបចំ។

ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ជា​ស្ថាប័ន​អព្យាក្រឹត ឯករាជ្យ និង​រៀបចំ​ការ​​បោះ​ឆ្នោត​ប្រកប​ដោយ​សេរី និង​ត្រឹមត្រូវ ហើយ​មាន​កាតព្វកិច្ច​ដោះស្រាយ​បណ្ដឹង​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ផ្ដល់​ជំនឿ​ទុក​ចិត្ត​ដល់​អ្នក​បោះ​ឆ្នោត​លើ​នីតិវិធី​បោះ​ឆ្នោត។

ប្រទេស​កម្ពុជា នឹង​រៀបចំ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥​ទៀត នៅ​ខែ​កក្កដា ខាង​មុខ ប៉ុន្តែ​គណបក្ស​ប្រឆាំង​នៅ​តែ​ទាមទារ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​នីតិវិធី​បោះ​ឆ្នោត និង​ផ្លាស់ប្ដូរ​សមភាព គ.ជ.ប ដើម្បី​ឲ្យ​ស្ថាប័ន​មួយ​នេះ​ជា​ស្ថាប័ន​ឯករាជ្យ ដែល​គ្រប់​គណបក្ស​ប្រកួតប្រជែង​ទាំង​អស់​ទទួល​ស្គាល់​នូវ​លទ្ធផល​បោះ​ឆ្នោត។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ សំណើ​របស់​គណបក្ស​ប្រឆាំង​នោះ គ.ជ.ប មិន​ទាន់​ឆ្លើយ​តប​វិញ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

បន្ថែម​ពី​លើ​នេះ​ទៀត ក្រុម​អ្នក​វិភាគ​បាន​សង្កត់​ធ្ងន់​ថា អ្វី​ដែល​សាធារណជន​ចង់​បាន​នោះ គឺ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​តម្លាភាព​សម្រាប់​គ្រប់​គណបក្ស​នយោបាយ និង​ការ​ទទួល​យក​នូវ​លទ្ធផល​បោះ​ឆ្នោត មិន​ថា គណបក្ស​ឈ្នះ​ឆ្នោត ឬ​គណបក្ស​ចាញ់​ឆ្នោត​នោះ​ទេ ដោយ​អ្នក​វិភាគ​បាន​លើក​ជា​ឧទាហរណ៍​ថា ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​ថៃ កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ គឺ​លោក អាភីស៊ិត បាន​ចុះ​ចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ដោយ​សន្តិ​វិធី បន្ទាប់​ពី​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ចាញ់​ឆ្នោត​គណបក្ស​ភឿថៃ របស់​អ្នកស្រី យីងឡាក់ នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។