អ្នកប្រើប្រាស់បណ្ដាញសង្គមថា គ្រួសារ ហ៊ុន សែន ជាគ្រួសារនាំគ្រោះដល់ប្រទេសជាតិ
2024.09.08
អ្នកប្រើប្រាស់បណ្តេញសង្គម និងអ្នកឃ្លាំមើលនយោបាយកម្ពុជា ចាត់ទុកកូនទាំង៥នាក់របស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា មិនមែនជាគ្រាប់ពេជ្រទេ តែជាក្រុមមេដឹកនាំដែលនាំគ្រោះដល់ប្រជាជាតិខ្មែរ។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន អះអាងថា កូនរបស់លោកទាំង ៥នាក់ គឺជាគ្រាប់ពេជ្រ និងជាមនុស្សមានគុណធម៌។
ទស្សនៈរបស់ប្រើបណ្ដាញសង្គមមួយចំនួននៅតែមានមន្ទិលសង្ស័យទៅលើកូនៗរបស់លោក ហ៊ុន សែន ទទួលមនោគមន៍វិជ្ជាពីប្រទេសវៀតណាមដូចឪពុករបស់ពួកគេដែរ គឺលោក ហ៊ុន សែន។
ការលើកឡើងបែបនេះ បន្ទាប់ពីប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន បានសរសេរសារនៅលើហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃទី២៩ ខែសីហា ដោយលោកមានមោទនភាពចំពោះកូនរបស់លោកថា៖ គ្រាប់ពេជ្រទាំង៥គ្រាប់ដែលពុកម៉ែកែច្នៃដោយផ្ទាល់ដៃ។
ដុំថ្មនឹងមានតម្លៃបន្ថែមប្រសិនយើងចេះកែច្នៃវានឹងប្រើប្រាស់វាឲ្យមានប្រយោជន៍។ មាសឬពេជ្រនឹងគ្មានតម្លៃ ឬតម្លៃតិចប្រសិនយើងមិនចេះកែច្នៃ ឬយកវាទៅទុកចោល។
ទោះមានឬក្រត្រូវខិតខំឲ្យកូនចៅរៀនសូត្រមានចំណេះដឹងមានសីលធម៌ គុណធម៌ សុភាពរាបសា ចេះជួយអ្នកក្រីក្រ អ្នកទន់ខ្សោយពោលគឺឲ្យពួកគេ កសាងអំពើល្អជាប់ជានិច្ច។
បទពិសោធន៍ត្រូវយកចិត្តទុកដាក់បំផុតគឺកូនអ្នកមានអំណាច អ្នកមានទ្រព្យសម្បត្តិដែលអាងលើអំណាចឪពុកម្ដាយឬប្រាក់កាសឪពុកម្តាយធ្វើអំពើមិនគប្បីក្នុងសង្គម។
ក្រៅពីលើកសរសើរកូនៗ លោក ហ៊ុន សែន ក៏បន្តអួតអំពីចៅរបស់លោកនៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។
នៅលើទំព័រហ្វេសប៊ុក លោក ហ៊ុន សែន បានឲ្យដឹងថា៖ «ចៅទី៤ហ៊ុន ចន្ទ័បញ្ញា បុត្រចាប់ផ្តើមជាមួយការសិក្សានៅសាលាកងទ័ពនៃចក្រភពអង់គ្លេស»។
លោកសរសេរបន្តថា៖ គិតត្រឹមឆ្នាំ២០២៤នេះ លោក មានចៅ ៤រូបដែលកំពុងរៀន និងចាប់ផ្ដើមរៀននៅកំរិតឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ដោយក្នុងនោះមានផ្នែកសេដ្ឋកិច្ច និងវិទ្យាសាស្ត្រនយោបាយ។
ជុំវិញការកោតសរសើរនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកឃ្លាំមើលនយោបាយ មើលឃើញផ្ទុយពីនេះវិញ។
ម្ចាស់គណនីហ្វេសប៊ុក ដែលមានឈ្មោះថា កាន ឃុន (Kan Kun ) យល់ឃើញថា៖ «កូនៗ ហ៊ុន សែន សុទ្ធតែជាគ្រាប់បែកទេ...»។
ដោយ ឡែកទស្សនៈ នៅលើបណ្ដាញសង្គម យូធូប (Youtube) ក៏មានទស្សនៈ ជុំវិញការដែលលោកហ៊ុន សែន អួតអាងអំពីកូនៗរបស់លោកទាំង៥នាក់នោះ ជាពិសេសក្រុមគ្រួសាររបស់លោក ហ៊ុន សែន តែម្តង។
ទស្សនៈនៅលើបណ្ដាញសង្គម យូធូប ជុំវិញរឿងនេះ ក៏មិនខុសពីនៅលើបណ្ដាញសង្គមហ្វេសប៊ុកប៉ុន្មានទេ។
ម្ចាស់គណនីសង្គមយូធូប ដែលមានឈ្មោះថា ហ្វែនីយាសៅ (@fenyashao3911 គាត់បញ្ចេញមតិយ៉ាងខ្លីទៅលើគ្រួសារ លោក ហ៊ុន សែន ថា៖ «ជាគ្រួសារដែលនាំគ្រោះដល់ប្រទេសជាតិ»។
ចំណែកម្ចាស់គណនីសង្គមយូធូបមួយផ្សេងទៀតដែលមាន ឈ្មោះថាប៉ូៗប៉ុប (@popopopp6376) គាត់ក៏បានបញ្ចេញទស្សនៈដែរថា៖ «ក្រុមគ្រួសារហ្នឹងពូកែអួតណាស់ តែអួតមិនដែលឃើញបានផលប្រយោជន៍អ្វីដល់ប្រទេសខ្មែរឡើយ»។
ទាក់ទងទស្សនៈ និងប្រតិកម្មតបពីមហាជនលើបណ្ដាញសង្គមបែបនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីរដ្ឋាភិបាល ដើម្បីឆ្លើយតបនឹងការរិះគន់ទាំង នេះបានឡើយទេរហូតមកដល់ម៉ោងផ្សាយនេះ។
ជុំវិញរឿងគ្រាប់ពូជ លោក ហ៊ុន សែន ទាំង៥នេះដែរ អ្នកឃ្លាំមើលបញ្ហានយោបាយ ក៏បានលើកឡើងដែរថា៖ កូនៗរបស់លោក ហ៊ុន សែន ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលឡើងគ្រងតំណែងតាមរយៈការផ្ទេរអំណាចពុំមានគុណធម៌នោះទេ ដោយសារតែលោកនៅតែបន្តបង្ក្រាបឥតស្រាកស្រាន្តលើក្រុមពលរដ្ឋ និងអ្នកមាននិន្នាការមិនស្របនឹងរដ្ឋាភិបាល និងបានឡើងកាន់អំណាចតពីឪតាមរយៈការបោះឆ្នោតមិនត្រឹមត្រូវ និងយុត្តិធម៌ ប៉ុន្តែលោកព្រមទទួលយកតំណែងនាយករដ្ឋមន្ត្រីនេះដោយគ្មានភាពអៀនខ្មាស។
អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ យល់ឃើញថា៖ «កូនៗរបស់លោក ហ៊ុន សែន ទាំង ៥នាក់ មិនមែនជាគ្រាប់ពេជ្រ ឬក្ដីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋខ្មែរឡើយ ផ្ទុយទៅវិញ គ្រាប់ពូជទាំង៥នាក់នោះប្រៀបបីដូចជាគ្រាប់ គ្រោះដែលនាំគ្រោះថ្នាក់សម្រាប់ប្រជាជាតិខ្មែរទៅវិញទេ ពីព្រោះពួកគេលួចជាតិ ធ្វើមានបានក្លាយជាសេដ្ឋីអស់ហើយ តែប្រជាពលរដ្ឋខ្មែរកាន់តែធ្លាក់ខ្លួនក្រវេទនា វ័ណ្ឌកនឹងបំណុល។ កូនលោក ហ៊ុន សែន ក៏មិនរាប់ថា សុភាពរាបសារដែរទាំង ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ានី តែងតែគំរាមបង្ក្រាបប្រជាពលរដ្ឋមិនស្វាង ដោយគ្រាន់តែប្រជាពលរដ្ឋសម្ដែងមតិទាមទារយុត្តិធម៌។
ដូច្នេះ គេមើលឃើញថា៖ កូនលោកៗ របស់លោក ហ៊ុន សែន មិនមែនជាគ្រាប់ពេជ្រទេ តែជាក្រុមមេដឹកនាំ នាំគ្រោះដល់ប្រជាជាតិខ្មែរ ទៅវិញទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។