ក្រុម​គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង ដាក់​ញត្តិ​ជូន​ស្ថានទូត​ឥណ្ឌូនេស៊ី សុំ​ឲ្យ​សើរើ​កិច្ច​ព្រមព្រៀង ២៣ តុលា

ក្រុម​គ្រួសារ​របស់​សកម្មជន​បក្ស​ប្រឆាំង ដែល​កំពុង​ជាប់​ឃុំ ដាក់​ញត្តិ​ជូន​ស្ថានទូត ឥណ្ឌូនេស៊ី​(Indonesia) នៅ​ថ្ងៃ​ទី៤ វិច្ឆិកា ដើម្បី​ស្នើសុំ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល លោក ហ៊ុន សែន ឲ្យ​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ ខែតុលា ១៩៩១។ មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល ចាត់​ទុក​ថា ការ​ដាក់​ញត្តិ​ទៅ​ស្ថានទូត​បរទេស​នេះ មិន​អាច​ជួយ​អ្វី​បាន​ឡើយ។ ប៉ុន្តែ​មន្ត្រី​សិទ្ធិមនុស្ស នៅ​តែ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​យាយី​លើ​ក្រុម​គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង និង​ដោះ​លែង​អ្នក​កំពុង​ជាប់​ឃុំ​ដោយ​មូលហេតុ​នយោបាយ​ឱ្យ​មាន​សេរីភាព​ឡើងវិញ។

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ដែល​ជា​ប្រពន្ធ​កូន​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ ១០នាក់ បាន​នាំ​គ្នា​ដាក់​ញត្តិ​ជូន​ស្ថានទូត​ឥណ្ឌូនេស៊ី ដែល​ជា​ទូត​ប្រទេស​ហត្ថលេខី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ស្នើសុំ​ឲ្យ​ជួយ​សើរើ កិច្ច​ព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​នេះ និង​ជួយ​អន្តរាគមន៍​ដោះលែង​គ្រួសារ​របស់​ពួកគាត់​ឲ្យ​មាន​សេរីភាព​ឡើងវិញ។នៅ​មុន​ពេល​ចូល​ដាក់​ញត្តិ ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ក៏​បាន​ឈរ​លើក​បដា និង​ខំ​ស្រែក​តវ៉ា​ទាមទារ​យុត្តិធម៌​មួយសន្ទុះ ​ដើម្បី​ឲ្យ​លាន់​ឮ​ដល់​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ស្ថិត​នៅ​ក្បែរ​ទីនោះ៖ សំឡេង​អ្នក​តវ៉ា «តុលាការ​ទម្លាក់​រាល់​ការ​ចោទ! ដោះ​លែង​អ្នក​នយោបាយ! ដោះ​លែង​ឪពុក​ខ្ញុំ! ដោះ​លែង​ម្ដាយ​ខ្ញុំ! ដោះ​លែង​កូន​ខ្ញុំ!។ សម្ដេច ​ហ៊ុន សែន ​ជួយ​ផង!»។

ទោះ​យ៉ាង​ណា​ក្ដី ការ​ស្រែក​ដង្ហោយ​រក​យុត្តិធម៌​ពី​លោក ហ៊ុន សែន នោះ ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ចម្រុះ​ និង​កង​សន្តិសុខ ប្រមាណ ៣០នាក់ រារាំង ប៉ុន្តែ​មិន​មាន​អំពើ​ហិង្សា កើត​ឡើង​ធ្ងន់ធ្ងរ​នោះ​ទេ។បន្ទាប់មក មន្ត្រី​ស្ថានទូត​ឥណ្ឌូនេស៊ី​អនុញ្ញាត​ឲ្យ​តំណាង​ស្ត្រី​ថ្ងៃ​សុក្រ​ពីរ​នាក់ ​ចូល​ជួប​ពិភាក្សា និង​ដាក់​ញត្តិ។

តំណាង​ស្ត្រី​ថ្ងៃ​សុក្រ និង​ជា​ប្រពន្ធ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ជាប់ឃុំ​ លោក ស៊ុន ធន់ គឺ​លោក​ស្រី សេង ចាន់ថន ថ្លែង​ថា មន្ត្រី​ស្ថានទូត បាន​ទទួល​យក​ញត្តិ និង​សន្យា​បញ្ជូន​ញត្តិ​របស់​ពួក​គាត់​ទៅ​ដល់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី។ លោកស្រី​រំពឹង​ថា ប្រទេស​ឥណ្ឌូនេស៊ី ដែល​ជា​សហប្រធាន​និង​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែរ​នោះ នឹង​ជួយ​កោះ​ប្រជុំ​ប្រទេស​ហត្ថលេខី​ទាំង​អស់ ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​បាត់បង់​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ៖ « ខាង​ខ្ញុំ ក៏​សំណូមពរ​គាត់ ( ស្ថានទូត​ឥណ្ឌូនេស៊ី ) ជួយ​ដោះ​ស្រាយ និង​គិតគូរ​ឡើង​វិញ​នូវ​កិច្ច​ព្រមព្រៀង​ថ្ងៃ​ទី២៣ តុលា ឲ្យ​មាន​ការ​ជួប​ពិភាក្សា​គ្នា ដើម្បី​ដោះ​ស្រាយ​បញ្ហា​ពួក​ខ្ញុំ ដែល​ប្រទេស​កម្ពុជា​យើង កំពុង​តែ​បាត់បង់​សិទ្ធិ​សេរីភាព។ ខ្ញុំ​ក៏​សំណូមពរ​ឲ្យ​គាត់​ជួយ​ធ្វើ​យ៉ាង​ណា​ដោះ​លែង​អ្នក​ស្នេហា​ជាតិ ដែល​កំពុង​ជាប់​ឃុំ​យ៉ាង​អយុត្តិធម៌ »

ទាក់ទង​ករណី​នេះ ​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ឆ្លើយ​តប​ថា កម្ពុជា​ជា​ប្រទេស​ឯករាជ្យ និង​មាន​អធិបតេយ្យ ព្រមទាំង​អនុវត្ត​ទៅតាម​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ដូច្នេះ​គ្មាន​បរទេស​ណា​អាច​ជ្រៀតជ្រែក​កិច្ចការ​របស់​តុលាការ​បាន​ឡើយ។ ចំពោះ​ការរារាំង​ពី​ក្រុម​កម្លាំង​សមត្ថកិច្ច​មិន​ឲ្យ​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ លើក​បដា និង​ស្រែក​តវ៉ា​នោះ​វិញ លោក​បក​ស្រាយ​ថា នេះ​ជា​ការ​បី​ការពារ​សន្តិសុខ ​សណ្ដាប់ធ្នាប់​ជូន​ស្ថានទូត​បរទេស៖ « ការ​តវ៉ា​និង​ដាក់​ញត្តិ​នេះ​ជា​ទិដ្ឋភាព​នៃ​សកម្មភាព​នយោបាយ​តែ​ប៉ុណ្ណឹង​ទេ មិនមែន​ជា​សកម្មភាព​នៃ​នីតិរដ្ឋ​ដែល​ធ្វើតាម​ដំណើរការ​តុលាការ។ដំណើរការ​តុលាការ គឺ​មិនមែន​អំពាវនាវ​ឲ្យ​បរទេស​មក​សម្រេច​ក្តី​ទេ គឺ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ​បាន​ចង្អុលបង្ហាញ​ច្បាស់​ថា តុលាការ​ខ្មែរ គឺ​មាន​សមត្ថកិច្ច​ក្នុង​ការ​កាត់​សេចក្ដី​ក្នុង​នាម​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ »

ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ អះអាង​ថា មូលហេតុ​ដែល​ពួកគាត់​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថានទូត​បរទេស​នេះ ព្រោះ​ការ​ដាក់​ទោស​ទណ្ឌ​លើ​គ្រួសារ​របស់​ពួក​គាត់ គឺ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ដែល​កាត់​ក្ដី​ដោយ​តុលាការ​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​កាន់​អំណាច។

Petition_Indonesian_embassy_to-help_intervene_Hun_Sen_government_to_observe_PPA_110421_9.jpg
ប្រពន្ធ​កូន​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែលគេហៅថា ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ​លើក​រូបថត​សមាជិកគ្រួសារ​ទាមទារ​​នាំ​គ្នា​ចេញ​ដាក់​ញត្តិ​ជូន​ទូត​ប្រទេស​​នានា នៅ​ថ្ងៃ​ទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឱ្យ​​ជួយ​អន្តរាគមន៍​ដោះលែង​សមាជិកគ្រួសារ​របស់​ពួកគាត់​ឲ្យ​មាន​សេរីភាពវិញ។

ជុំវិញ​រឿង​នេះ​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​លោក ស៊ឹង សែន​ករុណា ​នៅតែ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ បញ្ឈប់​ការ​យាយី​លើ​ប្រពន្ធ​កូន​របស់​សកម្មជន​បក្ស​ប្រឆាំង​ដែល​តវ៉ា​ដោយ​សន្តិវិធី​ និង​ទទូច​ឲ្យ​រដ្ឋាភិបាល ​ពិចារណា ​ផ្តល់​សេរីភាព​ជូន​សកម្មជន​នយោបាយ​ដែល​កំពុង​ជាប់​ឃុំ​ទាំង​នោះ។ លោក​យល់ថា ការ​តស៊ូ​របស់​ក្រុម​ស្ត្រីថ្ងៃ​សុក្រ​នេះ នឹង​នាំ​ឲ្យ​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ កាន់​តែ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​អំពី​បញ្ហា​អយុត្តិធម៌​របស់​ពួក​គាត់៖ « ដើម្បី​ឲ្យ​មើល​ឃើញ​ថា មាន​ការ​បន្ធូរបន្ថយ​ស្ថានភាព​នយោបាយ​ គប្បី​ពិចារណា​ឲ្យ​ពួកគាត់​មាន​សេរីភាព​ឡើង​វិញ​ដែរ ព្រោះ​សំណុំរឿង​ទាំង​អស់​នេះ វា​មិន​មែន​ជា​សំណុំរឿង​អនុវត្ត​ច្បាប់​អី​ទេ វា​ជា​សំណុំ​រឿង​នយោបាយ។ ដូច្នេះ​កុំឲ្យ​ប្រជាពលរដ្ឋ​ចេះតែ​ទាមទារ​តវ៉ា​ពី​បណ្ដា​ស្ថានទូត​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​បែប​ហ្នឹង​ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល​ផង​ដែរ។ គួរតែ​មាន​ការ​អន្តរាគមន៍​និង​បើក​លំហ​សេរីភាព​ទាំង​អស់នេះ​ ហើយ​ដោះលែង​ពួក​គាត់​ទៅ ព្រោះ​វា​ជា​ផ្នែក​មួយ​ធ្វើឲ្យ​សហគមន៍​អន្តរជាតិ ​ងាក​ពី​ការ​គិត និង​ដាក់​សម្ពាធ​មក​លើ​កម្ពុជា​ដែរ »

មក​ទល់​ពេល​នេះ ក្រុម​ថ្ងៃ​សុក្រ បាន​ដាក់​ញត្តិ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​នេះ​ជូន​ស្ថានទូត​ពីរ​ហើយ គឺ​ស្ថានទូត​បារាំង និង​ស្ថានទូត​ឥណ្ឌូនេស៊ី។ ពួក​គាត់​អះអាង​ថា នឹង​បន្ត​ដាក់​ញត្តិ ដែល​មាន​ខ្លឹមសារ​ដូច​គ្នា​ជូន​ស្ថាន​ទូត​ប្រទេស​ហត្ថលេខី​ផ្សេងៗ​ទៀត។ ដោយ​ឡែក ញត្តិ​កាល​ពី​លើក​មុនៗ ពួកគាត់​ស្នើ​ឱ្យ​តំណាង​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​ដោះ​លែង​គ្រួសារ​របស់​ពួក​គាត់ ដែល​កំពុង​ជាប់​ឃុំ​ដោយ​អយុត្តិធម៌។

ខួប ៣០ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កាល​ពី​ថ្ងៃ​ទី២៣ តុលា​កន្លង​ទៅ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ក្រុម​សង្គម​ស៊ីវិល​ជាតិ-អន្តរជាតិ និង​ប្រទេស​ហត្ថលេខី​មួយ​ចំនួន បាន​ធ្វើ​សកម្មភាព​ផ្សេងៗ គ្នា ដើម្បី​បង្ហាញ​ការ​គាំទ្រ និង​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។ ជា​ពិសេស​ប្រទេស​ហត្ថលេខី​មួយ​ចំនួន ដូច​ជា សហរដ្ឋ​អាមេរិក បារាំង អង់គ្លេស អូស្ត្រាលី និង​ជប៉ុន ជា​ដើម បាន​លើក​ឡើង​ជា​ចំហ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ទាន់​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឱ្យ​បាន​ពេញលេញ​នៅ​ឡើយ​ទេ ហើយ​ចំណុច​ខ្វះខាត​ទាំង​នោះ​គួរ​តែ​ត្រូវ​បាន​ពិនិត្យ​ពិចារណា​ឡើងវិញ។ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ទាំង​នោះ បញ្ជាក់​ច្បាស់ៗ ទៀត​ថា ពួក​គេ​នៅ​ឈរ​ជាមួយ​ពលរដ្ឋ​ខ្មែរ ដែល​ចង់​បាន​ការ​អភិវឌ្ឍ​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ ស្របតាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។