ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស UN ថា លំហ​ប្រជាធិបតេយ្យ​រួម​តូច ប៉ះពាល់​ដល់​ទំនុក​ចិត្ត​នៃ​ការ​បោះឆ្នោត

ដោយ យ៉ង ចាន់តារា
2023.08.03
ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស UN ថា លំហ​ប្រជាធិបតេយ្យ​រួម​តូច ប៉ះពាល់​ដល់​ទំនុក​ចិត្ត​នៃ​ការ​បោះឆ្នោត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា នៅថ្ងៃទីបោះឆ្នោត កាលពីថ្ងៃទី២៣ កក្កដា ២០២៣។
រូប៖ តេឡេក្រាមលោក ហ៊ុន សែន

ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​វាយតម្លៃ​ថា ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​រឹតត្បិត​ធ្ងន់ធ្ងរ​ជាច្រើន​ករណី​ទៅលើ​លំហ​ពលរដ្ឋ និង​នយោបាយ បាន​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​នៃ​ការ​បោះឆ្នោត​តំណាងរាស្ត្រ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៣ កក្កដា។

ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​គូស​បញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​គ្នា​កាល​ពី​ថ្ងៃ​ទី ០៨ សីហា​ថា ករណី​រំលោភ​សិទ្ធិមនុស្ស និង​រឹតត្បិត​ទាំង​នោះ មាន​ជាអាទិ៍ ការ​បំបិទ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត ការ​បិទ និង​រឹតត្បិត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ព្រមទាំង​ការ​យាយី​លើ​អ្នក​នយោបាយ​ប្រឆាំង​ពី​សំណាក់​ក្រុម​អ្នក​កាន់​អំណាច។ ពួក​គេ​ថា ករណី​ទាំង​នេះ​បាន​បង្ខូច​រចនាសម្ព័ន្ធ និង​ដំណើរការ​នៃ​ការ​បោះឆ្នោត​ទាំង​មូល។

អ្នក​ជំនាញ​ដែល​ចូលរួម​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ មាន​ដូចជា អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhon) អ្នក​រាយការណ៍​ពិសេស​ផ្នែក​លើក​កម្ពស់​យុត្តិធម៌ លោក ហ្វាបៀន សាវ៉ាយអូលី (Fabian Salvioli) និង​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ឯករាជ្យ​នៃ​ចៅក្រម និង​មេធាវី អ្នកស្រី ម៉ាហ្គារ៉េត សេធើវ៉េត (Margaret Satterthwaite) ជា​ដើម។

ក្រុម​អ្នក​ជំនាញ​ទាំងនេះ​លើកឡើង​ទៀត​ថា ការ​បោះឆ្នោត​នេះ​អតុល្យភាព​ជា​ខ្លាំង និង​បាន​បង្ក​ជា​កង្វល់​ធំៗ សម្រាប់​សហគមន៍​អន្តរជាតិ។ ម្យ៉ាង​វិញ​ទៀត លំហ​ប្រជាធិបតេយ្យ​រួម​តូច និង​វិធានការ​គាប​

Margaret_Satterthwaite_Vitit_Muntarbhorn_Fabian_Salvioli.jpg
(រូប​ឆ្វេង) អ្នកស្រី ម៉ាហ្គារ៉េត សេធើវ៉េត (Margaret Satterthwaite) អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ឯករាជ្យ​នៃ​ចៅក្រម និង​មេធាវី (រូប​កណ្ដាល) លោក វិទិត មុនតាប៊ុន (Vitit Muntarbhon) អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ខាង​ស្ដាំ លោក ហ្វាបៀន សាវ៉ាយអូលី (Fabian Salvioli) អ្នក​រាយការណ៍​ពិសេស​ផ្នែក​លើក​កម្ពស់​យុត្តិធម៌។ រូប៖ UN

សង្កត់​ជា​ច្រើន​ភ្ជាប់​ទៅ​នឹង​ការ​ដឹកនាំ​នយោបាយ បាន​ធ្វើ​ឱ្យ​អន្តរាយ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិមនុស្ស និង​កិច្ច​សន្យា​ស្ដីពី​លទ្ធិ​ប្រជាធិបតេយ្យ​សេរី ដែល​ស្ថិត​នៅ​ក្រោម​កាតព្វកិច្ច​ជា​អន្តរជាតិ​របស់​កម្ពុជា និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

សេចក្ដីថ្លែងការណ៍​របស់​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នេះ គឺ​ស្រប​ទៅ​នឹង​ការ​រិះគន់​របស់​សហគមន៍​អន្តរជាតិ​និយម​ប្រជាធិបតេយ្យ ដែល​មិន​ចង់​ឃើញ​កម្ពុជា​រអិល​ធ្លាក់​ទៅ​ក្នុង​របប​ដឹកនាំ​បែប​ផ្ដាច់ការ​ត​វង្ស​ត្រកូល ខណៈ​លោក ហ៊ុន សែន នឹង​លើក​បន្តុប​ឱ្យ​កូន​ប្រុស​ច្បង គឺ​លោក ហ៊ុន ម៉ាណែត ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​ ចាប់​ពី​ថ្ងៃ​ទី២២ ខែ​សីហា​ត​ទៅ។

ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​ត្រូវតែ​ប្រុងប្រយ័ត្ន និង​ត្រៀម​ឆ្លើយ​តប​រួម​គ្នា ចំពោះ​វិបត្តិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ជាមួយ​គ្នា​នេះ ពួក​គេ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ថ្មី​នៃ​កម្ពុជា ត្រូវតែ​គោរព​តាម​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​ជា​អន្តរជាតិ​របស់​ខ្លួន និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ហើយ​ត្រូវ​ដោះស្រាយ​រាល់​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ទាំង​ចាស់ និង​ថ្មី ដែល​រារាំង​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព និង​សម្រាប់​ទាំង​អស់​គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មេធាវី​គ្រោង​ដាក់​សេចក្តី​សន្និដ្ឋាន​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​លោក កឹម សុខា
អត្ថបទពេញនិយម
នយោបាយ
លោក រ៉ុង ឈុន ថា លោក​មិន​ខ្លាច​ក្នុង​ការ​ចូល​បំភ្លឺ​តុលាការ​ទេ ពាក់ព័ន្ធ​បទ​ចោទ «មិន​រាងចាល»
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។