សាច់ញាតិ​សកម្មជន​បក្ស​ប្រឆាំង​ស្នើ​រដ្ឋាភិបាល​បញ្ឈប់​នយោបាយ​ពង្រត់​ពួកគេ​ឱ្យ​បែកបាក់​គ្រួសារ

ដោយ ច័ន្ទ ដារ៉ូ
2023.11.26
សាច់ញាតិ​សកម្មជន​បក្ស​ប្រឆាំង​ស្នើ​រដ្ឋាភិបាល​បញ្ឈប់​នយោបាយ​ពង្រត់​ពួកគេ​ឱ្យ​បែកបាក់​គ្រួសារ គ្រួសារសកម្មជន​នយោបាយ​ដែល​កំពុង​ជាប់​ឃុំ​ដោយសារ​សិទ្ធិ​បញ្ចេញមតិ លើក​បដា​តវ៉ាស្នើទាមទារដោះលែងសមាជិកគ្រួសារខ្លួន នាពេល​កន្លងទៅ។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សាច់ញាតិ​សកម្មជន​គណបក្សប្រឆាំង​ស្នើ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បញ្ឈប់​យក​គុក​ចាប់​ពង្រត់​ពួកគេ​ឱ្យ​បែកបាក់​គ្រួសារ និង​បង្ក​ការឈឺចាប់​ដោយសារ​តែ​រឿង​នយោបាយ​តទៅ​ទៀត។ មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា រដ្ឋាភិបាល​គួរ​ដោះស្រាយ​ជម្លោះ​នយោបាយ និង​ដោះលែង​អ្នក​ជាប់ឃុំ​នយោបាយ​ឱ្យ​បាន​ជួបជុំ​គ្រួសារ​ឡើងវិញ ដើម្បី​ផ្សះផ្សា​ជាតិ​និង​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ​រស់នៅ​ដោយ​សុខដុមរមនា​ជាមួយគ្នា​ដោយ​គ្មាន​ការឈឺចាប់។

ស្របពេល​អ្នកកាន់អំណាច​កំពុង​ជួបជុំ​គ្រួសារ​ជិះឡាន​ទំនើប​សប្បាយ​ហឺ​ហារ​រស់នៅ​ក្នុង​វិឡា​ស្តុកស្តម្ភ​នោះ ផ្ទុយទៅវិញ​គ្រួសារ​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ពន្ធនាគារ​ក្រោម​ហេតុផល​នយោបាយ​កំពុង​រស់នៅ​រង​ទុក្ខ​លំបាក បែកបាក់​គ្រួសារ និង​គ្រាំគ្រា​ផ្លូវកាយ​ផ្លូវចិត្ត​រហូត​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​អាជ្ញាធរ​របស់​រដ្ឋាភិបាល​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​ដាក់​សម្ពាធ​ឱ្យ​គ្រួសារ​ពួកគេ​ប្តូរ​ជំហរ និង​បោះបង់​ការ​តស៊ូ។ ពួកគេ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ដោះលែង​អ្នកទោស​មនសិការ​វិល​ទៅ​ជួបជុំ​គ្រួសារ​ឡើងវិញ។

កូនប្រុស​របស់​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​ខេត្តបាត់ដំបង ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស លោក ខាន់ ប៊ុនផេង គឺ​លោក នីម សុវណ្ណារ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ថា​ចាប់តាំងពី​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​ឪពុក​របស់​លោក​ដាក់គុក​ដោយ​អយុត្តិធម៌​ជាច្រើន​ឆ្នាំ​មកនេះ​គ្រួសារ​លោក​រស់នៅ​រង​ទុក្ខសោក​ជា​ខ្លាំង។ ជាង​នេះ​ទៅ​ទៀត​លោក​ឱ្យ​ដឹង​ថា ម្តាយ​របស់​លោក គឺ​លោកស្រី នីម សុកញ្ញា ឈឺចិត្ត​ហូបបាយ​មិនបាន​សម្រាន្ត​មិន​លក់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ កាល​ពី​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ស្របពេល​ឪពុក​របស់​លោក គឺ​លោក ខាន់ ប៊ុនផេង មាន​វ័យ​កាន់តែ​ចាស់​កំពុង​ធ្លាក់​ឈឺ​ដោយ​គ្មាន​មន្ត្រី​ពន្ធនាគារ​យកចិត្តទុកដាក់​បញ្ជូន​ទៅ​ព្យាបាល​ជំងឺ​នៅ​ខាងក្រៅ​មន្ទីរឃុំឃាំង​នោះ​ទេ។

លោក នីម សុវណ្ណារ៉ា៖ «តាំងពី​គេ​ចាប់​ឪពុក​ទៅ​ម្តាយ​របស់ខ្ញុំ​គិត​ច្រើន​សុខភាព​ទ្រុឌទ្រោម​ធ្វើ​ឱ្យ​មាន​ជំងឺថ្លើម​កើតឡើង និង​បង្ក​ដាច់​សរសៃឈាម​(​ក្នុង​ក្រពះ​) នេះ​បើ​តាម​គ្រូពេទ្យ​ប្រាប់​អ៊ីចឹង ឪពុក​របស់ខ្ញុំ​ក៏​មាន​ការ​ស្នើសុំ​រដ្ឋាភិបាល​ជួយ​ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​ដើម្បី​មក​ជួបជុំ​ក្រុម​គ្រួសារ ប្រពន្ធ កូន និង​ម្តាយ​ចាស់ជរា​ខ្លាំង​ដែរ ចំពោះ​គាត់​នៅ​ផ្សេងគ្នា​អ៊ីចឹង​ព្រួយបារម្ភ​ដែរ​បើសិន​មាន​បញ្ហា​អ្វី​កើតឡើង គឺ​អត់​បាន​ជួបគ្នា​ទេ»

កន្លងទៅ សកម្មជន​សង្គ្រោះ​ជាតិ​មួយចំនួន​ដែល​ត្រូវ​បាន​រដ្ឋាភិបាល ចាប់​ឃុំ​ខ្លួន​ដាក់​ក្នុង​ពន្ធនាគារ ក្រោម​ហេតុផល​នយោបាយ​នោះ ពួកគេ​បាន​ឈឺចាប់​ខ្លោចផ្សា ដោយសារតែ​សាច់ញាតិ​របស់​ពួកគេ បាន​ទទួល​មរណភាព​ហើយ​មិនបាន​ចូលរួម​បុណ្យសព ក្នុង​នោះ​មាន​ដូចជា​ប្រពន្ធ​របស់ លោក សុខ ចន្ថា គឺ​អ្នកស្រី សោម ចន្ធូ និង​ម្ដាយក្មេក​របស់​លោក កាក់ កុម្ភារ ជាដើម។

តំណាង​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ និង​ជា​ប្រពន្ធ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ​លោក កាក់ កម្ភារ គឺ​លោកស្រី ព្រំ ចាន់ថា ថ្លែង​ថា​ជីវិត​គ្រួសារ​អ្នកតស៊ូ​ដើម្បី​ជាតិ​មាតុភូមិ​ជួប​តែ​រឿង​ទុក្ខសោក​ខ្លោចផ្សា​ដែល​គ្រួសារ​របស់​លោកស្រី​ត្រូវ​រស់នៅ​បែកបាក់​គ្នា ដោយសារ​តុលាការ​មិន​ឯករាជ្យ​ផ្ដន្ទាទោស​ឱ្យ​ប្តី​លោកស្រី​ជាប់​ពន្ធនាគារ ៦​ឆ្នាំ​ដោយ​គ្មាន​កំហុស។ លោកស្រី​ប្ដេជ្ញាចិត្ត​បន្ត​សកម្មភាព​ទាមទារ​យុត្តិធម៌​បន្ត​ទៀត បើ​ទោះ​បី​ជា​គ្រួសារ​លោកស្រី​ទទួលរង​ការ​ធ្វើ​ទុក្ខបុកម្នេញ បំភិតបំភ័យ​យ៉ាង​ណាក្តី។

លោកស្រី ព្រំ ចាន់ថា៖ «ក្រុម​គ្រួសារ​ពួកគាត់ ដូចជា​តុលាការ រដ្ឋាភិបាល ឬ​សម្តេច​ក៏ដោយ​គាត់​ចេះ​ស្រឡាញ់​ក្រុម​គ្រួសារ ខ្ញុំ​ក៏​ចេះ​ស្រឡាញ់​ក្រុម​គ្រួសារ​របស់ខ្ញុំ​ដែរ គាត់​ហេតុអ្វី​គាត់​អត់​ចេះ​ពិចារណា​ចេះ​គិត ហេតុអ្វី​ចាប់​គាត់​អត់​មាន​កំហុស​សោះ ប្រទេស​ដែល​មាន​ច្បាប់​គេ​អត់​ចាប់​គាត់​(​ប្តី​)​អត់​មាន​កំហុស​សោះ​ដាក់​ពន្ធនាគារ អ៊ីចឹង​ទេ វា​អត់​ត្រូវ​ទេ ខ្ញុំ​អត់​មាន​អ្វី​ត្រូវ​និយាយ​ដោយសារ​ប្រព័ន្ធ​តុលាការ រដ្ឋាភិបាល​ធ្វើ​នេះ​គឺ​ខុស​យ៉ាង​ខ្លាំង​ចំពោះ​ក្រុម​គ្រួសារ​ពួក​ខ្ញុំ​ចា៎»

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៥ ខែ​វិច្ឆិកា។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មើល​ឃើញ​ថា ក្រុមគ្រួសារ​របស់​អ្នក​ជាប់ឃុំ​នយោបាយ​ដែល​រង​នូវ​អំពើ​អយុត្តិធម៌​ងាយ​រង​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ដែល​ទាញ​ឱ្យ​ពួកគេ​មាន​សុខភាព​ទ្រុឌទ្រោម​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​គំរាមកំហែង​ដល់​អាយុជីវិត។ លោក​យល់​ថា រដ្ឋាភិបាល​ថ្មី​គួរ​ទទួលយក​សំណើ​របស់​គ្រួសារ​សកម្មជន​ទាំងនោះ​ទៅ​ពិចារណា និង​ទទួលយក​អនុសាសន៍​របស់​សហគមន៍​ជាតិ និង​អន្តរជាតិ​ទៅ​ពិនិត្យ​ដោះស្រាយ​ដើម្បី​ផលប្រយោជន៍​ជាតិ ពីព្រោះ​សកម្មភាព​ពួកគេ​កន្លងទៅ​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នៅក្នុង​សង្គម​មិនមែន​ជា​បទល្មើស​នោះ​ទេ។

លោក អំ សំអាត៖ «បើសិនជា​មានការ​ដោះលែង​សកម្មជន​គណបក្ស​នយោបាយ សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន និង​មេដឹកនាំ​សហជីព ហ្នឹង​ក៏​ជួយ​មួយ សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ក្នុង​ការ​អភិវឌ្ឍ​ជាតិ​ដែរ ពីព្រោះ​សហគមន៍​អន្តរជាតិ​នឹង​សាទរ ហើយ​យើង​នឹង​ទទួល​បាន​ផល​ចំណេញ​ផង​ដែរ»

គិត​ត្រឹម​ខែ​វិច្ឆិកា មាន​សកម្មជន​នយោបាយ សកម្មជន​សិទ្ធិមនុស្ស សហជីព និង​ដីធ្លី ប្រមាណ​៤០​នាក់​កំពុង​ជាប់ឃុំ​។ តុលាការ​បាន​ចោទប្រកាន់​ពួកគេ​ដូចៗ​គ្នា​ពី​បទ​រួមគំនិត​ក្បត់ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ជាដើម។

កាល​ពី​ពេល​ថ្មីៗ​នេះ គណៈកម្មការ​អឺរ៉ុប​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត បង្ហាញ​ភាព​ជឿជាក់​ក្នុង​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ជាពិសេស​ពាក់ព័ន្ធ​នឹង​ក្ដី​កង្វល់​ជុំវិញ​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ រួម​ទាំង​បញ្ហា​ដីធ្លី និង​សិទ្ធិ​ការងារ ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ពេញលេញ​ឡើងវិញ​។ ប៉ុន្តែ​មក​ដល់​ពេល​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិន​ទាន់​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចំពោះ​ក្តី​កង្វល់​របស់​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។