ក្រុមគ្រួសារសកម្មជនបក្សប្រឆាំងខកចិត្តចំពោះគណៈកម្មការជំនាញដែលបានបញ្ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យនិងសម្រេចស្នើសុំទៅព្រះមហាក្សត្រដើម្បីផ្ដល់ការអនុគ្រោះទោសដល់ទណ្ឌិតក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះដោយគ្មានឈ្មោះសមាជិកគ្រួសារពួកគេ។ ពួកគាត់ចាត់ទុកសំណើលើកលែងឬបន្ធូរបន្ថយទោសដល់ទណ្ឌិតនោះធ្វើឡើងគ្មានតម្លាភាពនិងរើសអើងផ្នែកនយោបាយ។ប៉ុន្តែមន្រ្តីជាន់ខ្ពស់ពន្ធនាគារអះអាងថា អាជ្ញាធរបានអនុវត្តត្រឹមត្រូវតាមលក្ខខណ្ឌនៃច្បាប់ដោយមិនបានគិតរឿងនយោបាយនោះទេ។
ប្រពន្ធ និងកូនៗរបស់សកម្មជនបក្សប្រឆាំងដែលសកម្មចេញតវ៉ានិងដាក់ញត្តិទៅរដ្ឋាភិបាលក្រសួងស្ថាប័ននានាដើម្បីស្នើសុំអន្តរាគមន៍លែងគ្រួសារពួកគេដែលរងភាពអយុត្តិធម៌មកលើកឡើងថា សកម្មជនដែលជាប់ពន្ធនាគារក្រោមហេតុផលនយោបាយគ្មានឱកាសទទួលបានការលើកលែងទោសឱ្យជួបជុំគ្រួសារនោះទេ។
តំណាងស្រ្តីថ្ងៃសុក្រនិងជាប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិនៅខេត្តស្វាយរៀងដែលកំពុងជាប់ពន្ធនាគារត្រពាំងផ្លុងលោក យឹម សារ៉េត គឺលោកស្រី អ៊ុក ចន្ធី រៀបរាប់ថា ប្តីលោកស្រីនិងសកម្មជននយោបាយមួយចំនួនទៀតកំពុងជាប់គុករងទុក្ខវេទនាម្នាក់ៗជិត៣ឆ្នាំបន្ទាប់ពីតុលាការចោទប្រកាន់និងកាត់ទោសដាក់គុកប្រាំឆ្នាំហើយតម្រូវអនុវត្តទោស៣ឆ្នាំ៨ខែទាំងអយុត្តិធម៌។លោកស្រីសោកស្តាយចំពោះរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ចំពោះគ្រួសារសកម្មជនបក្សប្រឆាំងនិងគ្មានឱកាសទទួលបានការលើកលែងនិងបន្ធូរបន្ថយទោសឱកាសបុណ្យជាតិហើយលោកស្រីយល់ថា ការសម្រេចរបស់អាជ្ញាធររើសអើងនិន្នាការនយោបាយ៖
«ឥឡូវគាត់អនុវត្តទោសដល់២ឆ្នាំ៨ខែហើយហ្នឹងហេតុអ្វីមិនព្រមដោះលែងគាត់ហេតុអ្វីមិនព្យួរទោសឱ្យគាត់ចេញមក។ហ្នឹងហើយការលម្អៀងនិងមិនយុត្តិធម៌ទាំងមន្រ្តីពន្ធនាគារនិងក្រសួងយុត្តិធម៌ហ្នឹងគឺគ្មានទេយុត្តិធម៌មានតែអយុត្តិធម៌សម្រាប់អ្នកជាប់ឃុំផ្នែកនយោបាយ»។
លោកស្រី អ៊ុក ចន្ធី បញ្ជាក់ថា ទោះបីពួកលោកស្រីរងភាពអយុត្តិធម៌ក្នុងសង្គមយ៉ាងណាក៏ដោយក៏ពួកគាត់រក្សាជំហររឹងមាំដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំទាំងអស់ឱ្យមានសេរីភាពឡើងវិញ។
ស្រដៀងគ្នានេះដែរកូនស្រីមន្រ្តីគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំម្នាក់ទៀតលោក គង់ សំអាន គឺកញ្ញា គង់ មុយលី និយាយថា កាលពីពេលថ្មីៗនេះតុលាការបានផ្តន្ទាទោសឪពុកកញ្ញាដែលមានវ័យ៧០ឆ្នាំនិងមានសុខភាពទ្រុឌទ្រោមឱ្យជាប់គុក៧ឆ្នាំប៉ុន្តែបច្ចុប្បន្នឪពុករបស់កញ្ញាបានអនុវត្តទោសជាប់ពន្ធនាគារជាង២ឆ្នាំហើយដូច្នេះឪពុកកញ្ញាគួរទទួលបានការលើកលែងទោស។ លោកស្រីយល់ថា ការបន្តឃុំខ្លួនឪពុកពុំបានប្រព្រឹត្តទោសកំហុសគឺជារឿងឈឺចាប់ចំពោះក្រុមគ្រួសាររបស់សកម្មជននយោបាយ៖
«ខ្ញុំសោកស្តាយដែលអត់មានឈ្មោះលើកលែងទោសគាត់ព្រោះគាត់ជាអ្នកតស៊ូមនុស្សស្លូតបូតមិនសមណាទុកគាត់(ឃុំខ្លួន)។វាអយុត្តិធម៌ណាស់រកអ្វីប្រៀបមិនបានទេព្រោះគាត់(អាជ្ញាធរ)ប្រកាន់បក្សពួកគាត់គិតថាអ្នកនយោបាយឱ្យតែចេញក្រៅឃុំនឹងបាក់មុខមាត់គាត់ដល់ពេលអ៊ីចឹងរឹតបណ្តឹងឱ្យខ្លាំងកុំឱ្យអ្នកនយោបាយចេញមុខ»។
ប្រតិកម្មនេះ បន្ទាប់ពីគណៈកម្មការជាតិត្រួតពិនិត្យការបន្ធូរបន្ថយទោសនិងលើកលែងទោសទណ្ឌិតបានបញ្ជូនសំណើសុំបន្ធូរបន្ថយនិងលើកលែងទោសដល់ទណ្ឌិតជិត ៤រយនាក់ (៣៨១) ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ និងសម្រេចស្នើសុំទៅព្រះមហាក្សត្រ។ ក្នុងចំណោមនោះគឺមានអ្នកទោសចំនួន២៦៨នាក់ស្នើសុំបន្ធូរបន្ថយទោស៣ខែក្នុងនោះមានស្រ្តី២១នាក់និងអ្នកទោសចំនួន៨១នាក់ស្នើបន្ធូរបន្ថយទោស៦ខែក្នុងនោះមានស្រ្តី៨នាក់។ចំណែកអ្នកទោស២៦នាក់ស្នើបន្ធូរបន្ថយទោស៩ខែនិងអ្នកទោសចំនួន៥នាក់ទៀតស្នើបន្ធូរបន្ថយទោស១ឆ្នាំហើយអ្នកទោសស្រ្តីម្នាក់ស្នើលើកលែងទោសតែម្តង។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព ដើម្បីបញ្ជាក់រឿងនេះបន្ថែមបានទេនៅថ្ងៃទី៨ ខែវិច្ឆិកា។
ការលើកលែងទោសនិងបន្ធូរបន្ថយទោសដល់ទណ្ឌិតធ្វើឡើង៥ដងក្នុងមួយឆ្នាំ។ ព្រឹត្តិការណ៍ទាំងនោះ រួមមាន ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ពិធីបុណ្យចូលឆ្នាំថ្មីបុណ្យវិសាខបូជាបុណ្យឯករាជ្យនិងព្រះរាជពិធីបុណ្យអុំទូក។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក នុត សវនា ប្រាប់វិទ្យុអាស៊ីសេរីថា គណៈកម្មាការជំនាញបានពិនិត្យនិងវាយតម្លៃលើការអនុវត្តទោសនិងឥរិយាបថទណ្ឌិតក្នុងពេលជាប់ឃុំតាមផ្លូវច្បាប់មុនស្នើឈ្មោះបន្ធូរបន្ថយទោសនិងលើកលែងទោស។ លោកអះអាងថា មន្រ្តីជំនាញមិនដែលរើសអើងទណ្ឌិតជាសកម្មជននយោបាយនោះទេប៉ុន្តែលោកថា មូលហេតុសកម្មជនបក្សប្រឆាំងពុំទទួលបានការបន្ធូរបន្ថយទោសនិងលើកលែងទោសដោយសារពួកគេមិនបានបំពេញលក្ខខណ្ឌត្រឹមត្រូវ៖
«ការលើកឡើង(ចោទអាជ្ញាធរ)គាត់ពិនិត្យខ្លួនឯងដែរតើគាត់(អ្នកជាប់ឃុំនយោបាយ)បានបំពេញលក្ខខណ្ឌហើយឬនៅគាត់សួរខ្លួនឯងវិញ តើគាត់តើបំពេញលក្ខខណ្ឌហើយឬនៅបើអត់គ្រប់លក្ខខណ្ឌហើយគាត់មកទាមទារឱ្យខ្ញុំធ្វើមិច»។
ក្រមព្រហ្មទណ្ឌចែងថាការបន្ធូរបន្ថយទោសនិងការលើកលែងទោសដល់ទណ្ឌិតគឺត្រូវបំពេញលក្ខខណ្ឌធំៗ២គឺចាំបាច់ត្រូវមានការកែប្រែឥរិយាបថក្នុងពេលជាប់ឃុំនិងការអនុវត្តទោសជាប់ពន្ធនាគារឱ្យបានចំនួនពីរភាគបី (២/៣)សិន សម្រាប់ការលើកលែងទោសនិងការអនុវត្តទោសឱ្យបានមួយភាគបី (១/៣)សិន។
ប៉ុន្តែ មាត្រា ៧៧ នៃច្បាប់ស្ដីពីពន្ធនាគារចែងថាចំពោះទណ្ឌិតមិនទាន់អនុវត្តទោសបានពីរភាគបី (២/៣) ឬទោះមិនបានទាន់កែប្រែឥរិយាមារយាទក៏អាចទទួលបានការលើកលែងទោសបានដែរ។ តែត្រូវមានសំណើពីប្រមុខរាជរដ្ឋាភិបាល ថ្វាយព្រះមហាក្សត្រ នោះការដោះលែងនឹងអាចធ្វើទៅបានគ្រប់ពេលវេលាដោយមិនចាំបាច់រង់ចាំដល់ពេលមានបុណ្យជាតិធំៗក៏បាន។
ប៉ុន្តែមន្រ្តីគណបក្សប្រឆាំងនិងមន្រ្តីសិទ្ធិមនុស្សមើលឃើញថារដ្ឋាភិបាលលោក ហ៊ុន សែន មិនលើកលែងទោសដល់អ្នកទោសនយោបាយនិងអ្នកទោសសង្គមដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាលនោះទេបើគ្មានការសម្របសម្រួលនយោបាយណាមួយនោះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូលោក អំ សំអាត មើលឃើញថា ប៉ុន្មានឆ្នាំចុងក្រោយមកនេះអាជ្ញាធរបានវាយតម្លៃនិងជ្រើសរើសដើម្បីអនុគ្រោះទោសដល់ទណ្ឌិតដោយតឹងរ៉ឹង។ ទោះយ៉ាងណាលោកថា បើសិនអ្នកជាប់ឃុំដែលជាសកម្មជនបក្សប្រឆាំងបានបំពេញឬគោរពតាមលក្ខខណ្ឌបន្ធូរបន្ថយនិងលើកលែងទោសត្រឹមត្រូវដូចអ្នកទោសផ្សេងទៀតប៉ុន្តែអាជ្ញាធរមិនបានដាក់បញ្ចូលនោះគឺជារើសអើងផ្នែកនយោបាយ។ លោក អំ សំអាត ទទូចដល់អាជ្ញាធរពាក់ព័ន្ធត្រូវអនុវត្តនីតិវិធីបន្ធូរបន្ថយនិងលើកលែងដោយតម្លាភាព យុត្តិធម៌ និងគ្មានការរើសរើង៖
«យើងមើលទៅបើគ្មានការចរចាផ្នែកនយោបាយណាមួយដែលត្រូវរូវគ្នាបញ្ចាប់ទេយើងកម្រឃើញមានការបន្ធូរបន្ថយឬការលើកលែងទោសនេះបើតាមយើងពិនិត្យមើលតាំងពីដើមមកហើយបើសិនមានការចរចាការសន្ទនាគ្នាបន្ធូរបន្ថយស្ថានភាពនយោបាយនឹងបានឃើញមានការដោះលែងបាទ»។
មកទល់ពេលនេះមានសកម្មជនគណបក្សសង្គ្រោះជាតិ គណបក្សភ្លើងទៀន និងអ្នករិះគន់រដ្ឋាភិបាលជាង ៦០នាក់ទៀត កំពុងជាប់ឃុំក្នុងពន្ធនាគារដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន។ ពួកគាត់ភាគច្រើនត្រូវបានអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់កាលពីដើមឆ្នាំ២០២០ដោយអ្នកខ្លះរងការចោទប្រកាន់ពីបទ«រួមគំនិតក្បត់»អ្នកខ្លះជាប់ចោទពីបទ«ញុះញង់»ហើយមានខ្លះទៀតជាប់ទាំងពីរបទចោទជាដើម។
ក្រុមអង្គការជាតិនិងអន្តរជាតិជាច្រើនរួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិនិងក្រុមប្រទេសប្រជាធិបតេយ្យធំៗកន្លងមកបានថ្កោលទោសជាបន្តបន្ទាប់ចំពោះរដ្ឋាភិបាលដោយចាត់ទុកថាការចាប់ខ្លួនសកម្មជនទាំងនេះគឺជារឿងនយោបាយនិងគ្មានមូលដ្ឋានច្បាប់។ ជាមួយគ្នានេះពួកគេបន្តទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំទាំងនោះឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌព្រមទាំងអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាបើកលំហរសេរីភាពសង្គមស៊ីវិលនិងនយោបាយក្នុងនោះក៏រាប់បញ្ចូលទាំងការលុបចោលនិងការកែទម្រង់ច្បាប់នានាដែលរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។