អ្នក​ជំនាញ​រំឭក​ពលរដ្ឋ​ឱ្យ​តាមដាន​គោល​នយោបាយ​ ជាជាង​ព្រឹត្តិការណ៍​នយោបាយ

ដោយ សេក បណ្ឌិត
2023.02.22
អ្នក​ជំនាញ​រំឭក​ពលរដ្ឋ​ឱ្យ​តាមដាន​គោល​នយោបាយ​ ជាជាង​ព្រឹត្តិការណ៍​នយោបាយ (ឆ្វេង) លោក ឯម សុវណ្ណារ៉ា ​អ្នក​ឯកទេស​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ និង​ស្ដាំ លោក កន សាវាង្ស អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត ខុមហ្វ្រែល (COMFREL)
រូប៖ ហ្វេសប៊ុក

មុន​ពេល​បោះឆ្នោត​ចូល​មក​ដល់​គណបក្ស​កាន់​អំណាច​តែងតែ​បង្កើត​ព្រឹត្តិការណ៍​នយោបាយ​ផ្សេងៗ ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់ ដើម្បី​យក​ប្រៀប​លើ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត។ ជុំវិញ​បញ្ហា​នេះ អ្នក​ជំនាញ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ស្វែងយល់​ពី​គោល​នយោបាយ​គណបក្ស​ឱ្យ​បាន​ច្បាស់លាស់ ជាជាង​ការ​សម្រេច​ចិត្ត​ដោយសារ​ការ​ភ័យ​ខ្លាច ដែល​បណ្ដាល​ពី​ព្រឹត្តិការណ៍​របស់​អ្នក​នយោបាយ​បង្កើត​ឡើង​ទាំង​នេះ។

អ្នក​ជំនាញ​លើ​កិច្ចការ​បោះ​ឆ្នោត និង​នយោបាយ ក្រើន​រំឭក​ឱ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​យក​ចិត្ត​ទុក​ដាក់​តាមដាន​លើ​គោល​នយោបាយ​របស់​គណបក្ស​និមួយៗ មុន​ឈាន​ដល់​ការ​បោះ​ឆ្នោត​នៅ​ខែកក្កដា​ខាង​មុខ​នេះ ជា​ជាង​ការ​ស្រលាញ់ ការ​ស្អប់ ឬ​ភ័យ​ខ្លាច​ដោយ​ផ្អែក​តែ​លើ​ព្រឹត្តិការណ៍​មួយ​ចំនួន ដែល​អ្នក​នយោបាយ​សម្ដែង ឬ​បង្កើត​ឡើង។

រាល់​ពេល​មុន​ការ​បោះ​ឆ្នោត​មក​ដល់ តែងតែ​មាន​ការ​គំរាម​កំហែង ការ​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ការ​បង្កើត​ព្រឹត្តិការណ៍​វាយ​ប្រហារ​គ្នា​កើត​ឡើង​នាំ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ភាព​ច្របូកច្របល់​ក្នុង​ការ​សម្រេច​ចិត្ត។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​គោល​ជំហរ​ច្បាស់លាស់​ក្នុង​ការ​សម្រេច​ចិត្ត​បោះ​ឆ្នោត ដែល​នាំ​ឱ្យ​មាន​ការ​រីកចម្រើន​ប្រសើរ​ឡើង​ដល់​សង្គម​ជាតិ គឺ​ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវ​សិក្សា​ពី​គោល​នយោបាយ​របស់​គណបក្ស​និមួយៗ ឱ្យ​បាន​ច្បាស់លាស់។ លោក កន សាវាង្ស ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ប្រទេស​រីក​ចម្រើន​ជឿនលឿន ប្រជាពលរដ្ឋ​របស់​គេ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​តាមដាន​គោល​នយោបាយ​បក្ស ដែល​ប្រកួតប្រជែង។

លោក កន សាវាង្ស៖ «បើ​យើង​និយាយ​គោល​ការណ៍​ជា​ទូទៅ ទាក់ទង​គោល​នយោបាយ​នេះ​ជា​រឿង​សំខាន់​ណាស់​របស់​គណបក្ស​នយោបាយ​ពីព្រោះ​គណបក្ស​និមួយៗ ត្រូវ​មាន​គោល​នយោបាយ​ខ្លួន​ឯង។ ហើយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ជឿនលឿន ប្រទេស​ដែល​គេ​មាន​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​រឹងមាំ​ហើយ គេ​ផ្ដោត​សំខាន់​ទៅ​លើ​គោល​នយោបាយ​របស់​គណបក្ស​អ៊ីចឹង»

ពេល​ដែល​មាន​ការ​ចោទ​ថា តើ​តាមដាន​គោល​នយោបាយ​បាន​ប្រយោជន៍​អ្វី បើ​បក្ស​ដែល​ឈ្នះ​ឆ្នោត​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម​ការ​សន្យា ឬ​ការ​ឃោសនា​មុន​ពេល​បោះ​ឆ្នោត​ផង​នោះ? លោក កន សាវាង្ស ពន្យល់​ថា តួនាទី​ពលរដ្ឋ ដើម្បី​ឱ្យ​សង្គម​មាន​ការ​រីក​ចម្រើន ដើម្បី​អនាគត​កូនចៅ​ជំនាន់​ក្រោយ​មាន​ភាព​សុខសាន្ត​បាន​នោះ មិនមែន​គ្រាន់​តែ​ទៅ​បោះ​ឆ្នោត​មួយ​ថ្ងៃ​នោះ​ទេ គឺ​ត្រូវ​តាមដាន​សកម្មភាព​របស់​គណបក្ស ដែល​ដឹកនាំ​ក្រោយ​ពេល​ឈ្នះ​ឆ្នោត​ទៀត។

លោក កន សាវាង្ស៖ «គាត់​មើល​ឃើញ​គោល​នយោបាយ​គេ​ល្អ​ហើយ គាត់​បោះឆ្នោត​ឱ្យ​គេ​ហើយ គេ​ធ្វើ​ជា​តំណាង​របស់​យើង​ទៅ​អង្គុយ​ក្នុង​សភា​ហើយ ហើយ​យើង​ប្រលែង​ដៃ​ចោល អា​ហ្នឹង​វា​អត់​ត្រឹមត្រូវ​ទេ បាន​ន័យ​ថា គាត់​ចាំបាច់​ណាស់ ត្រូវ​តាមដាន​អ្វី​ជា​ការ​សន្យា? អ្វី​ជា​ការ​លើក​ឡើង​ហ្នឹង តើ​វា​ឆ្លើយតប​ដែរ ឬ​ទេ? អ៊ីចឹង រឿង​នៅ​ក្នុង​ចំណុច​នេះ រឿង​ថា តើ​ប្រជាពលរដ្ឋ​យើង​មើល​ឃើញ​ដែរ ឬ​អត់?»។

ដោយឡែក​អ្នក​ឯកទេស​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ លោក ឯម សុវណ្ណរ៉ា មើល​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​កំពុង​មាន​ប្រៀប​ក្នុង​ការ​បង្កើត​ព្រឹត្តិការណ៍​នយោបាយ​បង្វិល​ការ​គិត​របស់​ប្រជាពលរដ្ឋ​ដោយ​មិន​ផ្ដោត​លើ​គោល​នយោបាយ​នោះ​ទេ។

លោក ឯម សុវណ្ណរ៉ា៖ «ដោយឡែក​គណបក្ស​ក្រៅ​រដ្ឋាភិបាល​គាត់​ខ្សោយ​គាត់​ខ្វះ​ការ​លើក​ឡើង​មក Challenge មក​ប្រឈម អា​ហ្នឹង​មាន​អ្នក​ដើរតួ ត្រង់​ដើរ​តួ​មិន​ត្រង់ ហ្នឹង​គាត់​ខ្វះ​ការ​និយាយ ខ្វះ​ការTrain បច្ចេកទេស​ក្នុង​ការ​បកស្រាយ​ទាំង​ក្នុង​ការ​អ្នក​ផ្លូវ​ច្បាប់​ណា? ច្បាប់​កម្រិត​ណា? អ្នក​ដែល​ចេញ​ក្រៅ​ឆាក ឬ​ចេញ​ស្រមោល​ហ្នឹង ក្របខ័ណ្ឌ​ណា? គាត់​អត់​មាន​តួអង្គ​ហ្នឹង ចាញ់​បក្ស​កាន់​អំណាច​គេ​បង្វិល​បាន»

លោក ឯម សុវណ្ណរ៉ា បន្ត​ទៀត​ថា ពលរដ្ឋ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ចាំបាច់​ត្រូវ​ដើរ​តួនាទី​ឱ្យ​សកម្ម​ក្នុង​ការ​តាមដាន​សកម្មភាព​របស់​អ្នក​នយោបាយ។ លោក​ឆ្លុះ​បញ្ចាំង​ទៀត​ថា ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​មិន​សូវ​សកម្ម​ក្នុង​ការ​តាមដាន​គោល​នយោបាយ ឬ​សកម្មភាព​របស់​អ្នក​នយោបាយ​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​សូវ​ទទួល​បាន​ប្រយោជន៍។

លោក ឯម សុវណ្ណរ៉ា៖ «បើសិនជា​គាត់​នៅ​ស្ងៀម​អ៊ីចឹង​អត់​បាន​ទេ អត់​បាន​ផល​ប្រយោជន៍​អី​ទេ អត់​បាន​ផល​ពី​អ្នក​នយោបាយ​ឆ្លើយតប ឬ​បារម្ភ​ទេ ហើយ​យើង​មើល​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ភាគ​ច្រើន​ដេក​រង់ចាំ​ព្រេង​វាសនា ដេក​រង់ចាំ​ការ​ជួយ​អន្តរាគមន៍​ពី​ខាង​ក្រៅពី​អន្តរជាតិ ពី​អ្នក​នយោបាយ​អ៊ីចឹង​ហើយ​ធ្វើ​ឱ្យ​អត់ ដែល​ទទួល​បាន​ផល​ប្រយោជន៍​អី​ទេ។ អ៊ីចឹង​មធ្យោបាយ​សំខាន់​ពួក​គាត់​យល់​តួនាទី​ភារកិច្ច​ខ្លួន​ឯង ឈប់​គិត​បញ្ហា​នយោបាយ​ជា​រឿង​របស់​អ្នក​នយោបាយ ជា​បញ្ហា​របស់​ប្រទេស ជា​បញ្ហា​របស់​គាត់​អា​ហ្នឹង​ជា​បញ្ហា​សំខាន់»

ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​កណ្ដាល​លោកស្រី ពេជ្រ មេត្តា ឱ្យ​ដឹង​ថា លោកស្រី​តែងតែ​តាមដាន​ព័ត៌មាន​ជា​ប្រចាំ ប៉ុន្តែ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​លើ​គោល​នយោបាយ​បក្ស​និមួយៗ នោះ​ទេ ដោយសារ​តែ​បក្ស ដែល​ឈ្នះ​ឆ្នោត​មិន​ធ្វើ​តាម​ការ​សន្យា ឬ​ធ្វើ​តាម​គោល​នយោបាយ​នៅ​ពេល​កន្លង​មក។លោកស្រី​បន្ត​ថា ក្រោយ​ពេល​មាន​ព្រឹត្តិការណ៍​ចាប់​ខ្លួន​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា វិធានការ​រឹបអូស​ទ្រព្យ​សម្បត្តិ​បន្ត​បន្ទាប់ និង​ការ​បិទ​វិទ្យុ​វីអូឌី​ថ្មីៗ នេះ បាន​ធ្វើ​ឱ្យ​លោកស្រី​មាន​ការ​ប្រុងប្រយ័ត្ន​ជាង​មុន ហើយ​អ្នក​ជិត​ខាង​របស់​គាត់​កាន់តែ​មាន​ការ​ភ័យ​ខ្លាច។

លោកស្រី ពេជ្រ មេត្តា៖ «អ្នកភូមិ​គេ​ញញើត​ដែរ ដោយ​គេ​ថា រឿង​នយោបាយ រឿង​ច្បាប់​ទម្លាប់​គេ​មិន​រវីរវល់​ទេ។ គេ​ថា គេ​ធ្វើ​មិន​ដឹង​មិន​ឮ គេ​សុំ​តែ​មួយ​សុខ​អ៊ីចឹង​ទៅ»

នៅ​កម្ពុជា​មាន​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត ដែល​ចែង​ពី​ការ​ធានា​សិទ្ធិ​ចូលរួម​របស់​ពលរដ្ឋ​ដោយ​សេរី​ក្នុង​កិច្ចការ​នយោបាយ​ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច និង​មិន​មាន​ការ​គំរាម​កំហែង។ លើស​ពី​ច្បាប់​ដែល​មាន​ស្រាប់ គឺ​រាល់​ពេល​មុន​បោះឆ្នោត ទាំង​បោះ​ឆ្នោត​សកល និង​អសកល គឺ​ព្រះមហាក្សត្រ​តែងតែ​ចេញ​ព្រះរាជសារ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​មេ​ដឹកនាំ​ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច។

កាល​ពី​ថ្ងៃ​ទី៨ ខែកុម្ភៈ ព្រះមហាក្សត្រ​សម្ដេច នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជសារ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅ​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៧ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៣ ខែកក្កដា​ខាង​មុខ​នេះ ដោយ​កុំ​មាន​ការ​ភ័យ​ខ្លាច។ ព្រះអង្គ​បញ្ជាក់​បន្ថែម​ថា ការបោះឆ្នោត​នោះ មិន​មាន​ការ​គាប​សង្កាត់ ការ​គំរាម​កំហែង ឬ សម្លុត​ពី​ជន​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

បើទោះជា​មាន​ច្បាប់​នានា និង​ព្រះរាជសារ​ពី​ព្រះមហាក្សត្រ​ក្រ​ក៏​ដោយ ក៏​លោក ហ៊ុន សែន ដែល​តាំង​ខ្លួន​ឯង​ជា​ច្បាប់​នោះ បាន​បន្ត​គំរាម​កំហែង​ឥត​ឈប់​ឈរ​ទេ។ ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ ដល់​និស្សិត កាល​ពី​ថ្ងៃ​ទី២០ ខែកុម្ភៈ លោក ហ៊ុន សែន បាន​បញ្ជាក់​ឡើង​វិញ ពី​អំណាច​របស់​ខ្លួន ចំពោះ​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ និង​ការ​បិទ​សារព័ត៌មាន​វីអូឌី​ថា គ្មាន​អ្នក​ណា​ប្រឆាំង​ការ​សម្រេច​ចិត្ត​របស់​លោក​បាន​ទេ។លោក ហ៊ុន សែន ក៏​បាន​ផ្ដាំ​ឱ្យ​កូនចៅ​លោក​មិន​ឱ្យ​លើកលែង​ដល់​អ្នក ដែល​រិះគន់​គ្រួសារ និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នោះ​ទេ។

លោក ហ៊ុន សែន៖ «ពួក​អ្នក​ឯង​បាន​បំពាន​លើ​ខ្ញុំ​ម្ដង​ហើយ​ម្ដង​ទៀត រហូត​ទៅ​ដល់​មិន​ទុក​ឱកាស​ឱ្យ​ពេល​កំពុង​កាន់​ទុក្ខ​ប្អូនស្រី ក្រុម​ពួក​អ្នក​ឯង​ចេញ​មក​វាយ​ប្រហារ រួម​ទាំង​មេ​របស់​ពួក​អ្នក​ឯង។ តើ​ឱ្យ​ខ្ញុំ​អត់ឱន​ឱ្យ​បាន​ទេ? ខ្ញុំ​ផ្ដាំ​កូន​ផ្ដាំ​ចៅ​ខ្ញុំ កុំ​អត់ឱន​ឱ្យ​ពួក​អា​ក្រុម​នេះ

មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ថ្លែង​នៅ​ចំពោះ​មុខ​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ (Geneva) នៅ​ប្រទេសស្វ៊ីស (Switzerland) កាល​ពី​ខែមីនា ឆ្នាំ២០២២ ថា លំហ​សិទ្ធិមនុស្ស និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា កាន់តែ​រួម​តូច និង​ដើរ​ថយ​ក្រោយ ដោយសារ​តែ​ការ​គ្រប់គ្រង​ប្រទេស​បែប​ឯកបក្ស។ លោក វិទិត មុនតាប៊ន អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទាំង​អស់​នៅ​កម្ពុជា គោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី រួម​ទាំង​សេរីភាព​ជា​មូលដ្ឋាន​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​ជួប​ប្រជុំ។

ទាំង​លោក កន សាវាង្ស និង​លោក ឯម សុវណ្ណរ៉ា មើល​ឃើញ​ដូច​គ្នា​ថា ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​មិន​សូវ​សកម្មភាព​ក្នុង​ការ​តាមដាន ឬ​ចូលរួម​សកម្មភាព​នយោបាយ​ទេ​នោះ ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គាត់​នៅតែ​រង​គ្រោះ​ដោយសារ​អ្នក​នយោបាយ។

លោក ឯម សុវណ្ណរ៉ា បញ្ជាក់​ថា បើសិនជា​ពលរដ្ឋ​ខ្មែរ​ទាំង​ពលរដ្ឋ​សាមញ្ញ និង​អ្នក​រៀន​សូត្រ​បាន​ចេះ​ដឹង​នៅតែ​មិន​ចូលរួម​សកម្មភាព​នយោបាយ​ឱ្យ​បាន​សកម្ម​ទេ​នោះ ប្រទេស​ជាតិ​អាច​ប្រឈម​វិបត្តិ​កាន់តែ​ខ្លាំង ឬ​រលាយ​បាត់​នៅ​ថ្ងៃ​អនាគត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ពលរដ្ឋ​រិះគន់​​ថា ភ្លើង​ឆេះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ ជា​ការ​ធ្វេស​ប្រហែស​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ
អត្ថបទពេញនិយម
នយោបាយ
ខ្មាន់កាំភ្លើង​មិន​ទាន់​ហ៊ាន​លាតត្រដាង​មេខ្លោង​នៅ​ពីក្រោយ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​គ្រួសារ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។