ក្រុមគ្រួសារមន្ត្រីបក្សភ្លើងទៀនទាមទារឱ្យតុលាការដោះលែងសាច់ញាតិពួកគេ
2023.03.26

ក្រុមគ្រួសារទាមទារតុលាការដោះលែងសកម្មជនបក្សភ្លើងទៀនឱ្យមានសេរីភាព វិលត្រឡប់មកប្រឡូកឆាកនយោបាយឡើងវិញ ព្រោះសាច់ពួកគេមិនមានកំហុសអ្វីឡើយ។ សំណើនេះធ្វើឡើងបន្ទាប់ពីតុលាការកាត់ទោសមន្ត្រីបក្សភ្លើងទៀនជាច្រើននាក់ ឱ្យជាប់ពន្ធនាគារ២ឆ្នាំ ដោយចោទពីបទក្លែងបន្លំឯកសារក្នុងការបង្កើតគណបក្សបេះដូងជាតិ។ មន្ត្រីសង្គមស៊ីវិលបារម្ភថាការកាត់ទោសសកម្មជននេះ នឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត និងរងការរិះគន់ពីសហគមន៍អន្តរជាតិអំពីការធ្លាក់ចុះប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។
ក្រុមគ្រួសារ និងមន្ត្រីសង្គមស៊ីវិលរិះគន់ថា ចំណាត់របស់តុលាការលើមន្ត្រីបក្សភ្លើងទៀនកាន់តែធ្វើឱ្យស្ថានភាពនយោបាយកាន់តែអាក្រក់ នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ហើយពួកគេស្នើដល់តុលាការដោះលែងមន្ត្រី និងសកម្មជនទាំងនោះដោយឥតលក្ខខណ្ឌ។
ប្រពន្ធមន្ត្រីគណបក្សភ្លើងទៀនលោក តូច ថឹង គឺលោកស្រី សុ វណ្ណា ខកចិត្តចំពោះប៉ូលិសជាច្រើននាក់ធាក់ផ្តួលម៉ូតូ ក្របួចកអាវចាប់ខ្លួនប្តីលោកស្រី ស្ថិតនៅម្តុំផ្សារឈូកវ៉ា ដោយគ្មានដីកាតុលាការ ហើយដឹកចេញទៅបាត់ កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ខណៈគ្រួសារដើររកសាច់ញាតិគ្រប់ច្រកល្ហក។ ស្ត្រីវ័យ ៥៨ឆ្នាំរូបនេះឱ្យដឹងថា លុះដល់ព្រឹកថ្ងៃទី២៥ ខែមីនា ក្រោយលោកស្រីទៅសាកសួរឆ្មាំយាមពន្ធនាគារទើបដឹងថា ប្តីលោកស្រីត្រូវបានអាជ្ញាធរបញ្ជូនមកឃុំខ្លួននៅពន្ធនាគារព្រៃស ប៉ុន្តែមន្ត្រីនៅទីនោះមិនអនុញ្ញាត ឱ្យគ្រួសារចូលជួប ឬផ្ញើសម្ភារឡើយ។ លោកស្រីរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា លោកស្រីព្រួយបារម្ភពីសុខទុក្ខជាខ្លាំង ជាពិសេសជំងឺភ្នែករបស់ប្តីដែលត្រូវការថែទាំ និងពិនិត្យព្យាបាលឱ្យបានដិតដល់។
លោកស្រី សុ វណ្ណា អះអាងថា ប្ដីលោកស្រីមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ទេ ព្រោះគាត់គឺជាមនុស្សស្អាតស្អំ ហើយស្នើដល់តុលាការដោះលែងប្តីឱ្យមានសេរីភាពវិលជួបជុំគ្រួសារ។
លោកស្រី សុ វណ្ណា៖ «ស្នើតុលាការដោះលែងប្តីខ្ញុំឱ្យមានសេរីភាពជួបជុំកូនចៅពីព្រោះគាត់អាយុច្រើនហើយ គាត់ជាមនុស្សស្មោះត្រង់ជំងឺ ហើយគាត់ឈឺភ្នែក បើទុកគាត់នៅហ្នឹងឱ្យងងឹតភ្នែកនរណាអ្នកមើល គាត់កំពុងទឹកភ្នែករាល់ថ្ងៃ។ ខ្ញុំអំពាវនាឱ្យប្តីរបស់ខ្ញុំមានសេរីភាពចេញមកជួបជុំកូនចៅ ពីព្រោះរឿងហ្នឹងមិនត្រូវចាប់ខ្លួនទេ ហើយខ្ញុំនៅតែអន់ចិត្តត្រង់ថា ចាប់ប្តីរបស់ខ្ញុំអត់ដីកា រហូតមកដល់ថ្ងៃហ្នឹងអត់ឱ្យខ្ញុំដឹង»។
ស្រដៀងគ្នានេះដែរ ប្រពន្ធមន្ត្រីគណបក្សភ្លើងទៀនម្នាក់ទៀតលោក ខឿន វីរ៉ាត់ គឺលោកស្រី ថាច់ ចន្ធូ ប្រាប់ថា ប្តីលោកស្រីបានទាក់ទងតាមទូរស័ព្ទពីពន្ធនាគារប្រាប់ក្រុមគ្រួសារបារម្ភដោយពួកគាត់មានសុវត្ថិភាព និងនៅតែមានឆន្ទៈមោះមុត ស្មារតីរឹងមាំជាធម្មតា។ ប៉ុន្តែលោកស្រីថា មកដល់ពេលនេះលោកស្រីមិនទាន់អាចផ្ញើរបស់របរ និងចូលជួបមុខប្តីបានទេ។ ប្រពន្ធមន្ត្រីបក្សភ្លើងទៀនរូបនេះថា ប្តីលោកស្រីជាអ្នកតស៊ូលះបង់ដើម្បីបុព្វហេតុជាតិ បែរជាទៅគុកទាំងអយុត្តិធម៌ទៅវិញ។ លោកស្រីចាត់ទុកករណីនេះថា ជារឿងនយោបាយ ហើយស្នើដល់តុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងប្តីលោកស្រីមកវិញ។
លោកស្រី ថាច់ ចន្ធូ៖ «រឿងហ្នឹងអយុត្តិធម៌សម្រាប់ប្តីរបស់ខ្ញុំ ដល់ពេលចាប់ហើយទើបចេញដីកាពេលក្រោយ ហើយតុលាការកាត់ទោសកំបាំងមុខថា ជាប់ឃុំប៉ុន្មានឆ្នាំដោយមិនបានយកប្តីរបស់ខ្ញុំ និងពូ តូច ថឹង ឡើងតុលាការទេ។ ខ្ញុំទាមទារដល់តុលាការ និងអាជ្ញាធរដោះលែងប្តីរបស់ខ្ញុំឱ្យមានសេរីភាពជាបន្ទាប់ ពីព្រោះប្តីរបស់ខ្ញុំអត់មានកំហុសអ្វីទេ»។
អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន បានចាប់ខ្លួនមន្ត្រីគណបក្សភ្លើងទៀនបីនាក់រួមមានលោក តូច ថឹង លោក ខឿន វីរ៉ាត់ និងអ្នកស្រី នូ សុទ្ធារី កាលពីថ្ងៃទី២៤ ខែមីនា ដែលធ្វើឡើងប្រមាណ៤ម៉ោងមុនពេលសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្ដន្ទាទោសពួកគេ ពីបទក្លែងបន្លំនិងប្រើប្រាស់លិខិតក្លែងតាមបណ្ដឹងក្រសួងមហាផ្ទៃពាក់ព័ន្ធ នឹងការស្នើសុំបង្កើតគណបក្សបេះដូងជាតិកាលពីឆ្នាំ២០២១។ យ៉ាងណាតុលាការបានកាត់ទោសលោក សៀម ភ្លុក ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ៦ខែ ហើយអ្នកពាក់ព័ន្ធ ១២នាក់ទៀតរួមមានលោក តូច ថឹង លោក ខឿន វីរ៉ាត់ អ្នកស្រី នូ សុទ្ធារី ជាដើមដាក់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល២ឆ្នាំ។ បច្ចុប្បន្នសំណុំរឿងនេះមានអ្នកកំពុងជាប់ឃុំចំនួន ៤នាក់ហើយ ខណៈមនុស្ស ៨នាក់ភាគច្រើនជាមន្ត្រីបក្សភ្លើងទៀនកំពុងគេចខ្លួន។
ទោះយ៉ាងណា មន្ត្រីសិទ្ធិមនុស្សចាត់ទុកការចាប់ខ្លួនសកម្មជនទាំងបីនាក់នៅមុនសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រម ឬគ្មានដីកាបង្គាប់ចាប់ខ្លួនជាមុននោះថា ជាទង្វើរំលោភលើច្បាប់។ ទន្ទឹងនឹងនេះក្តីក្តាំនេះមិនខុសពីសំណុំរឿងរបស់សកម្មជនគណបក្សប្រឆាំងផ្សេងទៀតដែរ ដែលតុលាការកាត់ទោស និងចាប់ខ្លួនជាបន្តបន្ទាប់ គឺក្រោមការរិះគន់ពីក្រុមអង្គការសង្គមស៊ីវិល និងអ្នកឃ្លាំមើលថា ជាសំណុំរឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។
កាលពីឆ្នាំ២០២១ ស្ថាបនិកគណបក្សបេះដូងជាតិលោក សៀម ភ្លុក បានដាក់ពាក្យស្នើក្រសួងមហាផ្ទៃចុះបញ្ជីទទួលស្គាល់បក្សនេះ។ ប៉ុន្តែ ក្រសួងមហាផ្ទៃ បានបដិសេធការសុំចុះបញ្ជីរបស់គណបក្សបេះដូងជាតិ ដោយសម្អាងថា «មានការផ្ដិតមេដៃជំនួសក្លែងបន្លំអត្តសញ្ញាណបុគ្គល ការផ្ដិតមេដៃធ្វើឲ្យខូចគុណភាពដើម្បីបង្កើនចំនួនអ្នកគាំទ្រ និងលក្ខន្តិកៈគណបក្សផ្ទុយនឹងច្បាប់ស្ដីពីគណបក្សនយោបាយ» ជាដើម។ ក្រោយមកក្រសួងមហាផ្ទៃបានផ្តល់ស្ថាបនិក និងអ្នកពាក់ព័ន្ធទៅតុលាការ។ ទោះយ៉ាងណាមេធាវីការពារក្តីឱ្យស្ថាបនិកបក្សបេះដូងជាតិលើកឡើងថាស្នាមមេដៃដែលបានដាក់ជូនក្រសួងមហាផ្ទៃ គឺមានបញ្ហាតែជាងពីររយស្នាមមេដៃប៉ុណ្ណោះក្នុងចំណោមស្នាមមេដៃជាងបួនពាន់ ហើយបើទោះក្រសួងមិនទទួលស្គាល់ស្នាមមេដៃមានបញ្ហាទាំងនោះក៏ស្នាមមេដៃនៅសេសសល់អាចគ្រប់ចំនួនស្នើបង្កើតគណបក្សបានដែរ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ៌ក និងអ្នកនាំពាក្យអគ្គនាយករដ្ឋពន្ធនាគារ នៃក្រសួងមហាផ្ទៃលោក នុត សវនា ដើម្បីបញ្ជាក់បន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៤ ខែមីនា។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មាន ប្រសាសន៍ថា ចាប់ខ្លួនសកម្មជននយោបាយបែបនេះនឹងធ្វើឱ្យមហាជនមើលឃើញថា គឺជាការរឹតត្បិតសេរីភាពផ្នែកនយោបាយច្រើនជាងការអនុវត្តច្បាប់ ដោយសារសំណុំរឿងមួយនេះបានដំណើរការអស់រយៈជាងមួយឆ្នាំមកហើយ ទើបការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខិតជិតមកដល់តុលាការចាប់ខ្លួនពួកគេ ស្របពេលសកម្មជនបក្សភ្លើងទៀនទាំងនោះកំពុងធ្វើសកម្មភាពយ៉ាងសកម្ម។ លោកយល់ថា ករណីស្នើសុំបង្កើតបក្សនយោបាយត្រូវយកច្បាប់ស្ដីពីគណបក្សនយោបាយមកអនុវត្ត ដោយមិនគួរចាប់ទោសអូសដំណើរដាក់ទោស ពួកគេបទល្មើសព្រហ្មទណ្ឌនោះទេ។ លោកថា ករណីចាប់ និងឃុំខ្លួនសកម្មជនបក្សភ្លើងទៀននេះនឹងធ្វើឱ្យសកម្មជនមួយចំនួនភ័យខ្លាំងក្នុងការធ្វើសកម្មភាពនយោបាយដែលពួកគេពេញចិត្ត ហើយលោកបារម្ភថា បញ្ហានេះនឹងជះឥទ្ធិពលមិនល្អដល់ដំណើរបោះឆ្នោតខាងមុខនេះ។
លោក នី សុខា៖ «ខ្ញុំស្នើឱ្យមានការដោះស្រាយគ្នាតាមផ្លូវនយោបាយ ស្នើសុំឱ្យមានការសម្រុះសម្រួលគ្នាតាមផ្លូវនយោបាយឱ្យបានច្រើនដើម្បីឈានដល់ការផ្សះផ្សាបង្រួបបង្រួមជាតិ ដើម្បីឈានទៅរៀបចំការបោះឆ្នោតមួយដែលមានការទទួលយកពីមតិជាតិ និងអន្តរជាតិជាពិសេសសហគមន៍អឺរ៉ុប សហគមន៍អន្តរជាតិផ្សេងទៀតដែលអាចទទួលយកបាន ដែលវាផ្តល់ផលចំណេញដល់ប្រទេសកម្ពុជាយើង»។
មកទល់ពេលនេះ មានសកម្មជនគណបក្សសង្គ្រោះជាតិ សកម្មជនបក្សភ្លើងទៀន និងអ្នករិះគន់រដ្ឋាភិបាលជាង ៦០នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។