"ការ​ចង់​ឱ្យ​ការ​ជម្រះក្ដី​លោក កឹម សុខា បាន​លឿន លុះ​ត្រា​លោក កឹម សុខា ជាប់ឃុំ​ឡើង​វិញ ជា​ចេតនា​នយោបាយ"

0:00 / 0:00

មន្រ្តី​សិទ្ធិមនុស្ស រិះគន់​ការ​លើកឡើង​របស់​ម​ន្រ្តី​ជាន់ខ្ពស់​ក្រសួងយុត្តិធម៌​ដែល​ថា បើ​ចង់​ឱ្យ​មានការពន្លឿន​ជម្រះ​ក្ដី​លោក កឹម សុខា លុះត្រា​តែ​លោក កឹម សុខា ប្រធាន​គណបក្សប្រឆាំង ត្រូវ​​​ជាប់ឃុំ​ឡើងវិញ។ ពួកគេ ចាត់ទុក​សំដី​របស់​ម​ន្រ្តី​ក្រសួងយុត្តិធម៌​ ថាជា​ចេតនា​ដើម្បី​ចង់​អូស​បន្លាយពេល​ជម្រះ​ក្ដី​លោក កឹម សុខា​ ឱ្យ​កាន់តែ​យូរ​ថែមទៀត។ រីឯ​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា លើកឡើង​ថា ច្បាប់​មិន​អនុញ្ញាត​ឲ្យ​ឃុំខ្លួន​មនុស្ស​តាម​នឹកឃើញ​នោះទេ។

មេធាវី​លោក កឹម សុខា លោក ផែង ហេង សុំ​មិន​ឆ្លើយ​ទៅ​នឹង​សារ​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ លោក ជិន ម៉ាលីន នោះទេ ដោយ​លោក​ទុក​ឱ្យ​សាធារណៈ​ជន​វាយ​តម្លៃ​ចុះ។ ទោះ​យ៉ាងណា លោក​មេធាវី​នៅតែ​អះអាង​ថា ក្នុងនាម​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា លោក​នៅតែ​ប្រើ​សិទ្ធិ​ស្នើសុំ​ដោយ​លោក​គ្រោង​ជួប​លោក កឹម សុខា រិះរក​មធ្យោបាយ​ផ្សេងទៀត​ដើម្បី​ជំរុញ​ឱ្យ​មានការ​ពន្លឿន​សវនាការ​ឡើងវិញ​។ លោក​សង្កត់ធ្ងន់​ថា មិន​អាច​កាត់ក្ដី​សំណុំរឿង​បាន​ពាក់កណ្ដាល​ហើយ​ទុកចោល​បែប​នេះ​ទេ៖ « ខ្ញុំ​មិន​ឆ្លើយតប​អី​ទេ​ណា​ ឱ្យ​គាត់ ( លោក ជិន ម៉ាលីន ) និង​សាធារណៈជន​ពិចារណា​សំដី​គាត់​វិញ​ទៅ​ណា ក្នុងនាម​អ្នកច្បាប់​ យើង​អត់​ត្រូវ​តតាំង​នឹង​ពាក្យ​អីចឹងៗ​ទេ »

ប្រតិកម្ម​របស់​មេធាវី​លោក កឹម សុខា ដូចនេះ​ ​ក្រោយពេលលោក ជិន ម៉ាលីន និយាយ​ថា​ ​ក្រសួងយុត្តិធម៌​មិន​អាច​លូកដៃ​ក្នុង​សំណុំរឿង​លោក កឹម សុខា បានទេ​ព្រោះ​ជា​សិទ្ធិ​របស់​តុលាការ។ លោក​បន្ត​ថា បើ​ចង់​ឱ្យ​មាន​ការពន្លឿន​ជម្រះ​ក្ដី​លោក កឹម សុខា ទាល់តែ​លោក កឹម សុខា វិល​ទៅ​ជាប់ពន្ធនាគារ​វិញ៖ «គោលដៅ​នៃ​យុទ្ធនាការ​របស់​យើង​ គឺ​អាទិភាព​ទៅលើ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​មាន​មនុស្ស​នៅ​ក្នុង​ឃុំ។ ចឹ​ង​បានជា​សំណុំរឿង​ផ្សេងទៀត​ដំណើរការ​ទៅ​បាន ហេតុ​អី​សំណុំរឿង កឹម សុខា ដំណើរ​ទៅ​អត់​បាន។ បើ​សិន កឹម សុខា ចង់​ដំណើរការ​ដូច​គេ​ដែរ ទៅ​នៅ​ក្នុង​ឃុំ​វិញ​ទៅ ទៅ​ត្រពាំងផ្លុង​វិញ​ទៅ គេ​យក​មក​ដោះ​មុន​ហើយ»។

សូមលោកអ្នកច្បាប់​ជួយពន្យល់ចំពោះការឆ្លេីយតបរបស់ស្ថាប័នយុត្តិធម៌ផង! ! !...

Posted by Chak Sopheap on Friday, February 5, 2021

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) អ្នកស្រី​ថា ច្បាប់​ជាតិ និង​អន្តរជាតិ​ចែង​ថា​ ​ជន​គ្រប់រូប​មាន​សិទ្ធិ​ទទួល​បានការ​ជំនុំ​ជម្រះ​ដោយ​ឥត​ពន្យារពេល​យូរ​ហួស។ អ្នកស្រី​រិះគន់​ថា​ ​ការ​ថ្លែង​របស់​លោក ជិន ម៉ាលីន គឺជា​ចេតនា​ដើម្បី​ចង់​អូស​បន្លាយពេល​ជម្រះ​ក្ដី​លោក កឹម សុខា ឱ្យ​កាន់តែ​យូរ​ថែមទៀត។

លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់​ពន្ធនាគារ​កាលពី​ខែកញ្ញា ឆ្នាំ២០១៧ ដោយ​ចោទប្រកាន់​ពី​បទក្បត់ជាតិ។ ក្រោយ​លោក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​គឺ​នៅ​ថ្ងៃទី១០ ខែកញ្ញា​ ​ឆ្នាំ២០១៨ តុលាការ​ប្តូរ​ពី​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ទៅ​ឃុំ​ខ្លួន​នៅ​ផ្ទះវិញ។ កាលពី​ចុង​ឆ្នាំ២០១៩ តុលាការ​បាន​បន្ធូរបន្ថយ​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ដោយ​អនុញ្ញាត​ឱ្យ​លោក​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​តែ​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ។ សំណុំរឿង​លោក​ត្រូវ​បាន​តុលាការ​លើកពេល​ជំនុំ​ជម្រះ​ជិត​មួយ​ឆ្នាំ​ហើយ​ ក្រោម​ហេតុផល​ថា ដោយសារ​បញ្ហា​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ទោះ​ក្រុម​មេធាវី​ការពារ​ក្ដី​លោក​ ស្នើសុំ​បីដង​មក​ហើយក្ដី។ ការឆ្លើយតប​ចុងក្រោយ​របស់​តុលាការ​ក្រុងភ្នំពេញ គឺ​លើក​យក​បញ្ហា​ជំងឺកូវីដ-១៩ និង​ការមមាញឹក​ដោះស្រាយ​សំណុំរឿង​កក​ស្ទះ​នៅ​តុលាការ។ ទោះ​យ៉ាងណា មេធាវី​លោក កឹម សុខា អះអាង​ថា នឹង​ព្យាយាម​គ្រប់​លទ្ធភាព​តាម​ផ្លូវច្បាប់​ដើម្បី​ជំរុញ​ឱ្យ​មាន​ការបន្ត​សវនាការ​ជម្រះ​ក្ដី​លោក កឹម សុខា ឡើងវិញ។

អូង សាន ស៊ូ ជី នៅភូមា និង កឹម សុខា នៅកម្ពុជា ធ្លាប់ជាប់ឃុំនៅក្នុងផ្ទះដូចគ្នា...

Posted by Mong Hay Lao on Friday, February 5, 2021

អ្នកវិភាគ​នយោបាយ​ជើងចាស់ បណ្ឌិត ឡៅ ម៉ុងហៃ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​លោក​ដែរ​ ថា ការណ៍​ដែល​តុលាការ​ឱ្យ លោក កឹម សុខា នៅ​ក្រៅ​ពន្ធនាគារ​រម​ក​ឃុំ​ក្នុង​ផ្ទះ​ដូច​សព្វថ្ងៃនេះ គឺ​ដើម្បី​ពន្យារពេល​កាត់ទោស។ លោក​រម្លឹក​ថា បើ​ជាប់ឃុំ​ក្នុង​ពន្ធ​នាគា​រយ៉ា​ង​យូរ​រយៈ​១​៨​ខែក្រោយ​ថ្ងៃ​ចាប់ឃុំឃាំង​ត្រូវ​កាត់ទោស​បើ​ពុំនោះទេ​ត្រូវ​ប្រគល់​សេរីភាព​ឱ្យ​លោក កឹម សុខា វិញ។ បណ្ឌិត ឡៅ ម៉ុងហៃ ថា​ ​ការ​ពន្យារ​ការកាត់ទោស​សម្រេច​ដោយ​នីតិប្រតិបត្តិ ជា​ការរំលោភ​លើ​ឯករាជ្យ​របស់​តុលាការ​ ​និង​ជា​ការរំលោភ​សិទ្ធិ​ទទួល​បាន​ការកាត់ទោស​ដោយ​ឥត​ពន្យារពេល​យូរហួស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។